ភ្នំពេញៈ តំណាងក្រសួងនគរបាលវៀតណាមប្រចាំកម្ពុជា បានស្នើសុំពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមជាមួយក្រសួងមហាផ្ទៃកម្ពុជា ដោយភាគីវៀតណាម ប្តេជ្ញាចិត្តពង្រឹងចំណងកិច្ចសហប្រតិបត្តិការនេះ ក្រោមស្មារតីនៃកិច្ចសហការប្រចាំឆ្នាំ។
ការស្នើពីភាគីវៀតណាមនេះ ធ្វើឡើងតាមរយៈជំនួបពិភាក្សាការងាររវាងលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ឡេ វ៉ាន់ហ្វឿង ប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាមប្រចាំនៅកម្ពុជា នាទីស្តីការក្រសួងមហាផ្ទៃនៅរសៀលថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៣។
យោងតាមខ្លឹមសារ នៃជំនួបដែលបានប្រកាសតាមហ្វេសប៊ុករបស់លោក ស សុខា បានឱ្យដឹងថា ភាគីវៀតណាមតាមរយៈលោកឡេ វ៉ាន់ហ្វឿង បានបង្ហាញពីការប្តេជ្ញាចិត្ត ចំពោះកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធនៅក្រោមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃកម្ពុជា ក្រោមស្មារតីកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំរវាងក្រសួងមហាផ្ទៃនៃប្រទេសទាំង ២។
លើសពីនេះ លោកឡេ វ៉ាន់ ហ្វឿង ក៏បានស្នើសុំការគាំទ្រពីលោក ស សុខា ក្នុងគោលដៅពង្រឹង និងពង្រីកបន្ថែមទៀតចំណងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំង ២ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ពោលគឺរវាងស្ថានតំណាងក្រសួងនគរបាលវៀតណាម និងបណ្តាអង្គភាពមានសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃកម្ពុជា។
ជាការឆ្លើយតបលោក ស សុខា បានស្វាគមន៍ចំពោះការស្នើសុំនេះ ដោយលោកបង្ហាញសុទិដ្ឋិនិយមចំពោះចំណងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំង ២ ក្នុងនាមជារដ្ឋអធិបតេយ្យភាព និងជាសមាជិកអាស៊ានដូចគ្នា។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកតាមដានបញ្ហាសង្គមបានសាទរចំពោះការស្នើបង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជានេះ បើសិនជាស្ថិតក្នុងលក្ខខណ្ឌបម្រើប្រយោជន៍រួមដែលជារឿងធម្មតាសម្រាប់ប្រទេសជិតខាង ឬប្រទេសក្នុងតំបន់តោងធ្វើក្នុងន័យលើកកម្ពស់សេចក្តីសុខសុវត្ថិភាព និងទប់ស្កាត់បទល្មើសនានា។
លោកថា៖ «ទោះជាយ៉ាងណាសម្រាប់កិច្ចសហប្រតិបត្តិការនីមួយៗ ត្រូវធានាឱ្យបាននូវតម្លាភាព និងប្រយោជន៍របស់ជាតិជាធំ និងធានាផលប្រយោជន៍ទៅវិញទៅមក ហើយគោរពអធិបតេយ្យភាព និងច្បាប់របស់ប្រទេសរៀងៗខ្លួន»៕