ក្រសួង​សុខាភិបាល អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្ត​តាម​ការ​ណែនាំ និង​ប្រកាន់​ខ្ជាប់​នូវ​វិធានការ​ចំនួន ៣ មុន​ពេល អំឡុងពេល និង​ក្រោយ​ពេល​ទឹក​ជំនន់ ដើម្បី​កាត់​បន្ថយ​ឱ្យ​បាន​ជា​អតិបរមា​នូវ​ផល​ប៉ះពាល់​សុខភាព និង​អាយុ​ជីវិត​ជន​រងគ្រោះ។


តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​ការ​ការពារ​សុខភាព ត្រៀម​បង្ការ និង​ឆ្លើយតប ចំពោះ​ការ​ប្រែប្រួល​អាកាសធាតុ និង​គ្រោះ​ទឹក​ជំនន់ ក្រសួង​សុខាភិបាល បាន​បញ្ជាក់​ថា ស្ថានភាព​ធាតុ​អាកាស​នៅ​កម្ពុជា ជា​បន្ត​បន្ទាប់ និង​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ អាច​បង្ក​ឱ្យ​មានការ​ផ្លាស់​ប្ដូរ​នូវ របប​ទឹកភ្លៀង​នឹង​បង្ក​ឱ្យ​កើត​មាន​នូវ​គ្រោះ​ធម្មជាតិ​ដូចជា ទឹកជំនន់ ផ្គររន្ទះ ខ្យល់​កន្ត្រាក់ រលក​កម្ដៅ គ្រោះ​រាំងស្ងួត ដែលអាច​បណ្ដាល​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ហេដ្ឋា​រចនា​សម្ព័ន្ធ ទ្រព្យ​សម្បត្តិ សុខភាព អាច​បង្ក​ឱ្យ​មាន​ជំងឺឆ្លង ជំងឺ​មិនឆ្លង របួស និង​អាច​បាត់បង់អាយុ​ជីវិត​ប្រជាជន។ ការ​ត្រៀម​បង្ការ​នេះ ដោយ​ក្រសួង​សុខាភិបាល ផ្អែក​ទៅ​លើ​ការ​ព្យាករណ៍​ពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម។

ក្រសួង​សុខាភិបាល បាន​ណែនាំថា​ មុន​ពេល​ទឹក​ជំនន់ ពលរដ្ឋ​ត្រូវ​តាម​ដាន​ស្ថានភាព​ទឹកជំនន់ ត្រៀម​ទី​ទួល​សុវត្ថិភាព និង​ស្បៀង​អាហារ ត្រូវ​ធ្វើ​របង​ព័ទ្ធ​ជុំវិញ​ស្រះ ឬ​កន្លែង​ដែល​មាន​ទឹកជ្រៅ ត្រូវ​ថែរក្សា​បរិស្ថាន​ឱ្យ​បាន​ស្អាត និង​សាង​សង់​បង្គន់ ឱ្យ​ខ្ពស់​ដើម្បី​ការពារ​ទឹក​ជំនន់។


ចំណែក​អំឡុង​ពេល​មាន​ទឹក​ជំនន់ ក្រសួង​បាន​ណែនាំ​ថា មិន​ត្រូវ​ចូល​ទៅ​ក្នុង​ផ្ទះចាស់ ឬ​អគារ​ទ្រុឌទ្រោម​ព្រោះ​អាច​ស្រុត​បាក់​បែក​បង្ក​ឱ្យគ្រោះថ្នាក់, មិន​ត្រូវ​ប៉ះពាល់​គ្រឿង​ប្រើប្រាស់​អគ្គិសនី​ដោយ​ដៃសើម ឬ កំពុង​ឈរ​នៅ​ក្នុង​ទឹក។ នៅ​ពេល​ធ្វើ​ដំណើរ​ដោយ ជិះទូក ឬ កាណូត នៅពេល​យប់​ត្រូវ​មាន​ភ្លើង​បំភ្លឺ ត្រូវ​សម្រាន្ត​ក្នុង​មុង​គ្រប់​ពេល​ដើម្បី​ការពារ​ជំងឺ​គ្រុន​ឈាម គ្រុនចាញ់ និង​ជំងឺផ្សេងៗ ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​តាមដាន និង​ពិនិត្យ​ផ្ទៃពោះ​តាម​ការ​កំណត់​របស់​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ និង​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះថ្នាក់​ដោយសារ​ពស់ចឹក ឬ​សត្វ​អាសិរពិស​ផ្សេងៗ។

ដោយឡែក ក្រោយ​ពេល​ទឹកជំនន់ ក្រសួង​បាន​ជំរុញ​ឱ្យ​ពលរដ្ឋ បន្ត​បរិភោគ​ចំណី​អាហារ​ស្អាត ទឹកស្អាត និង​អនាម័យ​ខ្លួន​ប្រាណ​ឱ្យ​បានស្អាត ដើម្បី​ចៀសវាង​នូវ​ជំងឺ​ផ្សេងៗ ត្រូវ​បន្ត​សម្រាន្ត​ក្នុង​មុង​គ្រប់​ពេល ដើម្បី​ការពារ​ជំងឺ​គ្រុនឈាម​ជំងឺ​គ្រុនចាញ់ ជំងឺ​ហ្សីកា និងជំងឺ ផ្សេងៗទៀត ត្រូវ​ពិនិត្យ​មើលផ្ទះ​ក្រែង​មាន​បាក់​ស្រុត​នាំ​ឱ្យ​មាន​គ្រោះថ្នាក់ ប្រុង​ប្រយ័ត្ន​ក្រែង​មាន​សត្វពស់ ឬសត្វ អសិរពិស​ផ្សេងៗ។ អនាម័យ​បរិស្ថាន​ជុំវិញ និង​ក្នុង​ផ្ទះ ព្រោះ​ក្រោយ​ពេល​ទឹកស្រក​ទៅ បាន​បន្សល់​នូវ ភាព​កខ្វក់ និង​មេរោគ​ជាច្រើន​រស់នៅ​ក្នុងទឹក ចៀសវាង​នូវ​ការ​ដក់ទឹក​ជុំវិញ​ផ្ទះ និង​ក្នុងផ្ទះ​នាំ​ឱ្យ​មាន​ដង្កូវ​ទឹក​កើត​មូសខ្លា និង​មូស​ដែក​គោល​អាច​បង្ក​ឱ្យ​មាន​ជំងឺ​គ្រុនឈាម និង ជំងឺ​គ្រុនចាញ់ ស្តារ​និង​សម្អាតអណ្តូងទឹក​ឡើងវិញ​មុន​នឹង​ប្រើប្រាស់ ព្រមទាំង​ជួសជុល និង​សង់បង្គន់​ឡើងវិញ​ដោយ​ជានិច្ចកាល ត្រូវ​បន្ទោបង់​ក្នុង​បង្គន់​គ្រប់ពេល។


ក្រសួងបញ្ជាក់​ទៀតថា៖«មុនពេល អំឡុងពេល និង​ក្រោយ​ពេល​ទឹក​ជំនន់ ប្រសិន​បើ​លោក​អ្នក​មាន​បញ្ហា​សុខភាព​សូម​ស្វែង​រក​ការ​ពិគ្រោះ ពិនិត្យ និង​ព្យាបាល​ជំងឺ​ជា​បន្ទាន់​នៅ​ប៉ុស្តិ៍​សុខភាព​ក្បែរ​ទីទួល​សុវត្ថិភាព ​ឬ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​អ្នក​បំផុត»៕