ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ចូលរួម​រំលែក​ទុក្ខ​តាមរយៈ​ទូរស័ព្ទ​ជាមួយ​ក្រុម​គ្រួសារ​សព​លោក ចាន់ ឧ​ត្ត​ម អាយុ​ ២៤ ​ឆ្នាំ ដែល​បាន​បាត់បង់​ជីវិត ក្នុង​ហេតុការណ៍​វាយប្រហារ​រវាង​កងក​ម្លាំ​ង​អ៊ី​ស្រា​អែល និង​ក្រុម​ហា​ម៉ាស់ កាលពី​ថ្ងៃទី​​​​ ៧ ខែតុលា ឆ្នាំ​ ២០២៣​។​


​យោងតាម​ហ្វេ​ស​ប៊ុ​កលោក ហ៊ុន ម៉ា​ណែ​ត នៅ​ថ្ងៃទី​ ៨ ខែតុលា ឆ្នាំ​ ២០២៣ បានឱ្យដឹងថា លោកនាយក​រដ្ឋមន្ត្រី បាន​ទូរស័ព្ទ​ជួប​ផ្ទាល់​ជាមួយ​ក្រុមគ្រួសារ​នៃ​សព​និស្សិត​ដែល​បាត់​បង់ជីវិត ដើម្បី​បញ្ជាក់​ពី​ការសោកស្តាយ និង​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀម​ក្រំ​បំផុត​ចំពោះ​ការបាត់បង់​កូន​​ប្រុស ចៅប្រុស និង​ប្អូនប្រុស​ជាទី​​ស្រឡាញ់​។

លោក ​ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា​៖ «​នេះ​ជាការ​បាត់បង់​ធនធានមនុស្ស​បញ្ញវន្ត​ដ៏​មាន​សក្តានុពល​របស់​ក​ម្ពុ​ជា ដែល​បាននិងកំពុង​បំពេញបេសកកម្ម​សិក្សា​ប​ង្កើ​ន​សមត្ថភាព​ដើម្បី​យកមក​បម្រើ​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ សាសនា និង​ព្រះមហាក្សត្រ និង​ប្រជាជន​កម្ពុជា ជាទី​ស្នេហា​បំផុត​របស់​យើង​»​។​


​លោកនាយក​រដ្ឋ​មន្ត្រី​បាន​សម្តែង​សេចក្តី​សោក​​ស្តាយ​ចំពោះ​ការបាត់បង់​យុវជន​ចាន់ ឧ​ត្ត​ម ដែលជា​និស្សិត​ឆ្នាំ​ទី​៣ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​។ ជាមួយគ្នានេះ លោក​ ហ៊ុន ម៉ា​ណែ​ត បាន​ចាត់តាំង​លោក មែ ស៊ីថន តំណាង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ចុះសួរសុខទុក្ខ​ក្រុមគ្រួសារ​សព​ដោយផ្ទាល់ ព្រមទាំង​នាំយក​សារលិខិត​សម្តែង​មរណទុក្ខ និង​សារ​រំលែក​ទុក្ខ​របស់លោក​ ហ៊ុន សែន ប្រធាន​​គណបក្ស​ប្រជាជន​កម្ពុជា​ជូន​ក្រុម​គ្រួសារ​សព​ផងដែរ​។

ជាមួយគ្នានេះដែរ ស្ថាប័ន​កំពូលៗ​ដូចជា គណបក្ស​ប្រជាជន​កម្ពុជា រដ្ឋសភា​និង​ស្ថាប័ន​ផ្សេងៗ​ទៀត ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍ និង​សារ​រំលែក​ទុក្ខ​ដល់​គ្រួសារ​សព​យុវ​សិស្ស​រូបនេះ​ផងដែរ ដោយបាន​ចាត់ទុក​មរ​ណ​ភាព​របស់លោក ​ចាន់ ឧ​ត្ត​ម ជាការ​បាត់បង់​ធនធានមនុស្ស​សំខាន់ និង​គួរឱ្យ​សោក​ស្តាយ​ជាទីបំផុត​សម្រាប់​ជាតិ​។​


​លោក​ ហ៊ុន សែន ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជា បាន​ផ្ញើ​សារ​លិខិត​រំលែក​មរណទុក្ខ​ជូន​លោក ចាន់ ឈាង​គី និង​លោកស្រី នង ណា​រុន​ ដែលជា​ឪពុកម្តាយ​របស់លោក ចាន់ ឧ​ត្ត​ម កាលពី​ថ្ងៃទី​ ៨ ខែតុលា​។ លោក​សរសេរថា​៖ «​ក្នុងនាម​គណបក្ស​ប្រជាជន​​កម្ពុជា និង​ក្នុង​នាមខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​មាន​ក្ដី​រំជួលចិត្ត​ឥតឧបមា និង​ការសោកស្ដាយ​ជា​ពន់ពេក​ដោយបាន​ទទួល​ដំណឹង​ដ៏​ក្រៀមក្រំ​ថា លោក ចាន់ ឧ​ត្ត​ម ដែលជា​កូនបង្កើត​របស់លោក​លោកស្រី និង​ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​​ភូមិន្ទ​កសិកម្ម (​ចំការ​ដូង​) បានទទួល​មរណភាព​ដោយសារ​ហេតុ​​ការណ៍​ប្រយុទ្ធ​គ្នា​រវាង​កងទ័ពអ៊ី​ស្រា​អែល និង​ក្រុម​ហា​ម៉ាស់​ក្នុងអំឡុងពេល​លោក​កំពុង​ស្នាក់​​នៅ និង​បន្ត​ការសិក្សា​នៅ​ប្រទេស​អ៊ី​ស្រា​អែល​»​។

​ទាក់ទង​ទៅនឹង​បញ្ហា​ពលរដ្ឋ​ខ្មែរ ដែល​កំពុងស្នាក់នៅ​ក្នុង​ប្រទេស​អ៊ី​ស្រា​អែល លោក ​ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​ពិធី​បិទ​បញ្ចប់​កញ្ចក់​កាមេរ៉ា​​ថត​ខ្សែភាពយន្ត​ភាគ​រឿង «​កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញបូណ៌មី​» ដែល​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​អន្តរជាតិ​ជ្រោយចង្វារ នៅ​ថ្ងៃទី ៩ ​ខែតុលា​ថា​៖ «​ប្រសិនបើ​រត់ចោល​ប្រជាជន​អ៊ី​ស្រា​អែល ក្នុងពេលដែល​ប្រជាជន​អ៊ី​ស្រា​អែល​ជួប​ការលំបាក​ថ្ងៃក្រោយ​កុំ​ចាំបាច់​សុំ​ទៅ​រៀន​ឬ​សុំ​ទៅធ្វើ​ការ​នៅ​ប្រទេសអ៊ីស្រ​អែល​តទៅទៀត​»​។

​លោក​បាន​លើកឡើងថា ក្នុងករណី​ដែល​រដ្ឋាភិបាល​អ៊ីស្រា​អែល​ថា ចាំបាច់​ត្រូវតែ​ជម្លៀស​ប្រជាពលរដ្ឋ​និស្សិត​កម្ពុជា​ចេញ នៅពេលនោះ​កម្ពុជា មិន​ខ្លា​ចនឹង​ការចំណាយ​ប្រាក់​កាក់​ជួល​យន្តហោះ​ពិសេស​ទៅ​ដឹក​និស្សិត​ខ្មែរ​ជាង​ ៤០០​ នាក់ ចាកចេញ​ពីអ៊ី​ស្រា​អែល​នោះទេ ប៉ុន្តែ​លោក​មិន​ជឿថា អ៊ីស្រា​អែល​គាត់​នឹងមាន​សំណូមពរ​បែបនេះ​ចំពោះ​កម្ពុជា​នោះឡើយ​។

​លោក​ ហ៊ុន សែន​ បញ្ជាក់ថា​៖ «​អ្វីដែល​យើង​ចង់បាន សូមឱ្យ​ភាគី​ទាំងអស់ អត់ធ្មត់​ស្វែងរក​ផ្លូវ​ដោះ​​ស្រាយ​តាមរយៈ​នៃ​ការសន្ទនា​ហើយ​ខ្ញុំ​ក៏​សូម​អំពាវនាវ​ចំពោះ​ក្រុម​ហា​ម៉ាស់ សូមឱ្យ​ដោះលែង​ចំណាប់​ខ្មាំង​ដែល​បាន​ចាប់ ក្នុង​ហ្នឹង​ក៏មាន​ពលរដ្ឋ​ថៃ ចំនួន​ជាង​ ១០​ នាក់​ផងដែរ វា​មិនមាន​ផលប្រយោជន៍​សម្រាប់​ពួក​អ្នក​ទេ ប្រសិនបើ​អ្នក​ចាប់ជំរិត ចាប់​ជា​ចំណាប់​ខ្លាំង​យកទៅ​សម្លាប់ ឬ​ធ្វើបាប​»​។​

​ជាមួយគ្នានេះ​រដ្ឋសភា​បានចេញ​សេចក្តីថ្លែងការណ៍​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ចំណាត់​​ការ​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ចាត់វិធានការ​បន្ទាន់ ដើម្បី​ជួយ​ដល់​ពលរដ្ឋ និង​និស្សិត​កម្ពុជា ដែល​កំពុង​រស់នៅ និង​សិក្សា​នៅ​ប្រទេស​អ៊ី​ស្រា​អែល​។ សេចក្តី​ថ្លែង​​ការណ៍​សរសេរថា រដ្ឋសភា ក្នុងនាម​ជា​អ្នកតំណាង​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល សូម​សម្ដែង​ក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង និង​ខិតខំ​តាមដាន​យ៉ាង​យកចិត្តទុកដាក់ លើ​ការវិវឌ្ឍ​នៃ​ព្រឹត្តិការណ៍​វាយ​ប្រ​​ហារ​ក្នុងប្រទេសអ៊ី​ស្រា​អែល​នេះ ជាពិសេស សុវត្ថិភាព​ប្រជាពលរដ្ឋ និង​និស្សិត​កម្ពុជា​ដែល​កំពុង​រស់​នៅ និង​សិក្សា​នៅ​ទីនោះ​ប្រមាណ ​៤៥០ ​នាក់​។

​សេចក្តីថ្លែងការណ៍​បញ្ជា​ក់ថា​៖ «​រដ្ឋសភា​កម្ពុជា សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ រួមទាំង​និស្សិត​ដែល​កំពុងស្នាក់នៅ និង​សិក្សា​នៅក្នុង​ប្រទេស​អ៊ី​ស្រា​អែល​សូម​ស្តាប់​ឱ្យបាន​ខ្ជាប់ខ្ជួន តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​អ៊ីស្រា​អែល និង​ក្រសួងការបរទេស​កម្ពុ​ជា​ដើម្បី​រក្សា​សុវត្ថិភាព​របស់ខ្លួន​»​។​

​ជុំវិញ​បញ្ហា​នេះ លោក​ យង់ ពៅ អគ្គលេខាធិការ​រាជបណ្ឌិត្យសភាកម្ពុជា បាន​លើកឡើងថា វា​ជា​រឿង​ដែល​គួរឱ្យ​ព្រួយបារម្ភ ខណៈ​ស្ថានភាព​នៅ​តំបន់​ហ្គា​​ហ្សា​កំពុង​ក្តៅគគុក​តែ​ទោះជា​យ៉ាងណា រដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​បញ្ហា​នេះ​ជាពិសេស​លើ​ក្រុមគ្រួសារ​សព​។

លោក​ថា​៖ «​យើង​ក៏មានដែរ​នូវ​ការព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​បង​ប្អូន​ខ្មែរ​យើង ដែល​កំពុងស្នាក់នៅ​អ៊ីស្រាអែល ហើយ​មាន​និស្សិត​ប្រមាណ​ជាង​ ៤៥០ ​នាក់​។ យើង​សូម​សំណូមពរ​អាជ្ញា​ធរមាន​សមត្ថកិច្ច​រាជរដ្ឋាភិបាល​គួរ​បាន​ជម្លៀស​ពួកគាត់​ទៅ​ទីតាំង​សុវត្ថិ​ភាព​ដែល​នៅ​កៀក​បំផុត​»​។​

​លោក​ យង់ ពៅ ក៏​ស្នើឱ្យ​រដ្ឋា​​ភិ​បាល​កម្ពុជា​ពិចារណា​ជម្លៀស​ពលរដ្ឋ​ខ្មែរ ជាពិសេស​ក្រុមនិស្សិត​ចាកចេញ​ពីអ៊ី​ស្រា​អែល​បណ្តោះ​​អាសន្ន ដែល​អាច​ជម្លៀស​ទៅកាន់​ស្ថាន​តំណាង​ទូត​កម្ពុជា ដែល​នៅ​ជិត​បំផុត​ដូចជា​ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​អារ៉ាប់​ប៊ី​សា​អ៊ូ​ឌី​ត ដើម្បី​ផ្តល់​សុវត្ថិភាព​និង​ភាព​កក់​ក្តៅ​បណ្តោះអាសន្ន​ទម្រាំ​ស្ថាន​ភាព​ធូរស្រាល​ឡើងវិញ​។​

​សម្រាប់ លោក ​អ៊ូ ច័ន្ទ​រ័ត្ន សហ​ស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា ក៏បាន​សម្តែង​ការសោកស្តាយ និង​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​សព​យុវជន ​ចាន់ ឧ​ត្ត​ម ផងដែរ ហើយ​កោតសរសើរ​ចំពោះ​ថ្នាក់​ដឹក​នាំ​កម្ពុជា​ដែល​បាន​យកចិត្តទុកដាក់​ដល់​ក្រុមគ្រួសារ​សព ដែល​លោក​ថា នេះ​គឺជា​ទង្វើ​គួរឱ្យ​គោរព​ចំពោះ​ការបាត់បង់​អាយុជីវិត​ពល​រដ្ឋ​ខ្មែរ​នៅលើ​ទឹកដី​បរទេស​។

​លោក​ថា​៖ «​ក្នុង​បញ្ហា​នេះ រដ្ឋា​ភិ​បាលអ៊ីស្រា​អែល​ក៏មាន​បន្ទុក​ទទួល​ខុសត្រូវ លើ​ហេតុការណ៍​បាត់បង់​ជីវិត​ពលរដ្ឋ​ខ្មែរ​យើង​ក្នុង​សោក​នាដកម្ម​នេះ​ផងដែរ ប៉ុន្តែ​កម្រិត​ទទួលខុសត្រូវ​ប៉ុនណា​យើង​មិនដឹង​ទេ​។ យ៉ាងហោចណាស់ គេ​សម្តែង​ការសោកស្តាយ​ចំពោះ​ហេតុការណ៍​នេះ​»៕