ភ្នំពេញៈ​ ក្រសួង​ព័ត៌មាន​នឹង​បង្កើត​ក្រុម​ការងារ​ព័ត៌​មាន​រួម​រវាង​ក្រសួង-​ស្ថាប័ន ​របស់​រដ្ឋាភិ​បាល​ទាំង​អស់​ ដើម្បី​ផ្លាស់ប្តូរ​ព័ត៌​មាន​គ្នា​ទៅវិញ​ទៅម​ក និង​អាច​ឆ្លើយតប​ភ្លាមៗ​ទៅនឹ​ង​ព័ត៌មាន​ក្លែង​ក្លាយ​ពាក់​ព័ន្ធ​នឹង​ក្រសួង​-​ស្ថាប័ន​ណា​មួយ​ស្រប​តាម​ចក្ខុវិ​ស័យ​រដ្ឋាភិ​បាល​អាណ​ត្តិ​ថ្មី​ក្នុង​ការ​ប្រែ​ក្លាយ​ក្រសួង​ព័ត៌​មាន​ជា​ស្ថាប័ន​ទំនាក់​ទំនង​សា​ធារណៈ​របស់​រដ្ឋាភិ​បាល​។​


​យោង​តាម​ការ​ផ្សព្វ​ផ្សាយ​របស់​ក្រសួង​ព័ត៌​មាន​នៅ​ថ្ងៃទី​ ៩ ​ខែតុលា ​បាន​ឱ្យដឹង ​ក្រសួង​បាន​រៀបចំ​កិច្ច​ប្រជុំ​ក្រុម​ការងា​រ​ព័ត៌​មាន​អន្តរ​ក្រសួង​-​ស្ថា​ប័ន​ចំនួន​៣០និង​អង្គ​ភាព​ពាក់​ព័ន្ធ​ក្រោម​អធិប​តី ​លោក ​នេត្រ ភក្ត្រា រដ្ឋម​ន្ត្រី​ក្រសួង​ព័ត៌មា​នក្នុង​ការ​ពង្រឹង​កិច្ច​សហប្រ​តិបត្តិការ​ផ្លាស់​ប្តូរ​ព័ត៌​មាន និង​ការផ្ស​ព្វផ្សា​យ​ជុំវិញ​ព័ត៌មាន​នានា​ពី​សមិទ្ធ​ផលនិង​សកម្ម​ភាព​របស់​ក្រសួង​-​ស្ថា​ប័ន​ដែល​នឹង​ឈាន​ទៅ​បង្កើតជា​ក្រុម​ការងារ​ព័ត៌មាន​រួម​មួយ​រវាង​ក្រសួង​និង​ស្ថាប័ន​រដ្ឋ​ទាំង​អស់​។​

​ក្រសួង​ព័ត៌​មាន​លើក​ឡើង​ថា ការ​បង្កើត​ក្រុមកា​រងារ​ព័ត៌មាន​អន្តរ​ក្រសួង​នេះដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ក្នុងការ​ទាក់​ទង ​ការផ្លាស់​ប្តូរ​ព័ត៌​មាន​ពីគ្នា​ទៅវិញ​ទៅម​ក ជា​ពិសេស​ជួយ​គ្នា​វាយ​បក​វិញ​ចំពោះ​ព័ត៌មាន​ក្លែង​ក្លាយ​ទាក់​ទង​នឹង​ក្រសួង​-ស្ថា​ប័ន​រដ្ឋាភិ​បាល​។​


​លោក​នេត្រ ​ភក្ត្រា បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​នោះថា ក្រសួង​ព័ត៌​មាន​បាន​កំណត់​ទិសដៅ​និង​ចក្ខុ​វិស័យ​ក្នុង​អាណត្តិ​ទី​៧​នេះ​ឱ្យ​ក្លាយ​ជា​ស្ថា​ប័ន​ទំនាក់​ទំនង​សា​ធារណៈ​របស់​រដ្ឋាភិ​បាល ជា​សំឡេង​របស់​រដ្ឋាភិ​បាល​ ពេល​រដ្ឋាភិបាល​ត្រូវ​ការ​ ដែល​មាន​អគ្គនា​យក​ដ្ឋាន​ទូរទ​ស្សន៍​ជាតិ​ អគ្គនា​យកដ្ឋាន​វិទ្យុជាតិ ​អគ្គនាយ​កដ្ឋាន​ទីភ្នាក់​ងា​រ​សារព័ត៌​មាន​កម្ពុជា​(AKP) និង​កម្ម​វិធី APP របស់​ក្រសួង​ព័ត៌​មាន​ជា​មធ្យោ​បាយ​។


​លោក​ថ្លែង​ថា ៖ «​ក្រសួង​ព័ត៌មាន ​ដែល​ជា​សេនាធិ​ការ​មួយ​របស់​រាជរ​ដ្ឋា​ភិបាល ​ហើយ​គ្រប់​គ្រង​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ នឹង​គាំទ្រ​ដល់​ក្រសួង​ស្ថាប័ន​ទាំ​ងអស់​ដែល​សម្រេចបា​ន​លទ្ធផល​ការងារ​និង​សកម្ម​ភាព​របស់​ថ្នាក់​ដឹកនាំ​​ជារួម​សម្រាប់​ប្រទេស​ជាតិ​ គឺ​ក្រសួង​ជួយ​ផ្សព្វ​ផ្សាយ​​ឱ្យ​បាន​ទូលំ​ទូលាយ​តា​មរ​យៈ​ប្រព័ន្ធផ្ស​ព្វ​ផ្សាយ​របស់​ជាតិ​»​។

​លោក​រដ្ឋ​មន្ត្រី ក៏​ស្នើ​ឱ្យមាន​កិច្ច​សហ​ការ​ក្នុង​ផ្នែក​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ដែល​កំពុង​ធ្វើការ​ផ្នែក​កិច្ចការ​ព័ត៌​មាន​នេះ ​នៅតា​ម​ក្រសួង​-​ស្ថា​ប័ន ឱ្យ​បាន​កាន់​តែ​ច្រើន​បន្ថែ​ម​ទៀត​ផង​ដែរ​។​

​លោក​ទេព​ អ​ស្នា​រិ​ទ្ធ អ្នកនាំ​ពាក្យ​ក្រសួង​ព័ត៌មា​នបាន​ឱ្យដឹង​បន្ថែម​នៅ​ថ្ងៃទី​១០​ ខែតុលា​ថា ក្រុម​ការងារ​ព័ត៌មាន​អន្តរ​វិស័យ​នេះ​ជា​គំនិត​ផ្តួច​ផ្តើម​របស់​លោក​នេត្រ ភក្ត្រា ដើម្បី​ធានា​ប្រសិទ្ធ​ភាព​ផ្សព្វផ្សា​យ ផ្តល់ព័ត៌​មាន​ជូន​សាធា​រណជន​ពី​វ​ឌ្ឍ​នភាព​នៃ​សកម្ម​ភាព​ការ​ងារ​របស់​ក្រសួង​-​ស្ថាប័ន​ ចំណុះ​រដ្ឋាភិ​បាល ដែ​លមាន​សមាស​ភាព​ចូល​រួម​ពី​សមា​ជិក​ក្រុម​អ្នកនាំ​ពាក្យ​និង​អ្នក​ទទួល​បន្ទុក​កិច្ចការ​ព័ត៌​មាន​នៃ​គ្រប់​ក្រសួង​-​ស្ថាប័ន​ទាំង​អស់​របស់​រដ្ឋាភិ​បាល​។​

​លោក​បាន​ថ្លែង​ថា​៖ «​យន្ត​ការ​នេះ​នឹង​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុងការ​លើកក​ម្ពស់​កិច្ចសហ​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ឱ្យ​បាន​ទូលំ​ទូលាយ ​ទាន់​ពេល​វេលា និង​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ ជាពិ​សេស​ដើ​ម្បី​រួមគ្នា​ប្រយុទ្ធប្រ​ឆាំង​​ការផ្សព្វ​ផ្សាយ​​ព័ត៌មាន​ក្លែងក្លា​យ ​តាម​រយៈ​ប្រព័ន្ធ​តាមដា​ន​រួ​មមួយ​ជាប់​លាប់​ ដែល​សម្រប​សម្រួល​ដោយ​ក្រសួង​ព័ត៌​មាន និង​មាន​ការ​សហ​ការ​ពី​ក្រសួង​-​ស្ថាប័​ន​»​។​

​ពាក់ព័​ន្ធ​នឹង​បញ្ហា​នេះ ​លោក​ណុប វី ​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នកសា​រ​ព័ត៌មាន​កម្ពុជា​(​ខេ​ម​បូ​ចា​)បានថ្លែង​ថា ការប​ង្កើត​ក្រុមការ​ងារ​ព័ត៌​មាន​អន្តរ​ក្រសួង​-​ស្ថាប័ន​ គឺជា​រឿង​ល្អ​ក្នុងការ​ឆ្លើយ​តប​និង​បំភ្លឺ​សា​ធារណ​ជន​បាន​រហ័ស ​និង​មាន​ប្រសិទ្ធ​ភាព​ ជាពិសេស​ការ​ទប់​ស្កាត់​ព័ត៌​មាន​ក្លែងក្លា​យ​។

​ជាមួយគ្នានេះ​លោក​ក៏បាន​ស្នើឱ្យ​រដ្ឋាភិ​បាល​ផ្តល់​លទ្ធ​ភាព​ឱ្យ​គ្រប់​ភាគី​ពាក់ព័​ន្ធ​ចូលរួម​ក្នុងការ​ទប់​ស្កាត់​ព័ត៌មាន​ក្លែងក្លា​យផងដែរ ​​ជាពិ​សេស​កំណត់​និយម​ន័យ​ព័ត៌​មាន​ក្លែង​ក្លាយ​ឱ្យបាន​ត្រឹមត្រូ​វ ចៀ​សវាង​ប៉ះពាល់​ដល់​សិទ្ធិ​បញ្ចេញម​តិ​របស់​ប្រជាព​លរ​ដ្ឋ​លើ​រដ្ឋាភិ​បាល ដែល​ធានា​ដោយ​សង្គម​ប្រជា​ធិប​តេយ្យ​។​

​លោក​ណុប ​វី បានបញ្ជាក់ថា​៖«​រដ្ឋាភិ​បាល​គួរ​ពិចារណា​បើក​ឱកាស​ឱ្យ​ភាគី​ពាក់ព័​ន្ធ​ចូលរួម​ដំណើរ​ការ​ប្រយុទ្ធ​ប្រឆាំង​ព័ត៌​មា​ន​ក្លែង​ក្លាយ​ដែល​មិន​មែន​ជា​រឿង​អាច​ធ្វើ​តែឯ​ង​បាន​ទេ​ជាពិសេស​ពី​រង្វង់​អ្នក​សារព័ត៌​មាន​»៕