ភ្នំពេញៈ លោក នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចេញគោលការណ៍ណែនាំ សម្រាប់ចាត់តាំងអនុវត្តការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅទូទាំងប្រទេស ខណៈមន្ត្រីនៃអង្គការសង្គមស៊ីវិល បានសម្តែងនូវការស្វាគមន៍ចំពោះការដាក់ចេញនូវផែនការអនុវត្តការងារនេះ។
យោងតាមគោលការណ៍ណែនាំដែលចុះហត្ថលេខាដោយលោក នេត សាវឿន និងបានផ្សព្វផ្សាយនៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៣ បានលើកឡើងថា និន្នាការនៃការផលិត ការចរាចរ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន នៅតែមានកំណើនខ្លាំង ទាំងនៅក្នុងក្របខ័ណ្ឌអន្តរជាតិ តំបន់ និងអនុតំបន់ ហើយបានបន្តគំរាមកំហែង និងជះឥទ្ធិពលអវិជ្ជមានធ្ងន់ធ្ងរដល់កម្ពុជា។
លោកបានសរសេរថា៖ «ជាក់ស្ដែង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រើប្រាស់គ្រឿងញៀន ក្នុងស្រទាប់យុវវ័យបានរាលដាលគួរឱ្យព្រួយបារម្ភ បង្កជាផលប៉ះពាល់ដល់សុខភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នាំឱ្យមានក្តីកង្វល់យ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងសង្គមជាតិទាំងមូល។ ជាមួយនេះ ការកែច្នៃផលិតគ្រឿងញៀនខុសច្បាប់ត្រូវបានរកឃើញ និងបង្ក្រាបបានជាបន្តបន្ទាប់ ជាមួយនឹងវត្តមានសារធាតុគីមីផ្សំជាច្រើន ត្រូវបានរកឃើញនៅទីតាំងទាំងនោះ»។
ដើម្បីដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ធានាបាននូវសុវត្ថិភាព សណ្ដាប់ធ្នាប់ សន្តិសុខ និងការអភិវឌ្ឍសង្គម ព្រមទាំងឈានទៅកាត់បន្ថយ និងលុបបំបាត់គ្រឿងញៀនពីកម្ពុជា លោក នេត សាវឿន បានដាក់ចេញនូវគោលការណ៍ណែនាំសម្រាប់ចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងនោះរួមមាន៖ បង្កើនការងារផ្សព្វផ្សាយអប់រំ, បង្កើតយន្តការគ្រប់គ្រងសារធាតុគីមីផ្សំ , ទប់ស្កាត់ការនាំចូលគ្រឿងញៀន, ការទប់ស្កាត់ការកែច្នៃផលិតគ្រឿងញៀន និងការលុបបំបាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន។
លោកបានបញ្ជាក់ថា ៖ «គ្រប់ក្រសួង ស្ថាប័ន និងថ្នាក់ក្រោមជាតិទាំងអស់ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទួលាយពីផលវិបាក និងគ្រោះថ្នាក់នៃគ្រឿងញៀន ឥទ្ធិពលនៃគ្រឿងញៀន និងអប់រំដាស់តឿនក្រើនរំឭកដល់មន្ត្រីរបស់ខ្លួនគ្រប់ជាន់ថ្នាក់ រួមទាំងធ្វើការផ្សព្វផ្សាយសារអប់រំតាមរយៈបណ្តាញសារព័ត៌មាន វិទ្យុ ទូរទស្សន៍ កាសែត និងលើផលិតផលផ្សេងៗជាដើម»។
ជាមួយគ្នានេះ លោក នេត សាវឿន កាលពីថ្ងៃទី៩ ខែតុលា បានចេញសេចក្តីសម្រេច ចាត់តាំងក្រុមការងារត្រួតពិនិត្យ ជំរុញ តាមដាន និងសហការក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមគោលដៅរាជធានី-ខេត្ត នៅទូទាំងប្រទេស ដើម្បី ផ្សព្វផ្សាយផែនការ បទបញ្ជា គោលការណ៍ណែនាំ និងវិធានការនានាដែលបានដាក់ចេញដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។
លោកបានបញ្ជាក់តាមរយៈសេចក្តីសម្រេចថា ចំពោះមុខ ក្រុមការងារនេះត្រូវត្រួតពិនិត្យ ជំរុញ តាមដាន សម្របសម្រួល និងសហការក្នុងការអនុវត្តការងារ និងផែនការសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការអនុវត្ត ឆន្ទៈ ប្តេជ្ញាចិត្តខ្ពស់ និងការដឹកនាំដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្នុងការកាត់បន្ថយ និងឈានទៅរកការលុបបំបាត់គ្រឿងញៀនពីប្រទេសកម្ពុជា។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូនៅថ្ងៃទី១០ ខែតុលា បានស្វាគមន៍ចំពោះការដាក់ចេញគោលការណ៍ប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រោះបញ្ហាគ្រឿងញៀនត្រូវបានគេមើលឃើញជាបញ្ហាមួយធ្ងន់ធ្ងរនៅក្នុងសង្គមជាតិកម្ពុជា និងពិភពលោកទាំងមូល។
លោកថា កន្លងមក អង្គការសង្គមស៊ីវិល មានការព្រួយបារម្ភ យ៉ាងខ្លាំងលើកបញ្ហាគ្រឿងញៀននេះ ដោយសារតែមិនមានការថមថយ ទោះបីជាអាជ្ញាធរខិតខំប្រឹងប្រែងទប់ស្កាត់។
ជាក់ស្តែងកាលពីពេលថ្មីៗ មានករណីឧក្រិដ្ឋជនគ្រឿងញៀន បានធ្វើចរាចរណ៍ចូលមកប្រទេសកម្ពុជា មានទាំងការផលិត ការចែកចាយ និងសាបព្រោះទៅដល់សហគមន៍ជនបទ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានមនុស្សជាពិសេសក្នុងស្រទាប់យុវជនកម្ពុជា។
លោក អំ សំអាត បានថ្លែងថា៖«ដើម្បីឱ្យមានប្រសិទ្ធភាពថែមទៀតនោះ គឺត្រូវអនុវត្តដោយ ទី១ ច្បាប់ដែលមានស្រាប់ត្រូវតែអនុវត្តតឹងរ៉ឹងជាដាច់ខាត។ ទី២ ត្រូវតែមានការបណ្តុះបណ្តាលបន្ថែមទៀត សម្រាប់មន្ត្រី ដែលមានភារកិច្ចក្នុងការបង្ក្រាបគ្រឿងញៀន»។
លោកបានបន្តថា ៖ «ចំណុចទី៣ ត្រូវតែលុបបំបាត់នូវអំពើពុករលួយ ដែលកុំឱ្យមានមន្ត្រីពាក់ព័ន្ធលើបញ្ហាគ្រឿងញឿន ហើយបើពាក់ព័ន្ធត្រូវតែអនុវត្តឱ្យបានជាដាច់ខាត បើទោះបីមានឋានន្តរស័ក្តិកម្រិតណាក៏ដោយ និងទី៤ យើងត្រូវមានកិច្ចសហការជាមួយនឹងបណ្តាប្រទេសនៅក្នុងតំបន់ និងពិភពលោក ដើម្បីកំណត់មុខសញ្ញាគ្រឿងញៀនឱ្យបានតឹងរ៉ឹង»។
សូមបញ្ជាក់ថា នៅក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី១៦ ខែកញ្ញា កន្លងទៅនេះលោក មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថាបញ្ហាគ្រឿងញៀនជាបញ្ហាសកលដែលត្រូវរួមគ្នាដោះស្រាយ ព្រោះវាបានជះឥទ្ធិពលអវិជ្ជមានជាច្រើន ដូចជាផ្នែកសន្តិសុខ សុវត្ថិភាព និងសុខុមាលសង្គម រំខានដល់ការអភិវឌ្ឍសង្គម។
លោក បានបញ្ជាក់ថា ៖ «បច្ចុប្បន្នពិភពលោកទាំងមូលកំពុងប្រឈមនឹងការគំរាមកំហែងដោយគ្រឿងញៀនសំយោគ ដែលជាមានលក្ខណៈងាយស្រួលក្នុងការផលិតនិងមានតម្លៃថោក។ ជាក់ស្តែងនៅកម្ពុជា យើងបានបង្ក្រាបបទល្មើសគ្រឿងញៀនជាច្រើនករណី និងចាប់យកសារធាតុញៀនជាច្រើនតោន ដែលគ្រឿងញៀនទាំងនេះ ត្រូវបានគេនាំចូលពីបរទេសឆ្លងកាត់កម្ពុជា បន្តទៅទីផ្សារបទេស តាមច្រកផ្លូវគោក ផ្លូវទឹក ផ្លូវអាកាសនិងបញ្ញើប្រៃសណីយ៍។ ថ្មីៗនេះសមត្ថកិច្ចកម្ពុជាយើង ក៏បានបង្ក្រាបករណីលួចលាក់កែច្នៃផលិតគ្រឿងញៀនខុសច្បាប់ផងដែរ»។
បើតាមលោក មាស វិរិទ្ធ ក្នុងរយៈ៨ខែឆ្នាំ២០២៣នេះ សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន ៥១៣៣ករណី ឃាត់ខ្លួនជនល្មើស ចំនួន១២ ៤៩១នាក់ចាប់យកសារធាតុញៀន ចំនួន ២ ៦៥៨,៥៦គីឡូក្រាម រួមនិងសារធាតុគីមីផ្សំចំនួន៩១០,៨៧គីឡូក្រាម ព្រមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត៕