ភ្នំពេញៈ លោក នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មានបានអំពាវនាវទៅដល់អ្នកប្រើប្រាស់បណ្ដាញសង្គម និងអ្នកសារព័ត៌មានបញ្ឈប់ចែកចាយរូបភាព វីដេអូអំពើហិង្សា ឬឃាតកម្ម តាមប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុក តិកតុក ប្រព័ន្ធទំនាក់ទំនងតេឡេក្រាម និងបណ្តាញសង្គមផ្សេងៗទៀត ដើម្បីកុំឱ្យប៉ះពាល់ផ្លូវចិត្តរបស់គ្រួសារអ្នករងគ្រោះ។
ការលើកឡើងបែបនេះបន្ទាប់ពីមានករណីចាក់ផ្សាយ និងចែកចាយបន្តជាហូរហែនូវរាល់រូបភាព វីដេអូ នៃអំពើឃាតកម្មឃោរឃៅ ឃាតកម្មនៅលើទំព័រអ៊ីនធឺណិត និងបណ្តាញសារព័ត៌មានក្នុងស្រុកនានា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលរូបភាពទាំងនេះអាចធ្វើឱ្យប៉ះពាល់ទៅដល់អ្នកអាន និងជនរងគ្រោះ និងគ្រួសារជនរងគ្រោះផងដែរ។
លោក នេត្រ ភក្ត្រា បានសរសេរលើបណ្តាញហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី ៧ ខែតុលា ដោយបានអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកទាំងអស់បញ្ឈប់រាល់សកម្មភាពចែករំលែករាល់រូបភាព ឬវីដេអូហិង្សា ឃាតកម្មនានា នៅលើបណ្តាញសង្គម ដែលធ្វើឱ្យប៉ះពាល់ទៅដល់ជនរងគ្រោះ និងបង្ហាញអំពីអំពើឃោរឃៅនៅបណ្តាញសង្គម។
លោករដ្ឋមន្ត្រីបានឱ្យដឹងទៀតថា៖ «សូមបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទ កុំបន្តចែករំលែក និងផ្សព្វផ្សាយរូបភាពទាំងនោះ ព្រោះវាបានប៉ះពាល់ដល់ផ្លូវចិត្ត និងអារម្មណ៍របស់ក្រុមគ្រួសារជនរងគ្រោះដែលកំពុងតែរងភាពឈឺចាប់ និងការបាត់បង់សមាជិកគ្រួសាររបស់ខ្លួន និងក៏បានប៉ះពាល់ដល់ផ្លូវចិត្ត និងសតិអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋផ្សេងៗទៀតផងដែរ»។
លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ចំពោះការចែកចាយផ្សាយរាល់រូបភាពរបស់ជនរងគ្រោះបែបនេះគឺផ្ទុយពីវិជ្ជាជីវៈសារព័ត៌មាន ដែលទាមទារឱ្យរាល់អ្នកកាសែតទាំងអស់ប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈទាំងនេះដើម្បីផ្តល់សេចក្តីថ្លៃថ្នូរ និងគោរពទៅដល់ក្រុមគ្រួសារ និងជនរងគ្រោះ។
លោកបញ្ជាក់ថា៖ «ចំពោះបងប្អូនអ្នកសារព័ត៌មាន សូមគោរពគោលការណ៍នៃក្រមសីលធម៌ដែលចែងក្នុងច្បាប់ស្តីពីរបបសារព័ត៌មាន គឺហាមបោះពុម្ពផ្សាយអត្ថបទ ឬរូបភាពអាសអាភាស និងរូបភាពនៃអំពើហិង្សា»។
«ដើម្បីគោរពដល់ក្រុមគ្រួសារនៃជនរងគ្រោះ និងជនរងគ្រោះ បងប្អូនអាចចែករំលែករូបភាពដែលមិនប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងឯកជនភាពរបស់ជនរងគ្រោះ ឬធ្វើឱ្យរូបភាពនោះប្ល៊ើ (រូបមិនច្បាស់) មុននឹងផ្សព្វផ្សាយ និងចែករំលែក។ ធ្វើដូច្នេះ គឺគោរពក្រមសីលធម៌វិជ្ជាជីវៈផង និងគោរពដល់ជនរងគ្រោះផង!» ។ នេះបើយោងតាមសាររបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន។
លោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បានថ្លែងនៅថ្ងៃទី៨ ខែតុលា ថា ការចែកចាយរូបភាព វីដេអូអំពើហិង្សា និងឃាតកម្ម ដែលធ្វើឱ្យអ្នកអាន អ្នកទស្សនាភ័យរន្ធត់ ត្រូវបានចាត់បញ្ចូលទៅក្នុងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន។
លោកបន្តថា៖ «ទាំងនេះអ្នកសារព័ត៌មានរបស់យើងគួរតែអនុវត្ត និងគោរពឱ្យបានម៉ឺងម៉ាត់។ មួយវិញទៀតបច្ចុប្បន្នជាសម័យឌីជីថលដែលគ្រប់អ្នកសារព័ត៌មានអាចផ្សព្វផ្សាយតាមអ៊ីនធឺណិតបាន។ យើងមើលឃើញថា គោលការណ៍របស់អ៊ីនធឺណិតក៏មិនអនុញ្ញាតឱ្យបង្ហោះរូបភាព វីដេអូ មានលក្ខណៈហិង្សា ជាពិសេសឃាតកម្ម បើមិនដូច្នេះទេអុីនធឺណិតនឹងធ្វើការដកចេញមាតិកានោះ» ។
លោក ណុប វី ថ្លែងថា អ្នកសារព័ត៌មានក្នុងស្រុកមួយចំនួនមិនទាន់បានអនុវត្ត និងគោរពឱ្យបានត្រឹមត្រូវលើការផ្សព្វផ្សាយរបស់ខ្លួនពីសកម្មភាពមានរូបភាពជាអំពើឃោរឃៅទាំងអស់នេះទេ។
យោងតាមច្បាប់ស្ដីពីរបបសារព័ត៌មាន មាត្រា ១៤ ចែងថា សារព័ត៌មានមិនត្រូវផ្សព្វផ្សាយអ្វីដែលប៉ះពាល់ដល់ប្រពៃណីល្អរបស់សង្គម ដែលមានដូចជា ពាក្យអសុរោះ ពាក្យដែលពិពណ៌នាចំៗ ពីសកម្មភាពរួមរក្ស រូបគំនូរ ឬរូបថតដែលបង្ហាញនូវកេរ្តិ៍ភេទឬអាក្រាតកាយ លើកលែងតែសម្រាប់ទិសដៅអប់រំប៉ុណ្ណោះ។
មាត្រា ១៥ ចែងថា លើកលែងតែមានការអនុញ្ញាតពីតុលាការ សារព័ត៌មានមិនអាចផ្សាយដំណឹង រូបថត ឬគំនូរ ដែលអាចឱ្យអ្នកអានស្គាល់ឈ្មោះ និងភិនភាគនៃភាគីក្នុងរឿងរដ្ឋប្បវេណី ទាក់ទងនឹងបិតុភាព អាពាហ៍ពិពាហ៍ រឿងលែងលះប្ដី-ប្រពន្ធ រូបភាពយុវជនអាយុតិចជាង ១៨ ឆ្នាំក្នុងរឿងវិវាទរដ្ឋប្បវេណី ឬព្រហ្មទណ្ឌ និងរូបភាពស្ត្រីរងគ្រោះពីអំពើរំលោភសេពសន្ថវៈ៕