ភ្នំពេញៈ ​ក្រសួងការពារជាតិ​បាន​លើកឡើងថា ក្នុង​រយៈពេល​ ៩ ​ខែ ឆ្នាំ​២០២៣ នេះ​កម្ពុជា​បាន​ពង្រឹង​ទំនាក់ទំនង​ និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ល្អ ដែល​ស្តែងឡើង​តាមរយៈ​សមយុទ្ធ​យោធា​នានា ការចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ និង​ចូលរួម​វេទិកា​តំបន់ និង​អន្តរជាតិ​នានា​។​


​នេះ​បើ​យោងតាម​សេចក្តីព្រាង​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​រយៈពេល ៩ ​ខែ​ របស់​ក្រសួងការពារជាតិ និង​លើក​ទិសដៅ​អនុវត្តន៍​សម្រាប់​ត្រីមាស​ទី​៤ ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២៣​។​

​សេចក្តីព្រាង​របាយការណ៍​បាន​បន្តថា ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០២៣​នេះ កម្ពុជា​បានធ្វើ​ការងារ​យ៉ាង​ល្អ​លើ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិ​ផ្នែក​យោធា​ជាមួយ​បណ្តា​ប្រទេស​ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ ដែល​បាន​ស្តែងឡើង​តាមរយៈ​ព្រឹត្តិការណ៍​នៃ​ការរៀបចំ​សមយុទ្ធ​រួមគ្នា «​នាគ​មាស ២០២៣» កម្ពុជា​-​ចិន និង «​សមយុទ្ធ​រួមគ្នា ទេវតា​សន្តិភាព​-២០២៣» កម្ពុជា​-​ចិន ពេលកន្លងមក​។​


​ប្រភព​ដដែល​បាន​បន្តថា កម្ពុជា​បានរៀបចំ​លំ​ហាត់​ហ្វឹកហ្វឺន​ប្រតិបត្តិការ​ពហុ​ជាតិ លើ​ទីលាន​សកម្មភាព​មីន​មនុស្សធម៌​ក្របខ័ណ្ឌ​អាស៊ាន​បូក ​ដែលមាន ១៤ ​ប្រទេស​នៃ​ទ្វីប​៤ បាន​ចូលរួម​។ លើសពីនេះ កម្ពុជា​ក៏បាន​បន្ត​ចូលរួម​ការងារ​មនុស្ស​ធម៌​អន្តរជាតិ​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​ផងដែរ​។​

​ទន្ទឹមនឹងនេះ ក្រសួង​បាន​សហការ​យ៉ាង​ល្អ​ជាមួយ​បណ្តា​ប្រទេសជិតខាង​ពាក់ព័ន្ធ​ការទប់ស្កាត់​បទល្មើស​នៅតាម​បណ្តោយ​ព្រំដែន សកម្មភាព​ឆ្លងដែន​ខុសច្បាប់​ទៅវិញទៅមក ជាដើម​។​


​ក្រៅពីនេះ សេចក្តីព្រាង​របាយការណ៍​ក៏បាន​បញ្ជាក់ដែរថា កងយោធពល​ខេមរភូមិន្ទ​បាន​ចូលរួម​រក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ តួយ៉ាង​ភារកិច្ច​ការពារ​បូរណភាព​ទឹកដី អធិបតេយ្យភាព​ជាតិ ទាំង​ព្រំដែន​គោក ដែនសមុទ្រ ហើយ​ឆ្លើយតប​ទៅតាម​សភាពការណ៍​វិវឌ្ឍន៍​ភ្លាមៗ​។ លើសពីនេះ ការចូលរួម​ទប់ស្កាត់​បទល្មើស​នានា បង្ក្រាប​សកម្មភាព​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ ជាមួយ​ការពារ​សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ​ជាតិ និង​ប្រតិភូ​អន្តរជាតិ​។​

​លោក ​ស៊ឺន សម អ្នកជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា កន្លងមក​សមត្ថភាព​ការទូត​ និង​នយោបាយ​ការបរទេស​របស់​ក្រសួងការពារជាតិ មាន​លក្ខណៈ​ល្អប្រសើរ​ទៅហើយ ប៉ុន្តែ​ចំណុច​ខ្វះខាត​មួយ​ត្រង់​ការផ្សព្វផ្សាយ និង​បកស្រាយ​ទៅកាន់​អន្តរជាតិ​ពី​ការពិត​របស់​កម្ពុជា​តួយ៉ាង​ករណី​មូលដ្ឋានទ័ព​រាម​កន្លង​មកនេះ ព្រោះ​ដៃគូ​ធំ​របស់​កម្ពុជា​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​ការពារជាតិ​នោះ​គឺ​ជប៉ុន មិនមែន​ចិន​ឡើយ​។​

​លោក​ថ្លែងថា​៖ «​កន្លងមក​នៅតាម​វេទិកា​នានា សហគមន៍​អន្តរជាតិ​តែង​លើកឡើង​ការព្រួយបារម្ភ​ចំពោះ​វត្តមាន​យោធា​ចិន​នៅ​កម្ពុជា ប៉ុន្តែ​ក្រសួងការពារជាតិ​គួរ​ពង្រីក​បន្ថែម​ទៅលើ​សមត្ថភាព​ផ្សព្វផ្សាយ ក៏ដូចជា​សមត្ថភាព​ពន្យល់​ជា​ផ្លូវការ​របស់ខ្លួន​ជុំវិញ​តថភាព​របស់​កម្ពុជា ស្រប​នឹង​ឥទ្ធិពល​ផ្សព្វផ្សាយ​និង​សារព័ត៌មាន​ធំៗ​របស់លោក​ខាងលិច​»​។​

​លោក​ ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ ថ្លែងថា នៅ​ដើមឆ្នាំ​២០២៣ កម្ពុជា​បាន​ចូលរួមចំណែក​ក្នុង​គំនិត​ផ្តួចផ្តើម​និង​ការ​ថ្កោលទោស​រុស្ស៊ី​ចំពោះ​អំពើ​ឈ្លានពាន​លើ​អ៊ុយ​ក្រែ​ន ដោយ​ទទួល​បានការ​សាទរ​ពី​អន្តរជាតិ ប៉ុន្តែ​កម្លាំង​ទំនាក់ទំនង​អន្តរជាតិ​ផ្នែក​ការពារជាតិ​បាន​ថមថយ​ទៅវិញ​នៅ​ឆមាស​ទី​២​។​

​លោក​សង្កត់ធ្ងន់ថា ទំនាក់ទំនង​កម្ពុជា​-​ចិន​ល្អ ប៉ុន្តែ​ល្អក់កករ​ជាមួយ​តំបន់​អាស៊ាន និង​លោកខាងលិច​។​

​លោក​ប្រាប់ថា​៖ «​នៅក្នុង​ដំណាក់កាល​ប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​បច្ចុប្បន្ន យុទ្ធសាស្ត្រ​ទំនាក់ទំនង​ការបរទេស​ការពារ​ស​ម​ស្រប​របស់​កម្ពុជា​គឺ​ទាមទារ​ឱ្យមាន​ភាពបត់បែន ការ​ឈរ​នៅលើ​ភាព​អព្យាក្រឹត ឬ​កណ្តាល​មួយ​ចន្លោះ​លោក​ខាងកើត និង​លោកខាងលិច ទើប​កម្ពុជា​អាច​នៅ​រក្សាបាន​ផលប្រយោជន៍​ការទូត​និង​ពាណិជ្ជកម្ម​»៕