​ភ្នំពេញៈ ក្រសួង​សុខា​ភិ​បាល​កម្ពុជា បានប្រកាស​ដាក់បញ្ចូល​ថ្នាំ​បង្ការ​ជំងឺមហារីក​មាត់ស្បូន​ដល់​កុមារី​ដែលមាន​អាយុ ​៩ ​ឆ្នាំ ទៅក្នុង​កម្មវិធី​ជាតិ​ផ្ដល់​ថ្នាំ​បង្ការ​ដើម្បី​ការពារ​ជំងឺ​​មហារីក​មាត់ស្បូន ខណៈ​កម្ពុជា​ក៏មាន​គម្រោង​ផ្តល់​ថ្នាំ​បង្ការ​នេះ​ដល់​កុមារី ដែលមាន​អាយុលើសពី​ ៩​ ឆ្នាំ តាមរយៈ​ការធ្វើ​យុទ្ធនាការ​ក្នុង​ឆ្នាំ​ ២០២៥​ ផង​​ដែរ​។ ចាប់ពី​ថ្ងៃទី​ ៥ ខែតុលា ឆ្នាំ​ ២០២៣ នេះ​តទៅ ការផ្តល់​ថ្នាំ​បង្ការ​ជំងឺមហារីក​មាត់ស្បូន​ដោយ​មិន​គិតថ្លៃ​ដល់​កុមារី​អាយុ ៩​ ឆ្នាំ នៅ​ទូទាំងប្រទេស​នេះ​ធ្វើឡើង​តាមរយៈ​ការចុះ​ផ្តល់​សេវា​ជា​ទៀងទាត់​នៅតាម​សាលារៀន និង​សហគមន៍ និង​ការផ្តល់សេវា​ជាប្រចាំ​នៅ មណ្ឌល​សុខភាព​។​


​ការផ្តល់​នេះ​ធ្វើឡើង​ដោយ​ក្រសួងសុខាភិបាល សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​រដ្ឋបាល​មូលដ្ឋាន និង​ដោយមាន​ការគាំទ្រ​របស់​សម្ព័ន្ធ​សកល​សម្រាប់​វ៉ា​ក់​សាំង និង​ការផ្តល់​ថ្នាំ​បង្ការ (Gavi), WHO, Unicef និង​អង្គការ Clinton Health Access Initiative (CHAI)​។​

​លោក ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល មន្ត្រី​ពាក់​​ព័ន្ធ​ក្នុង​ក្រសួង និង​អង្គការ​ដៃគូ​ជាច្រើន​ចូលរួម​ជា​អធិបតីភាព ក្នុង​ពិធី​នេះ​ដែល​ប្រព្រឹត្តទៅ​នៅ​សាលាបឋមសិក្សា​ភ្នំពេញ​ថ្មី​។​


​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​រួមបានឱ្យដឹងថា ជំងឺ​​មហារីក​មាត់ស្បូន គឺជា​ជំងឺមហារីក​ដែល​កើតឡើង​ញឹក​ញាប់​ជាងគេ​លំដាប់​ទី៤ និង​ជា​មូលហេតុ​នៃ​ការបាត់​បង់ជីវិត​រប​ស់​ស្ត្រី បណ្តាលមកពី​ជំងឺ​មហារីក​នៅ​ទូទាំង​សកល​​លោក ដែល​ករណី​ភាគច្រើន​កើតមាន​នៅតាម​ប្រទេស​ដែលមាន​ចំណូល​ទាប និង​ចំណូល​មធ្យម​។

នៅ​កម្ពុជាជំងឺ​មហា​រីក​មាត់ស្បូន​ជា​ជំងឺមហារីក​ដែល​កើតមាន​ញឹកញាប់​ជាងគេ​លំដាប់​ទី​២ និង​ជា​មូលហេតុ​ចម្បង​ទី​៣ ​នៃ​មរណភាព​ដែល​បណ្តាលមកពី​ជំងឺមហារីក ក្នុងចំណោម​ស្ត្រី​គ្រប់​វ័យ ដោយមាន​ការប៉ាន់ប្រមាណ​ថា មាន​ករណី​ថ្មីៗ​ប្រមាណ ១ ១៣៥ ករណី និង​ស្លាប់ ៦៤៣​ ករណី​ជា​រៀងរាល់ឆ្នាំ​។ ភ័ស្តុតាង​ថ្មីៗ​ពី​អង្គការ​សុខភាព​ពិភពលោក​បង្ហាញថា ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺមហារីក​មាត់ស្បូន ​១​ ដូ​ស មាន​ប្រសិទ្ធភាព​កាត់​បន្ថយ​ការបង្ក​រោគ​ដោយ HPV និង​បង្ការ ជំងឺមហារីក​មាត់​ស្បូន​ពី ៨០-៩០​ ភាគរយ​។


​លោក ឈាង រ៉ា បាន​ថ្លែង​នា​ពិធី​នោះ​ថា​៖ «​តាមពិត​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺមហារីក​មាត់ស្បូន​នេះ ជាការ​ចង់បាន​របស់​ប្រជាពលរដ្ឋ​កម្ពុជា​យើង ហើយ​ជាពិសេស​ក្រសួង​សុខា​ភិ​បាល​បានរៀបចំ​គំនិត​នេះ​យូរ​មកហើយ​។ ដូចនេះ នៅពេលនេះ​ជា​ឱកាស​ប្រវត្តិសាស្ត្រ​ ១ ​ក្នុងនាម​យើងខ្ញុំ​ជា​មន្ត្រី​សុខាភិបាល​មានការ​រីករាយ​ក្នុងការ​អនុវត្ត​នេះ​»​។​

​លោក ឈាង រ៉ា បាន​បន្តថា ចំពោះ​ប្រជាពលរដ្ឋ ក៏មាន​ការ​​រីករាយ​ក្នុង​ការទទួល​ការផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺមហារីក​មាត់ស្បូន​នេះ​ចំពោះ​ស្ត្រី​ចាប់ពី កុមារី​អាយុ​៩​ឆ្នាំ ដែលមាន​អត្ថ​ប្រយោជន៍​ ១ ​ជីវិត គឺ​ចាក់​តែ​ ១ ​លើក​នៅពេលនេះ​គឺ​ការពារ​មហារីក​មាត់ស្បូន​បាន​ដល់​ទៅ​ជាង​ ៩០% ​នៅក្នុង​ជីវិត​របស់​ស្ត្រី​។​

​លោក​ថ្លែងថា​៖ «​វ៉ាក់សាំង​នេះ​ពិត​ជាមាន​អត្ថប្រយោជន៍​ធំធេង​ណាស់ ហើយ​នេះ​ជា​សមិទ្ធផល​ថ្មី​ដែល​យើង​មិនមែន​គ្រាន់តែ​ព្យាបាល​ ១ ​ពេល​ទេ តែ​គឺ​ការពារ​ ១ ​ជីវិត​ដោយ​ការចាក់​វ៉ាក់សាំង​ការពារ​មហា​រីក​មាត់ស្បូន​តែ​ ១​ ដូ​ស​»​។​

​លោក ឈាង រ៉ា ថ្លែងថា វ៉ា​ក់​សាំង​ការពារ​មហារីក​មាត់ស្បូន​នេះ មានតម្លៃ​ថ្លៃ តែ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​វិនិយោគ​សម្រាប់​វិស័យ​សុខាភិបាល ដែល​រាជ​រដ្ឋាភិបាល​ត្រូវតែ​ផ្តល់ឱ្យ​ប្រជា​ពលរដ្ឋ​ហើយ​ផ្តល់​ដោយ​ឥតគិតថ្លៃ ហើយក៏​គ្រោង​នឹង​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺមហារីក​មាត់​​ស្បូន​នេះ​ដល់​កុមារី​អាយុ​លើសពី ៩ ​ឆ្នាំ តាមរយៈ​យុទ្ធនាការ​ ១​ ដែល​នឹងត្រូវ​រៀបចំឡើង​ក្នុង​ឆ្នាំ​ ២០២៥​។​

​លោក Will Parks តំណាង​យូ​នី​សេ​ហ្វ​ប្រចាំ​នៅ​កម្ពុជា ថ្លែងថា សារៈសំខាន់​នៃ​សម​ធម៌​ក្នុងការ​ដាក់បញ្ចូល​វ៉ា​ក់​សាំង​បង្ការ​ជំងឺមហារីក​មាត់​ស្បូន​នៅ​កម្ពុជា និង​សារៈ​សំ​ខាន់​នៃ​ការផ្តល់សេវា​សុខភាព​ផ្លូវភេទ និង​សុខភាព​បន្ត​ពូជ​ប្រកបដោយ​គុណភាព​ដល់​កុមារី ជា​ផ្នែក​១​ នៃ​ការថែទាំ​សុខភាព​បឋម​។

​លោក​ថ្លែងថា​៖ «​យើង​ត្រូវ​ធានា​យ៉ាងណា​ឱ្យ​កុមារី​ដែល​បាន​បំពេញ​តាម​គ្រប់​លក្ខខណ្ឌ​ទាំងអស់ ជាពិសេស​កុមារី​រស់​នៅតាម​សហគមន៍​ដែលមាន​ហានិភ័យ​ខ្ពស់ សហគមន៍​ក្រីក្រ​នៃ​តំបន់​ប្រជុំជន សហ​គម​ន៍​ជនបទ​ដាច់ស្រយាល ក៏ដូចជា​ជនជាតិភាគតិច និង​អ្នក​ចំណាកស្រុក បានទទួល​វ៉ា​ក់​សាំង​បង្ការ​ជំងឺមហារីក​មាត់​ស្បូន ព្រមទាំង​សេវា​ចាំបាច់​សំខាន់ៗ​ទៀត សម្រាប់​សុខភាព​ផ្លូវភេទ និង​សុខភាព​បន្ត​ពូជ​របស់​ពួកគេ​»​។​

​លោក Pascal Ringwald តំណាង​ស្តីទី ​WHO ​ប្រចាំ​នៅ​កម្ពុជាបាន​ថ្លែងថា វ៉ាក់សាំង​បង្ការ​ជំងឺមហារីក​មាត់ស្បូន គឺជា​យុទ្ធសាស្ត្រ​បង្ការ​បឋម ​១​ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ឈាន​ឆ្ពោះទៅ​លុបបំបាត់​ជំងឺមហារីក​មាត់ស្បូន​។ ការ​សម្រេចបាន​នូវ​ការ​គ្របដណ្តប់​ជាង ៨០% នៃ​ការចាក់​ថ្នាំ​បង្ការ​ជំងឺមហារីក​មាត់ស្បូន ១ ​ដូ​ស នឹង​ផ្តល់​ប្រយោជន៍​ដល់​ប្រជាជន គ្រួសារ និង​សហគមន៍​កាន់តែច្រើន​នៅក្នុង​បណ្តា​ទសវត្សរ៍​ខាងមុខនេះ​។​

​ឆ្នាំ ​២០១៧-២០១៨ ក្រសួងសុខាភិបាល​បាន​អនុវត្ត​គម្រោង​សាកល្បង​ផ្តល់​ថ្នាំ​បង្ការ​ជំងឺ​មហារីក​មាត់ស្បូន ដល់​កុមារី អាយុ ៩​ ឆ្នាំ ក្នុងស្រុក​ចំនួន​ ១០ នៅ​ខេត្តសៀមរាប និង​ស្វាយ​​រៀង​ដោយ​ជោគជ័យ​៕