ភ្នំពេញៈ ​ក្រសួងបរិស្ថាន និង​ធនាគារពិភពលោក (World Bank) គ្រោង​នឹង​ដំណើរការ​គម្រោង​គ្រប់គ្រង​សំណល់​រឹង និង​ប្លា​ស្ទិ​ក​នៅក្នុង​ខេត្ត​ចំនួន​ ៥ នាពេលខាងមុខ ខណៈ​បច្ចុប្បន្ន​ភាគី​ទាំង​ ២ កំពុង​ពិភាក្សាគ្នា ដើម្បី​ឈានទៅ​ព​ន្លឿ​ន​គម្រោង​នេះ​ឱ្យបាន​ឆាប់​។​


​យោងតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងបរិស្ថានបានឱ្យដឹងថា ការលើកឡើង​ពី​គម្រោង​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចពិភាក្សា​ការងារ​រវាង​លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ជាមួយ​លោកស្រី Maryam Salim​ប្រធាន​គ្រប់គ្រង​ប្រចាំ​នៅ​ប្រទេស​កម្ពុជា នៃ​ធនាគារពិភពលោក នៅ​ទីស្តីការ​ក្រសួងបរិស្ថាន កាល​រសៀល​ថ្ងៃទី​ ៣ ខែតុលា ឆ្នាំ​ ២០២៣​។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោកស្រី Maryam Salim​ក៏បាន​ថ្លែង​អបអរសាទរ​ចំពោះ​លោក អ៊ាង សុផល្លែត ដែល​ទើបនឹង​ទទួលបាន​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន នីតិកាល​ទី​៧ នៃ​រដ្ឋសភា និង​បានលើកឡើង​ពី​គោលបំណង​នៃ​គម្រោង​ហិរញ្ញប្បទាន ដែលមាន​ឈ្មោះថា «​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការគ្រប់គ្រង​សំណល់​រឹង និង​ប្លា​ស្ទិ​កនៅ​កម្ពុជា (Solid Waste and Plastic Management in Cambodia)»​។​


​នាឱកាស​នោះ លោក អ៊ាង សុផល្លែត បាន​ថ្លែងថា គម្រោង​នេះ​មាន​រយៈពេល​៦​ឆ្នាំ ហើយ​ត្រូវអនុវត្ត​នៅក្នុង​ខេត្ត​ចំនួន​៥ រួមមាន​៖ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ​ហើយ​តាមរយៈ​គម្រោង​នេះដែរ បានកំណត់​គោលដៅ​ចម្បង​លើ​ការប្រមូល​សំរាម សំណល់​រឹង​នៅ​ទីប្រជុំជន និង​ពង្រីក​វិសាលភាព​លើ​ការផ្តល់សេវា​ពី​៤៥%​ទៅ​៧៥%​។​

​លោក​បញ្ជាក់ថា​៖ «​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការគ្រប់គ្រង​សំណល់​រឹង និង​ប្លា​ស្ទិ​ក​នៅក្នុង​ខេត្ត​ទាំង​៥​នេះ​ជា​គម្រោង​ហិរញ្ញប្បទាន​របស់​ធនាគារ​ពិភពលោក ដែល​នឹងត្រូវ​អនុវត្ត​ដោយ​ក្រសួង​ចំនួន​៣ ដែលមាន ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​, ក្រសួងមហាផ្ទៃ និង​ក្រសួងបរិស្ថាន​»​។​


​លោក អ៊ាង សុផល្លែត​បន្ថែមថា ក្រសួងបរិស្ថាន​ជា​អ្នក​ដែល​ទទួល​លើ​ការអភិវឌ្ឍ និង​ការពង្រឹង​ច្បាប់ បទ​ប្បញ្ញត្តិ គោលនយោបាយ និង​ក្របខ័ណ្ឌ​ស្ថាប័ន​ជាតិ សម្រាប់​ការគ្រប់គ្រង​សំណល់​រឹង និង​ប្លា​ស្ទិ​ក និង​ការកសាង​សមត្ថភាព​ស្ថាប័ន​ពាក់ព័ន្ធ​។​

​ជុំវិញ​រឿងនេះ​ដែរ លោក ផុន សុគន្ធ ប្រតិបត្តិ​ករ​ទឹកស្អាត និង​ជា​សមាជិកសមាគម​អ្នកផ្គត់ផ្គង់​ទឹកស្អាត​កម្ពុជា នៅ​ថ្ងៃទី​៤ ខែតុលា​បានបង្ហាញ​ការគាំទ្រ​ចំពោះ​គម្រោង​នេះ​ដែល​នឹង​ជួយ​ទប់ស្កាត់​ការបំពុល​បរិស្ថាន នៅតាម​ភូមិឋាន រមណីយដ្ឋាន ជួយ​កាត់បន្ថយ​ការបាត់បង់​ជីវជាតិ​ដី និង​កាត់បន្ថយ​ការបំពុល​ទឹកធម្មជាតិ ដូចជា​បឹង ទឹកជ្រោះ ទន្លេ និង​ស្រះ តាម​ភូមិសាស្ត្រ​នានា​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក​បាន​បន្តថា​៖«​បើកាលណា​មាន​កាកសំណល់​រឹង ប្លា​ស្ទិ​ក​ហូរ​ចូល​ប្រភពទឹក​ធម្មជាតិ នឹងធ្វើ​ឱ្យមាន​ការបំពុល​ទឹក ដែលជា​ឧបសគ្គ​ដល់​ដំណើរ​ការផលិត​ទឹកស្អាត​នៅ​កម្ពុជា ហេតុនេះ ខ្ញុំ​សូម​គាំទ្រ​១០០% ប្រសិនបើ​គម្រោង​នេះ​អនុវត្ត​ទៅបាន​ជោគជ័យ និង​រំពឹងថា​វា​នឹង​ជួយ​ខ្លាំង​ទៅដល់​វិស័យ​ទឹកស្អាត​នៅ​កម្ពុជា ពិសេស​ជួយ​កាត់បន្ថយ​ការចំណាយ​របស់​អ្នកប្រតិបត្តិ​ករ​ក្នុង​ការផលិត​ទឹកស្អាត​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ប្រចាំថ្ងៃ​»​។​

​បើតាម​ក្រសួងបរិស្ថាន បាន​បញ្ជាក់ដែរថា តាមរយៈ​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការគ្រប់គ្រង​សំណល់​រឹង និង​ប្លា​ស្ទិ​ក​នៅក្នុង​ខេត្ត​ទាំង​៥​នឹង​ជួយ​ឱ្យ​ការរៀបចំ​ទីលាន​ទុកដាក់​សំរាម សំណល់​រឹង ដែល​អាច​ទុកដាក់​សំរាម សំណល់​រឹង​បាន​ជាង ៣​លាន​ម៉ែត្រគុប នៅ​ខេត្តសៀមរាប កណ្ដាល និង​ខេត្តកំពង់ស្ពឺ​ផងដែរ​។​

​ជាងនេះទៀត ការអនុវត្ត​គម្រោង​នេះ ក៏​នឹង​ជួយ​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ជាង​៤​លាន​តោន និង​ទាញយក​ធនធាន​ពី​សំណល់ និង​ប្លា​ស្ទិ​ក ដោយ​បន្ថយ​បរិមាណ​សំរាម សំណល់​នៅ​ទីលាន​ពី​៥%​ទៅ​១៥% ហើយ​គម្រោង​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍ ជាពិសេស​ដល់​ស្ត្រី​រហូត​ជាង​៦០%៕