​ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​ បានប្រកាស​ឱ្យដឹងថា ក្នុង​រយៈ​ពេល ៧ ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ១ ដល់ទី​ ៧ ខែតុលា ប្រជាពលរដ្ឋ​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​ថ្មី មាន​ចំនួន ៧៤ ២៩១ ​នាក់​។​


​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ​.​ជ​.​ប នៅ​ថ្ងៃទី​ ៨ ខែតុលា ឱ្យដឹងថា លទ្ធផល​បណ្ដោះអាសន្ន​ស​ម្រា​ប់​ថ្ងៃទី​ ៧ នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​ ២០២៣ នៅ​ទូទាំងប្រទេស ប្រជាពលរដ្ឋ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី មាន ១៤ ០១៦​ នាក់ អ្នក​ដែល​នឹងត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត មាន ៦ ២៩៦ ​នាក់ អ្នក​បាន​ស្នើសុំ​កែតម្រូវ​ទិន្ន​​ន័យ​មាន ១ ៣១៥ ​នាក់ និង​អ្នក​ដែល​បាន​ផ្ទេរ​ទីលំនៅ​ចូលក្នុង​ឃុំ​-​សង្កាត់​ថ្មី មាន ២ ៨១៨ ​នាក់​។​

​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ ​២០២៣ ​តាម​ឃុំ សង្កាត់​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ​១ ដល់​ថ្ងៃទី ​១៩ ខែតុលា ឆ្នាំ ​២០២៣ គិត​ទាំង​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​។ ក្នុងអំឡុង​ពេលនេះ​ប្រជាពលរដ្ឋ​ទៅពិនិត្យ​មើល​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ចុងក្រោយ​នៅតាម​ឃុំ សង្កាត់ ឬ​តាម​គេហទំព័រ voterlist.nec.gov.kh ឬ​កម្មវិធី​ទូរស័ព្ទដៃ App NEC KH​។


​ប្រសិនបើ​ពិនិត្យឃើញថា មានការ​កត់ត្រា​មិនបាន​ត្រឹម​ត្រូវ​តាម​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដែលមាន​សុពល​ភាព សាមីខ្លួន​អាច​ស្នើសុំ​កែតម្រូវ​ជាមួយ​ក្រុម​ចុះឈ្មោះ​បោះឆ្នោត​។​

​គ​.​ជ​.​ប បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​មិនទាន់បាន​ចុះឈ្មោះ​បោះឆ្នោត​ពីមុនមក ឬ​អ្នក​ដែល​ទើប​គ្រប់​អាយុ​ ១៨​ ឆ្នាំ គិតដល់​ថ្ងៃទី ​៣១ ខែធ្នូ ឆ្នាំ ២០២៣ ឬ​អ្នក​ដែល​បាន​ផ្លាស់​លំនៅឋាន ឬ​ទី​​សំណាក់​ចូលក្នុង​ឃុំ សង្កាត់​ថ្មី សូម​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ឱ្យបាន​គ្រប់ៗ​គ្នា​នៅ​ឃុំ សង្កាត់ ដែល​សាមីខ្លួន​កំពុង​រស់នៅ ឬ​ស្នាក់នៅ​។​


​លោក សោម សូ​រី​ដា អ្នក​នាំ​ពាក្យ គ​.​ជ​.​ប បានឱ្យដឹង​នៅ​ថ្ងៃទី​ ៨ ខែតុលា​ថា ដំណើរការ​នៃ​ការ​​ពិនិត្យ​បញ្ជី និង​ចុះឈ្មោះ​បោះ​​ឆ្នោត​ក្នុង​រយៈពេល​ ៧ ​ថ្ងៃ​កន្លងទៅ​នៅ​ទូទាំងប្រទេស បាន​ប្រព្រឹត្ត​ទៅដោយ​រលូន មាន​សន្តិសុខ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ល្អ ទោះជា​ជួប​ប្រឈម​បញ្ហា​ទឹក​​ជំនន់​ដោយ​កន្លែង​ក៏ដោយ​។

​លោក​បញ្ជាក់ថា​៖«​តាម​លទ្ធផល​ដែល​ខាង គ​.​ជ​.​ប ទទួលបាន​ពី​បណ្តា​រាជធានី​-ខេត្ត គឺ​តួលេខ​នៃ​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​មាន​ចំនួន​ជាង ១ ​ម៉ឺន​នាក់​ក្នុង ១ ​ថ្ងៃ ខណៈ​តាម​ការប៉ាន់ស្មាន​នៃ​ការចុះឈ្មោះ​ថ្មី​មាន​ជាង ២៨ ម៉ឺន​នាក់ សម្រាប់​ការចុះឈ្មោះ​ថ្មី ឆ្នាំ​ ២០២៣ នេះ​។ យើង​រំពឹងថា តាមរយៈ​ទិ​នុ្ន​ន័យ​ដែល គ​.​ជ​.​ប ទទួលបាន​នេះ ការចុះឈ្មោះ​អ្នកបោះឆ្នោត នឹង​អាច​សម្រេច​ទៅតាម​ផែនការ​»​។

​លោក​សម គ​ន្ធា​មី នាយក​ប្រតិ​ប​ត្តិ​អង្គការ​និក​ហ្វិ​កបាន​ថ្លែង​នៅ​ថ្ងៃទី​ ៨ ខែតុលា​ថា ដំណើរការ​នៃ​ការពិនិត្យ និង​ចុះឈ្មោះ​បោះឆ្នោត ក្នុង​រយៈពេល ៧​ថ្ងៃ​មកនេះ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន និង​មិនមាន​ភាពមិនប្រក្រតី​ណាមួយ​កើតឡើង​ទេ​។ ប៉ុន្តែ​លោក​កត់សម្គាល់​ឃើញថា ការផ្សព្វផ្សាយ​ពី​ការពិនិត្យ និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ ​២០២៣ រប​ស់គ​.​ជ​.​ប នៅមានកម្រិត និង​មិនបាន​ជ្រួតជ្រាប​ព័​ត៌​​មាន​ដល់​ប្រជាពលរដ្ឋ​នោះទេ​។​

​លោក​ស្នើ​ដល់ គ​.​ជ​.​ប បន្ត​ផ្សព្វ​ផ្សាយឱ្យបាន​ទូលំទូលាយ​បន្ថែមទៀត​ពី​ការពិនិត្យ និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​ ២០២៣​ នេះ ដើម្បី ឱ្យ​ពលរដ្ឋ​ចូលរួម ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​លើ​ដំណើរការ​នេះ​។​

​បើតាម គ​.​ជ​.​ប ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​ ២០២៣ មាន​រយៈពេល ១៩ ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​ ១ រហូតដល់​ថ្ងៃទី ​១៩ ខែតុលា ឆ្នាំ ២០២៣ រៀង​រាល់ថ្ងៃ រួមទាំង​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អា​​ទិ​ត្យ​ដែល​ពេលព្រឹក​ចាប់ពី​ម៉ោង ៧:០០ ដល់​ម៉ោង ១១:៣០​ នាទី​ថ្ងៃត្រង់ និង​ពេល​រសៀល​ចាប់​​ពី​ម៉ោង ២:០០ ដល់​ម៉ោង ៥:៣០ ​នាទី​ល្ងាច នៅតាម​សាលាឃុំ សង្កាត់ និង​ទីតាំង​មួយចំនួន​។ ក្នុងនោះ កបឃ​សត្រូវ​បិទ​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត ​១ លើក​ដើម្បី​ប្រជុំ​ជាមួយ​ក្រុម​ចុះឈ្មោះ​បោះឆ្នោត ត្រួតពិនិត្យ​ការអនុវត្ត​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះ​ឈ្មោះ​បោះឆ្នោត​៕