ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា បាន​បង្ហាញ​ការ​តាំង​ចិត្ត​រួមគ្នា​លើ​ការ​ពង្រឹង​កិច្ច​សហការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ ជូន​សិស្សានុសិស្ស និង​ពលរដ្ឋ​ពេញ​កម្លាំង ដើម្បី​អភិវឌ្ឍន៍​វិស័យ​ការងារ​ជំនាញ​ឱ្យ​កាន់តែ​ប្រសើរ និង​រីកចម្រើន​របស់​សង្គម​ជាតិ។


ការ​បង្ហាញ​គោល​បំណង​នេះ ត្រូវ​បាន​លើកឡើង​ក្នុង​ឱកាស​ដែល​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ អនុញ្ញាត​ទទួល​ជួប​ប្រធាន​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា លោក គង់ សំនៀង ដើម្បី​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ កាល​ពី​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២៣។ ក្នុង​ជំនួប​នោះ ភាគី​ទាំងពីរ​បាន​លើក​ឡើង​យ៉ាង​ផុលផុស​ស្តីពី​ចក្ខុវិស័យ​របស់​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ លើ​ការ​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេកទេស​ដែល​កំពុង​ក្លាយ​ជា​ប្រធាន​បទ​ចាប់​អារម្មណ៍​ពី​សំណាក់​ប្រជាពលរដ្ឋ។ នេះ​បើ​តាម​ក្រសួង​ការងារ។

លោករដ្ឋមន្ត្រី បាន​ពន្យល់​ពី​ការ​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ តាម​រយៈ​សាលា​បណ្តុះ​បណ្តាល​របស់​ក្រសួង បាន​និង​កំពុង​បណ្តុះបណ្តាល​ដល់​យុវជន និង​សិស្សានុសិស្ស ដើម្បី​បំពេញ​តម្រូវ​ការ​របស់​ទីផ្សារ​ការងារ​ដ៏​ទូលំ​ទូលាយ​នៅ​កម្ពុជា និង​បាន​លើកឡើង​ពី​សារសំខាន់​នៃ​ការ​បណ្តុះ​បណ្តាល​ជំនាញ​កម្រិត​បច្ចេកទេស​ទៅ​ដល់​ប្រជាពលរដ្ឋ​ពេញ​កម្លាំង​ក្នុង​ទីផ្សារ​ដែល​មាន​ស្រាប់ និង​កម្លាំង​យុវជន​ដែលត្រៀម​នឹង​ចូល​បម្រើ​ក្នុង​ទីផ្សារ​ការងារ​ដែល​កំពុង​មាន​តម្រូវ​ការ​ខ្ពស់។


ក្រោយ​ស្តាប់​ការ​បង្ហាញ​ពី​ចក្ខុវិស័យ​ក្រសួង​រួចមក ប្រធាន​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា លោក គង់ សំនៀង បាន​ប្រកាស​គាំទ្រ និង​ចង់​ចូលរួម​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ លើ​ការងារ​នេះ ខណៈ​ដែល​លោក​រដ្ឋមន្ត្រី ក៏​បាន​ស្វាគមន៍​ចំពោះ​បំណង​របស់​វិស័យ​ឯកជន​ក្នុង​ការ​ចូលរួម​គាំទ្រ​ការ​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេកទេស ដើម្បី​ផ្តល់​ជម្រើស​បន្ថែម​ដល់​សិស្សានុសិស្ស​ទៅ​តាម​ឧបនិស្ស័យ និង​ជាការ​ជួយ​ជ្រោមជ្រែង​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល។

លោក​រដ្ឋមន្រ្តី​ការងារ​បាន​បញ្ជាក់​ថា៖ «ការ​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេកទេស ដល់​ពលរដ្ឋ​កម្ពុជា​ដែល​ពេញ​កម្លាំង​ក្នុង​ទីផ្សារ និង​ត្រៀម​ចូលទីផ្សារ​ការងារ គឺជា​សសរស្តម្ភ​ដ៏​សំខាន់​មួយ ដើម្បី​បំពេញ​ចក្ខុវិស័យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ប្រទេស​អ្នក​មាន​នៅ​ឆ្នាំ ២០៥០»។


តាមរយៈជំនួបនេះដែរ ភាគីទាំងពីរ បាន​ប្រកាស​ជួយ​គាំទ្រ​គ្នា និង​ពង្រឹង​កិច្ច​សហការ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ដើម្បី​ឱ្យ​វិស័យ​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​នៅ​កម្ពុជា​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​ដើម្បី​វឌ្ឍនភាព និង​ការ​រីកចម្រើន​របស់​សង្គម​ជាតិ៕