ភ្នំពេញៈ ​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ កាលពី​ថ្ងៃទី​ ៣ ខែតុលា បានចេញ​សេចក្តីជូនដំណឹង​ពី​រដូវ​បើក​នេសាទ​ឆ្នាំ ​២០២៣-២០២៤ ខណៈ​ខេត្ត​នីមួយៗ​នៅតាម​តំបន់​ជុំវិញ​ទន្លេសាប និង​នៅតាម​បណ្តោយ​ទន្លេ មេគង្គ​លើ ត្រូវ​ចាប់ផ្តើម​ក្នុង​ពេលវេលា និង​មាន​រយៈពេល នេសាទ​ខុសៗ​គ្នា​។​


​តាម​លិខិត​របស់​រដ្ឋបាល​ជល​​ផល​បានឱ្យដឹងថា រដូវ​បើក​នេ​សាទ​សម្រាប់​ការនេសាទ​នៅក្នុង​ដែន​នេសាទ​ទឹកសាប ត្រូវបាន​កំណត់​ចាប់ពី​ថ្ងៃទី​ ១ ខែតុលា ដល់​ថ្ងៃទី​ ៣១ ខែឧសភា​។ ចំពោះ​ដែន​នេសាទ​ទឹកសាប រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយ​មាន​ជ័យ សៀមរាប ឧត្ដរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និង​មួយផ្នែក​នៃ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ដែល​ស្ថិតនៅ​ខាងជើង​ខ្សែស្រប​ទ​ន្ល​ចតុមុខ​។​

​ដោយឡែក ខេត្តស្ទឹងត្រែង​ចាប់ពី​ថ្ងៃទី​ ១ ខែតុលា ឆ្នាំ ​២០២៣ រហូតដល់​ថ្ងៃទី​ ៣០ ខែមេសា ឆ្នាំ​ ២០២៤​។ ចំពោះ​ខេត្ដ​ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី​ ១ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ដល់​ថ្ងៃទី ​៣០ ខែមិថុនា ឆ្នាំ​ ២០២៤ រួមមាន ខេត្តព្រៃវែង ស្វាយរៀង តាកែវ កំពង់ស្ពឺ និង​មួយផ្នែក​នៃ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ដែល​ស្ថិតនៅ​ខាងត្បូង​ខ្សែស្រប​ទន្លេចតុមុខ​។​


​រដ្ឋបាល​ជលផល​បញ្ជា​ក់ថា​៖«​នៅក្នុង​រយៈពេល​បើក​នេ​សាទ​នេះ អ្នកនេសាទ​ទាំងអស់ ត្រូវ​ប្រើ​ឧបករណ៍​នេសាទ​ដែល​អនុញ្ញាត​ឱ្យធ្វើ​នេសាទ​ក្នុង​ដែន​នេសាទ​ទឹកសាប ស្របតាម​ច្បាប់​ស្តីពី​ជលផល និង​លិខិត​បទ​ដ្ឋា​ន​គតិយុត្ត​ជា​ធរមាន​»​។​

​លោក​ ខូវ គួ​ង អនុប្រធាន​រដ្ឋបាល​ជ​ល​ផល​បានឱ្យដឹង​បន្ថែម​នៅ​ថ្ងៃទី​ ៤ ខែតុលា ថា ការបែងចែក​រយៈពេល​នេសាទ រវាង​ខេត្ត​នៅ​ខាងជើង​ខ្សែស្រប​ទ​ន្ល​ចតុមុខ និង​ខេត្ត​នៅ​ខាងត្បូង​ខ្សែស្រប​ទន្លេចតុមុខ និង​ខេត្ត​នៅ​តំបន់​មេគង្គ​ខាងលើនេះ គឺ​ដោយសារតែ​រយៈពេល​ដែល​ចូល​តាម​បណ្តា​ខេត្ត និង​ទឹក​ស្រក​វិញ គឺ​មុន និង​ក្រោយ​គ្នា​។ ដូចនេះ​ការបើក​នេសាទ​ក៏ត្រូវ​អនុវត្ត​ទៅតាម​នោះដែរ​។​


​លោក​ថា​៖ «​តាម​លក្ខណៈ​ជីវសាស្ត្រ​របស់​ត្រី​នៅពេលដែល​ទឹក​ចូល​មុន ត្រី​ក៏បាន​ទៅ​ពង​កូន​មុន ហើយ​លូតលាស់​បាន​មុន​ដែរ​។ ដូច្នេះ​នៅពេល​ទឹក​ស្រក ត្រី​ធំ​ល្មម​លូតលាស់​ដែល​អាចឱ្យ​ប្រជា​នេសាទ​យើង នេសាទ​បាន​។ ជារួម​មានន័យថា យើង​បើក​នេសាទ​បាន​នៅពេលដែល​ទឹក​ចាប់ផ្តើម​ស្រក​»​។​

​លោក​បាន​បន្ថែមថា ក្នុង​រដូវ​បើក​នេសាទ​មាន​ឧបករណ៍ ​៥០ ​ប្រភេទ​ដែល​អ្នកនេសាទ​អាច​ប្រើប្រាស់ តែបើ​រដូវ​បិទ​នេសាទ​វិញ​មានតែ​ឧបករណ៍​នេសាទ​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​ប្រើប្រាស់​។​

​លោក ឈឹម ឈឿន ប្រធាន​សហគមន៍​នេសាទ​កន្លែង​ភេ នៅ​ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ប្រជា​នេសាទ​ក្នុង​សហគមន៍​នេះ បាន​នេសាទ​តាំងពី​រដូវ​បិទ​នេ​សាទ​មក​ម្ល៉េះ តែ​ប្រើ​ឧបករណ៍​លក្ខណៈ​គ្រួសារ និង​ខ្នាតតូច ប៉ុន្តែ​នៅក្នុង​រដូវ​បើក​នេសាទ​នេះ ការនេសាទ​មាន​ទំហំ​ធំ​ជាង​មុន ប៉ុន្តែ​ការប្រើប្រាស់​ឧបករណ៍​នេសាទ គឺ​តាមច្បាប់​កំណត់​។​

​លោក​ថា​៖ «​ពលរដ្ឋ​សហគមន៍​យើង​ប្រើប្រាស់​ឧបករណ៍​នេ​សាទ​ដូចជា មង លប សន្ទូច ជា​ដើម​នៅ​រដូវ​បើក​នេសាទ​នេះ​។​តាម​របាយការណ៍​ពី​រដ្ឋបាល​ជលផល ចាប់ពី​ដើមឆ្នាំ​ ២០២៣ ​មកទល់ពេលនេះ​សំណុំរឿង​បទ​ល្មើស​ជលផល​សរុប​ ១ ៩២៣​ ករណី ក្នុងនោះ​សមុទ្រ​ ៨៧​ ករណី ធៀប​នឹង​ឆ្នាំមុន​ថយ​៣៥​ករណី​។​

​មន្ត្រី​បាន​រុះរើ និង​បំផ្លាញ​វត្ថុ​​តាង​បទល្មើស​ជលផល​រួមមាន របាំង​ស្បៃ​មុង និង​សាច់​អួន​ប្រវែង ៧៣ ១៤៩៣ ​ម៉ែត្រ​, បង្គោល​ចំនួន ៣៣៧ ១៤៣ ​ដើម​, លូ​ស្បៃ​មុង និង​សាច់​អួន​ ១០ ៦៥០ ​មាត់​, សម្រាស់​ធ្វើឱ្យ​ត្រី​ ឬ​វា​រី​សត្វ​កុំ​ទំហំ​ ៥៤ ៣០៨​ ម៉ែត្រការ៉េ​,​មង​រាយ និង​មង​បណ្ដែត​ប្រវែង ​១៧៨ ៣៨៧ ​ម៉ែត្រ​, លប​កែច្នៃ ឬ​លប​កន្ទុយ​កណ្តុរ​ ២ ៣៩៧​ គ្រឿង​, ឧបករណ៍​ឆក់​ត្រី​ ៤៥២ ​គ្រឿង និង​លែង​ត្រី​ចម្រុះ​ចូល​បឹង​ធម្មជាតិ​វិញ​ទម្ងន់​ ២៣ ១៧៧​ គីឡូក្រាម​៕​