ភ្នំពេញៈ អតីត​នាយករដ្ឋមន្ត្រី​លោក​ ហ៊ុន សែន បាន​ថ្លែងថា ជាង​ ១​ ខែ​ហើយ​នៃ​ការរៀបចំ​រដ្ឋាភិបាល​ថ្មី​មកនេះ មិនមាន​ឃើញ​ប្រជាជន​កម្ពុជា​មានការ​ភ័យខ្លាច​ដោយសារ​មានការ​​ផ្លាស់ប្តូរ​មេដឹកនាំ​ទេ ហើយ​ដែល​ការលះបង់​របស់លោក​ដោយ​ការ​លាលែង​ពី​តំណែង​ជានា​យក​រដ្ឋ​មន្ត្រី​នេះ ក៏​ដើម្បី​ប្រជាជន​កម្ពុជា រស់នៅក្នុង​សុខសន្តិភាព និង​ការអភិវឌ្ឍ​បន្តទៀត​ដែរ​។​


​លោក​បានលើកឡើង​ដូចនេះ កាលពី​ល្ងាច​ថ្ងៃទី​ ៩ ខែតុលា ក្នុង​ពិធី​បំពាក់​មេដាយ និង​ពិធី​បិទ​បញ្ចប់​កញ្ចក់​កាមេរ៉ា​ថត​ខ្សែ​ភាព​យន្ត​ភាគ​រឿង «​កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញបូណ៌មី​» ដែលជា​ខ្សែភាពយន្ត​ពាក់ព័ន្ធ​ដំណើរ​ជីវិត​នយោបាយ​របស់លោក នា​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​អន្តរជាតិ​ជ្រោយចង្វារ និង​ជា​ថ្ងៃ​ដែល​លោក​បាន​បង្ហាញមុខ​ដំបូង បន្ទាប់ពី​លោក​បាន​ចាក​ចេញពី​តំណែង​ជានា​យក​រដ្ឋមន្ត្រី​។

​លោក ​ហ៊ុន សែន​ លើកឡើងថា​៖ «​ជាង ១ ​ខែ​ហើយ​នៃ​ការរៀបចំ​រដ្ឋាភិបាល​ថ្មី ថា​តើ​មានបាន​ឃើញថា ប្រជាជន​កម្ពុជា​មានកា​រ​ភ័យខ្លាច​ដោយសារ​មានការ​ផ្លាស់ប្តូរ​មេដឹកនាំ​ទេ​? តើ​មានបាន​ឃើញថា ប្រជាជនបាន​ទៅ​ដក​ប្រាក់​ដើម្បី​ត្រៀម​រត់​ដែរ​ទេ​? គឺ​អត់​មាន​ទេ​»​។


​លោក​បន្ថែមថា ស្ថានភាព​ប្រទេស​នៅមាន​ស្ថិរ​ភាព​ដដែល ដែល​ការផ្លាស់ប្តូរ​មេដឹកនាំ​ប្រទេស​លើក​នេះ មិន​បង្ក​អសន្តិសុខ និង​បង្ក​ការ​ភ័យ​ខ្លាច និង​ការគំរាមកំហែង​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ឡើយ​។ លោក​ថា​៖ «​ប្រសិនបើ​ទុក​យឺត​បន្តិច​រហូតដល់​សុខភាព​របស់ខ្ញុំ​មាន​បញ្ហា ឬ​រហូតដល់​ខ្ញុំ​ស្លាប់ នោះ​រឿង​វា​នឹង​ច្របូកច្របល់​សម្រាប់​ប្រទេសជាតិ​។ ដូច្នេះ​ខ្ញុំ​អាច​និយាយបានថា ការលះបង់​របស់ខ្ញុំ គឺជា​ការលះបង់​ដើម្បី​ប្រជាជន​កម្ពុជា រស់នៅក្នុង​សុខ​សន្តិភាព និង​ការអភិវឌ្ឍ​បន្តទៀត​»​។

​លោក​ក៏​បញ្ជាក់ដែរថា ក្នុងតួនាទី​លោក​ជា​ប្រមុខ​ថ្នាក់​ដឹក​នាំ គណបក្ស​ប្រជាជន​កម្ពុជា​ដែលជា​បក្ស​កាន់អំណាច​លោក​នៅមាន​សិទ្ធិ​ខាង​នយោបាយ​ដែល​អាច​បញ្ចេញយោបល់​លើ​កិច្ច​ការ​នយោបាយ​ទាំង​ក្នុង និង​ក្រៅ​ស្រុក គ្រាន់តែ​លោក​គ្មាន​អំណាច​ក្នុង​ផ្នែក​នីតិប្រតិបត្តិ​ប៉ុណ្ណោះ ក្រោយ​រដ្ឋាភិបាល​ថ្មី​ចេញ​ជា​រូប​រាង​រយៈពេល​ជាង​ ១ ​ខែ​។ ក្នុងនាម​លោក​ជា​ប្រធាន​ក្រុម​ឧ​ត្ត​ម​​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​លោក​នៅតែ​មានអំណាច​ផ្នែក​នយោបាយ​ដដែល​។


​ការលើកឡើង​ដូចនេះ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ពាក្យរិះគន់​មួយចំនួន​ថា លោក​ជា​អ្នក​នៅក្រោយ​ខ្នង និង​នៅតែ​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី​៧ ដែល​ដឹកនាំ​ដោយ​កូនប្រុស​របស់លោក គឺ​លោក​ហ៊ុន ម៉ា​ណែ​ត​។

លោក ​ហ៊ុន សែន ថ្លែងថា​៖ «​មេបក្ស​កាន់អំណាច គឺ​នៅតែមាន​អំ​ណា​ច​អ៊ីចឹង សូម​ផ្តាំ​ទៅ​។ ខ្ញុំ​មិន​បញ្ជា​កម្លាំង​ជំនួស​នាយករដ្ឋមន្ត្រី​នោះទេ ម៉ោង​នេះ ពេលនេះ មានតែ​នាយករដ្ឋមន្ត្រី​ទេ ដែលមាន​សិទ្ធិ​បញ្ជា​កម្លាំង ឯខ្ញុំ​គ្មាន​សិទ្ធិ​ទេ តែ​ខ្ញុំ​មាន​សិទ្ធិ​ខាង​នយោបាយ ត្រួតត្រា​លើ​កិច្ចការ​នយោបាយ ប៉ុន្តែ​មិន​ចុះហត្ថលេខា ឬ​បញ្ជា​កម្លាំង​នីតិប្រតិបត្តិ​ទេ​»​។​

​លោក​សង្កត់ធ្ងន់ថា លោក​មិនដែល​ស្រមៃ​ចង់​ក្លាយជា​នាយករដ្ឋមន្ត្រី​នោះទេ ប៉ុន្តែ​ព្រហ្ម​លិខិត​កំណត់​មក​បែបនេះ ដែល​កើតចេញពី​ការតស៊ូ​រំដោះប្រទេស​។ ទោះយ៉ាងណា ពេលនេះ លោក​សុខចិត្ត​លះបង់​អំណាច​ក្នុង​គ្រា​ដែល​លោក​នៅមាន​ប្រជាប្រិយ​​ភាព​ខ្ពស់ ដើម្បី​ប្រជាជន​រស់នៅក្នុង​សន្តិភាព និង​ការអភិវឌ្ឍ​បន្ត ដែល​ក្នុង​ពិភពលោក​សឹង​មិនមាន​អ្នក​ហ៊ាន​លះបង់​ដូច្នេះ​។​

​លោក​បញ្ជាក់ថា​៖ «​នេះ​ជាការ​បញ្ជូន​សារ​ទៅជូន​ក្រុមប្រឆាំង​ទាំងឡាយ​ឱ្យបាន​ភ្លឺភ្នែក ដែល​អ្នក​ទាំងឡាយ​ពេលនោះ បាន​វាយតម្លៃថា ហ៊ុន សែន ​មិន​ហ៊ាន​ចុះ​ចេញពី​អំណាច​ទេ ក៏ប៉ុន្តែ​អ្នក​ស្គាល់ ហ៊ុន សែន តិចពេក​ហើយ អ្នក​ត្រូវ​រៀនសូត្រ​ពី ហ៊ុន សែន បន្ថែមទៀត ព្រោះ​ ហ៊ុន សែន យ៉ាងហោចណាស់​ក៏រ​ស់បាន​ ៣០ ​ឆ្នាំ​ទៀត​ដែរ​។ ហ៊ុន សែន​ ក៏​នៅតែមាន​ឥទ្ធិពល​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា អ្នក​រង់​ចាំមើល​»​។​

​លោក​ យង់ ពៅ អគ្គលេខា​​ធិ​ការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ថ្លែងថា ដោយសារ​បរិបទ​ការបោះឆ្នោត​នៅ​កម្ពុជា​ប្រើ​ប្រព័ន្ធ​សមាមាត្រ ហើយ​មាន​គោល​ការណ៍​ដែល​រុញច្រាន​ឱ្យអំណាច​គណបក្ស​មាន​បុព្វសិទ្ធិ​ខ្លាំង ដូច្នេះ​អំណាច​របស់​ប្រមុខ​គណ​បក្ស​កាន់អំណាច​ក៏មាន​បុព្វសិទ្ធិ​ខ្លាំងក្លា​ផងដែរ ខណៈ​លោក​ ហ៊ុន​ សែន ថែមទាំង​មាន​ប្រជាប្រិយ​ភាព និង​ស្នាដៃ​សម្រាប់​ជាតិ​ផង ទើប​អតីត​នាយករដ្ឋមន្ត្រី​រូបនេះ នៅតែមាន​ឥទ្ធិពល​ក្នុងការ​គូស​វាស​នយោបាយ​ជាតិ​។​

​សម្រាប់​លោក ប៉ា ចន្ទ​រឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា ក៏​ជឿជាក់​ដែរ​ថា លោក​ ហ៊ុន សែន នៅតែមាន​ឥទ្ធិពល​ក្នុងការ​សម្រេចចិត្ត​រប​ស់រ​ដ្ឋា​​ភិ​បាល​ថ្មី ព្រោះ​លោក​ជា​ឪពុក​របស់​នាយករដ្ឋមន្ត្រី ហើយ​ជា​ប្រមុខ​គណបក្សកាន់អំណាច​ព្រមទាំង​ជា​អតីត​មេដឹកនាំ​ប្រទេស​ដែលមាន​អំណាច​ចាក់ឫស​ជ្រៅ​ក្នុងសង្គម​ខ្មែរ​នាពេល​បច្ចុប្បន្ន​។​

​លោក​បាន​បន្តថា​៖ «​ជាទូទៅ ប្រធាន​គណបក្សកាន់អំណាច គាត់​មាន​ឥទ្ធិពល​នៅក្នុង​ផ្ទៃក្នុង​គណបក្ស​របស់គាត់ ហើយ​ជាការ​ពិត គាត់​អាច​ប្រើប្រាស់​អំណាច​ហ្នឹង​នៅក្នុង​ការដាក់​សម្ពាធ ឬ​ជជែក​ជាមួយ​មន្ត្រី​ពី​គណបក្ស​របស់លោក​ផងដែរ​»៕