ភ្នំពេញៈ ​សភាពាណិជ្ជកម្ម​កម្ពុជា បានធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​រយៈពេល ​៥​ ថ្ងៃ ​នៅ​ទីក្រុង​ប្រាក សាធារណរដ្ឋ​ឆែក កាលពី​សប្តាហ៍​មុន ដោយ​ដំណើរ​ទស្សនកិច្ច​នេះ មាន​គោលដៅ​ជាសំខាន់ផ្ដោត​ទៅលើ​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​ទៅវិញទៅមក​លើ​វិស័យ​កសិឧស្សាហកម្ម ការជំរុញ​កាលានុវត្តភាព​នាំចេញ​ផលិតផល​កម្ពុជា ​ចូល​ទីផ្សារ​អឺរ៉ុប​។​

​លោក ម៉េង និមល អគ្គនាយករង​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ថ្លែង​នៅ​ថ្ងៃ១០ ខែតុលា​ថា ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​ប្រាក សាធារណរដ្ឋ​ឆែក​នេះ បានចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២៣ ក្នុង​គោលបំណង​ពង្រឹង​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​ស្ថាប័ន និង​សភាពាណិជ្ជកម្ម​ឆែក ក្នុង​ក្របខ័ណ្ឌ​កម្មវិធី​ជំនួយ​ពាណិជ្ជកម្ម នៃ​ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​ការអភិវឌ្ឍ​របស់​សាធារណរដ្ឋ​ឆែក​។​


​លោក​បញ្ជាក់ថា​ ​ក្នុងឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​នេះ គណៈប្រតិភូ​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ជួបពិភាក្សា​និង​ផ្លាស់ប្តូរ​បទពិសោធន៍​ជាមួយ ក្រសួង​-​ស្ថាប័ន និង​ក្រុមហ៊ុន​ឯកជន​រួមមាន ក្រសួងកសិកម្ម​សាធារណរដ្ឋ​ឆែក​,​សភាពាណិជ្ជកម្ម​សាធារណរដ្ឋ​ឆែក​,​សភា​កសិកម្ម​សាធារណរដ្ឋ​ឆែក​,​វិទ្យាស្ថាន​ស្រាវជ្រាវ​ឧស្សាហកម្ម​ម្ហូបអាហារ ជាដើម​។​

​លោក ម៉េង និមល និយាយថា ខាង​ប្រតិភូ​សភាពាណិជ្ជកម្ម ក៏បាន​ជួប​ជាមួយ​សមាគម​សហគ្រាស​ធុន​តូច​និង​មធ្យម និង​សិប្បកម្ម​សាធារណរដ្ឋ​ឆែក​,​សមាគម​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​, សមាគម​ចម្ការ​ឯកជន​សាធារណរដ្ឋ​ឆែក​,​ក្រុមហ៊ុន​នាំចូល​ទំនិញ​ទីផ្សារ​សាធារណរដ្ឋ​ឆែក​,​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿងចក្រ​សាធារណរដ្ឋ​ឆែក​, កសិដ្ឋាន​ចិញ្ចឹម​គោ និង​ផលិត​ឈី​ស​ (Cheese) និង​បាន​ទៅ​ទស្សនា​ពិព័រណ៍​ផលិតផល​កសិកម្ម​, ព្រមទាំង​តំបន់​បេតិកភណ្ឌ​វប្បធម៌ និង​តំបន់​ពាណិជ្ជកម្ម​សាធារណរដ្ឋ​ឆែក​ផងដែរ​។​


​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុ​វិជាតិ បាន​ថ្លែង​នៅ​ថ្ងៃទី​១០ ខែតុលា​ ដែរ​ថា សាធារណរដ្ឋ​ឆែក ជា​ដៃគូ​ពាណិជ្ជកម្ម ជាមួយ​កម្ពុជា តាំងពី​សម័យ​រដ្ឋ​កម្ពុជា​ដោយ​ទំនាក់ទំនង​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំង២ មាន​លក្ខណៈ​ធំ​គួរសម​ដែរ ដោយសារតែ​ប្រទេស​នេះ ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​។​ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង២ មាន​តួលេខ​មួយ​ធំ ដែល​អាច​ចាត់ទុកថា​ សាធារណរដ្ឋ​ឆែក​នេះ​ជា​ដៃគូ​ពាណិជ្ជកម្ម​១សំខាន់​ដែរ​ស​សម្រាប់​កម្ពុជា ក្នុងចំណោម​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​។​

​លោក សុ​វិជាតិ បាន​បញ្ជាក់ថា​៖«​ជាការ​ពិតណាស់ ការដែល​សភាពាណិជ្ជកម្ម​កម្ពុជា ទៅធ្វើ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​ឆែក​នេះ គឺជា​ការ​រឹតចំណង​មិត្តភាព​ផ្នែក​ពាណិជ្ជកម្ម​ជាថ្មី នៅក្នុង​ចំណោម​សាធារណរដ្ឋ​ទាំងអស់​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​ និងរឹតចំណង​ទំនាក់ទំនង​ពាណិជ្ជកម្ម​កាន់តែ​ជិតស្និទ្ធឡើង​នៅក្នុង​ទ្វីបអឺរ៉ុប​នេះ​»​។​

​លោក​បាន​បន្ថែមថា ក្រសួងពាណិជ្ជកម្ម វាយតម្លៃ​ខ្ពស់​ចំពោះ​សហភាព​អឺរ៉ុប​ទាំងមូល​ជាពិសេស​សាធារណរដ្ឋ​ឆែក ដែល​នៅតែ​ជាទី​ផ្សារ​គោលដៅ​សម្រាប់​កម្ពុជា ដែល​អាច​នឹង​ពង្រីក​នូវ​លទ្ធភាព​ទំនាក់ទំនង​នេះ​ឱ្យ​កាន់តែ​ប្រសើរ​ថែមទៀត តាមរយៈ​ការនាំចេញ ដែល​កន្លងមក​កម្ពុជា​នាំចេញ​ទៅជា​ទំនិញ​វាយ​ន​ភណ្ឌ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង កង់ អង្ករ ជាដើម​។​

«​ក្រៅពី​ផលិតផល​ទាំងនេះហើយ​យើង​រំពឹងថា​ នឹងមាន​កំណើន​ថែមទៀត​នៅក្នុង​ការនាំចេញ​របស់​យើង នៅក្នុង​វិស័យ​កសិកម្ម សម្រាប់​ទីផ្សារ​នេះ​»​។ លោក វិជាតិ បានបញ្ជាក់​បន្ថែម​។​

​លោកថ្លែងថា ​នៅក្នុង​រយៈពេល​ ៩​ ខែ​ នេះ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សាធារណរដ្ឋ​ឆែក សម្រេចបាន​ក្នុង​ទឹកប្រាក់​ជាង ​៦១​ លាន​ដុល្លារ ថយចុះ​ជាង​៨​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២២​។​ នៅក្នុង​កម្ពុជា ការនាំ​ចេញទៅ​សាធារណរដ្ឋ​ឆែក មាន​ទំហំ​ទឹកប្រាក់​ជាង​ ២,២ លាន​ដុល្លារ កើនឡើង​ជាង​ ១៤០​ ភាគរយ ​ខណៈដែល​កម្ពុ​ជា​នាំ​ចេញទៅ​សាធារណរដ្ឋ​ឆែក​វិញ មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង​ ៥៩​ លាន​ដុល្លារ ថយចុះ​ជាង​ ១០ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២២៕