ភ្នំពេញៈ ​រដ្ឋបាល​រាជធា​នី​ភ្នំពេញ​ នឹង​រៀបចំ​ជា​គម្រោង​ធំ​មួយ ដើ​ម្បី​ដោះស្រា​យ​ការលិច​លង់​ដោយ​ជំនន់​ទឹកភ្លៀ​ង​នៅ​ភ្នំពេញ ​ឱ្យបាន​យូរ​អង្វែង​ចាប់​ពី​ ២០ ​ទៅ ​៣០ ​ឆ្នាំ ​និង​ត្រៀម​លក្ខណៈ​ពង្រីក​លូ​ប្រឡាយ​បង្ហូ​រទឹក​ពី​តូច​ទៅ​ធំ ព្រម​ទាំង​ដំឡើង​ស្ថា​នីយ​បូម​ទឹក​ថ្មី​បន្ថែម​ទៀតដើម្បី​បញ្ចៀស​ការ​ជន់​លិច​នេះ​។​


​គម្រោង​នេះ ​ត្រូវ​បាន​អភិបា​ល​រាជ​ធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង ​លើកឡើ​ងក្នុង​អំឡុងពេ​ល លោក​ដឹកនាំ​កិច្ចប្រជុំរៀបចំ​ផែន​ការ​វិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​រំដោះ​ទឹក​សម្រាប់​បញ្ចៀស​ការ​ជន់​លិច​នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ ជា​មួយ​អភិ​បាលខ​ណ្ឌ​ទាំង​ ១៤ ​និង​មន្ទីរ​ពាក់​ព័ន្ធ​កាលពី​ថ្ងៃទី​៤ ​ខែតុលា ឆ្នាំ​ ២០២៣​​។ នេះ​បើ​តាម​ការ​ចុះផ្សា​យ​របស់​រដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ​។​

​លោក​បាន​លើក​ឡើង​ថា ​កិច្ចប្រជុំ​នេះ មាន​គោលបំ​ណង​ប្រមូល​ព័ត៌មាន​​ជុំវិញ​ប្រព័ន្ធ​លូ ​ប្រឡាយ ​ឱ្យបាន​គ្រប់​ជ្រុង​ជ្រោយ​ ដើ​ម្បី​រិះរក​វិធា​នការ​ថ្មីៗ​បន្ថែម​ទៀត​ដើម្បីឈាន​ទៅរំដោះ​​ទឹក​នៅក្នុង​រាជ​ធានី​ភ្នំពេញ​ឱ្យបាន​កាន់តែ​ល្អ​ប្រសើរ និង​ប្រើប្រា​ស់​បាន​យូរ​អង្វែង ​ពិសេស​ការ​បង្វែរ​ផ្លូវទឹក​ពី​ខេត្តកំ​ពង់​ស្ពឺ​ កុំ​ចូល​មក​រាជ​ធានី​ភ្នំពេញ​។


លោក​បាន​បញ្ជាក់​ថា​៖ «​រាជធានី​ភ្នំពេញ​ការរៀ​បចំ​ប្រព័ន្ធ​លូ​ប្រឡាយ​រំដោះ​ទឹកបាន​ល្អប្រសើ​ររហូត​ទទួល​បាន​ការ​កោតស​រសើ​រ​ពី​អន្តរ​ជាតិ​និង​សម្ដេច​មហា​បវរ​ធិបតី​ហ៊ុនម៉ា​ណែ​តនាយក​រដ្ឋមន្ត្រី​។ប៉ុន្តែ​ទោះ​បីជា​យ៉ាង​ណាក្តី​ក៏យើង​​នៅ​តែមា​ន​បញ្ហា​ប្រឈម​ខ្លះ​ដែល​ទាម​ទារ​ឱ្យ​យើង​រួមគ្នា​ដើម្បី​រក​ដំណោះស្រា​យ​ធ្វើយ៉ាង​ណា​បញ្ចៀស​ឱ្យ​បាន​ពី​ការ​លិច​លង់​នៅពេ​ល​ដែល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​និង​យូរ​ម្តងៗ​»​។​

​បើតា​ម​លោក ​ឃួ​ង ស្រេង តាម​គោល​ការណ៍​ណែនាំ​រប​ស់លោក​នាយ​ក​រដ្ឋមន្ត្រី​ហ៊ុនម៉ា​ណែ​ត​រាជ​ធានី​ភ្នំពេញក្នុង​រយៈ​ពេល​ ៤ ​ឆ្នាំ ត្រូវ​អភិ​វឌ្ឍ​ហេដ្ឋារ​ចនាស​ម្ព័ន្ធ​ក្រោម​ដី ឱ្យបាន​ល្អដោយ​ធ្វើយ៉ាង​ណា​កុំឱ្យ​មានការ​គំរាម​កំហែង​ពី​ជំនន់​ទឹក​ភ្លៀង​។


លោក​បាន​អះអាង​ថា ​ការងារ​នេះ​រដ្ឋបា​ល​រាជ​ធានី​ភ្នំពេញ​នឹង​ប្រជុំ​ជាមួយ​ក្រសួង​សេដ្ឋ​កិច្ចនិង​ហិរញ្ញ​វត្ថុ​មន្ទីរ​សា​ធារ​ណការ​និង​ដឹកជញ្ជូន​ ​និង​មន្ទីរ​ធន​ធានទឹ​កនិង​ឧតុ​និយម​រាជធានី​ភ្នំពេញ​រៀបចំ​ជា​ផែន​ការ​ដាក់​ទៅ​អន្តរ​ក្រសួង​ដើម្បី​អនុវត្ត​លើ​ការងារ​នេះ​បន្ត​ទៀត។​

​ក្នុង​ឱកាស​នោះ​ដែរ ​លោក​អភិបាល​រាជធានី​ភ្នំពេញ​ក៏បាន​លើក​ឡើង​ពី​ការគិត​គូរ​ចំពោះ​ប្រព័ន្ធ​លូ​ប្រឡាយ​ដែល​ត្រូវ​កែលម្អ​ឡើង​វិញ​ពិសេស​គឺ​ការពង្រីក​ប្រឡាយ​បង្ហូ​រទឹក​ពី​តូច​ទៅ​ធំការ​ដំឡើង​ស្ថានីយ​បូមទឹក​ឱ្យ​កាន់តែ​ធំ​ជាង​មុន​និង​ការ​ដំឡើង​ស្ថា​នីយ​បូមទឹក​ថ្មី​ថែម​ទៀត​ផង​ដែរ​។​

​លោក​បាន​ថ្លែងថា​៖ «ស្រប​ពេលដែ​ល​ប្រជាព​លរដ្ឋ​រស់នៅ​រាជ​ធានី​ភ្នំពេញ​មាន​ភាព​ស៊ីវីល័យ​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​ជា​គម្រោង​ធំ​មួយដើ​ម្បី​ដោះ​ស្រាយ​ការលិច​លង់​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​រាជ​ធានី​ភ្នំពេញបានយូរ​​អង្វែង​ចាប់​ពី​ ២០​ ទៅ​ ៣០ ​ឆ្នាំ​»​។​

នៅ​ក្នុង​កិច្ច​ប្រជុំ​ខាង​លើលោ​ក​សាំ​ពិសិដ្ឋ​ប្រធាន​មន្ទីរ​សា​ធារណ​ការនិង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឱ្យដឹង​ថា​៖«ការ​ស្ថា​បនា​ប្រព័ន្ធ​លូ​នៅ​រាជធានី​ភ្នំពេញ​គិត​មក​ដល់​ឆ្នាំ​២០២៣​នេះ​ យើង​ស្ថាបនា​បាន​បណ្តាញ​លូ​ប្រវែង​ជាង​៩២៤​ គីឡូ​ម៉ែត្រ​ ហើយ​យើង​នឹង​បន្ត​ស្ថាប​នា​ប្រព័ន្ធ​លូប្រ​ឡាយ​ជា​បន្ត​បន្ទាប់​ទៀត​។ បញ្ហា​សំខាន់​គឺ​យើង​រក្សា​ឱ្យ​បាន​នៅ​អាង​ស្តុ​ក​ទឹក​ដើម្បី​រំដោះ​ទឹក​ចេញពី​ភ្នំពេញ​»។

លោក ​អំ​ សំអាត នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ​ធ្លាប់បា​ន​លើក​ឡើងថា​ ការ​លុប​បឹង​ធ​ម្មជាតិជា​បន្ត​បន្ទា​ប់នៅ​ភូមិសា​ស្ត្រ​រាជធានីភ្នំ​ពេញ ​អាច​នឹង​ធ្វើឱ្យ​ទីក្រុង​ភ្នំពេញ​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​លិច​លង់​។លោក​បញ្ជាក់​ថា​៖ «​រដ្ឋាភិ​បាល​គួរតែ​សិក្សា​ឱ្យបាន​ច្បាស់​លាស់​មុននឹ​ង​សម្រេច​លុប​បឹង​ណា​មួយ​ព្រោះ​​យើង​មាន​ការ​បារម្ភ​ពី​ផលប៉ះ​ពាល់​​បរិស្ថា​ននិង​ជំនន់​ទឹក​ភ្លៀង​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​»​។​

​លោក​ធ្លាប់​បាន​លើក​ឡើងថា​ តាមកា​រ​កត់​សម្គា​ល់​ឃើញ​ថា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​មាន​ជំនន់​ទឹកភ្លៀង​ជន់​លិច​នៅ​ក្នុង​រា​ជធានី​ភ្នំពេញ​ហើយថា​​ការ​លុប​បឹង​ធម្មជាតិ​ប្រសិនបើ​ចៀសបាន​​គឺ​គួរតែ​ចៀស​ព្រោះ​បឹង​ធម្មជាតិ​អាច​ជួយ​រំដោះ​ទឹក​ភ្លៀង​និង​ជួយ​ដល់​ផ្នែក​បរិ​ស្ថាន​៕