ភ្នំពេញៈការចុះឈ្មោះចូលរៀន សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ នៅសាលាជំនាន់ថ្មីចំនួន ៣ គឺសាលាព្រះស៊ីសុវត្ថិ និងសាលាជំនាន់ថ្មីសម្តេចអគ្គធម្មពោធិសាលជាស៊ីមព្រែកអញ្ចាញ មានសិស្សចឈ្មោះថ្មីជាង ៩៥០ នាក់ខណៈសាលាគោលដៅចំនួន ៨ ផ្សេងទៀតកំពុងដំណើរការចុះឈ្មោះនៅឡើយ។


លោក សៅ ចន្ថា នាយកសាលាជំនាន់ថ្មីសម្តេចអគ្គធម្មពោធិសាលជាស៊ីមព្រែកអញ្ចាញ ក្នុងស្រុកមុខកំពូល ខេត្តកណ្តាលបានប្រាប់នៅថ្ងៃទី ៥ ខែតុលាថា ចំនួនសិស្សានុសិស្សដែលមកចុះឈ្មោះនៅសាលាជំនាន់ថ្មីសម្តេចអគ្គធម្មពោធិសាលជាស៊ីមព្រែកអញ្ចាញមានចំនួនប្រហែល ២៥០ នាក់ ក្នុងនោះសិស្សថ្នាក់ទី៧ ថ្មីមានចំនួន ២១៦ នាក់ និងសិស្សបំពេញបន្ថែមពីថ្នាក់ទី១០ ដល់ថ្នាក់ទី១២ ចំនួន ៣៤ នាក់។

លោកបានបន្តថា ចំពោះគោលការណ៍របស់សាលារៀនជំនាន់ថ្មីទទួលសិស្សក្នុង ១ ថ្នាក់តែ ៣៦ នាក់ទេ ហើយក៏មិនអាចដាក់សិស្សលើសពីនេះដែរ។


លោកបញ្ជាក់ថា៖ «ការជ្រើសរើសយកសិស្សចំនួនតិចនេះងាយស្រួលរៀននិងគ្រប់គ្រងដើម្បីឱ្យបានពេញលេញ។ បើកាលណាក្នុង ១ ថ្នាក់ៗសិស្សច្រើនពេក គឺយើងមិនអាចគ្រប់គ្រងបានទាំងអស់ទេអ៊ីចឹងការរៀនមិនសូវជាបានគុណភាពល្អដែរ។

បើតាមលោក ចន្ថា ចំពោះម៉ោងសិក្សារបស់សិស្សសាលាជំនាន់ថ្មីវិញមានពី ៤០ ទៅ ៤៣ ម៉ោង ក្នុង ១ សប្តាហ៍ អ៊ីចឹងអាចរៀនពី ៧ ទៅ ៨ ម៉ោង ក្នុង ១ ថ្ងៃ ទៅតាមកម្រិតថ្នាក់។ ប៉ុន្តែសម្រាប់សិស្សថ្នាក់ទី១២ រៀននៅសាលាជំនាន់ថ្មីដូចគ្នា គឺរៀន ៤៣ ម៉ោងក្នុង ១ សប្តាហ៍។


ដោយឡែក លោក សម្យ កំសាន្ត នាយករងសាលាជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិបានឱ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹងនៅថ្ងៃទី ៥ តុលាដែរថា ចំពោះសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិនៅឆ្នាំ ២០២៣-២០២៤នេះ បានពង្រីកសាខាសាលាជំនាន់ថ្មីបន្ថែមមកវិទ្យាល័យយុគន្ធរ។ សិស្សដែលបានចុះឈ្មោះថ្មីទាំងសាលារៀនជំនាន់ថ្មីព្រះស៊ីសុវត្ថិនិងនៅវិទ្យាល័យព្រះយុគន្ធរគិតពីថ្នាក់ទី៧ ដល់ទី១១ មានប្រហែល ៧០០ នាក់ ។

ជុំវិញសាលារៀនជំនាន់ថ្មីនេះដែរ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជននិងកីឡាបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា សម្រាប់ឆ្នាំថ្មីនេះចំពោះសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ទទួលសិស្សថ្មីបានប្រហែល ១០០ នាក់ បូកទាំងសិស្សចាស់សរុបចំនួន ១ ២០០ នាក់។ រីឯនៅវិទ្យាល័យព្រះយុគន្ធរ ទទួលសិស្សថ្មីបាន ៦០០ នាក់បូកទាំងសិស្សចាស់ចំនួន ៦០០ នាក់ទៀតសរុប ១ ២០០ នាក់ ប្រហែលវិទ្យាល័យស៊ីសុវត្ថិដែរ។

លោកស្រីថា សាលារៀនជំនាន់ថ្មីបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ហើយពី ១ ឆ្នាំទៅ ១ ឆ្នាំសិស្សចូលរៀននៅសាលាជំនាន់ថ្មីមានការកើនឡើងជាលំដាប់។ កាលពីឆ្នាំទី១ (២០១៦) គឺសាលាទទួលតែសិស្សថ្នាក់ទី៧ទេបានចំនួន ៤៣៤ នាក់។បន្ទាប់មកឆ្នាំទី២ បានទទួលសិស្សថ្នាក់ទី៧ និងទី៨ បន្ដបន្ទាប់រហូតទទួលឱ្យសិស្សចូលរៀនដល់ថ្នាក់ទី១២ ដល់ឆ្នាំ ២០២៣ ដែលនៅសាលាជំនាន់ថ្មីទាំង ១១ ក្នុងខេត្ដគោលដៅនាពេលបច្ចុប្បន្នមានសិស្សសរុបចំនួន ៩ ១៨៧ នាក់។

លោកស្រីថ្លែងថា៖ «ទាក់ទងនឹងតួលេខសិស្សចុះឈ្មោះសរុបសម្រាប់សាលាជំនាន់ថ្មីក្នុងឆ្នាំសិក្សាថ្មី (២០២៣-២០២៤) នេះក្រសួងអប់រំ យុវជននិងកីឡានៅមិនទាន់បានទទួលទេ។ មូលហេតុដោយសារតែគណៈគ្រប់គ្រងសាលាជំនាន់ថ្មីខ្លះកំពុងដំណើរការនៃការចុះឈ្មោះសិស្សដែលកន្លែងខ្លះមិនទាន់បានធ្វើរួចរាល់នៅឡើយ»៕