​ភ្នំពេញៈ យោង​របាយការណ៍​បានឱ្យដឹងថា គ្រោះរាំងស្ងួត​ដែល​បង្កឡើង​ដោយ​អាកាស​​ធាតុ​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​ទន្លេមេគង្គ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​រាប់​ចាប់ពី​លំហូរ​ទាប​ក្នុង​ប្រវត្តិសាស្ត្រ​ក្នុង​ឆ្នាំ​ ២០១៩-២០២១ និង​លំហូរ​បញ្ច្រាស​ដ៏​កម្រ​ដែល​បាន​បង្រួម​បឹង​ទន្លេសាប​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា​។​


​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ផ្ទៃ​ទឹក​ក៏​ជា​កត្តារួម​ចំណែក​មួយ​ផងដែរ​ដែល​ជះឥទ្ធិពល​ដល់​របប​លំហូរ​ធម្មជាតិ រួម​នឹង​ការកើនឡើង​នៃ​លំហូរ​រដូវប្រាំង និង​ការថយចុះ​លំហូរ​ទឹក​ក្នុង​រដូវ​ទឹកជំនន់​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ (MRC)​ កាលពី​ថ្ងៃទី ​៩ ខែតុលា ដែល​បាន​ដកស្រង់​ការរកឃើញ​ដំបូង​នៃ​ការសិក្សា​រួមគ្នា​មួយ​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ៥ ខែតុលា​។​

​ការសិក្សា​រួមគ្នា​នេះ​ដែល​ធ្វើឡើង​ដោយ​ MRC និង​ម​ជ្ឈ​មណ្ឌល​កិច្ចសហប្រតិបត្តិការ​ធ​ន​ធាន​ទឹក​មេគង្គ​ឡាន​ឆាង​បានបង្ហាញ​ពី​ការរកឃើញ​ដំណាក់កាល​ដំបូង​របស់ខ្លួន​ស្តីពី​ទន្លេមេគង្គ​នេះ​នៅឯ​វេទិកា​អ្នកពាក់ព័ន្ធ​ថ្នាក់​តំបន់​លើក​ទី​១៣ ដែល​រៀបចំ​ដោយ ​MRC កាលពី​ថ្ងៃទី ​៥ ខែតុលា នៅ​ទីក្រុង​​ហ្លួងព្រះបាង ប្រទេស​ឡាវ​។​


​លោក AnoulakKitikhoun នាយក​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន ​MRC ​បាន​ថ្លែងថា ការសិក្សា​រួមគ្នា​នេះ​ជា​និមិត្តរូប​នៃ​ទំនាក់​ទំនង​កាន់តែ​ស៊ីជម្រៅ និង​ការ​ជឿទុកចិត្ត​រវាង​ភាគី​ទាំង​ ២ និង​ជា​លទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដែល​មិន​ធ្លាប់មាន​ពីមុនមក ដែល MRC និង​កិច្ចសហប្រតិបត្តិការ​​មេគង្គ​ឡាន​ឆាង​បាន​វិនិយោគ​នៅក្នុង​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់​រវាង​ភាគី​ទាំង​ ២​។​

​លោក​ថ្លែងថា​៖ «​ជាការ​ពិត​យើង​ធ្លាប់បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​រួមគ្នា​មួយចំនួន​កាល​ពីមុន ប៉ុន្តែ​កិច្ចខិតខំ​ប្រឹងប្រែង​នាពេលនេះ​កំណត់​ស្តង់ដា​ខ្ពស់​ដែល​នេះ​ពិតជា​បង្ហាញ​ពី​ការ​​ប្តេជ្ញាចិត្ត​ដ៏​ល្អ​ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ​នាពេល​អនាគត​រវាង​ស្ថាប័ន​របស់​យើង​ទាំង ​២»​។​


​របាយការណ៍​នេះ​បានផ្តល់​អនុសាសន៍​សំខាន់ៗ ជាពិសេស​អនុសាសន៍​រយៈពេល​ខ្លី​ដែល​ជំរុញ​ឱ្យ​ប្រទេស​ជាប់​ទន្លេ​មេគង្គ​សិក្សា​រួមគ្នា​បន្ថែមទៀត​អំពី​ផលប៉ះពាល់​ផ្សេងៗ​នៃ​ការ​អភិវឌ្ឍ និង​ការប្រែប្រួល​អាកាស​ធាតុ​នៅតាម​ផ្នែក​សំខាន់ៗ​នៃ​ទន្លេមេគង្គ​ព្រមទាំង​ចែករំលែក​ទិន្នន័យ​សំខាន់ៗ រួមទាំង​ការ​ចែករំលែក​ពេលវេលា​បច្ចុប្បន្ន​នៃ​កម្រិត​ស្តុក និង​ប្រតិបត្តិការ​វា​រី​អគ្គិសនី​។​

​ប្រភព​ដដែល​បន្តថា​៖ «​កត្តា​សំខាន់​ ២ ​ដែល​រួមចំណែក​ដល់​ការប្រែប្រួល​ជលសា​ស្ត្រ​នៅក្នុង​អាង​ទន្លេមេគង្គ​ក្រោម ទី​១ ​គឺ​កត្តា​ធម្មជាតិ រួមមាន​សណ្ឋាន​ទឹកភ្លៀង អត្រា​រំហួត លក្ខណ​សម្បត្តិ​ដី និង​សណ្ឋាន​ដី និង​ទី​២ គឺ​សកម្មភាព​មនុស្ស ដូចជា ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រង​ទឹក គម្រប​ដី និង​ការផ្លាស់ប្តូរ​ការប្រើប្រាស់​ដី​។ កត្តា​ទាំង​ ២​ នេះ​មាន​ទំនាក់ទំនង​គ្នា និង​មាន​ឥទ្ធិពល​លើ​បរិមាណ ពេលវេលា និង​ការ​ចែកចាយ​ទឹក​ទៅក្នុង​អាង​»​។​

MRC និង​មជ្ឈមណ្ឌល​កិច្ច​សហប្រតិបត្តិការ​ធន​ធាន​ទឹក​មេគង្គ​ឡាន​ឆាង​បាន​ព្រមព្រៀងគ្នា​លើ​ការសិក្សា​រួមគ្នា​នេះ​កាល​ពី​ចុងឆ្នាំ ​២០១៩ ដោយ​ស្ថាប័ន​ទាំង​ ២​ នេះ បាន​ពង្រីក​បន្ថែម​លើ​កិច្ចសហការ​ពីមុន​។ នៅក្នុង​ឆ្នាំ​ ២០១៦ និង​ ២០១៩ ការ​សិក្សា​រួមគ្នា​បានផ្តល់​ព័ត៌មាន​អំពី​គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ​ទៅដល់​សាធារណជន និង​បានធ្វើ​​ការវាយតម្លៃ​បែប​វិទ្យាសាស្ត្រ​អំពី​ឥទ្ធិពល​នៃ​ការបន្ថែម​ទឹក​ពី​ឡាន​ឆាង ​(Lancang)​ ដើម្បី​កាត់បន្ថយ​ស្ថានភាព​គ្រោះ​រាំងស្ងួត​នៅ​ទន្លេមេគង្គ​។​

​របាយការណ៍​នេះ​បានផ្តល់​អនុសាសន៍​ថា ដៃគូ​មេគង្គ​គួរ​បង្កើន​ការជូនដំណឹង​អំពី​ការ​​ប្រែប្រួល​ភ្លាមៗ​នៅក្នុង​ប្រតិ​​ប​ត្តិ​ការ​ស្តុក​ទឹក​។ ​របាយការណ៍​នេះ​បន្ថែមថា​៖ «​ខណៈ​ការប្រែប្រួល​អាកាស​ធាតុ​សកល​គ្រោះរាំងស្ងួត​និង​ទឹកជំនន់​នឹង​ដើរតួ​នាទីកាន់តែ​សំខាន់​ក្នុង​ការជំរុញ​លក្ខខណ្ឌ​ជល​សាស្ត្រ​នៃ​អាង វា​ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រទេស​ជាប់​អាង​ទន្លេមេគង្គ​ក្នុងការ​ចែករំលែក​ព័​ត៌​មាន​បន្ថែម​អំពី​លក្ខខណ្ឌ​លំហូរ​ឧតុនិយម​នៃ​ទន្លេមេគង្គ និង​ដៃទន្លេ​ផងដែរ​»​។​

​របាយការណ៍​បន្តថា ទិន្នន័យ​ពេលវេលា​បច្ចុប្បន្ន​អំពី​កម្រិត​ស្តុក​ទុក និង​ប្រតិបត្តិការ​វា​រី​អគ្គិ​ស​នី​មាន​សារៈសំខាន់​ណាស់​សម្រាប់​គំរូ​ប្រតិបត្តិការ និង​ការគ្រប់គ្រង​ការ​សម្រប​ខ្លួន​។ ទិន្នន័យ​រយៈពេល​វែង​ស្តីពី​ការ​​ប្រែប្រួល​នៃ​កម្ពស់​ទឹក​ឡើង​ចុះ ការប្រើប្រាស់​ទឹក និង​ដី និង​កម្រិត​ទឹក​ក្រោម​ដី​នៃ​ដីសណ្ត​ទន្លេមេគង្គ គឺ​ជួយ​ដល់​ការស្រាវជ្រាវ​ទៅលើ​អាង​ទន្លេមេគង្គ​ទាំងមូល​។ វេទិកា​ចែករំលែក​ព័ត៌មាន​ដែល​បានស្នើ​ឡើង​ក្រោម​ក្របខ័ណ្ឌ កិច្ចសហ ប្រតិបត្តិការ​​មេគង្គ​​ឡាន​ឆាង​នឹង​ផ្តល់នូវ​ឱកាស​ដែល​មិន​ធ្លាប់មាន​ពីមុនមក​។​

MRC ជំរុញឱ្យមាន​ការ​ស្តុក​ទឹកទន្លេ​មេគង្គ​បន្ថែមទៀត ដើម្បី​ដោះស្រាយ​ការប្រែប្រួល​អា​កាស​ធាតុ​នាពេល​អនាគត​ក៏ដូចជា​សម្រាប់​ប្រតិបត្តិការ​សម្រប​​សម្រួល​នៃ​ការ​ស្តុក​ទុក​បច្ចុប្បន្ន​។​ របាយការណ៍​នេះ​ក៏បាន​ដាក់បញ្ចូល​ការអំពាវនាវ​ឱ្យធ្វើ​សកម្មភាព បន្ថែម​លើ​ការបង្កើន​ការចែករំលែក​ទិន្នន័យ ព្រមទាំង​ផ្តល់​អនុសាសន៍​រយៈពេល​មធ្យម​ដែល​រួមមាន​ការសម្របសម្រួល​នៃ​ការគ្រប់គ្រង​ធនធានទឹក​យុទ្ធសាស្ត្រ​គ្រប់គ្រង​គ្រោះ​រាំង​ស្ងួត និង​ទឹកជំនន់​គ្រប់​ជ្រុង​ជ្រោយ​ការសិក្សា​រួមគ្នា​បន្ថែមទៀត និង​ផែន​ការកសាង​សមត្ថ​ភាព​សម្រាប់​អ្នករៀបចំ​គោល​នយោបាយ អ្នកគ្រប់គ្រង វិស្វករ និង​អ្នកវិទ្យាសាស្ត្រ​ទឹក​ដោយ​ដោះស្រាយ​គម្លាត​ចំណេះ​ដឹង​តាមរយៈ​ការបណ្តុះបណ្តាល​ផ្លូវការ និង​ក្រៅផ្លូវការ​៕