ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ជំហរជាថ្មីថា ទោះបីកម្ពុជាមានរាជរដ្ឋាភិបាលថ្មី ប៉ុន្តែគោលនយោបាយការបរទេស ជាពិសេស ក្នុងទំនាក់ទំនងរវាងកម្ពុជា-អង់គ្លេស គឺមិនប្រែប្រួលឡើយ ហើយលោកសង្ឃឹមថា ផលិតផលកម្ពុជានឹងអាចពង្រីកទីផ្សារនាំចេញទៅកាន់ចក្រភពអង់គ្លេសបន្ថែមទៀត។
ការបញ្ជាក់ជំហរបែបនេះរបស់លោក ហ៊ុន ម៉ាណែត ធ្វើឡើងនៅក្នុងជំនួបជាមួយឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំកម្ពុជាលោក ដូមីនិច វីល្លៀម កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២៣ នៅឯវិមានសន្តិភាព។
នៅថ្ងៃដដែលនោះដែរ លោក ហ៊ុន ម៉ាណែត ក៏មានជំនួបដាច់ដោយឡែកផ្សេងៗគ្នាទៀត ជាមួយនឹងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ិស្លាមប៉ាគីស្ថានប្រចាំកម្ពុជាលោក ហ្សាហៀរូឌីន បាបា ថាហ៊ីម, ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាលោកស្រី ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត និងឯកអគ្គរដ្ឋទូតគុយបា ប្រចាំកម្ពុជាលោកស្រី លីយូកា រ្រូឌីហ្គេស បារីយ៉ូស ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែប្រសើរថែមទៀត។
យោងតាមខ្លឹមសារនៃជំនួបដែលត្រូវបានចែកចាយតាមតេឡេក្រាមរបស់លោក ហ៊ុន ម៉ាណែត បានឱ្យដឹងថា លោក ដូមីនិច វីល្លៀម បានសម្តែងនូវការអបអរសាទរចំពោះខួបលើកទី៧០ នៃចំណងការទូតកម្ពុជា-អង់គ្លេស ស្របពេលដែលទំនាក់ទំនងរវាងប្រទេសទាំង ២ កំពុងមានការរីកចម្រើនលើគ្រប់វិស័យ។
លោក ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យមានការពិនិត្យលទ្ធភាព នៃកិច្ចសហប្រតិបត្តិការលើវិស័យចំនួន ២ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ពោលគឺ វិស័យសេដ្ឋកិច្ចបៃតង និងវិស័យថាមពលកកើតទ្បើងវិញ ហើយលោកក៏បានបង្ហាញនូវក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការកម្ពុជា-អង់គ្លេស នឹងកាន់តែរីកចម្រើនទ្បើងថែមទៀត នៅគ្រប់ផ្នែក និងគ្រប់វិស័យ រួមទាំងផ្នែកនយោបាយផងដែរ។
លោក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនអង់គ្លេស ចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងប្រទសទាំង ២ ជាអាទិ៏ការឧបត្ថម្ភគាំទ្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ការគាំទ្រដល់កិច្ចដំណើរការកាត់ក្តីអតីតមេដឹកនាំខ្មែរក្រហម រហូតដល់ទីបញ្ចប់ ការប្តេជ្ញាបន្តគាំទ្រដំណើរការបោសសម្អាតមីននៅកម្ពុជា ដើម្បីរួមចំណែកសម្រេចបាននូវចក្ខុវិស័យកម្ពុជាអស់មីនឆ្នាំ ២០២៥ ជាដើម។
លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់នូវជំហរគាំទ្ររបស់កម្ពុជាលើវិស័យសេដ្ឋកិច្ចបៃតង និងថាមពលកកើតទ្បើងវិញ ព្រមទាំងបានសម្តែងនូវក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទសទាំង ២ លើវិស័យទាំងនេះនាពេលខាងមុខ។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោក គិន ភា បានថ្លែងថាក្នុងក្របខ័ណ្ឌគោលនយោបាយការបរទេសកម្ពុជា ជារួមគឺមិនមានការផ្លាស់ប្តូរទេ ទាំងក្នុងក្របខ័ណ្ឌទំនាក់ទំនងទ្វេភាគីក៏ដូចជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការកម្ពុជាក្នុងយន្តការពហុភាគី។
លោកថ្លែងថា៖ «កម្ពុជានៅតែប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ ដែលពឹងផ្អែកលើច្បាប់អព្យាក្រឹត មិនចូលបក្សសម្ព័ន្ធ។ មួយវិញទៀត ការប្រកាន់ខ្ជាប់នូវគោលនយោបាយពហុភាគីនិយម ជាចំណុចស្នូលហើយជាយុទ្ធសាស្ត្រនៃគោលនយោបាយការបរទេសយើង គឺដើម្បីធានានូវផលប្រយោជន៍ស្នូលរបស់កម្ពុជាដែលមានសន្តិភាព ស្ថិរភាពនយោបាយឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងការអភិវឌ្ឍ»។
លោក គិន ភា បន្តថា សម្រាប់អាណត្តិនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងមានវិធីសាស្ត្រការទូតដែលមានលក្ខណៈវៃឆ្លាត មានភាពបត់បែន និងមានលក្ខណៈជាក់ស្តែងនិយម ហើយគឺជាការទូតដែលផ្តោតទៅលើសេដ្ឋកិច្ច។ លោកថា៖«ដូច្នេះហើយរាល់ពេលមានជំនួបតែងនិយាយលើទិដ្ឋភាពនយោបាយខ្លះប៉ុន្តែផ្តោតខ្លាំងទៅបញ្ហាសេដ្ឋកិច្ច ការវិនិយោគ ការផ្លាស់ប្តូរពាណិជ្ជកម្ម ការជំរុញលំហូរភ្ញៀវទេសចរ និងការផ្តល់ជំនួយ»។
ដោយឡែកក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ិស្លាមប៉ាគីស្ថានវិញ លោក ហ៊ុន ម៉ាណែត ក៏បានលើកឡើងពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ក្នុងការបន្តអនុវត្តនូវគោលនយោបាយនៃការរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយសាធារណរដ្ឋអ៊ិស្លាមប៉ាគីស្ថានព្រមទាំងសង្ឃឹមថា ប្រទេសទាំង ២ នឹងអាចពង្រឹង និងពង្រីកកាន់តែប្រសើរឡើងថែមទៀត។
បើតាមបណ្តាញតេឡេក្រាមលោកហ៊ុន ម៉ាណែត ឯកអគ្គរដ្ឋទូតលោក ហ្សាហៀរូឌីន បាបា ថាហ៊ីម ក៏បានបង្ហាញនូវក្តីសង្ឃឹមដែរថា កិច្ចសហប្រតិបត្តិការកម្ពុជា-ប៉ាគីស្ថាននឹងកាន់តែត្រូវបានលើកកម្ពស់ប្រសើរឡើងបន្ថែមទៀត ជាពិសេសស្របពេលដែលកន្លងមក ប្រទេសទាំង ២ មានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នានៅក្នុងវិស័យជាច្រើន។
ឆ្លៀតឱកាសនោះដែរ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ិស្លាមប៉ាគីស្ថាន ប្រចាំកម្ពុជាលោក ហ្សាហៀរូឌីន បាបា ថាហ៊ីម ក៏បានស្នើដល់លោក ហ៊ុន ម៉ាណែត ឱ្យបង្កើតស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋអ៊ិស្លាមប៉ាគីស្ថាន ដើម្បីជួយសម្រួលដល់យន្តការផ្សេងៗ ជាពិសេសដើម្បីបម្រើឱ្យវិស័យពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។
ជាការឆ្លើយតបលោក ហ៊ុន ម៉ាណែត បានឯកភាពចំពោះការស្នើនៃការបង្កើតស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋអ៊ិស្លាមប៉ាគីស្ថាន៕