កំពង់ចាមៈ លោក​ យ៉ង សាំង​កុមារ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា ក្រសួង​នឹង​ប្រគល់​ម៉ាស៊ីន​ដាំ​គ្រាប់ស្រូវ ដល់​សហគមន៍​កសិក​ម្ម​ដែល​ផលិត​ស្រូវ​នៅ​ស្រុក​​ជើងព្រៃ ខេត្តកំពង់ចាម នៅ​សប្តាហ៍​ក្រោយ​ដើម្បី​សាកល្បង​ពី​ប្រសិទ្ធភាព​មុននឹង​ផ្សព្វផ្សាយ​ឱ្យ​កសិករ​ប្រើប្រាស់​។​


​លោក​ យ៉ង សាំង​កុមារ​ ថ្លែងថា ការប្រគល់​ជូន​សហគម​ន៍​កសិកម្ម​ដែល​ធ្វើ​ស្រូវ​នៅ​ស្រុក​ជើងព្រៃ ដើម្បី​សាកល្បង​នេះ ដោយសារតែ​កន្លងទៅ​សហគមន៍​នេះ ត្រូវបាន​ក្រសួង​យក​ធ្វើជា​គំរូ​ក្នុងការ​​អនុវត្ត​គោលនយោបាយ​កសិកម្ម​នា​នា ដូចជា​គោលនយោបាយ​ដាក់ពង្រាយ​មន្ត្រី​កសិកម្ម​តាម​ឃុំ​ជាដើម​ដែល​ទទួលបាន​ជោគ​​ជ័យ​នាពេល​កន្លងមក​។

​លោក​បន្តថា​៖ «​ការគាំទ្រ​របស់​ក្រសួង​នេះ គឺ​យើង​យក​ម៉ាស៊ីន​នេះ ឱ្យ​សហគមន៍​នៅ​ស្រុក​ជើងព្រៃ​សាក​​ល្បង​ប្រើប្រាស់​សិន ដោយសារ​យើង​ពិនិត្យឃើញថា ម៉ាស៊ីន​នេះ អាច​ដាំ​គ្រាប់ស្រូវ​បានជា​គុម្ព និង​អាច​សម្រួល​ចន្លោះ​គុម្ព និង​ចំនួន​គ្រាប់​ក្នុង ១ ​គុម្ព​បាន ដូចជា​១ ឬ​២ ឬ​៣ ឬ​ច្រើន​គ្រាប់​ក្នុង​១​គុម្ព​។ យើង​កំពុងផ្តល់​ការគាំទ្រ​ដល់​កសិករ​ក្នុង​ការបង្កើន​ប្រសិទ្ធភាព​ផលិតកម្ម​ស្រូវ ហើយ​ម៉ាស៊ីន​ដាំ​គ្រាប់ស្រូវ​ជាការ​ចូលរួមចំណែក​សំខាន់​មួយ​»​។


​លោក​បន្តថា​៖ «​ការគាំទ្រ​របស់​ក្រសួង មិនមែន​មានន័យថា ក្រសួង​នឹង​ចែក​ម៉ា​ស៊ីន​ដល់​សហគមន៍​ទេ ប៉ុន្តែ​នៅពេលដែល​យើង​សាកល្បង​ទៅ​ឃើញថា វា​មានគុណ​ភាពល្អ​ក្នុងការ​ប្រើប្រាស់​ហើយ យើង​លើកទឹកចិត្ត​ឱ្យ​សហគម​ន៍ក​សិ​កម្ម​ទិញ​ប្រើ ឬក៏​ពលរដ្ឋ​ដែលមាន​ធនធាន​អាច​ទិញ​យកទៅ​ប្រកប​អាជីវកម្ម​សម្រាប់​ជួល ចំណេញ​បាន​ច្រើន​»​។​

មូលហេតុ​ដែល​ក្រសួងកសិកម្ម ជំរុញ​ឱ្យ​សហ​គ​មន៍​កសិកម្ម​ប្រើប្រាស់​ឧបករណ៍​នេះ លោក​ យ៉ង សាំង​កុមារ បានបញ្ជាក់​មូលហេតុ​ថា ដោយសារ​ម៉ាស៊ីន​មានតម្លៃ​ថ្លៃ​ដោយ​កសិករ​ទូទៅ អាច​នឹងមិន​មានលទ្ធភាព​ទិញ​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន ប៉ុន្តែ​សហគមន៍​កសិកម្ម អាច​ប្រើប្រាស់​ថវិកា​សហគមន៍ ទិញ​ប្រើប្រាស់​រួម ឬក៏​ពលរដ្ឋ​ដែលមាន​ធនធាន​អាច​ទិញ​សម្រាប់​ជួល​បាន ពីព្រោះ​ម៉ាស៊ីន​ជួយ​បាន​ច្រើន​។​


​លោក​និយាយថា​៖ «​ម៉ាស៊ីន​នេះ​មាន​អត្ថប្រយោជន៍​ក្នុងការ​​ជួយ​កាត់បន្ថយ​ការប្រើប្រាស់​កម្លាំង​ពលកម្ម និង​មិនសូវ​ស៊ីប្រេង​ទេ​។ យើង​ចង់​ជួយ​ជំរុញ​លើ​ការផលិត​ស្រូវ​របស់​កសិករ តាមរយៈ​ការប្រើប្រាស់​ម៉ាស៊ីន​នេះ ដើម្បី​ជំរុញ​ការផលិត​ស្រូវ និង​នាំចេញ​អង្ករ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​»​។​

​លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជាថ្លែងថា ការជំរុញឱ្យ​ប្រើប្រាស់​គ្រឿងយន្ត​ក្នុង​វិស័យ​កសិកម្ម ជាការ​ជំរុញ​កម្ពុជា​ឆ្ពោះទៅរក​ការធ្វើ​កសិកម្ម​តាមបែប​ទំនើប ដែល​នឹង​អាច​ជំរុញ​ផលិតកម្ម​បន្ថែម ខណៈដែល​កម្លាំង​ពលកម្ម​ផ្នែក​វិស័យ​ក​សិ​​កម្មបាន​ថមថយ​។

លោក​បញ្ជាក់ថា​៖ «​ដូច​យើង​ដឹង​ស្រាប់​ហើយ​ថា តាំងពី​មានកា​រីកចម្រើន​ផ្នែក​ឧស្សាហកម្ម​កាត់ដេរ​មក កម្លាំង​ពលកម្ម​សម្រាប់​វិស័យ​កសិកម្ម មានការ​ធ្លាក់ចុះ ខណៈដែល​ការ​ប្រើប្រាស់​សត្វពាហនៈ​សម្រាប់​ជួយ​ការដាំដុះ​ក៏​ស្ទើរតែ​លែងមាន​ដែរ ដោយបាន​ជំនួស​មកវិញ​នូវ​គ្រឿងយន្ត​កសិកម្ម​នានា​។ ខ្ញុំ​យល់ថា ការប្រើប្រាស់ គ្រឿងយន្ត​កសិកម្ម ក្នុង​ការធ្វើ​កសិកម្ម មានគុណ​សម្បត្តិ​ច្រើន ជាពិសេស​ការបង្កើន​ផលិតកម្ម​ដំណាំ​»​។​

​សូមជម្រាបថា រាជរដ្ឋាភិបាល​អាណត្តិ​ទី៧​ នេះ បាន​ដាក់ចេញ​យន្តការ​សម្របសម្រួល និង​កម្មវិធី​ហិរញ្ញប្បទាន​ដែលជា​កម្ម​វិធី​នយោបាយ​អាទិភាព​ទី​៥ សំដៅ​លើកស្ទួយ​ផលិតកម្ម រក​ទីផ្សារ និង​រក្សា​លំនឹង​ថ្លៃ​កសិផល​សំខាន់ៗ ក្នុង​កម្រិត​សមរម្យ​។​

​ការសម្របសម្រួល​នេះ ធ្វើឡើង​តាមរយៈ​ការដាក់ចេញ​កញ្ចប់​ថវិកា​ជាក់លាក់ ដោយ​ចាប់​​ផ្តើម​ពី​ចំនួន ១០០​ លាន​ដុល្លារ​អាមេរិក និង​អាច​វិភា​ជ​ថវិកា​បន្ថែម ប្រសិនបើ​មាន​តម្រូវការ​ចាំបាច់ ដើម្បី​ធ្វើ​អន្តរាគមន៍​ឱ្យបាន​ទាន់ពេល ក្នុង​ការទិញ​កសិផល​ពី​ប្រជាកសិករ​ជាមួយនឹង​គោល​​ដៅ​រក្សា​ស្ថិរភាព​ថ្លៃ​កសិផល​នៅ​រាល់​រដូវ​ប្រមូល​ផល​, ជាពិសេស លើ​ផលិតផល​កសិកម្ម​មួយចំនួន មាន​ជាអាទិ៍ ស្រូវ ស្វាយកែវ​រមៀត មៀន​ប៉ៃលិន ស្វាយចន្ទី ដំឡូង ពោត និង​ផលិតផល​ផ្សេងទៀត តាម​ការចាំបាច់​។

​ការដាក់​ពង្រាយ​មន្ត្រី​បច្ចេកទេស​កសិកម្ម​ទៅគ្រប់ ឃុំ​-​សង្កាត់ ដែលមាន​សកម្មភាព​ក​សិ​កម្ម នៅ​ទូទាំងប្រទេស​ដែលជា​កម្មវិធី​នយោបាយ​អាទិភាព​ទី៦ ​ដើម្បី​លើកកម្ពស់​ផលិតភាព​កសិកម្ម និង​ជួយ​ដល់​គ្រួសារ​កសិករ​ក្នុងការ​លើកស្ទួយ​ផលិត​ផល​កសិកម្ម​របស់ខ្លួន​។ រាជ​រដ្ឋាភិបាល​នីតិកាល​ទី​៧ នឹង​យក​​ចិត្ត​ទុកដាក់​ផងដែរ​លើ​ការ​រៀបចំ​ឱ្យមាន​សមាគម​កសិករ​នៅតាម​ទីជនបទ ដើម្បី​រក្សា​កម្លាំង​របស់​កសិករ​ក្នុង​ការផលិត ក៏ដូចជា​ការ​តថ្លៃ​ជាមួយ​អ្នកទទួល​ទិញ​។ នេះ​បើ​យោងតាម​ក្រសួង​កសិកម្ម​៕