ភ្នំពេញៈ ​រដ្ឋមន្ត្រីក្រសួង​ការ​​ងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ បានចេញ​ប្រកាស​ដោ​យស​ម្រេច​ឱ្យ​ស្ថា​ប័ន​ទាំង​រដ្ឋ និង​ឯកជន អាច​ឈប់សម្រាក​នៅ​ថ្ងៃបុណ្យ​ជាតិ ចំនួន ២២ ​ថ្ងៃ​នៅក្នុង​ឆ្នាំ​ ២០២៤ ខាងមុខ​។ នេះ​បើ​យោងតាម​ប្រកាស​ស្តីពី​ការឈប់​សម្រាក​ថ្ងៃបុណ្យ​ដែលមាន​ប្រាក់​ឈ្នួល ប្រចាំឆ្នាំ​ ២០២៤ ចេញ​នៅ​ថ្ងៃទី​ ២ ខែតុលា ឆ្នាំ ​២០២៣​។​


​លោក​ ហេង សួរ​ បានបញ្ជាក់​ក្នុង​សេចក្តី​ប្រកាសថា ជារួម​ចំពោះ​ការឈប់​សម្រាក​ថ្ងៃ​បុណ្យ ដែលមាន​ប្រាក់​ឈ្នួល ប្រចាំឆ្នាំ​ ២០២៤ ក្រសួងបានអនុញ្ញាត​ឱ្យ​កម្មករ និយោជិត នៃ​សហគ្រាស​គ្រឹះស្ថាន​ទាំងអស់ បាន​ឈប់សម្រាក​ពី​ការងារ ដោយមាន​ប្រាក់​ឈ្នួល តាម​ប្រតិទិន​នា​ឆ្នាំ ​២០២៤ មាន​ចំនួន​ ២២​ ថ្ងៃ​។

លោក​បន្តថា​៖ «​ចំពោះ​សហគ្រាស គ្រឹះស្ថាន​ទាំងឡាយណា ដែល​ត្រូវ​ប្រព្រឹត្តទៅ​ជាប្រចាំ និង​មិនអាច​បញ្ឈប់​សកម្មភាព​បាន ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន ត្រូវ​រៀបចំ​បែងចែក​ឱ្យ​កម្មករនិយោជិត​បាន​ឈប់សម្រាក​ទៅតាម​ថ្ងៃបុណ្យ​នីមួយៗ ដោយ​ផ្លាស់ប្ដូរ​គ្នា​»​។​


​លោក​បាន​បញ្ជាក់ទៀតថា នៅក្នុង​ករណី​មានការ​ព្រមព្រៀងគ្នា​រវាង​កម្មករនិយោជិត​សាមី និង​និយោជក ឬ​មានចែង​នៅក្នុង​បទបញ្ជាផ្ទៃក្នុង របស់​សហ​គ្រាស គ្រឹះស្ថាន ឬ​អនុសញ្ញា​រួម ការឈប់​សម្រាក​របស់​កម្មករ​-​និយោជិត​អាចអនុវត្ត​នៅពេល​ណាមួយ​ផ្សេងទៀត ដែល​ខុសពី​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ដូច​មានកំណត់​ក្នុង​ប្រកាស​នេះ​។

​ជាងនេះទៀត ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន ត្រូវ​រៀបចំ​បញ្ជី​ឈ្មោះ​កម្មករនិយោជិត​ដែល​ត្រូវ​ផ្លាស់ប្តូរ​គ្នា​ឈប់សម្រាក​នៅ​ថ្ងៃបុណ្យ​នីមួយៗ ហើយ​រក្សាទុក​ជាប្រចាំ សម្រាប់​ការត្រួត​ពិនិត្យ​របស់​អធិការ​ការងារ​។


​លើសពីនេះ នៅក្នុង​អំឡុង​ពេល​នៃ​ការឈប់​សម្រាក​ដោយ​ផ្លាស់ប្ដូរ​គ្នា​នេះ ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន​អាច​ប្រើ​​ប្រាស់​កម្មករនិយោជិត​ផ្សេង​ជា​បណ្ដោះអាសន្ន​មក​ជំនួស​កម្មករ​និយោជិត​ដែល​បាន​ឈប់សម្រាក​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួង​។​

​យ៉ាងណាក្តី​លោក​ ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហព័ន្ធ​សហជីព​ជាតិ​បានបង្ហាញ​ការសោកស្តាយ ដែល​ក្រសួង​នៅតែ​កំណត់​មិនឱ្យ​មានការ​លើក​ថ្ងៃ​ឈប់សម្រាក ប្រសិនបើ​ថ្ងៃ​ឈប់​សម្រាក​បុណ្យ ចំ​ថ្ងៃ​សៅរ៍ ឬ​ថ្ងៃអាទិត្យ ដែល​លោក​ថា ជា​ទង្វើ​មួយ​អយុត្តិធម៌​សម្រាប់​កម្មករនិយោជិត​។​

​លោក​ ហ្វា សាលី បាន​ថ្លែងថា​៖«​យើង​ដឹង​ហើយ​ថា ប្រាក់​ឈ្នួល​សម្រាប់​បងប្អូន​កម្មក​រ និយោជិតនៅ​ទាប មិន​ស្មើនឹង​ប្រាក់ខែ​មន្ត្រីរាជការ​ទេ ដូច្នេះ​មិនគួរ​ឱ្យ​ពួកគាត់​ឈប់សម្រាក​បុណ្យ​ជាតិ​ចំ​ថ្ងៃ​សៅរ៍ អាទិត្យ​ដូច​មន្ត្រីរាជការ​ទេ ព្រោះ​វា​ជា​រឿង​ដែល​មិនអាច​ទទួលយកបាន​។ ហេតុនេះ​ខ្ញុំ​សូមឱ្យ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ពិនិត្យ​នឹង​ពិចារណា​សម្រាប់​ការឈប់​របស់​ពួកគាត់​ឡើងវិញ​»​។​

​សូម​រំឭក​ដែរ​ថា ក្រសួង​ការងារ​បានកំណត់​ឱ្យមាន​ការឈប់​សម្រាក​ថ្ងៃ​​បុណ្យ ដែលមាន​ប្រាក់​ឈ្នួល ប្រចាំឆ្នាំ​ ២០២៣ ​មាន​ចំនួន ២១ ​ថ្ងៃ​៕