ភ្នំពេញៈ រាជ​រដ្ឋាភិ​​បាល​កម្ពុជា ចូល​រួម​សោក​ស្តាយ និង​រំលែក​ទុក្ខ​ចំពោះ​ការ​បាត់​បង់​ជីវិត​និស្សិត​ខ្មែរ​ម្នាក់​ក្នុង​ហេតុ​ការណ៍​ប្រយុទ្ធ​គ្នា​​រវាង​កង​ទ័ព​អ៊ីស្រា​អែល និង​ក្រុម​ហាម៉ាស់ ដែល​បាន​ផ្ទុះ​ឡើង​នៅថ្ងៃ​ទី៧ ខែ​តុលា ឆ្នាំ​២០២៣។


តាមសេចក្តីថ្លែងការរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅព្រឹកនេះបានឱ្យដឹងថា មាននិស្សិតខ្មែរម្នាក់ បានទទួលរងគ្រោះរហូតដល់បាត់បង់ជីវិត ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលបានផ្ទុះឡើងនៅថ្ងៃទី៧ ខែតុលា។ រាជរដ្ឋាភិបាលបានសូមសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះការបាត់បង់ជីវិតនិស្សិតខ្មែររូបនេះ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារសពជនរងគ្រោះ។

បើតាមអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ភ្លាមៗក្រោយពីទទួលបានដំណឹង នៃការប្រយុទ្ធគ្នានោះ និងដោយអនុវត្តតាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្រសួងការបរទេស និង​សហ​ប្រតិបត្តិ​ការ​អន្តរ​ជាតិ ព្រម​ទាំងស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជា បានធ្វើទំនាក់ទំនងជាប់ជាប្រចាំជាមួយរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធរបស់អ៊ីស្រាអែល ដើម្បីជួយផ្ដល់ការការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋខ្មែរ ទាំង​អស់ដែល​កំពុង​មា​ន​វត្តមាននៅទីនោះ។


អង្គភាព​បញ្ជាក់​ថា៖«រហូត​មក​ទល់​ពេលនេះ ក្រុមការងារយើងបានទាក់ទងជាមួយនិស្សិតខ្មែរភាគច្រើនរួចហើយដើម្បីតាមដានពីសុវត្ថិភាពរបស់ពួកគេ»។រាជរដ្ឋាភិបាល កំពុង​បន្តតាម​ដាន​យ៉ាង​យកចិត្តទុក​ដាក់បំផុត​ចំពោះ​សភាព​ការណ៍ក្នុងប្រទេសអ៊ីស្រាអែល និងសហការជាប់ជាប្រចាំជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋខ្មែរយើងនៅទីនោះ»។

ប្រជាពលរដ្ឋខ្មែរដែលកំពុងមានវត្តមានក្នុងប្រទេសអ៊ីស្រាអែល អាចទាក់ទងតាមប្រព័ន្ធ Whatapps ឬ Telegram មកលេខទូរស័ព្ទ +85586881688 ដើម្បីរាជរដ្ឋាភិបាលអាចទទួលព័ត៌មានបន្ថែមអំពីសុវត្ថិភាព និង​ជួយ​ផ្ដល់​ការ​សម្របសម្រួលឱ្យបានទាន់ពេលវេលាក្នុងករណីចាំបាច់។ នេះបើតាមការបន្ថែមរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។


សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ក្រសួង និងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសតួកគី និងប្រចាំប្រទេសអេហ្ស៊ីប កំពុង​តាម​ដាន​ដោយ​ផ្ទាល់​ចំពោះ​ការ​វិវត្ត​សភាពការណ៍នៅ ប្រទេសអ៊ីស្រាអែល ព្រមទាំងបាន និងបន្តទំនាក់ទំនងដោយផ្ទាល់ជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីនោះ។

ក្រសួងបញ្ជក់ថា៖«ក្នុងករណីត្រូវការជំនួយកិច្ចការកុងស៊ុល សូមមេត្តាទាក់ទងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសតួកគី តាមរយៈទូរស័ព្ទលេខ +90 534 459 9689 ឬ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអេហ្ស៊ីប តាមរយៈទូរស័ព្ទលេខ +20 115 627 9999»។

សារសំឡេងបន្ទាន់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត តាមរយៈបណ្តាញតេឡេក្រាមបានឱ្យដឹងថា បច្ចុប្បន្នមានប្រជាពលរដ្ឋខ្មែរជាង ៤៥០នាក់ កំពុងនៅទីនោះ ដែលភាគច្រើនជានិស្សិតកំពុងតែសិក្សា។ ចាប់​ពី​ស្ថាន​ភាព​ដែល​ផ្ទុះ​ការវាយប្រហាររាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាខ្លាំង ដោយប្រគល់ភារកិច្ចទៅក្រសួងការបរទេស និងក្រសួងកសិកម្ម ក៏ដូចជា​ស្ថាប័ន​សន្តិសុខ​ធ្វើការ​ទាក់​ទង​ជាប្រចាំ​ជាមួយ​អាជ្ញាធរ​អ៊ីស្រាអែល​ធ្វើ​យ៉ាង​ណា​ជួយប្រជាពលរដ្ឋជាពិសេសនិស្សិតនៅទីនោះ។

លោកថ្លែងថា៖«ខ្ញុំសូមអំពាវនាវឱ្យប្រជាពលរដ្ឋយើងដែលមានវត្តមាននៅប្រទេសអ៊ីស្រាអែល ពិសេសក្មួយៗ ប្អូនៗ និស្សិតដែលកំពុងរៀននៅទីនោះសូមព្យាយាមរក្សានូវសុវត្ថិភាពខ្លួន ពិសេស​ត្រូវ​អនុវត្ត​តាម​គោល​ការណ៍​ណែនាំ​របស់អាជ្ញាធរអ៊ីស្រអែល ហើយដាក់ខ្លួននៅកន្លែងសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួន»។

ជាមួយ​គ្នានោះ លោក ហ៊ុន សែន ប្រធានក្រុមឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ក៏បានធ្វើការអំពាវនាវដល់និស្សិតខ្មែរនៅប្រទេសអ៊ីស្រាអែលខិតខំធ្វើយ៉ាងណាការពារសុវត្ថិភាពផ្ទាល់ខ្លួន និងធ្វើតាម​ការណែនាំ​របស់​អាជ្ញាធរ​អ៊ីស្រាអែល។ ចំណែកមាតាបិតា ក្នុងប្រទេសសូមស្ងប់ស្ងៀមចិត្ត ព្រោះរាជរដ្ឋាភិបាលប្រាកដជាយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះ។

លោកថ្លែងថា៖«សូមជនរួមជាតិរក្សានូវភាពស្ងប់ស្ងាត់ ហើយក៏សូមជឿជាក់លើសមត្ថភាពដោះស្រាយបញ្ហារបស់អាជ្ញាធរអ៊ីស្រាអែលក្នុងការប្រឆាំងជាមួយកម្លាំងភេរវកម្ម»៕