ភ្នំពេញៈ លោក​ស្រី​ ពេ​ជ ចន្ទ​មុន្នី អនុប្រ​ធាន​ក្រុម​ប្រឹក្សា​ភិបាល​សមា​គម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA)​ បាន​បញ្ជាក់​ថា អតីត​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​ភរិយា ​បាន​ប្តេជ្ញា​ចិត្ត​បន្ត​ជួយ​គាំទ្រ​បេសក​កម្ម​របស់​ក្រុម​គ្រូពេទ្យ​​ TYDA ជាប់​ជា​ប្រចាំ​ ដើម្បី​ចូល​រួម​ចំណែក​ព្យា​បាល​ពលរដ្ឋ​ដល់​មូល​ដ្ឋាន​ដោយ​មិន​គិត​ថ្លៃ​។​


​ការលើក​ឡើងរ​បស់លោក​ស្រី ​ពេ​ជ ចន្ទ​មុន្នី ដូច្នេះ ​ធ្វើ​ឡើង​ក្នុង​ពេល​លោកស្រី​ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យ ​និង​ព្យា​បាល​ជំងឺ​ជូន​ដល់​ប្រជា​ពលរ​ដ្ឋ​របស់​ក្រុម​គ្រូ​ពេទ្យ​ TYDA នៅ​វិទ្យា​ល័យ​ច្បារ​អំពៅ​ ខណ្ឌ​ច្បារ​អំពៅ ​រាជ​ធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃទី​៨ ខែតុលា ​ឆ្នាំ​២០២៣​។​

​យោង​តាម​ហ្វេស​ប៊ុក​លោក​នាយករ​ដ្ឋម​ន្ត្រី ហ៊ុន ម៉ា​ណែ​ត ផ្សព្វ​ផ្សាយ​កាលពី​​ថ្ងៃទី​៩​ ខែតុលា បាន​ឱ្យដឹង​ថាក្នុង​ឱកា​សនោះ ​លោក​ស្រី ពេ​ជ ចន្ទ​មុន្នី បាន​ថ្លែង​ថា​៖ «​សម្តេច​តេ​ជោ ហ៊ុន សែ​ន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន ​រ៉ានី ​ហ៊ុនសែន តែង​តែ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​អំពី​សុខ​ទុក្ខ និង​សុខ​ភាព​របស់​លោក​យាយ​លោក​តា​ អ៊ំ​ពូ​មីង បង​ប្អូន​ប្រជា​ពល​រដ្ឋ​ជាប់​ជា​ប្រចាំ​»​។​


​លោក​ស្រី​បន្ថែម​ថា លោក​ហ៊ុន ​សែន អតីត​នាយក​រ​ដ្ឋមន្ត្រី​និង​ភរិយា​បាន​បង្ហាញ​ការប្តេជ្ញា​ចិត្ត​បន្ត​ជួយ​គាំទ្រ​ការ​ព្យាបា​ល​និង​ផ្តល់​សេវា​សុខភាព​ដល់​ប្រជាជ​ន​ដល់​មូល​ដ្ឋាន​របស់​ក្រុម​គ្រូពេទ្យ ​TYDA ជា​រៀង​រហូត ​ដែលសកម្ម​ភាព​ទាំង​នេះ​មា​នរយៈ​ពេល​១១​ឆ្នាំ​មក​ហើយ​។​

​គួរ​ជម្រាប​ជូន​ថា ក្នុង​រយៈពេល​ជិត ​១១ឆ្នាំ មកនេះ​ សមាគម​​គ្រូពេទ្យ​ស្ម័គ្រចិ​ត្ត​យុវជន​សម្តេច​តេ​ជោ ហៅ​កាត់​ថា ធីតា (TYDA) ក្រោម​ការ​ដឹកនាំ​របស់​លោក​ហ៊ុន​ ម៉ាណែ​ត និង​ភរិយា ​បាន​ចូល​រួម​ពិនិត្យ​ និង​ព្យាបា​ល​អ្ន​កជំងឺ​សរុប​ប្រមាណ​ជាង​៥​សែន​នាក់ ​ជួយ​បញ្ជូន​អ្នកជំ​ងឺ​ទៅ​ព្យា​បាល​បន្ត​ជាង៧​ពាន់​នាក់​ និង​ជួយ​វះកាត់​បេះ​ដូង​ជូន​អ្នក​ជំងឺ​បាន​ចំនួន ​៦៦​ នាក់​។​


​ប្រធាន​វិ​ទ្យាស្ថាន​វេជ្ជ​សាស្ត្រ​ជីវសា​ស្ត្រ និង​កសិកម្ម​នៃ​រាជប​ណ្ឌិត្យ​សភាកម្ពុជា​​លោក នុត សម្បត្តិ បាន​ថ្លែង​ថា សកម្ម​ភាព​ព្យា​បាល​ និង​ពិនិត្យ​ជំងឺ​ជូន​ពលរដ្ឋ​ឥត​គិត​ថ្លៃ​ជា​កាយវិ​ការ​មនុស្សធ​ម៌​ថ្លៃថ្លា​ ហើយ​ក្រុមគ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត TYDA ​នេះ​ជាម​រតក​ដ៏​ប្រពៃ​ដែល​លោក​អតីត​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​បន្សល់​ទុក​។

​លោក​ប្រាប់​ថា សកម្ម​ភាព​ទាំង​នេះ​ក៏បាន​ញ៉ាំង​ទឹកចិត្ត​យុវជ​ន​ឱ្យមាន​មន​សិការ​ស្រឡាញ់​ជាតិ ស្រ​ឡាញ់​អំពើ​មនុស្ស​ធម៌ ចេះ​សាម​គ្គី​ជាតិ​ផង​។​

​លោក​ថ្លែង​ថា​៖«​សកម្ម​ភាព​នេះ​បាន​ចូល​រួម​ចំណែក​លើក​កម្ពស់​វិស័យ​សុខ​ភាព​សា​ធារណៈ​។ ក្រុម​គ្រូ​ពេទ្យ TYDA បាន​ចុះ​ទៅ​តំបន់​ជនបទ​ឆ្ងាយៗ​ តំបន់​ដាច់​ស្រយាល ​ខណៈ​ពេទ្យ​រដ្ឋ​ធ្វើការ​តែ​ក្នុង​មន្ទីរ​ពេទ្យ​នោះ​ទេ​»​។​

ចំណែក​លោក​ យង់ គិ​ម​អេង ​ប្រធាន​មជ្ឈ​មណ្ឌល​ប្រជា​ពលរ​ដ្ឋ ដើម្បី​ការ​អភិវឌ្ឍ ​និង​សន្ដិភាព​ បាន​ថ្លែង​ថា ​ការ​ប្តេ​ជា្ញ​បន្ត​ជួយ​គាំទ្រ​បេសក​កម្ម​របស់​ក្រុម​គ្រូពេ​ទ្យ​TYDA ជាការ​ងារ​មួយ​ល្អ​ម្យ៉ាង ​ហើយ​ម្យ៉ាង​ទៀត​ប្រ​ជាពលរដ្ឋ​ដែល​ក្រីក្រ​មិន​អាច​មក​មន្ទីរ​ពេទ្យ​បាន ក្រុម​គ្រូ​ពេទ្យ​TYDA ក៏​ជួយ​សម្រួល​បាន​ច្រើន​ផង​ដែរ​។​

​លោក​បាន​បន្ត​ថា ប៉ុន្តែ​ការ​ជួយ​​របស់​ក្រុមគ្រូ​ពេទ្យ​នេះ​គ្រាន់​តែ​ជា​ការជួយ​បណ្តោះ​អាសន្ន​នោះ​ទេ​ តែ​ក្រសួង​សុខាភិ​បាល​ជា​អ្នក​គិតគូ​រលើក​កម្ពស់​វិស័យ​សុខាភិ​បាល​សាធា​រណៈ​ដោយ​ពង្រឹង​មន្ទី​រពេទ្យ​រដ្ឋ​ឱ្យមាន​គុណភា​ព សុវត្ថិ​ភាព​សម្រាប់​ប្រជា​ពលរដ្ឋ​ដោយ​ការ​ព្យាបា​ល​ជំងឺ​ដោយ​មាន​ការជឿ​ជាក់​ពី​ប្រជា​ពលរដ្ឋ​ដែល​ទាំង​នេះ​គឺ​ពិត​ជា​មាន​សារៈ​សំខាន់​៕