ព្រះករុណា ព្រះបាទ សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី យាងជា​ព្រះរាជាធិបតី ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​រំឭក​ខួប ៣០ ឆ្នាំ នៃការប្រកាស​ឱ្យ​ប្រើ​រដ្ឋធម្មនុញ្ញ ដោយព្រះអង្គ​មានបន្ធូល​ថា ក្រុមប្រឹក្សា​ធម្មនុញ្ញ បានបំពេញ​តួនាទី​ដ៏ល្អ​ប្រពៃ និងសុក្រឹត​បំផុត ជាអាជ្ញាកណ្តាល​ក្នុងការទំនាក់ទំនង​រវាង​ស្ថាប័ន​កំពូលៗ​របស់​ជាតិ ជាពិសេស​នៅពេល​បោះឆ្នោត​ឱ្យមាន​ដំណើរការ​យ៉ាងរលូន។


ក្នុងទិវា​រំឭកខួប ៣០ ឆ្នាំ​នៃការប្រកាស​ឱ្យប្រើ​រដ្ឋធម្មនុញ្ញ នាថ្ងៃទី៦ ខែតុលា ឆ្នាំ ២០២៣ ព្រះមហាក្សត្រ​យាងថ្លែង​សុន្ទរកថា ដោយបាន​កោតសរសើរ​ដល់​ប្រធាន និងសមាជិក សមាជិកា នៃក្រុមប្រឹក្សា​ធម្មនុញ្ញ គ្រប់​អាណត្តិ​ដែលបានខិតខំ​បំពេញ​ភារកិច្ច​របស់​ខ្លួន ក្នុងសតិសម្បជញ្ញៈ ដើម្បី​គុណប្រយោជន៍​នៃឯករាជ្យ​ជាតិ​បូរណភាព​ទឹកដី អធិបតេយ្យភាព សន្តិភាព សេចក្តីសុខ ជីវភាព​សម្បូណ៌​សប្បាយ​ថ្កុំថ្កើង​រុងរឿង​របស់​ប្រជាជាតិ​ខ្មែរ និងស្ថិរភាព​សង្គម ក្រោម​បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។

តម្លៃ​ប្រេង​ហក់​ឡើងដល់​កម្រិត​មុនពេល​ការរីក​រាលដាល​កូវីដ​១៩​ កាលពី​ថ្ងៃ​អង្គារ។ AFP


ព្រះអង្គ​មានបន្ទូល​ថា៖«ជានិច្ចកាល ខ្ញុំ​បាន​សង្កេតឃើញ​ថា ក្រុមប្រឹក្សា​ធម្មនុញ្ញ ជាស្ថាប័ន​តុលាការ​ធម្មនុញ្ញ បានបំពេញ​តួនាទី​ដ៏ល្អប្រពៃ និងសុក្រឹត​បំផុត ជាអាជ្ញា​កណ្ដាល​ក្នុងការទំនាក់ទំនង​រវាង​ស្ថាប័ន​កំពូលៗ​របស់​ជាតិ ជាអាទិ៍​រវាង​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ជាពិសេស​នៅពេល បោះឆ្នោត​សកល និងអសកល​ម្ដងៗ ឱ្យមាន​ដំណើរការ​យ៉ាងរលូន»។

ឆ្លៀតយកឱកាស​នេះ ព្រះអង្គ​សម្តែងនូវ​ការកោត​សរសើរ និងដឹងគុណ​ចំពោះ​បញ្ញវ័ន្ត បញ្ញវន្តី​ផ្នែក​ច្បាប់​ជាតិ និងអន្តរជាតិ​គ្រប់រូប ដែលបាន​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ការលះបង់​ខ្ពស់ ជួយរៀបចំ​តាក់តែង​សេចក្តីព្រាង​នៃ​រដ្ឋធម្មនុញ្ញ​ជាតិ​នេះកាល​ពី ៣០ឆ្នាំមុន ។


ជាមួយគ្នា​នេះដែរ ព្រះអង្គ​មានជំនឿ​យ៉ាងមុតមាំ​ថា ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ គ្រប់ស្ថាប័នជាតិ នឹងបន្ត​បំពេញ​ភារកិច្ច​តាមតួនាទី​របស់ខ្លួន​ប្រកបដោយ​ការទទួល​ខុសត្រូវ​ខ្ពស់ ដើម្បី​ធានា​ដល់កិច្ច​អភិវឌ្ឍន៍​ប្រជាជាតិ​យើង​ឱ្យ​សម្រេចបាន​នូវគោលដៅ​អភិវឌ្ឍ​ជាតិ​ឆ្នាំ២០៣០ និង ឆ្នាំ២០៥០ ក្លាយជា​ប្រទេស​រីកចម្រើន​រឹងមាំ,ប្រជារាស្ត្រ​ខ្មែរ ​មានជីវភាព​ធូរធារ​សម្បូណ៌​រុងរឿង រស់ក្នុង​សុខសន្តិភាព ស្ថិរភាព​ជានិច្ចនិរន្តរ៍​តទៅ។

ក្នុងឱកាស​នេះដែរ ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​លោក អ៊ឹម ឈុនលឹម បានថ្លែង​ថា ការអនុវត្ត​រដ្ឋធម្មនុញ្ញ​ក្នុងរយៈពេល ៣០ ឆ្នាំ​មកនេះ កម្ពុជា​សម្រេចបាន​នូវ​សមិទ្ធផល​ធម្មនុញ្ញ​ដ៏ថ្លៃថ្លា ស្របតាម​ឆន្ទៈ​ដែលសរសេរ​ចារឹក​ក្នុងបុព្វកថា​នៃ​ធម្មនុញ្ញ ក្នុងការកសាង​ប្រទេស​ជាតិ​ឱ្យ​ទៅជា «កោះសន្តិភាព» ឡើងវិញ​ដោយបរិបូរ។

លោកបញ្ជាក់​ថា៖«ផ្អែកលើ​មូលដ្ឋាន​នៃសមិទ្ធផល​ដ៏ធំធេង​លើ​គ្រប់​វិស័យ ដែលសម្រេច​បានក្នុង​រយ:ពេល​កន្លងមក កម្ពុជា​ដោយមាន​រាជរដ្ឋាភិបាល​នីតិកាល​ទី៧​នៃរដ្ឋសភា​ជាស្នូល មានការប្ដេជ្ញា​ខ្ពស់ បន្ត​អនុវត្ត​រដ្ឋធម្មនុញ្ញ ដែលមាន​ស្មារតី​សម្របសម្រួល​រួមគ្នា​នៃគុណ​តម្លៃ​ទំនើប​និងគុណ​តម្លៃ​ប្រពៃណី​របស់​ជាតិ ដោយបន្ត​ពង្រឹង​ថាមពល​នៃ​កម្លាំង​នេះ»។

រដ្ឋធម្មនុញ្ញា​កម្ពុជា គឺជាសមិទ្ធផល​ប្រវត្តិសាស្រ្ត​ដែលត្រូវបាន​អនុម័ត​ដោយសភា​ធម្មនុញ្ញ​នៅថ្ងៃទី ២១​ខែកញ្ញ ឆ្នាំ ១៩៩៣ ដែល​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ នរោត្តម សីហនុ ទ្រង់ឡាយ​ព្រះហស្តលេខា​លើ​ព្រះរាជ​ក្រម​ប្រកាស​ឱ្យប្រើ៕

លោក​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក Antony J Blinken​។ AFP