ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានលើកឡើងថា កងកម្លាំងនគរបាលជាតិចាំបាច់ត្រូវធ្វើកំណែទម្រង់ និងធ្វើទំនើបកម្មឱ្យស្របតាមបរិបទនៃយុគសម័យឌីជីថលនេះ ខណៈលោកក៏បានជំរុញឱ្យមន្ត្រីនគរបាល ចាំបាច់ត្រូវចូលរួមសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញនគរបាល ដើម្បីកសាងសមត្ថភាពវិជ្ជាជីវៈ។
លោកបានថ្លែងបែបនេះនៅក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត២ ជំនាន់ទី៤ និងវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ កាលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣។ នេះបើតាមក្រសួងមហាផ្ទៃ បានបង្ហោះនៅក្នុងហ្វេសប៊ុក។
នាឱកាសនោះ លោក ស សុខា បានជំរុញដល់កងកម្លាំងនគរបាលជាតិគ្រប់ថ្នាក់ និងមន្ត្រីដែលផ្ទេរពីស្ថាប័នស៊ីវិលមកបម្រើការងារជានគរបាលជាតិ ដែលមិនធ្លាប់បានឆ្លងវគ្គបណ្ដុះបណ្ដាលជំនាញនគរបាល ចាំបាច់ត្រូវឆ្លងកាត់វគ្គបណ្ដុះបណ្ដាលជំនាញនគរបាល បើទោះមានឋានន្តរស័ក្តិ និងមុខតំណែងកម្រិតណាក៏ដោយ។
លោកថា ការចូលរួមវគ្គបណ្ដុះបណ្ដាលនេះ ជាការកសាងសមត្ថភាពវិជ្ជាជីវៈក្នុងនាមជានគរបាលពេញលក្ខណសម្បត្តិ ស្របនឹងគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧។
លោកបញ្ជាក់ថា៖« ក្នុងបរិបទនៃយុគសម័យឌីជីថលនេះ កងកម្លាំងនគរបាលជាតិចាំបាច់ត្រូវធ្វើកំណែទម្រង់ និងធ្វើទំនើបកម្មតាមរយៈការបណ្ដុះបណ្ដាលដ៏ត្រឹមត្រូវ ប្រកបដោយគុណភាព ទាំងក្នុងក្របខ័ណ្ឌដឹកនាំបញ្ជា និងក្របខ័ណ្ឌមន្ត្រីបច្ចេកទេស ស្របតាមការវិវត្តរបស់សង្គមជាតិ សភាពការណ៍សន្តិសុខជាតិ និងអន្តរជាតិ ការវិវត្តផ្នែកបច្ចេកវិទ្យាឌីជីថល និងស្របតាមតម្រូវការជាក់ស្ដែងរបស់អង្គភាពដែលប្រើប្រាស់កងកម្លាំង»។
លោកថា ទន្ទឹមនឹងនេះ ក៏ត្រូវសិក្សាគិតដល់ការបំពាក់សម្ភារ និងមធ្យោបាយគ្រប់ប្រភេទក្នុងកិច្ចប្រតិបត្តិការ ដើម្បីប្រសិទ្ធភាពក្នុងការអនុវត្តតួនាទីភារកិច្ច បម្រើប្រជាពលរដ្ឋ និងសង្គមជាតិឱ្យបានល្អប្រសើរផងដែរ។
លើសពីនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានលើកទឹកចិត្តដល់បណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងការបន្តខិតខំប្រឹងប្រែងអភិវឌ្ឍបន្ថែមទៀត ទាំងផ្នែករឹង និងផ្នែកទន់ ដើម្បីបន្តរក្សាបាននូវកិត្យានុភាព ឧត្តមភាព ការជឿទុកចិត្ត ពីគ្រប់ភាគីពាក់ព័ន្ធពិសេសធ្វើឱ្យប្រជាពលរដ្ឋគោរពស្រឡាញរត់មករកនគរបាលនៅពេលមានតម្រូវការ ឬមានបញ្ហាណាមួយ។
ជុំវិញរឿងនេះដែរ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត នៅថ្ងៃទី៥ ខែតុលា ថ្លែងថា មន្ត្រីនគរបាល និងមន្ត្រីផ្ទេរពីស្ថាប័នស៊ីវិលក៏ដោយ ចាំបាច់ត្រូវឆ្លងកាត់វគ្គបណ្ដុះបណ្ដាលជំនាញ ឱ្យស្របតាមសង្គមឌីជីថល ហើយត្រូវមានជំនាញចំណេះដឹង និងពង្រឹងវិជ្ជាជីវៈរបស់ខ្លួន។
លោក ថ្លែងថា៖«ទន្ទឹមនឹងការបង្រៀនដល់ពួកគាត់ហើយនោះ ក្រសួងក៏ត្រូវតែយកចិត្តទុកដាក់បន្ថែមលើការពង្រឹងទាំងវិន័យ ក្រមសីលធម៌ និងជំនាញ ពិសេសពង្រឹងការអនុវត្តច្បាប់ ដើម្បីឱ្យពួកគាត់អាចបំពេញតួនាទីស្របតាមជំនាញ និងប្រកបដោយវិជ្ជាជីវៈ ឆ្លើយតបតម្រូវការពលរដ្ឋបានប្រសិទ្ធភាព»។
យោងតាមរបាយការណ៍របស់បណ្ឌិត្យសភានគរបាលកម្ពុជា គិតមកដល់ពេលនេះ ថ្នាក់ដឹកនាំនគរបាល ដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលជំនាញនគរបាលរួចរាល់ក្នុងវគ្គសុក្រឹតការ សរុបមានចំនួន៤ជំនាន់ និងមានសិក្ខាកាមចំនួន១ ០៥១នាក់ ក្នុងនោះនគរបាល ជានារីចំនួន១១២នាក់។
ចំពោះជំនាន់ទី៥ ដែលនឹងចាប់ផ្ដើមបើកវគ្គបណ្ដុះបណ្ដាលនាពេលឆាប់ៗខាងមុខ នឹងមានសិក្ខាកាមប្រមាណ៤០០នាក់។ បន្ទាប់ពីនេះក្រសួងមហាផ្ទៃ នឹងចាត់បញ្ជូនមន្ត្រីនគរបាលជាតិ ដែលពុំទាន់បានឆ្លងកាត់វគ្គជំនាញនគរបាល ឱ្យចូលរួមវគ្គបណ្ដុះបណ្ដាលជំនាញនគរបាលជាបន្តបន្ទាប់ទៀត។
តាមរយៈវគ្គបណ្តុះបណ្តាលជំនាញទាំងនេះ ក្រសួងមហាផ្ទៃ មានជំនឿថា មន្ត្រីនគរបាល នឹងអាចយកចំណេះដឹង និងជំនាញដែលទទួលបានពីការបណ្តុះបណ្តាល ទៅប្រើប្រាស់ឱ្យមានប្រសិទ្ធភាព និងមានគុណតម្លៃ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ដោយតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិផងដែរ៕