ភ្នំពេញៈ ​ក្រសួង​ព័ត៌មាន បានធ្វើការ​ព្រមាន​ចាត់​វិធាន​ការលើ​អ្នកសារព័ត៌មាន​មួយចំនួន​ដែល​នៅ​បន្ត​ស្នើសុំ​ឬ​ទាមទារ​ប្រាក់​នានា​ពី​ក្រុមហ៊ុន​កាស៊ីណូ ថប​ដាយ​អ៊ិ​មិន ខណៈ​ក្រសួង​ក៏​ព្រមាន​ក្រុមហ៊ុន​នេះ​ដូចគ្នា បើសិនជា​រកឃើញ​ពាក់ព័ន្ធ​ការផ្តល់ប្រាក់​ជា​ថ្នូរ​នឹង​ការប្រកប​អាជីវកម្ម​មិន​សុចរិត ល្មើស​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​


​ការព្រមាន​នេះ​ធ្វើឡើង​តាមរយៈ​សេចក្តីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក នេត្រ ភក្ត្រា កាលពី​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២៣ ឆ្លើយតប​ទៅនឹងការ​បែកធ្លាយ​ព័ត៌មាន​ថា​៖«​កាលពី​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០២៣ ក្រុមហ៊ុន កាស៊ីណូ​ថប​ដោយ​អ៊ិ​មិន (TOP DIAMAND CASINO) បានចេញ​ផ្សាយ​លិខិត​ជា​សាធារណៈ ដែលមាន​ខ្លឹមសារ​ថា «​មាន​អ្នកសារព័ត៌មាន​មកពី​អង្គភាព​ប្រមាណ ៧០០ ទៅ ៩០០​អង្គភាព​មានការ​ពាក់ព័ន្ធ​ទៅនឹង​ការសុំ​លុយកាក់ និង​បានទទួល​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ជា​ហូរហែ​»​។

​តាមរយៈ​សេចក្តីជូនដំណឹង​បានឱ្យដឹងថា ​ក្រោយពី​បានធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ អំពី​បញ្ហា​នេះ​រួចមក ក្រសួង​ព័ត៌មាន​យល់ឃើញថា ទាំង​ភាគី​ក្រុមហ៊ុន ទាំង​បណ្តា​អង្គភាព​សារព័ត៌មាន និង​អ្នកសារព័ត៌មាន​ទាំងអស់​ដែល​ពាក់ព័ន្ធ​នោះ ពិតជា​រួមគ្នា​ធ្វើឱ្យប៉ះពាល់ និង​ជះឥទ្ធិពល​មិនល្អ​ដល់​ការប្រកប​វិជ្ជាជីវៈ​សារព័ត៌មាន និង​អ្នក​ប្រកប​វិជ្ជាជីវៈ​សារព័ត៌មាន​ដទៃទៀត​នៅ​កម្ពុជា​។​


​ជុំវិញ​ករណីនេះ​ក្រសួង​ព័ត៌មាន​បានធ្វើ​ការព្រមាន​ជា​សាធារណៈ​ចំពោះ​អ្នកសារព័ត៌មាន​ដែល​ពាក់ព័ន្ធ​ដូចដែល​បានចេញ​ផ្សាយ​ដោយ​ក្រុមហ៊ុន​ខាងលើ ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព​ស្នើសុំ ឬ​ទាម​ទារប្រាក់​នានា​។ ក្រសួង​សង្កត់ធ្ងន់ថា​ក្នុងករណី​មិន​ព្រម​បញ្ឈប់​សកម្មភាព ដែលជា​ទង្វើ​ប្រាសចាក​ពី​វិជ្ជាជីវៈ និង ក្រមសីលធម៌ និង​គោលការណ៍​នៃ​ក្រមសីលធម៌ ដែល​មានចែង​ក្នុង​ច្បាប់​ស្តីពី​របប​សារព័ត៌មាន អ្នកសារព័ត៌មាន​ទាំងនោះ​នឹងត្រូវ​បញ្ឈប់​លែងឱ្យ​ប្រកបមុខរបរ​ជា​អ្នកសារព័ត៌មាន​បន្តទៅ​ទៀត​។​

​ក្រសួង​បន្តថា​៖« អ្នកសារព័ត៌មាន ដែលមាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការប្រព្រឹត្ត​អំពើ​នេះ ត្រូវតែ​ចូលខ្លួន មក​រាយការណ៍​នៅ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ ក្នុង​រយៈពេល​១​ខែ យ៉ាងយូរ​ដោយ​គិត​ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​។ ក្នុងករណី​រឹងរូស​មិន​ព្រម​ចូលខ្លួន​រាយការណ៍ អ្នកសារព័ត៌មាន​ដែលជា​ប់​ពាក់ព័ន្ធ​ទាំងនោះ ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់​ជា​ធរមាន ចំពោះ​ការប្រព្រឹត្ត​របស់ខ្លួន​»​។​


​ដោយឡែក ចំពោះ​ម្ចាស់​អង្គភាព​សារព័ត៌មាន​ទាំងអស់ ដែលមាន​អ្នកសារព័ត៌មាន​របស់​ខ្លួន​ដែល​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ករណីនេះ ត្រូវ​ធានា​ទប់ស្កាត់ និង​បញ្ឈប់​ឱ្យ​ខាងតែ​បាន​នូវ​ការប្រព្រឹត្ត​អំពើ​ខុសឆ្គង​ទាំងនេះ ពី​សំណាក់​អ្នកសារព័ត៌មាន​របស់​ខ្លួន​តទៅទៀត ហើយ​ត្រូវធ្វើ​ការអប់រំ​ណែនាំ​ដល់​អ្នកសារព័ត៌មានរ​បស់​ខ្លួន និង​ត្រូវ​រាយការណ៍​ពី​សកម្មភាព​ទាំងនេះ ដោយ​បញ្ជា​ក់ឈ្មោះ របស់​អ្នកសារព័ត៌មាន​ក្រោម​ឱវាទ​អង្គភាព​របស់ខ្លួន ដែល​ជាប់​ពាក់ព័ន្ធ​មក​ក្រសួង​ព័ត៌មាន​។​

​ក្រសួង​បញ្ជាក់ថា​៖«ម្ចាស់​អង្គភាព​សារព័ត៌មាន​ដែលមាន​ជាប់​ពាក់ព័ន្ធ ត្រូវ​ចូល​ខ្លួន​មក​រាយការណ៍​នៅ​អគ្គនាយកដ្ឋាន ព័ត៌មាន និង​សោតទស្សន៍ ក្នុង​រយៈពេល ២​សប្តាហ៍ យ៉ាងយូរ​ដោយ​គិត​ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​។ ករណី​រឹង​រូស​មិន​អនុវត្តតាម​ការព្រមាន​នេះ ក្រសួង​ព័ត៌មាន​នឹងធ្វើ​ការ​លុប អាជ្ញា​ប័ណ្ណ និង​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន​»​។​

​ជុំវិញ​រឿងនេះ​ដែរ លោក​ពុ​យ គា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា (​ក​.​អ​.​ក​) នៅ​ថ្ងៃទី​៥ ខែតុលា​ ​ប្រាប់ថា​ កន្លងមកនេះ មាន​សា​ធា​រណជន​តែង​លើក​ដដែលៗ ពាក់ព័ន្ធ​នឹង​ក្រ​មសីល​ធម៌ វិជ្ជាជីវៈ ដោយសារ​តែមាន​អ្នកសារព័ត៌មាន​មួយចំនួន​តូច​ទេ បានធ្វើ​សកម្មភាព​ឱ្យ​ប៉ះពាល់​ដល់​អ្នកសារព័ត៌មាន​ជារួម​។​

​លោក​បន្តថា​៖«​ជា​បន្តបន្ទាប់​ក្លិប​អ្នកកាសែត​កម្ពុជា តែងតែ​អប់រំ ធ្វើ​ម៉េច​ឱ្យ​គាត់​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ និង​រក្សា​តម្លៃ​សារព័ត៌មាន​ឱ្យ​ខ្ពស់ ចៀសវាង​ការ​ជំរិត​ទារលុយ​កាក់ ឬ​ផលប្រយោជន៍​ណាមួយ អ៊ីចឹង​ការចាត់វិធានការ​រប​ស់​ក្រសួង​ពេលនេះ គឺជា​រឿង​មួយ​សមស្រប​ទៅនឹង​គោលដៅ​របស់​ក្លិប​អ្នកកាសែត​កម្ពុជា ដែល​ខំព្យាយាម​ពង្រឹង​វិជ្ជាជីវៈ​សារព័ត៌មាន​នាពេល​កន្លងមក​»​។​

​ទន្ទឹមគ្នានេះ លោក ពុ​យ គា អះអាងថា​៖«ក្លិប​អ្នកកាសែត​កម្ពុជា នឹង​ពិចារណា​ដល់​ការដក​សមាជិកភាព​ពី​ក្លិប ប្រសិន​ជាមាន​បណ្តឹង​នានា​មកកាន់​ក្លិប ហើយ​ក្លិប​រកឃើញថា អ្នកសារព័ត៌មាន​ណាមួយ​ពិតជា​បំពាន​នឹង​វិជ្ជាជីវៈ និង​ក្រ​មសីល​ធម៌ ហើយ​ក្លិប​ក៏​សូម​អំពាវនាវឱ្យ​អ្នកសារព័ត៌មាន​ទាំងអស់ ត្រូវ​ប្រកាន់​ខ្ជាប់នូវ​ក្រ​មសីល​ធម៌​របស់ខ្លួន​ឱ្យ​បានល្អ​ចៀសវាង​មាន​បញ្ហា​បែបនេះ​»​។​

​បើតាម​ក្រសួង​ព័ត៌មាន ក្រៅពី​ព្រមាន​ចាត់វិធានការ​លើ​អ្នកសារព័ត៌មាន​ដែល​ពាក់ព័ន្ធ ក្រសួង​ក៏​សូមឱ្យ​ម្ចាស់​ក្រុមហ៊ុន កាស៊ីណូ​ថប​ដាយ​អ៊ិមិន(TOP DIAMAND CASINO)​ដែល​បានធ្វើការផ្សព្វផ្សាយ​អំពី​ការផ្តល់​លុយកាក់ និង​ផ្ដល់​ការឧបត្ថម្ភ​នានា ឱ្យ​អ្នកសារព័ត៌មាន​ប្រមាណ ៧០០ ទៅ ៩០០​អង្គភាព​កន្លងមក​នោះ ក្រុមហ៊ុន​ត្រូវធ្វើ​បញ្ជីរាយនាម​បណ្តា​អង្គភាព សារព័ត៌មាន និង​អ្នកសារព័ត៌មាន​ដែល​ពាក់ព័ន្ធ​នៅក្នុង​ការផ្សព្វផ្សាយ​រប​ស់​ខ្លួន​នោះ និង​ត្រូវធ្វើ​របាយការណ៍​បំភ្លឺ​អំពី​មូលហេតុ ឬ​ករណី​នៃ​ការផ្ដល់​លុយកាក់ ឬ​ការឧបត្ថម្ភ​នី​មួយៗ រួច​បញ្ជូនមក​ក្រសួង​ព័ត៌មាន ក្នុង​រយៈពេល ២​សប្តាហ៍​យ៉ាងយូរ​។​

​ក្រសួង​ព្រមាន​ផងដែរ​ថា​៖«​ក្នុងករណី​ក្រុមហ៊ុន​មិន​សហការ​អនុវត្តតាម​ការស្នើសុំ​ខាងលើ ក្រសួង​ព័ត៌មាន រក្សា​សិទ្ធិ ក្នុងការ​ចាត់វិធានកា​រ​នានា​ចាំបាច់​ចំពោះ​ក្រុមហ៊ុន ដែល​បានរួម​ចំណែក​ធ្វើឱ្យ​ចុះខ្សោយ​ក្រមសីលធម៌​វិស័យ​សារព័ត៌​មាននៅ​កម្ពុជា​។ ក្នុងករណី​ដែល​មានការ​សូកប៉ាន់ ដើម្បី​បិទបាំង​ករណី​ណាមួយ ដែល​មិន​ស្របតាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ភាគី​ដែល​ពាក់ព័ន្ធ​នឹងត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់​ជា​ធរមាន​»៕