ភ្នំពេញៈ ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៣ កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន បាន ៥ ៩៦២ ករណី ដោយបានឃាត់ខ្លួនជនសង្ស័យ ១៤ ៧២២ នាក់។ នេះបើតាមរបាយការណ៍អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ ។
របាយការណ៍បានឱ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ បង្ក្រាបសរុបបាន៥ ៩៦២ករណី ឃាត់ខ្លួន១៤ ៧២២នាក់(ស្រី៩៥៦នាក់)ជនបរទេស៣៣១នាក់(ស្រី២៦នាក់) មាន១៤សញ្ជាតិ ។
ជាមួយគ្នានេះសមត្ថកិច្ចបានដកហូតសារធាតុញៀនគ្រប់ប្រភេទ២,៦៨៦តោន និងកញ្ឆា ២៣ ៥៦៨ដើម, កញ្ឆាស្ងួតជាង៣៨គីឡូក្រាម និងសារធាតុគីមីជាង៩១០គីឡូក្រាម។ រីឯសម្ភារដែលត្រូវបានឃាត់រួមមាន រថយន្ដ ១២៩គ្រឿង, ម៉ូតូ ១ ៣៨៥គ្រឿង, ទូរស័ព្ទចំនួន៤ ២៥៩គ្រឿង,ជញ្ជីងចំនួន៣១១គ្រឿង, អាវុធខ្លីចំនួន៣១ដើម និងអាវុធវែងចំនួន៣៦ដើម(កែច្នៃ៣៣ដើម) ។
លោក មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាមានការខិតខំប្រឹងប្រែងណាស់ក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រឿងញៀននៅទូទាំងប្រទេស ដោយបានចេញយន្តការ និងវិធានការសំខាន់ៗជាច្រើនក្នុងការបង្ក្រាប។
លោកបានបញ្ជាក់ថា៖«មិនថាបទល្មើសគ្រឿងញៀនឆ្លងដែននិងនៅក្នុងស្រុកនោះទេអាជ្ញាធរតែងតែយកចិត្តទុកដាក់បង្ក្រាបឱ្យទាន់ពេលវេលានិងហ្មត់ចត់បំផុត។ លើសពីនេះយើងមានកិច្ចសហការល្អជាមួយបណ្តាប្រទេសដៃគូ ជាពិសេសនោះគឺបណ្តាប្រទេសជិតខាងរបស់យើង ធ្វើយ៉ាងណាកុំឱ្យការជួញដូរគ្រឿងញៀនតាមព្រំដែនកើតឡើងនិងសកម្ម » ។
លោកបន្ថែមថា បញ្ហាគ្រឿងញៀនគឺជាបញ្ហាសកលដែលទាមទារឱ្យមានកិច្ចសហការគ្នាពីបណ្តារដ្ឋបរទេសដទៃទៀត ដោយកម្ពុជាមិនអាចចាត់វិធានការទប់ស្កាត់បានដោយគ្មានកិច្ចសហការនោះទេ ។
លោកបញ្ជាក់ថា រាជរដ្ឋាភិបាលក៏បានចាត់វិធានការយ៉ាងតឹងរ៉ឹងក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀននេះ។ ក្រសួងមហាផ្ទៃបានកម្ទេចចោលទាំងអស់រាល់គ្រឿងញៀនដែលបានរឹបអូស ហើយជនល្មើសត្រូវតែទទួលទោសយ៉ាងតឹងរ៉ឺង ដោយពុំគ្មានការលើកលែងនោះទេ ។
លោកថា៖«យើងឃើញថា សូម្បីតែបណ្តាក្រសួងនីមួយៗបានចេញយុទ្ធនាការក្នុងការធ្វើតេស្តរកសារធាតុញៀនចំពោះបណ្តាមន្ត្រីរបស់ខ្លួនផងដែរ ហើយយើងឃើញថា ក្រសួងការពារជាតិបានបណ្តេញមន្ត្រីរបស់ខ្លួនអស់
៣នាក់ហើយពីបទជាប់ពាក់ព័ន្ធនិងគ្រឿងញៀន។អាជ្ញាធរត្រូវតែស្អាតស្អំជាមុនសិន ទើបអាចទៅបង្ក្រាបគ្រឿងញៀនបាន បើមិនដូច្នេះទេធ្វើយ៉ាងណាក៏ពិបាកជោគជ័យដែរ »៕