សៀមរាប : រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតជ្រាវ ដែលទាញប្រភពទឹកចម្ងាយប្រហែល ១២ គីឡូម៉ែត្ រពីបឹងទន្លេសាប និងគាំទ្រដោយរដ្ឋាភិបាលជប៉ុន បានបន្ថែមការផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងសៀមរាប និងតំបន់អភិវឌ្ឍន៍ជិតខាងពី ១២ ទៅ ២៣ ឃុំ-សង្កាត់។
រោងចក្រកម្រិតស្ដង់ដាអន្ដរជាតិនេះត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែឧសភា ឆ្នាំ២០២៣ ដោយមានសមត្ថភាពផលិតទឹកស្អាតប្រចាំថ្ងៃចំនួន ៦ ម៉ឺនម៉ែត្រគុប ដែលប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង និងបញ្ជាកម្រិតខ្ពស់ រួមទាំង SCADA ផងដែរ។
កន្លងមក រោងចក្រ២ ដែល១នៅបារាយណ៍ខាងលិច មានសមត្ថភាពផលិតទឹក ១៥ ០០០ ម៉ែត្រគុបក្នុង១ថ្ងៃ ដោយប្រើប្រភពទឹកបារាយណ៍ខាងលិច ខណៈរោងចក្រ ទី ២ ប្រើប្រភពទឹកក្រោមដី ក៏អាចផលិតទឹកប្រមាណ ១៥ ០០០ ម៉ែត្រគុបផងដែរ។
ពេលនេះ ដោយមានរោងចក្រជ្រាវថ្មីកំពុងដំណើរការ រដ្ឋាករទឹកស្វយ័តខេត្តសៀមរាប មានសមត្ថភាពផលិតទឹកសរុបប្រចាំថ្ងៃចំនួន ៩ ម៉ឺនម៉ែត្រគុប។
លោក ចាន់ សេងឡា អគ្គនាយករដ្ឋាករទឹកស្វយ័តសៀមរាប (SRWSA) បានឱ្យដឹងថា៖ «បូកជាមួយសមត្ថភាពផលិតទឹក ៦ ម៉ឺនម៉ែត្រគុបទៀត ពីរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតជ្រាវ យើងអាចផលិតទឹកស្អាតបាន ៩ ម៉ឺនម៉ែត្រគុបក្នុង១ថ្ងៃ សម្រាប់ផ្គត់ផ្គង់ក្នុងក្រុងសៀមរាប និងតំបន់ជុំវិញ រួមទាំង តំបន់អភិវឌ្ឍន៍ទាំង២ គឺរុនតាឯក និងពាក់ស្នែង ដែលរាជរដ្ឋាភិបាល ទើបអភិវឌ្ឍសម្រាប់បងប្អូនផ្លាស់ប្ដូរលំនៅពីតំបន់ជុំវិញអង្គរ»។
បណ្ដាញនៃគម្រោង SRWSA ត្រូវបានពង្រីកពី ២៤០,៣ គីឡូម៉ែត្រទៅ ៥៣១ គីឡូម៉ែត្រ ដោយបង្កើនការគ្របដណ្តប់ពី ៣៥ ភាគរយ ទៅ ៥៩ ភាគរយ។
ចំនួនការតភ្ជាប់បានកើនឡើងទ្វេដងពី ១១ ០៣៣ ទៅ ២២ ១០០ បណ្ដាញ ចំណោមគ្រួសារជាង ៥៨ ៩០០ ក្នុងក្រុងសៀមរាប គិតត្រឹមខែសីហា ឆ្នាំ២០២៣។
បណ្តាញរបស់រដ្ឋាករទឹកស្វយ័តសៀមរាប កំពុងតែពង្រីកបន្ថែមដល់ឃុំ សង្កាត់ចំនួន ១១ នៅជាយក្រុងភាគខាងកើតនៃខេត្តសៀមរាប ដែលកើនពី ១២ ទៅ ២៣ ឃុំ-សង្កាត់ ដោយបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបំពេញតម្រូវការទឹកស្អាតកំពុងកើនឡើង។
លោក សេងឡា បានបញ្ជាក់ថា យោងតាមស្ថិតិតំបន់អភិវឌ្ឍន៍ទាំង២មានប្រជាពលរដ្ឋប្រមាណ ២ ម៉ឺនគ្រួសារ ខណៈការតភ្ជាប់បណ្ដាញទឹកស្អាតសម្រេចបាន ២ ពាន់គ្រួសារ។ ចំណែកនៅក្នុងក្រុងសៀមរាប រដ្ឋាករទឹកស្វយ័តសៀមរាប ផ្ដល់ទឹកស្អាតដល់អ្នកក្រុងសៀមរាប ២៧ ០០០ គ្រួសារ។
លោកបានបន្ដថា បច្ចុប្បន្ននេះ រដ្ឋាករទឹកកំពុងតែពង្រីកបណ្ដាញទៅកាន់តំបន់ក្រៅក្រុងចំនួន ១១ ឃុំទៀតនៅភាគខាងកើត នៃក្រុងសៀមរាប។
យ៉ាងណាក្តី បរិមាណទឹក ៩ ម៉ឺនម៉ែត្រគុបក្នុង១ថ្ងៃនេះ ការផ្គត់ផ្គង់ទំនងជាអាចបំពេញតម្រូវការត្រឹមឆ្នាំ២០៣០ ដែលក្រោយរយៈពេលនោះ រដ្ឋាករទឹកត្រូវស្វែងរកប្រភពទឹកថ្មីទៀត។
លោក សេងឡា បានឱ្យដឹងថា៖ «បើមិនមានជំនួយពីអង្គការ JICA ទេ យើងពិបាកក្នុងការអនុវត្ដឱ្យសម្រេចតាមផែនការរបស់រាជរដ្ឋាភិបាល ដើម្បីឱ្យប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់ ១០០ ភាគរយក្នុងឆ្នាំ២០៣០។ ដូច្នេះ យើងស្វែងរកដៃគូដើម្បីជួយយើងក្នុងការអភិវឌ្ឍវិស័យទឹកស្អាតទៅតាមទិសដៅរបស់រាជរដ្ឋាភិបាលក្នុងការផ្គង់ផ្គង់ទឹកដល់ប្រជាពលរដ្ឋ»។
កាលពីឆ្នាំ២០០៦ ដោយមានជំនួយរបស់ JICA រោងចក្រផលិតទឹកស្អាតថ្មី (WTP) ដែលមានសមត្ថភាពផលិតទឹក ៨ ពាន់ ម៉ែត្រគុបក្នុង១ថ្ងៃត្រូវបានបង្កើតឡើង ក្រោយមកបានពង្រីកដល់ ១៥ ០០០ ម៉ែត្រគុបក្នុង១ថ្ងៃក្នុងឆ្នាំ ២០១៣ ដោយ SRWSA ។
បំពង់ចែកចាយប្រវែង ៣៦ គីឡូម៉ែត្រត្រូវបានបន្ថែម ដោយតភ្ជាប់គ្រួសារចំនួន ៣ ៥៧៨ ហើយនៅឆ្នាំ២០០៧ រដ្ឋាករទឹកស្វយ័តសៀមរាប SRWSA សម្រេចបានស្វ័យភាពពេញលេញ។
ការពង្រឹងប្រព័ន្ធផ្គត់ផ្គង់ទឹកបន្ថែមទៀត ១៥ ០០០ ម៉ែត្រគុបក្នុង១ថ្ងៃ WTP ដែលផ្តល់ហិរញ្ញប្បទានដោយទីភ្នាក់ងារអភិវឌ្ឍន៍បារាំង AFD និងការប្រើប្រាស់ទឹកពីអាងស្តុកទឹកបារាយណ៍ខាងលិច ត្រូវបានធ្វើឡើងនៅឆ្នាំ២០១៩ ដែលបានបញ្ចប់ជាមួយនឹងបណ្ដាញមេបញ្ជូន ៦ គីឡូម៉ែត្រ។ ការតភ្ជាប់ចែកចាយទាំងមូលឥឡូវនេះរក្សាសម្ពាធទឹកឱ្យជាប់លាប់ ដោយលុបបំបាត់បញ្ហាមុននៃសម្ពាធទឹកទាប។
យោងតាមលោក ផេង ប៊ុនហោ នាយកផ្នែកគ្រប់គ្រងគម្រោង បានឱ្យដឹងថា ការពង្រីកនេះមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់តំបន់ទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដល់សង្កាត់/ឃុំថ្មី រួមទាំង តំបន់អភិវឌ្ឍន៍ រុនតាឯក និងពាក់ស្នែង ក៏ដូចជា អាកាសយានដ្ឋានអន្តរជាតិថ្មី ដែលមានចម្ងាយប្រហែល ៤០ គីឡូម៉ែត្រពីទីក្រុងសៀមរាប។
គួរកត់សម្គាល់ថា គម្រោងនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារបេតិកភណ្ឌអង្គរ ដោយសារប្រជាជន និងគ្រឹះស្ថានភាគច្រើន ក្នុងទីក្រុងបានផ្លាស់ប្តូរពីការប្រើប្រាស់ទឹកក្រោមដី មកពឹងផ្អែកលើការផ្គត់ផ្គង់ទឹកដែលផ្តល់ដោយ SRWSA ដោយកាត់បន្ថយផលប៉ះពាល់លើតំបន់បេតិកភណ្ឌពិភពលោកដ៏មានតម្លៃនេះ។
លោក ប៊ុនហោ បាននិយាយថា៖ «សណ្ឋាគារ និងអាជីវកម្មបានផ្លាស់ប្តូរទៅរោងចក្រប្រព្រឹត្តិកម្មទឹកជ្រាវ កាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើគ្រឹះប្រាសាទដែលបណ្តាលមកពីការទាញយកទឹកក្រោមដី»។
យោងតាមលោក ប៊ុនហោ បានឱ្យដឹងថា នៅឆ្នាំ២០២៤ បំពង់ចែកចាយត្រូវបានពង្រីកបន្ថែមដល់ ៨២០ គីឡូម៉ែត្រសម្រាប់បំពេញតម្រូវការដែលចេះតែបន្ដកើនឡើង។
គំនិតផ្តួចផ្តើមដូចជាការសិក្សាលទ្ធភាព និងគម្រោងពង្រីកថ្មីគឺចាំបាច់ដើម្បីបំពេញតម្រូវការទឹកក្រោយឆ្នាំ២០៣០ ដោយសាររោងចក្រប្រព្រឹត្តិកម្មទឹក ដែលមានស្រាប់ត្រូវបានព្យាករថា នឹងដំណើរការពេញសមត្ថភាពនៅត្រឹមឆ្នាំ២០៣០ ប៉ុណ្ណោះ។
លោក ប៊ុនហោ បានបន្ដថា ក្នុងឆ្នាំ២០២៦ តម្រូវការទឹកស្អាតនឹងកើនរហូតដល់ ៧៣ ០០០ ម៉ែត្រគុបក្នុង១ថ្ងៃ។ ចំណែកឯឆ្នាំ២០៣០ តម្រូវការទឹកកើនដល់ជិតទ្វេដង នៃលទ្ធភាពការផលិត គឺ ៨៣ ០០០ ម៉ែត្រគុបក្នុង១ថ្ងៃ។
លោកសង្កត់ធ្ងន់ថា៖ «សមត្ថភាពរោងចក្រប្រព្រឹត្ដិកម្មទឹកស្អាត របស់យើងអាចផ្គត់ផ្គង់តម្រូវការទឹកស្អាតត្រឹមឆ្នាំ២០៣០។ ក្រោយឆ្នាំ២០៣០ យើងត្រូវមានគម្រោងថ្មី រោងចក្រប្រព្រឹត្ដិកម្មទឹកស្អាតថ្មីមួយទៀត»៕