ក្រសួង​ទេសចរណ៍ និងតំណាង​អង្គការយូណេស្កូ​ប្រចាំ​កម្ពុជា ប្តេជ្ញា​ក្នុងការពង្រឹង​និងពង្រីក​កិច្ចសហ​ប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ និងការអភិរក្ស​វប្បធម៌ ខណៈភាគី​ទាំងពីរ បានឯកភាព​គំនិត​ផ្តួចផ្ដើម​នានា ក្នុងការជំរុញ​អភិវឌ្ឍ​ទេសចរណ៍ ដើម្បី​លើកស្ទួយ​ជីវភាព​ប្រជាជន​មូលដ្ឋាន​ឱ្យកាន់តែ​ប្រសើរ។


ការប្តេជ្ញា​នេះ ធ្វើឡើង​នៅក្នុង​ជំនួប​រវាង​លោក សុខ សូកេន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និងលោក Sardar Umar Alam នាយក​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា ដើម្បី​ពិភាក្សា​លើកិច្ចសហ​ប្រតិបត្តិការ​ទ្វេភាគី​ឆ្ពោះទៅ​ការលើកកម្ពស់ ការអភិវឌ្ឍ​ទេសចរណ៍ និងការអភិរក្ស​វប្បធម៌​នៅ​កម្ពុជា ប្រកបដោយ​ចីរភាព​កាលពី​ថ្ងៃទី៤ ខែតុលា ឆ្នាំ ២០២៣។ នេះបើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​ជំនួប។

នាឱកាសនេះ​លោក សុខ សូកេន បានស្វាគមន៍​យ៉ាងកក់ក្តៅ​ចំពោះ លោក Sardar Umar Alam ដែលបាន​ខិតខំ​ក្នុងការលើកស្ទួយ​ការអភិរក្ស​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ និងធម្មជាតិ​របស់​កម្ពុជា ជាពិសេស ការសម្រេច​បាននូវ​ជោគជ័យ​ក្នុងការដាក់​បញ្ចូល​តំបន់​ប្រាសាទ​កោះកេរ ជាសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​កាលពី​ពេលថ្មីៗ​នេះ។


លោក Sardar Umar Alam បានសម្តែង​នូវការកោត​សរសើរ​ចំពោះ​កេរដំណែល ស្នាដៃ​របស់​ឧបនាយក​រដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី​ទទួលបន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​លោក សុខ អាន ក្នុងកិច្ច​ការពារ និងអភិរក្ស​សម្បត្តិ​វប្បធម៌​កម្ពុជា​នាពេល​កន្លងមក ដែលបានក្លាយជា​មូលដ្ឋាន​ដ៏រឹងមាំ​ក្នុងការងារ​អភិរក្ស​សម្បត្តិ​វប្បធម៌​របស់​កម្ពុជា រហូត​មកដល់​បច្ចុប្បន្ន។

លោក Sardar ក៏បានសម្តែង​នូវការពេញចិត្ត​ចំពោះ​ទំនាក់ទំនង​ដ៏ល្អ​ប្រសើរ​រវាង ក្រសួង​ទេសចរណ៍ និងអង្គការ​យូណេស្កូ ក្នុងការរួមដៃគ្នា​អភិរក្ស និងអភិវឌ្ឍន៍​ប្រាង្គប្រាសាទ​បុរាណ វប្បធម៌ និងប្រពៃណី​កម្ពុជា ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​ទេសចរណ៍ ពិសេស​ទេសចរណ៍​វប្បធម៌​កម្ពុជា​ប្រកបដោយ ចីរភាព។


លោក Sardar Umar Alam ក៏បានលើកឡើង​នូវគម្រោង​ជាច្រើន​ដែលទាក់ទង​នឹងវិស័យ​ទេសចរណ៍ ពិសេស​ស្នើ​សុំការគាំទ្រ​របស់​ក្រសួង​ទេសចរណ៍ ក្នុងការសហការ​សិក្សា​លទ្ធភាព​ដាក់បញ្ចូល សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ និងធម្មជាតិ​ផ្សេងទៀត​របស់​កម្ពុជា ចូលក្នុង​បញ្ជី​របស់​អង្គការ​យូណេស្កូ។

តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ទេសចរណ៍ បញ្ជាក់​ថា៖«ភាគី​ទាំងពីរ​បានឯកភាព​គ្នា​លើគំនិត​ផ្តួចផ្ដើម​នានា​ក្នុងការជំរុញ​ការអភិរក្ស និងអភិវឌ្ឍ​ទេសចរណ៍​កម្ពុជា ដែលជា​ចលករ​ក្នុងការលើកស្ទួយ​ជីវភាព​ប្រជាជន​មូលដ្ឋាន ឱ្យកាន់តែ​ប្រសើរ​ឡើង»។

បន្ថែមពីនេះ ភាគីទាំង២ ក៏បានសម្តែង​នូវការប្ដេជ្ញា​ចិត្ត​ក្នុងការពង្រឹង និងពង្រីក​កិច្ចសហ​ប្រតិបត្តិការ​លើ វិស័យ​ទេសចរណ៍ និងការអភិរក្ស​វប្បធម៌ បន្ថែមទៀត តាមរយៈ​ការអនុវត្ត​រួមនូវ​គម្រោងថ្មីៗ​ដែលពាក់ព័ន្ធ​នឹងវិស័យ​ទេសចរណ៍ និងការអភិរក្ស​វប្បធម៌។

ទាក់ទង​វិស័យ​ទេសចរណ៍​នេះដែរ លោក ម៉ម រិទ្ធី ប្រធាន​សហព័ន្ធ​សហជីព​វិស័យ​ទេសចរណ៍ និងសេវាកម្ម​កម្ពុជា បានឱ្យដឹង​ថា បើតាមការ​សង្កេតជាទូទៅ​មើលឃើញ​ថា ឆ្នាំ​នេះ​ភ្ញៀវទេសចរ​បរទេស ដែលចូលមក​ទស្សនា​កម្ពុជា​គឺមានការថយ​ចុះខ្លាំង។ លោកបន្ត​ថា រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​ទេសចរណ៍ និងមន្ទីរ​ទេសចរណ៍ គួរតែកែប្រែ​យុទ្ធសាស្ត្រ​របស់ខ្លួន កុំប្រើ​យុទ្ធសាស្ត្រ​ដដែលៗ សម្រាប់​អនុវត្ត សមត្ថភាព បច្ចេកទេស សេវាកម្ម និងបង្កើន​ការផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ឱ្យបាន​ទូលំទូលាយ។

ក្រសួង​ទេសចរណ៍ សហការជាមួយ​រដ្ឋបាល​ខេត្ត​សៀមរាប កាលពី​ថ្ងៃទី៥​ខែតុលា​នេះ បានរៀបចំ​ពិធី​សំណេះសំណាល និងពិភាក្សា​ការងារ​ជាមួយ​ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​ខេត្ត​សៀមរាប ដោយមាន​ការចូលរួម​ពីអ្នកពាក់ព័ន្ធ​សរុប​ប្រមាណជាង ២៥០ រូប ដើម្បី​រិះរក​មធ្យោបាយ​ថ្មី និងលើកឡើង​ពីបញ្ហា​ប្រឈម​ក្នុងវិស័យ​នេះ៕