ភ្នំពេញៈ​យុវ​សិស្ស​ ពៅ​ គីម​សែ ​ដែល​មាន​វ័យ​ទើប​តែ​១៥​ឆ្នាំ​បាន​ក្លាយ​ជា​សិស្ស​ឆ្នើម​ម្នាក់​នៅ​ថ្នាក់​ទី​៩​ សម្រាប់​សាលា​រៀន​ជំនាន់​ថ្មី​នៃ​វិទ្យាល័​យ​ព្រះស៊ី​សុវត្ថិ​​។ ​បើ​គិត​ចាប់ពី​ចុងឆ្នាំ​២០២២​ មក​ទល់នឹ​ង​ខែកញ្ញា​ឆ្នាំ​២០២៣ ​យុវ​សិស្ស​រូបនេះ ​ទទួល​បាន​មេ​ដាយ​មាស​ចំនួន ​២​ គ្រឿង​ ប្រាក់ ​១​ គ្រឿង​ និង​សំរឹទ្ធ​២​ ក្នុង​ការ​ប្រកួត​មុខវិជ្ជា​គណិត​វិទ្យា​​ទូទាំង​ប្រទេស​។​

​កំពុង​ឈរ​ពាក់​មេ​ដាយ​មាស ​ព្យួរ​ទម្លាក់​មកលើ​ទ្រូង​ ដែល​នៅ​ដៃ​ឆ្វេង​ទ្រ​ស៊ុម​ដាក់​លិខិត​សរសើរ​ ខណៈ​ដៃស្តាំ​កាន់​ទ្រ​ម៉ាស៊ីន​គិត​លេខ​កាស្យូ ១​ គ្រឿង​ នោះ​ហើយ គឺ​ជា​សក្ខី​ភាព​នៃ​ការវាស់​ស្ទង់​កម្រិត​ប្រាជ្ញា​របស់ ​ពៅ គីម​សែ។​

​យុវ​សិស្ស ​ពៅ ​គីម​សែ​ បានឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​ថា​ ប្អូន​រៀន​នៅ​ថ្នាក់​ទី 9NGS-C3​ សាលា​ជំនាន់​ថ្មី​នៃ​វិទ្យា​ល័យ​ព្រះស៊ី​សុវត្ថិ​។ ​ចំពោះ​ការ​ប្រកួត​នេះ​មិន​មែន​សាលា​បញ្ជូន​ឈ្មោះ​ឱ្យទៅ​ទេ​តែ​ប្អូន​បាន​ចុះ​ឈ្មោះ​តាម​រយៈ​តេ​ឡេ​ក្រាម ​ព្រោះ​កាលពី​ពេល​មុនៗ​ប្អូន​ក៏​ធ្លាប់​ចូលរួម​ប្រកួត​ដែរ​ ហើយ​តាំងពី​ពេល​នោះ​មក ​គេ​បាន​ចង​ក្រង​គ្នា​ជា​ក្រុម​​ដូច្នេះ​នៅ​ពេល ​ដែល​មាន​កម្ម​វិធី​ប្រកួត​ប្រជែង​ម្តងៗ​គឺ​ប្អូន​អាច​ដឹង​តាម​រយៈ​ក្រុម​តេ​ឡេ​ក្រាម​នេះ​។​


​គីម​សែ​ បាន​បន្តថា ​ចំពោះ​មេដាយ​មាស​ដែល​ប្អូន​ទទួល​បាន​នេះ គឺ​ជាល​ទ្ធផល​នៃការ​ប្រកួត​ប្រជែង​លើ​មុខវិជ្ជា​គណិត​វិទ្យា​សម្រាប់​ថ្នាក់​ទី​៩​ ទាំង​សាលា​រដ្ឋ​និង​សា​លា​ឯកជន​នៅ​ទូទាំង​ប្រទេស​។​រីឯ​រយៈ​ពេល​ប្រកួត​ គឺតែ​១​ព្រឹក​ទេ​ហើយ​ប្រកួត​ដោយ​ប្រើប្រា​ស់​ម៉ាស៊ីន​គិត​លេខ​កា​ស្យូ​ផលិត​នៅ​ប្រទេស​សិង្ហ​បុរី​ ហើយ​ប្អូន​បាន​ជាប់​ជយលា​ភី​លេខ​១​ មេ​ដាយ​មាស​ក្នុង​ចំណោម​សិស្ស​ជាង​ ២០០ ​នាក់​។​

​គីម​សែ​បាន​ពោល​ដោយ​ក្តី​មោទនៈថា​​៖«​ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ខ្ញុំ​អាច​ដណ្តើមបាន​មេដាយ​មាស​។​នេះ​មិន​ត្រឹមតែកិ​ត្តិ​យស​ សម្រាប់​ខ្ញុំ​ និង​ប៉ា​ម៉ាក់​របស់​ខ្ញុំ​ទេ​តែ​ជា​កិ​ត្តិយស​សម្រាប់​សាលា​ខ្ញុំ​ផង​ដែរ​»​។​


​បើតាម​ ពៅ​ គីម​សែ ​នេះ​មិន​មែន​ជា​លើក​ទី១ ​ទេ​ដែល​ប្អូន​ទទួល​បាន​មេដាយ​មាស​ តែក​ន្លង​មក​ប្អូន​ក៏ធ្លាប់​ទទួល​បាន​ជយលា​ភី​ជា​បន្ត​បន្ទាប់​ដែរ​ ពី​ការប្រកួត​កម្រិត​ជាតិ​នៅ​ទូទាំង​ប្រទេស​ផ្នែក​គណិត​វិទ្យា​។​ជយ​លាភី​លើក​មុន​ប្អូន​ចាប់​ផ្តើម​ចូល​ប្រកួត​នៅ​ចុងឆ្នាំ​២០២២​ ដោយ​ទទួល​បាន​មេដាយ​មាស​ ១ គ្រឿង​ ប្រាក់ ​២​ គ្រឿងនិ​ងសំរិទ្ធ​ ១​ គ្រឿង​ ហើយ​ក្នុង​ពេល​ថ្មីៗ​នៅឆ្នាំ​២០២៣​ នេះ​បាន​មេដាយ​មាស ​១​ គ្រឿង​ទៀត ​ដែល​សរុប​ទៅ ៤​​ គ្រឿង​ហើយ​។​ការ​ប្រកួ​តប្រជែង​ចុង​ក្រោយបា​នធ្វើឡើ​ង​នៅ​ថ្ងៃទី​២៥​ ខែមិថុនា ឆ្នាំ​២០២៣​ និង​ទទួល​មេ​ដាយ​មាស​នៅ​ថ្ងៃទី​៨​ ខែកក្កដា ​ឆ្នាំ​២០២៣​ ដោយក្រសួង​អប់រំ​យុវជន និង​កីឡា​ជា​អ្នក​ប្រគល់​ជូន។​

​គីម​សែ​ បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​ចូល​រួម​ប្រកួត​ចុង​ក្រោយ​នេះ​មាន​អារម្មណ៍​ភ័យ​តិចៗ​ដែរ​ដោយ​សារ​យើង​មិនដឹង​ថា​យើង​នឹង​បាន​វិញ្ញាសា​អី​ត្រូវ​ប្រឡង​​តែ​ដោយ​សា​រ​ខ្ញុំ​ធ្លាប់​ចូលរួម​ប្រកួត​លើក​មុនៗ​មក​គិតថា​គ្មាន​បញ្ហា​អី​ទេ​សម្រាប់​ខ្ញុំ​»​។​

​យុវ​សិស្ស​ ពៅ គីម​សែ​ បាន​រំឭកប្រា​ប់ថា​ ការ​ប្រកួត​ថ្មីៗ​នេះ​គឺខាង​អ្នករៀបចំ​កម្មវិធី​បានឱ្យ​បេក្ខ​ជន​គិត​លេខ ​តាម​រយៈ​ម៉ា​ស៊ីន​កាស្យូ​ តែ​គេ​មិន​ផ្តោត​ទៅ​លើ​ការ​គណនា​លេខ​ទេ​​គឺ​គេ​ផ្តោត​លើ​សមត្ថ​ភាព​បាន​ន័យថា​​កម្មវិធី​ដាក់​ចំណោទ​១​ ហើយ​យើង​អាច​ទាញ​ចំណោទ​ហ្នឹង​ជា​លេខ​ទោះជា​ធ្វើ​តាម​វិធី​ណាក៏​ដោយ​។

​ជា​មួយគ្នា​នេះ ​យុវ​សិស្ស​ គីម​សែ ក៏បាន​បង្ហាញ​ពី​វិធី​សិក្សា​របស់​ខ្លួន​ដែរ​ថា ជា​បទ​ពិសោធ​ន៍រៀន​ឱ្យ​ពូកែ​គឺ​គេ​ត្រូវ​មើល​ថាតើ​​យើងៗ​នៅ​ខ្វះ​ផ្នែក​មុខវិជ្ជា​ស្អី​? ហើយ​មាន​វិធី​សាស្ត្រ​ណាខ្លះ​ដើម្បី​បំពេញ​កា​រខ្វះខាត​របស់​ខ្លួន​ដូចជា​សួរ​មិត្ត​ភក្តិ​ផង​សួរ​គ្រូ​ផង​ជាដើម។​ក្រៅ​ពីនេះ​​រូបគេ​មើល​ទៅលើ​មុខ​វិទ្យា​ណា​ខ្លះ​ដែល​ត្រូវ​រៀន​ទុក​ជា​មុន​នៅ​ពេល​ឡើង​ថ្នាក់​ ហើយ​ពេល​ចូល​រៀនទៅគឺ​គ្រាន់​តែ​ស្តាប់​គ្រូ​ពន្យល់​បន្ថែម​គឺ​យល់​តែ​ម្តង​។​ម្យ៉ាង​វិញ​ទៀត ការ​សិក្សា​មិនមែ​ន​រៀន​តែ​ទ្រឹស្តី​ទេ​តែ​ត្រូវ​យក​មក​អនុវត្ត​ជាក់​ស្តែង​ឱ្យបាន​ច្រើន។ ​គីម​សែ ​ប្រាប់​ថា បើ​មកពី​សា​លារៀ​ន​វិញ​យ៉ាង​ហោច​ណាស់​រូប​គេក៏​​ត្រូវ​ចំណាយ​ពេល​២​ម៉ោង​សម្រាប់​រៀន​ហើយ​ក៏​មិន​ចូល​ចិត្ត​ដើរ​លេង​ដែរ ​ព្រោះ​ជា​ការ​ឥត​ប្រ​យោជន៍​​។

​​លោក​ សម កំសាន្ត នាយ​ករង​កម្ម​វិធី​សាលា​រៀន​ជំនាន់​ថ្មី​នៃ​វិទ្យា​ល័យ​ព្រះស៊ី​សុវត្ថិ ​ឱ្យដឹង​ថា​ការ​ប្រកួត​នេះ​ក្នុង​ក្រប​ខ័ណ្ឌ​ទូទាំង​ប្រទេស​ដែល​មាន​ឈ្មោះ​ថា​«សហ​គមន៍​អ្នក​គណិត​វិទ្យា​»។​សម្រាប់​សិស្ស​នៅ​ទូទាំង​ប្រទេស​ដែល​គិត​ថា​ ខ្លួន​មាន​សម​ត្ថភាព​គឺ​អាចចុះ​ឈ្មោះ​ខ្លួនឯង ​មិនមែន​ខាង​សាលា​ជា​អ្នក​បញ្ជូន​ទៅ​ទេ​។ ​សិស្ស​ឈ្មោះ​ពៅ គីម​សែ ​រៀន​នៅ​ថ្នាក់​ទី​9NGS-C3​នៃ​សាលា​ជំនាន់​ថ្មី​ព្រះស៊ី​សុវត្ថិ​ ហើយ​គាត់​ប្រកួត​ឈ្នះ​ជយលា​ភី​មេដាយ​មាស​គណិត​វិទ្យា​។​

​លោកបាន​បន្ត​ថា ​កម្មវិធី​នេះ​គេ​ហៅថា​ការ​ប្រឡង​គណិត​វិទ្យា​ដោយ​ប្រើ​ម៉ាស៊ីន​គិត​លេខ​មាន​ន័យ​ថា​ កម្មវិធី​គេ​អនុ​ញ្ញាត​ឱ្យ​ការ​ប្រកួត​គឺ​ប្រើប្រា​ស់​បច្ចេក​វិ​ទ្យាម៉ាស៊ីន​គិតលេ​ខ។​ ចំពោះ​កម្មវិធី​សាលា​ជំនាន់​ថ្មី​នេះ​ ជា​កម្មវិធី​មួយ​ដែល​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ធ្វើកំ​ណែទម្រ​ង់​ដើម្បី​លើក​កម្ពស់​គុណ​ភាព​សិស្ស​​តាម​រយៈម​ធ្យោ​បាយ​សិក្សា​ហ្នឹង​ឱ្យ​មាន​សមត្ថ​ភាព​ខ្ពស់​ដែល​អាច​ចូលរួ​ម​ប្រកួត​ក្នុង​កម្រិត​ជាតិ​និង​អន្ត​រជាតិ​បាន​។​រីឯការ​សិក្សា​វិញ​តាម​បែប​វិ​ធីសាស្ត្រ​ថ្មី​ពោល​គឺ​សិក្សា​បែប​ស្រាវ​ជ្រាវ​និង​ធ្វើ​ការ​ងារ​ជា​ក្រុម​ឬ​ហៅ​ថា​រៀន​បែប​ស្ថាប​នា​និយម​។​

​លោក​បានប​ញ្ជាក់​ថា​៖ «​អ៊ីចឹង​វិធី​សាស្ត្រ​បង្រៀន​ក៏​ថ្មី​របៀប​រៀន​ក៏​ថ្មី​ដោយ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ជា​ជំនួយ​។​ជា​លទ្ធផ​ល​ក្នុង​ ១ ​ឆ្នាំៗ ​សិស្ស​យើង​ប្រកួត​ថ្នាក់​ជាតិ​និង​អន្តរជា​តិ​ទៅ​អាមេរិក​ ជប៉ុន​ ចិន ថៃ​ កូរ៉េ អូ​ស្ត្រាលី​ សឹង​តែ​ជារៀ​ង​រាល់​ខែ​ ហើយ​ទទួល​បាន​ជាង​ ៥០០ ​មេដា​យ ​ក្នុង ​១​ឆ្នាំៗ ​រាប់ទាំង​មេដាយ​មាស ​សំរឹទ្ធ និង​មេដាយ​ប្រាក់​និង​ប្រកួត​គ្រប់​មុខ​វិជ្ជា»​។​

​អ្នក​គ្រ​ប់គ្រង​ផ្នែក​ជំនួញ​នៃ​បណ្ណា​គារ​អន្តរ​ជាតិ ​IBC ​ម្នាក់​​ស្នើ​សុំមិន​បញ្ចេញ​ឈ្មោះ​ដែល​បាន​សហ​ការ​ក្នុង​កម្មវិធី​ប្រកួត​បាន​ប្រាប់​​ថា ​ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​លើកនេះ ធ្វើឡើ​ង​កាលពី​ថ្ងៃទី​២៥ ​ខែមិថុនា ឆ្នាំ​២០២​៣ ​និង​ប្រគល់​មេដាយ​ ដោយក្រសួង​អប់រំ​យុវជន​ និង​កីឡា​នៅ​ថ្ងៃទី​៨ ​ខែកក្កដា​ ឆ្នាំ​២០២៣​ ចាប់ពី​សិស្ស​ថ្នាក់​ទី​៧ ​ដល់​ថ្នាក់​ទី​១១ ​ហើយ​ទាំង​សាលា​ឯក​ជន ​និង​សាលា​រដ្ឋ​គឺប្រកួត​ចម្រុះ​គ្នា​។​ ចំពោះ​សិស្ស​ ដែល​បាន​ចូលរួម​ប្រកួត​មាន​ជិត​ ៨០០​ នាក់ ​មកពី​រាជធានី​-​ខេត្ត​ក្រុង​ នៅ​ទូទាំង​ប្រទេស​។​ សម្រាប់​សិស្ស​ថ្នាក់​ទី​៧ ​ត្រូវ​រើសយក​អ្នក​ជាប់​ចំណាត់​ថ្នាក់​មេដាយ​មាស ​ម្នាក់​មេដា​យប្រា​ក់​២ សម្រាប់​សិស្ស​ ២ ​នាក់ ​និង​មេ​ដាយ​សំរឹទ្ធ​ ៣ ​សម្រាប់​សិស្ស​ ៣​ នាក់​ រហូត​ដល់​ថ្នាក់​ទី​១១ ក៏​ដូចគ្នា​​ដែរ​។​

​លោក​បានប​ញ្ជាក់​ថា កម្មវិធី​នេះ​រៀបចំ​ដោយ​បណ្ណាគា​រ​អន្ត​រជា​តិ IBC​ និង​ម៉ាស៊ីន​គិត​លេខ​កា​ស្យូ Singapore ​ដែល​សិស្ស​ជាប់​ជយ​លាភី​ចំណាត់ថ្នា​ក់​លេខ​២ ​និង​លេខ​៣​ ទទួល​បាន​បណ្ណ​ស​សើរ​ពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ ១​ទទួលបា​ន​បណ្ណ​ស​រសើរ​ពី​កា​ស្យូ Singapore ​អាវយឺត ​១​ និង​មួក​សុវត្ថិ​ភាព​១​។ ​រីឯ​សិស្ស​ជាប់​ជយ​លាភី​លេខ​១ ​ទទួល​បាន​មេដាយ​មាស ​ពី​ក្រសួង​អប់រំ​យុវជន ​និង​កីឡា​ ១​ គ្រឿង ​អម​ដោយ​​កុំ​ព្យូទ័​រ​យួរ​ដៃ ​១ ​គ្រឿង ​និង​បាន​បណ្ណ​សរ​សើរ​ពី​ក្រសួង​អប់រំ​យុវជន​ និង​កីឡា ​១ សន្លឹក ​និង​ប​ណ្ណស​រសើរ​ពី​កា​ស្យូ Singapore ចំនួន ​១ សន្លឹក​ ផង​ដែរ។ ​ដោយ​ឡែក​ សម្រាប់​យុវ​សិស្ស​ ពៅ គីម​សែ​ បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​១​ ក្នុង​ចំណោម​បេក្ខ​ជន​ថ្នាក់​ទី៩ ​ដែល​បាន​ចូលរួម​ប្រកួត​ចំនួន ​២១១​ នាក់​។

លោកស្រី​ ឃួន វិច្ឆិកា ​អ្នក​នាំពា​ក្យ​ក្រសួង​អប់រំ​យុវជន ​និង​កីឡា​ ឱ្យដឹ​ងថា ​ក្រសួង​អប់រំ​យុវជន និង​កីឡា​ បាន​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស ​សម្រាប់​មុខ​វិទ្យា​ Stem ​(Science,technology,engineering and math)​។​​ កន្លង​មក​សា​លារៀន​ជំនាន់​ថ្មី​ក៏ដោយ​ និង​កម្មវិធី​ថ្នាក់​ជាតិ​ក៏ដោយ​ គឺក្រសួង​អប់រំ​យុវជន​ និង​កីឡា​ ក៏មាន​រៀបចំ​ពិ​ព័រណ៍ ​Stem​ ដោយ​បាន​សហ​ការ​ជាមួយ​នឹង​ដៃគូ​ពាក់​ព័ន្ធ​ក៏ដូចជា​ដៃគូ​អភិវឌ្ឍន៍​ដែរ​។

លោក​ស្រី​បាន​បន្ដ​ថា ​កិច្ចការ​នេះ​គឺ​ដើម្បី​អភិវឌ្ឍ​ការរៀន ​និង​ការ​បង្រៀន​នៅ​កម្រិត​មធ្យម​សិក្សា​ទាំង​បឋម​ភូមិ​ទាំង​ទុតិយ​ភូមិ​ ដើម្បី​លើក​ស្ទួយ​ផ្នែក ​Stem​។​ ពីមុន​ក្រសួង​អប់រំ​យុវជន ​និង​កីឡា ​ផ្តោត​ទៅ​លើ​វិធី​សាស្ត្រ​បង្រៀន​វិធី​សាស្ត្រ​ប្រពៃ​ណី​បាន​ន័យ​ថា​សិស្ស​ដែល​គាត់​ចូល​ក្នុង​ថ្នាក់​គឺ​គាត់​ស្តាប់​គ្រូ​ជា​ដើម​។​

​លោក​ស្រី​បាន​បញ្ជាក់ថា​៖ «​ប៉ុន្តែ​ក្នុង​វិធី​សាស្ត្រ​បង្រៀន​ថ្មី​នេះ ​សំដៅ​ធ្វើ​ម៉េច​ឱ្យ​សិស្ស​គាត់​មាន​សកម្ម​ភាព​។​ ឧទាហ​រណ៍​ថាឱ្យ​សិស្ស​រៀបចំ​គម្រោង​ស្រាវ​ជ្រាវ​សង្កេត​អ៊ីចឹង ​ទៅ​ពេល​គាត់​រៀន​ចប់​ទៅ​មិន​មែន​គ្រាន់តែ​គាត់​បាន​ចំណេះ​ដឹង​ដែល​គាត់​រៀន​ទេ​តែ​គាត់​ចេះ​ធ្វើការ​សហ​ការគ្នា​ជា​ក្រុម​ ដើម្បី​ធ្វើយ៉ាង​ណា​អនា​គត​ទៅ​គាត់​ចេញ​ទៅ​ធ្វើការ​មាន​ប្រសិទ្ធ​ភាព​»​៕

​​