​ភ្នំពេញៈ​ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ ខេត្តកំពង់ធំ ​ប​ដិ​សេធការ​ផ្សាយ​របស់ សារព័ត៌មាន​ការពារ​ម្លប់​សន្តិភាព​ឱ្យ​គង់​បាន​វង្ស ដែល​ចោទថា មន្ត្រី​ជំនាញ​ផ្នែក​រដ្ឋបាល​ជលផល ឃុំ​ផាត់​សណ្ដាយ​មិន​យកចិត្តទុកដាក់​ការងារ​បង្ក្រាប​ទប់ស្កាត់​បទល្មើស​នេសាទ ចាំតែ​ប្រមូល​លុយ​ពី​ប្រជា​នេសាទ គឺជា​រឿង​មិន​ពិត​។


​តាម​សេចក្តីបំភ្លឺ​របស់​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ​ថ្ងៃទី​៤ ខែតុលា​នេះ​បានឱ្យដឹងថា សារព័ត៌មាន​ការពារ​ម្លប់​សន្តិភាព​ឱ្យ​គង់​បាន​វង្ស បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​២៩ ខែកញ្ញា​ថា មាន​បទល្មើស​នេសាទ​កើតឡើង​ជាច្រើន​ដោយ​ដាក់​រ​បាំងសាច់​អួន លូ​ស្បៃ​មុង សាច់​ក្រហម សាច់​ខៀវ ក្រឡា​ញឹក ប្រវែង​រាប់រយ​ម៉ែត្រ កន្លែង​ខ្លះ​រាប់គីឡូម៉ែត្រ ដើម្បី​ចាប់​កូន​ត្រី​តូចៗ យកទៅ​ធ្វើ​នុយ​ត្រី​ឆ្តោ ក្នុង​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។

​ករណីនេះ សារព័ត៌មាន​ការពារ​ម្លប់​សន្តិភាព​ឱ្យ​គង់​បាន​វង្ស បាន​ចោទប្រកាន់​មន្ត្រី​ជំនាញ​ជលផល លោក ប៉ែន សា​វេ​ង នាយផ្នែក​រដ្ឋបាល​ជល​ផល ឃុំ​ផាត់​សណ្ដាយ ថា មិនបាន​យកចិត្តទុកដាក់​លើ​ការងារ​បង្ក្រាប​បទល្មើស​នេសាទ ហើយ​ចាំតែ​ប្រមូល​លុយ​ពី​ប្រជា​នេសាទ លុះត្រា​តែមាន​កម្លាំងចម្រុះ​ចុះបង្ក្រាប​ទើប​ឃើញ​លោក​ប៉ែន សា​វេ​ង ចុះមក​ជាមួយ​។


​មន្ទីរ​កសិកម្ម​ បញ្ជាក់​ក្នុង​សេចក្តី​បំភ្លឺថា​៖«​ករណី​ដែល​សារព័ត៌​មានបាន​ចុះផ្សាយ​ចោទប្រកាន់ថា ប្រជា​នេសាទ និង​អ្នកទិញ​ត្រី​បង់លុយ​ឱ្យ​មន្ត្រីជលផល​ប្រចាំការ​នៅ​មូលដ្ឋាន​ឃុំ​ផាត់​សណ្ដាយ គឺ​គ្មាន​ការពិត​ឡើយ ដោយ​ប្រជា​នេសាទ​ទាំងអស់​ដែល​មក​ប្រជុំបាន​ធ្វើការ​បដិសេធថា ពួកគាត់​ពុំបាន​បង់លុយ​ទៅមន្ត្រីជលផល​ណា​ម្នាក់​ទេ​»​។

​ប្រភព​ដដែល​បានឱ្យដឹងថា ចំពោះ​ការចុះផ្សាយ​នេះ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ធំ អះអាងថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម ក្រុមការងារ​រដ្ឋបាល​ជលផល​ថ្នាក់ជាតិ រួម​ដំណើរ​ដោយ​មន្ត្រី​ជំនាញ​ខេត្ត ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ​ភូមិ ឃុំ​ផាត់​សណ្ដាយ គណៈកម្មការ​សហគម​ន៍​នេសាទ​ផាត់​សណ្ដាយ ក្រុម​អភិរក្ស​ធនធានធម្មជាតិ ព្រមទាំង​ប្រជា​នេសាទ សរុប​ចំនួន ​៦០​ នាក់ ចុះទៅពិនិត្យ ពន្យល់​ណែនាំ​ដល់មូលដ្ឋាន​។


​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ​ បានដាក់​ឱសានវាទ ដល់​អ្នកនេសាទ​ដាក់ របាំង​លប ណ ឬ​រ៉ាវ ក្នុង​រដូវ​បើក​នេសាទ ក្នុងភូមិ​សាស្ត្រ​ ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ដែល​បានដាក់​មាន​ប្រវែង​វែងៗ និង​ប្រើ​ក្រឡា​តូច​ជាង​៣​ហ៊ុន ត្រូវ​រុះរើ​ដោយ​ខ្លួនឯង​ក្នុង​រយៈពេល​១ សប្ដាហ៍​យ៉ាងយូរ គិត​ចាប់ពី​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២៣​នេះ​។ ក្នុងនោះ ក៏មាន​ការយល់ព្រម​ពី​ប្រជា​នេសាទ សុំ​ធ្វើ​ការរុះរើ ដោយ​ខ្លួនឯង​ផងដែរ​។ មន្ទីរ​បញ្ជាក់ថា ចប់​រយៈពេល​កំណត់​នេះ ក្រុមការងារ​នឹង​ចុះ​តាមដាន​បន្តទៀត​៕