​ភ្នំពេញៈ លោក មាស សុខសេន​សាន អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ថ្លែងថា នៅក្នុង​ឆ្នាំ ​២០២៣ ​នេះ រាជរដ្ឋាភិបាល​បាន​ត្រៀម​ចំណាយ​លើ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ​មាន​ចំនួន​ប្រមាណ ៣៥០ ​លាន​ដុល្លារ និង​បាន​ត្រៀម​ចំណាយ​អន្តរាគមន៍ ផ្នែក​សង្គមកិច្ច និង​សេដ្ឋកិច្ច ដែលមាន​ថវិកា​ចំនួន​ប្រមាណ ​៦៧២ ​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​


​លោក មាស សុខ​សេន​សាន ថ្លែងប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២ ខែតុលាថា ការត្រៀម​ចំណាយ​នោះ​រាជរដ្ឋាភិបាល​មាន​គោល​​ដៅ​បន្ត​អនុវត្ត​ក្របខ័ណ្ឌ​យុទ្ធ​សាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ក្នុងការ​​រស់នៅ​ជាមួយ​កូ​វីដ​ ១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី​ដើម្បី​ទប់​ទល់នឹង​ផលប៉ះពាល់​ពី​សម្ពាធ​អតិផរណា និង​ស្លាកស្នាម​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩​។​

​លោក​បន្តថា រាជរដ្ឋាភិបាល​បាន​បន្ត​អនុវត្ត​ចំណាយ​អន្តរា​គម​ន៍ ផ្នែក​សង្គមកិច្ច និង​សេដ្ឋ​កិច្ច​លើ​កម្មវិធី​សំខាន់ៗ រួមមាន កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ ដែលមាន​ក្រ ​១ និង​ក្រ​ ២ ព្រមទាំង​ជួយ​ជន​ងាយ​​រងគ្រោះ និង​កញ្ចប់​ឧបត្ថម្ភ​គ្រួសារ​ត្រូវបាន​គ្រោង​បឋម​ប្រមាណ ​៤០០ ​លាន​ដុល្លារ​អាមេរិក​។


​លោក​បញ្ជាក់ថា​៖ «​គិត​ត្រឹម​ដំណាច់ខែ​មិថុនា ឆ្នាំ​ ២០២៣ បាន​ចំណាយ​អស់​ប្រមាណ ១៥៧,៥​ លាន​ដុល្លារ​អាមេរិក ហើយ​ត្រូវបាន​ប៉ាន់​ស្មានថា រហូតដល់​ដំណាច់ឆ្នាំ​ ២០២៣ នឹង​ចំណាយ​អស់​ប្រមាណ ​៣៥០​ លាន​ដុល្លារ​អាមេរិក​»​។

​លោក សុខ សេន​សាន ថ្លែងថា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​មួយគ្រា​ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ គឺ​គ្រួសារ​ដែលមាន​ជីវភាព​កៀក​នឹង​បន្ទាត់​នៃ​ភាព​ក្រីក្រ គិត​រហូតដល់​ដំណាច់ឆ្នាំ​ ២០២៣ ត្រូវបាន​គ្រោង​ប្រមាណ ៦៥ ​លាន​ដុល្លារ​អាមេរិក​។


​កម្មវិធី​បណ្តុះបណ្តាល​ស​ម​ត្ថ​ភាព​ជំនាញ​វិជ្ជាជីវៈ និង​ការជួយ​កម្មករ​ព្យួរ​កិច្ចសន្យាការងារ ត្រូវបាន​គ្រោង​ប្រមាណ ៦០​ លាន​ដុល្លារ​អាមេរិក​។ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល និង​បៃតង ត្រូវបាន​គ្រោង​ប្រមាណ ៥០​ លាន​ដុល្លារ​អាមេរិក​។​

​លោក​បន្ថែមថា ចំពោះ​គម្រោង​សាច់ប្រាក់​ពលកម្ម ត្រូវបាន​ផ្ទេរ​ថវិកា​ចំនួន​ ១០០​ លាន​ដុល្លារ​អាមេរិក តាម​ការគ្រោងទុក សម្រាប់​បង្កើត​ការងារ និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​នៅ​ជនបទ រួមមាន ប្រឡាយ​ជើង​ក្អែប ស្រះ​ទឹក អណ្តូង និង​បង្គន់​អនាម័យ​នៅតាម​សាលា​រៀន​ជាដើម​។

​ចំណែក​ការអនុវត្ត​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើន ត្រូវបាន​គ្រោង​ប្រមាណ ១០០​ លាន​ដុល្លារ អា​​មេ​រិ​ក​។ ចំពោះ​ឧបករណ៍​ផ្តល់​ហិរញ្ញប្បទាន​បន្ថែម​ដល់​សហ​គ្រាស​ធុន​តូច និង​មធ្យម ត្រូវបាន​គ្រោង​ប្រមាណ ១០០​ លាន​ដុល្លារ​អាមេរិក ហើយ​ឥណទាន​នេះ​នឹងត្រូវ​រក្សាទុក​មិន​ចំណាយ ដោយសារ​ចំណូល​ពី​ការបោះ​ផ្សាយ​មូល​ប​ត្រ​នឹង​មិនអាច​អនុវត្តបាន​តាម​ផែនការ​។ ចំណែក ការជំរុញ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​ភាព​ប្រកួតប្រជែង ត្រូវបាន​គ្រោង​ប្រមាណ ៣០​ លាន​ដុល្លារ​អាមេរិក​។

​ដោយឡែក គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នានា ក្នុង​តំបន់​រុន​តា​ឯក ខេត្តសៀមរាប ត្រូវបាន​គ្រោង​ប្រមាណ ២៥ ​លាន​ដុល្លារ​អាមេរិក ដែល​គិត​ត្រឹម​ដំណាច់​ខែមិថុនា ឆ្នាំ​ ២០២៣ បាន​ចំណាយ​អស់​ប្រមាណ ៣៩ ​លាន​ដុល្លារ​អាមេរិក លើសពី​ការគ្រោងទុក​។

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត លើកឡើង​តាម​បណ្តាញ​សង្គម​​តេ​ឡេ​ក្រាម​ថា មាន​ប្រជាពលរដ្ឋ​មួយចំនួន បាន​ចោទ​សួរថា តើ រាជរដ្ឋាភិបាល​កម្ពុជា បានគិត​គូរ​ពី​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​ដែលមាន​ជីវភាព​លំបាក​យ៉ាងណាទេ​? ចំពោះ​ការលើកឡើង​នេះ លោក​បានបង្ហាញ​ពី​របាយការណ៍ របស់​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​​នីតិសម្បទា​ផ្ញើ​ទៅ​លោ​កនៅ​ថ្ងៃទី ​២៨ ខែកញ្ញា បញ្ជាក់​ពី​ការឧបត្ថម្ភ​សំខាន់ៗ​ចំនួន​៣ គឺ ទី​១ ឧបត្ថម្ភ​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​កូ​វីដ​ ១៩ ទី​២ ​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​ក្រោម​អាយុ ​២ ​ឆ្នាំ និង​ទី​៣ ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​គ្រួសារ​ងាយ​រង​ហា​និ​​ភ័យ​ដោយ​សម្ពាធ​អតិផរណា​។

​លោក​បានឱ្យដឹងថា កម្មវិធី​ឧបត្ថម្ភ​ទាំង​ ៣​ នេះ​គិត​ត្រឹម​ថ្ងៃទី​ ២៨ ខែកញ្ញា ឆ្នាំ​ ២០២៣ ផ្ដល់​អត្ថប្រយោជន៍ ចំពោះ​គ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ ចំនួន​ជាង ២ ​លាន ៧ ​សែន​នាក់ ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​ ២ ​ឆ្នាំ ចំនួន ៣៣៩ ៩៧៧​ នាក់ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ដោយ​សម្ពាធ​អតិផរណា ចំនួន​ជាង ១​ លាន ៨ ​សែន​នាក់ ដែល​បាន​ចំណាយ​ទឹកប្រាក់​ជាង ១ ២០០​ លាន​ដុល្លារ​។ នេះ​គឺ​គិត​ចំពោះ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​តែ​ចំនួន​ ៣ ​ប៉ុណ្ណោះ​។ ក្រៅពី​កម្មវិធី​ទាំង​ ៣​ នេះ រាជរដ្ឋាភិបាល​ក៏មាន​គោល​នយោបាយ​ផ្សេងទៀត​ជាច្រើន សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ​​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ ក្នុង​គ្រប់​វិស័យ នៅ​ទូទាំងប្រទេស​។ កម្ពុជា​មិនមែនជា​ប្រទេស​មាន​ខ្លាំង ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា​មិន​​មែន​ខ្វះ​ទឹកចិត្ត​ក្នុង​ការជួយ​ដល់​ប្រជាពលរដ្ឋ​ខ្លួនឯង​ឡើយ​។

​លោក ច​ន ណា​រិ​ទ្ធ អនុ​រដ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង​ជា​អគ្គលេខាធិការ​​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម បានឱ្យដឹងថា រយៈពេល ៩​ខែ ឆ្នាំ​ ២០២៣ ​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចំណាយ​ថវិកា​អស់​ជាង ៣៨៥ ​លាន​ដុល្លារ សម្រាប់​ផ្តល់​ការ​គាំពារ​ដល់​ពលរដ្ឋ ជា​ពិសេស​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​នៅ​ទូទាំងប្រទេស​។

​លោក​បានឱ្យដឹងថា ដើម្បី​ផ្តល់​ការ​គាំពារ​ដល់​ពលរដ្ឋ ជា​ពិសេស​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​នៅ​ទូទាំងប្រទេស រាជ​​រដ្ឋាភិបាល​បាន​អនុវត្ត​លើ​កម្មវិធី​ជាច្រើន​ដូចជា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ​១៩ ចំនួន ១ ១៥២ ០២៧ ៣៩០ ៤០០ ​រៀល ដែល​ក្នុង​ខែ​ចុង​ក្រោយនេះ មាន​អ្នកទទួលផល​ប្រមាណ ៧០១ ៤៥២ ​គ្រួសារ ស្មើនឹង ២ ៧៦០ ០៨៥ ​នាក់​។ ការ​អនុ​វត្ត​ការងារ​កំណត់​អត្តសញ្ញាណ​គ្រួសារ ចំនួន ៧ ៧៣៥ ៩៧៤ ០០០ ​រៀល​។

​បន្ថែម​លើ​នេះ​មាន កម្មវិធី​ជំនួយ​សង្គម​ជា​សាច់​ប្រាក់ ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​គ្រោះទឹកជំនន់ ៣១ ១៩៩ ៨០៨ ០០០​ រៀល ដែលមាន​គ្រួសារ​គោលដៅ​ចំនួន​ ៩៩ ១៦៩​ គ្រួសារ ស្មើនឹង ​៣៧២ ៨៥៩ នាក់​បានទទួល​ប្រាក់​ឧ​ប​​ត្ថ​ម្ភ​ពី​កម្មវិធី​នេះ​។ ទី​៤ ​កម្មវិធី​ឧ​ប​ត្ថ​ម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ ក្នុងអំឡុងពេល​មាន​សម្ពាធ​អតិផរណា ចំនួន ១៣៩ ៤៨៧ ១៩៦ ៦០០ ​រៀល ដែលមាន​អ្នកទទួលផល​សរុប​ប្រមាណ ៥០​ ម៉ឺន​គ្រួសារ ឬ​ប្រមាណ ១,៨​ លាន​នាក់​។​

​ក្រៅពីនេះ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ២ ឆ្នាំ ចំណាយ​អស់​ថវិកា​ចំនួន ២៤ ០៨០ ៦៤០ ០០០ ​រៀល ដែលមាន​អ្នកទទួលផល​ប្រមាណ ៣៣៩ ៩៧៧​ នាក់​។ ទី​៦ កម្ម​វិធី​ផ្តល់ប្រាក់​ឧបត្ថម្ភ​បន្ថែម សម្រាប់​កម្មករនិយោជិត​ជា​ស្ត្រី នៅពេល​សម្រាលកូន ចំនួន ២២ ៤៣៩ ៦០០ ០០០ ​រៀល ដែល​បានផ្តល់​ប្រាក់ឧបត្ថម្ភ​ជូន​កម្មករនិយោជិត​ជា​ស្ត្រី​ក្នុង និង​ក្រៅ​ប្រព័ន្ធ នៅពេល​សម្រាល​​កូន ប្រមាណ ៣៨៣ ០៧៥ នាក់​។

បន្ថែម​លើ​នេះ នៅមានមូលនិធិ​សមធម៌​សុខាភិបាល សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ក្រៅ​ប្រព័ន្ធ​។ របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព សម្រាប់​មន្ត្រីរាជការ​សាធារណៈ អតីត​យុទ្ធជន និង​យុវនីតិសម្បទា និង​កម្មវិធី​អាហារូបករណ៍​ថ្នាក់បឋមសិក្សា និង​មធ្យមសិក្សា​ព្រមទាំង កម្មវិធី​ផ្តល់់​អាហារ​តាម​សាលារៀន​ដោយ​ប្រើប្រាស់​ក​សិ​ផល​ក្នុង​សហគមន៍​ផងដែរ​។

​លោក យង់ ពៅ អគ្គលេខា​ធិ​ការ នៃ​អគ្គលេខាធិការដ្ឋាន​រាជ​បណ្ឌិត្យសភា​កម្ពុជា ថ្លែងថា រាជរដ្ឋាភិបាល​បាន​ជួយឧបត្ថម្ភ​តាមរយៈ​កម្មវិធី​ជាច្រើន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រង​គ្រោះ រហូតដល់​បច្ចុប្បន្ន និង​មាន​បង្កើត​កញ្ចប់​ជំនួយ​ផ្សេងៗ​ទៀត ប៉ុន្តែ​ទំហំ​វិបត្តិ​សកល រួម​ទាំង​សង្គ្រាម​អ៊ុយ​ក្រែ​ន ធ្វើឱ្យ​ប្រជាជន​ធ្លាក់​ទៅក្នុង​ភាពក្រីក្រ​មានការ​កើនឡើង​។ ការជួយ​របស់​រាជរ​ដ្ឋា​ភិ​បាល​ពិតជា​បាន​ជួយ​ជា​ចំណែក​ ១ ​សម្រាប់​ជីវ​ភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ប៉ុន្តែ​ដោយសារ​ទំហំ​នៃ​វិបត្តិ​នេះ​ធំ ធ្វើឱ្យ​មើលទៅ ការជួយ​នេះ​មិនបាន​ធ្វើឱ្យ​ពលរដ្ឋ​មួយចំនួន​ពេញចិត្ត​ទេ​។

​លោក​ថ្លែងថា​៖ «​ជំនួយ​សង្គម​យើង​ត្រូវតែ​បន្តធ្វើ​ហើយ ប៉ុន្តែ​ការ​ស្តារ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឱ្យមាន​ភាពប្រាកដប្រជា ការស្តារ​វិបត្តិ​វិស័យ​ទេសចរណ៍​ឱ្យមាន​លក្ខណៈ​ងើបឡើង​វិញ និង​ការស្តារ​ពាណិជ្ជកម្ម ជាមួយ​បស្ចិមប្រទេស​អីហ្នឹង គឺ​យើង​ត្រូវតែ​គិត​ស្តារ​ឱ្យមាន​ភាពរឹងមាំ​ឡើងវិញ ដើម្បី​ស្ទួយ​សេដ្ឋកិច្ចជាតិ កាលណា​សេដ្ឋកិច្ច​ស្ទុះ​ងើបឡើង ពលរដ្ឋ​នឹង​បាន​ផល​ពី​ការ​ស្ទុះ​ងើប​នៃ​សេដ្ឋកិច្ច​ហ្នឹងហើយ​»៕