ភ្នំពេញៈ​​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា វប្បធម៌​សន្ទនា​ដែល អាច​ប្រព្រឹត្តទៅបាន​លុះត្រា​ភាគី​ទាំង​២​បាន​យល់ស្រប និង​ឯកភាពគ្នា ​តែបើ​ក្រុមប្រឆាំង​នៅក្រៅ​ប្រទេស​នៅតែ​បន្ត​ជេរប្រមាថ និងដាក់​បណ្តាសា លោក​ជា​រហូតមក គឺ​មិនអាច​ទៅរួច​ទេ​។


​លោក ហ៊ុន ម៉ា​ណែ​ត បានលើកឡើង​បែបនេះ កាលពី​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២៣ ក្នុងឱកាស​ដែល​លោក​ចុះ​ជួប​សំណេះសំណាល​ជាមួយនឹង​កម្មករ​និ​យោ​ជិ​ត ជិត​២​ម៉ឺន​នាក់ មកពី​ខណ្ឌដង្កោ និង​ខណ្ឌមានជ័យ ក្នុង​រាជធានី​ភ្នំពេញ​។​

​លោក​បាន​ថ្លែងថា​៖ «​គេ​ចោទថា​ហ៊ុន ម៉ា​ណែ​ត មិន​ព្រម​ស​ន្ទនា យើង​ខ្មែរ​ដូចគ្នា​សោះ​។ តែ​និយាយ​បានតែ​ប៉ុន្មាន​ម៉ាត់​មិនបាន​ប៉ុន្មាន​នាទី​ផង ជេរ​ខ្ញុំ​រាប់​ម៉ោង​ថា ហ៊ុន ម៉ា​ណែ​ត អាក្រក់​, ហ៊ុន ម៉ា​ណែ​ត ឡើង​តាម​ជើងខោ​ឪ​។ អា​រឿង​វប្បធម៌​សន្ទនា វា​ដើរ​ទាល់តែ​ភាគី​ទាំង​២ ឯកភាពគ្នា​យល់​គ្នា​។ ពួកម៉ាក​ជេរ​គ្នា ហើយ​មក​បបួល​ឱ្យ​ត្រូវ​គ្នា មិនត្រូវ​គ្នា​នោះទេ​។ មកដល់​ជេរ​ឯង​កប់ៗ ហើយ​បបួល​ឱ្យ​ត្រូវ​គ្នា វា​អត់​ត្រូវ​ទេ​»​។​


​ជាមួយគ្នា​នោះ លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​រំឭក​ពី​លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី ដែល​បាន​បង្កើតឱ្យមាន​វប្បធម៌​សន្ទនា ជាមួយ​លោក សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បច្ចុប្បន្ន​និរទេស​នៅក្រៅ​ប្រទេស មិនបាន​ទទួលជោគជ័យ​នោះទេ ដោយសារតែ​ភាគី​លោក សម រង្ស៊ី មិន​បាន​យល់​គ្នា​។

​លោក​បាន​ថ្លែងថា​៖«​ពេលដែល​ត្រូវ​គ្នា បាន​ដឹក​ដៃ​គ្នា គាត់​ហៅ​ទាំង​កូន​របស់គាត់ មកជួប​ខ្ញុំ ជួប​ជាមួយ​សម្តេច​តេ​ជោ បាយ​ជាមួយគ្នា យើង​មានអី​និយាយ​ជាមួយគ្នា ស្រាប់តែ​គាត់​ចេញទៅ​ក្រៅប្រទេស នៅ​ស្រុក​បារាំង គាត់​ជេរ​សម្តេច​កប់ៗ​មាត់​បណ្តោយ​» ។


​លោក ហ៊ុន ម៉ា​ណែ​ត បន្តថា ៖ «​ឥឡូវ​កូនចៅ​គាត់​ដូចគ្នា ...​ថា កាលពីមុន​គាត់​ឈ្លោះ​ជាមួយ​ឪ​ខ្ញុំ​ឥឡូវ​មកដល់​ជំនាន់​កូន ហើយ​នៅ​ប្រើ​វប្បធម៌​ហ្នឹង​ទៀត​។ ដៃ​ម្ខាង​ស្រែក​ចង់​សន្ទនា តែ​ពេល​ជាមួយគ្នា​ហ្នឹង​ស្រែកជេរ​ខ្ញុំ​កប់​មាត់​រាល់ពេល តើ​ខ្ញុំ​សន្ទនា​ស្អី​ឥឡូវ​? តើ​សុ​ច្ឆន្ទៈ និង​ភាពស្មោះត្រង់​នៅ​កន្លែង​ណា​?»​។​

​ក្នុងឱកាស​នោះដែរ លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​អំពាវនាវ​ដល់​អ្នក​ដែល​ជេរ​លោក ត្រូវ​ធ្វើជា​គំរូ​ដល់​ក្មេងៗ ជំនាន់​ក្រោយ​ផង ដោយ​មិន​ត្រូវយក​គំរូ​តាម​មេដឹកនាំ​ខ្លួន​នោះទេ​។

​លោក យង់​ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា នៅ​ថ្ងៃទី​៣ ខែតុលា​នេះដែរ បាន​បញ្ចេញ​នូវ​ទស្សនៈ​យល់ថា វប្បធម៌​សន្ទនា​ដែល​អាច​សន្ទនា​ទៅរួច​បាន លុះត្រាតែ​គូភាគី​មាន​សុ​ច្ឆន្ទៈ ដូចគ្នា ឬ​ទស្សនៈ​នយោបាយ​ដែល​ត្រូវការ​សន្ទនា​ទើប​អាចទៅរួច​។

​លោក​បាន​បន្តថា មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នកនយោបាយ ត្រូវតែមាន​ការផ្តល់​ត​ម្លៃ​ឱ្យ​គ្នា ឬ​គោរព​គ្នា​ទៅវិញទៅមក ដោយ​ចៀសវាង​ជេរ​ដៀល​គ្នា​កប់ៗ​មាត់ និង​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ​ជាមួយគ្នា​ដោយ​កុំ​គិតថា​ ខ្លួន​ជា​គណបក្សប្រឆាំង ឬ​គណបក្សកាន់អំណាច ទើប​អាច​សន្ទនា​ទៅរួច​ដែរ​។

​លោក យង់ ពៅ សង្កត់ធ្ងន់ថា ៖ «​ចំពោះ​ការសន្ទនា​នេះ អាច​ប្រព្រឹត្តទៅបាន​លុះត្រាតែ​កម្លាំង​នយោបាយ​មាន​ប្រហាក់ប្រហែលគ្នា ប៉ុន្តែ​បើ​កម្លាំង​នយោបាយ​នៅ​ឆ្ងាយ​ពីគ្នា មិនអាច​ទៅរួច​បាន​នោះទេ​»៕