​ពោធិ៍សាត់ៈ ​លោក​ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម បាន​ចូលរួម​កិច្ចប្រជុំ​ដឹកនាំ​ដោយ​លោក​ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធាន​ទី​ ១ ​នៃ​គណៈ​ក​ម្មា​​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ត​រាយ ដើម្បី​ពិនិត្យ​ពី​ស្ថានភាព​ទឹកជំនន់​នៅ​ខេត្តពោធិ៍សាត់ និង​លើក​ផែនការ​សកម្មភាព​ការងារ​បន្ត​។


​បើ​យោងតាម​ក្រសួងកសិកម្ម កិច្ចប្រជុំ​ដែល​ត្រូវបាន​ធ្វើឡើង​នៅ​សាលាខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃទី​ ១ ខែតុលា ក៏មាន​ការចូល​​រួម​ពី​លោក ខូ​យ រី​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍​សាត់ និង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត​ផងដែរ​។ តាមរយៈ​កិច្ចប្រជុំ​នេះ ក្រុមការងារ​អន្ដរក្រសួង និង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​នឹង​បន្ត​ធ្វើការ​រួមគ្នា​ទៀត ដើម្បី​ពិនិត្យ តាមដាន និង​ឈានទៅ​ដោះស្រាយ​បញ្ហា​នានា ដែល​ប្រជាជន​ជួបប្រទះ នៅពេល​វាយតម្លៃ​ពី​ផល​ប៉ះ​​ពាល់​រួចរាល់​។ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ក្រុង​ពោធិ៍​សាត់ និង​ស្រុក​កណ្តៀង កំពុង​រង​ការ​ជន់​លិច​ដោយ​ជំនន់​ទឹក​ភ្លៀង ក្នុងនោះ​ផ្ទះសំបែង និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​ត្រូវ​ទឹក​ជន់​លិច​។​

​ជាមួយគ្នានេះ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ចេញ​សេចក្តីជូនដំណឹង​ថា ចាប់ពី​ថ្ងៃទី​ ១ ដល់​ថ្ងៃទី ​៣ ខែតុលា ​បណ្តា​ខេត្ត​នានា​នៅ​ភាគ​ពាយព្យ ភាគ​ខាងជើង​និង​ភាគ​ឦសាន អាចមាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​ខ្សោយ​ជាមួយនឹង​ទំហំ​ទឹកភ្លៀង​ធ្លាក់​គ្របដណ្ដប់​លើ​ផ្ទៃដី​ពី​ ៣០-៤០​ ភាគរយ​។​


​ក្រសួង​ធនធានទឹក បន្តទៀតថា ជាមួយគ្នានេះ រាជធានី​ភ្នំ​ពេញ និង​បណ្តា​ខេត្ត​ដទៃទៀត នៅ​ភាគខាងត្បូង ខាងកើត ជាប់​ជា​មួ​យ​ប្រទេស​វៀតណាម និង​តំបន់​មាត់សមុទ្រ អាចមាន​ភ្លៀង​នៅក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ជាមួយនឹង​ទំហំ​ភ្លៀង​ធ្លាក់ គ្របដណ្ដប់​លើ​ផ្ទៃដី​ពី ​៦០​ ទៅ ​៨០%៕