ភ្នំពេញៈ រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​លោក ​អ៊ាង សុផល្លែត បាន​ប្រកាស​នៅ​ថ្ងៃទី ​១០ ខែ​តុលា​ ឆ្នាំ​ ២០២៣​ ថា លោក​ចាប់​ផ្តើម​បើក​យុទ្ធ​នា​ការដាំ​ដើម​ឈើ​យ៉ាង​តិច​ ១​ លាន​ដើម ក្នុង ១​ ឆ្នាំ​ ចាប់​ពី​ថ្ងៃនេះ​តទៅ ដែល​ការ​ប្រកាស​ដូច​នេះ​ត្រូវ​បាន​មន្ត្រី​សង្គម​ស៊ីវិល​បង្ហាញ​ការ​គាំទ្រ​ផង​ដែរ​។​


​លោក ​អ៊ាង សុផល្លែត ​បាន​សរសេរ​លើ​ហ្វេស​ប៊ុករ​បស់​លោក​ថា​៖ «​ថ្ងៃទី​ ១០ ​ខែតុលា ​ឆ្នាំ​ ២០២៣ ខ្ញុំ​សូម​ប្រកាស​បើក​យុទ្ធ​នា​ការ​ដាំ​ដើម​ឈើ​យ៉ាង​តិច​ ១ ០០០​ ០០០ ​ដើម​ ក្នុង​ ១ ​ឆ្នាំ​ចាប់​ពី​ថ្ងៃនេះ​តទៅ​»​។​

​ទន្ទឹមគ្នា​នេះ​ ក្រសួង​បរិស្ថាន​ក៏បាន​ឱ្យ​ដឹង​ផង​ដែរ​ តាម​រយៈ​យុទ្ធ​នាការ​ថ្ងៃ​១០​ តុលា​​ លោក​រដ្ឋ​មន្ត្រី បាន​ជំរុញ​ឱ្យ​ប្រជា​ពលរដ្ឋចូលរួម​ដាំ​ដើម​ឈើ ​ដាំ​ស្តារ​ព្រៃ និង​ចូល​រួម​ការពារ​អភិរក្ស​ព្រៃ​ឈើ និ​ង​បរិស្ថាន​ធម្ម​ជាតិ​ ដើម្បី​បង្កើន​គម្រប​ព្រៃ និង​អាច​លក់​កា​បូន ដើម្បី​អាច​បង្កើន​ប្រាក់​ចំណូល​នៅ​ក្នុង​សហ​គមន៍​។​


​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ក្រសួង​បរិស្ថាន​លោក​ អ៊ាង ​សុផល្លែ​ត បាន​លើក​ឡើង​ថា ៖ «​ដើម្បី​ធានា​និរន្ត​ភាព​បរិស្ថាន ​និង​ជីវ​ភាព​សហ​គមន៍ ប្រជា​សហ​គមន៍ត្រូវ​នាំគ្នា​ដាំ​ដើម​ឈើ​ឱ្យបាន​ច្រើន ​ពីព្រោះ​ដើម​ឈើ​គឺជា​ប្រភព​ប្រាក់​ចំណូល តាម​រយៈ​ការ​ទាញ​ចំណូល​ពី​ការ​លក់​កាបូន ​ហើយ​ចំណូល​ពី​កា​រលក់​បូន ​នឹង​ជួយ​ដល់​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ ​និង​ធ្វើឱ្យ​​ប្រជា​ពលរដ្ឋ​មាន​ចំណូល​បន្ថែម​លើស​ពី​ចំណូល​តាម​រយៈ​ភ្ញៀវទេ​សចរ​នាពេ​ល​បច្ចុប្បន្ន​នេះ​»​។​

​សូម​រំឭក​ថា យុទ្ធសា​ស្ត្រ​បញ្ច​កោណ​របស់​រាជ​រដ្ឋាភិ​បាល​កម្ពុជាក្នុងដំ​ណាក់​កាល​ទី​១​ នៃ​មុំ​ទី​២ ​ទី​៤ និង​ទី​៥ គឺ​ធានា​ចីរភាព​នៃ​ការ​អភិវឌ្ឍ​សង្គម​ សេដ្ឋកិច្ច និង​កសាង​ភាព​ធន់​ទៅនឹ​ង​ការប្រែ​ប្រួល​អាកាសធា​តុ ​ការអភិវឌ្ឍ​​ប្រកប​ដោយ​ភាព​ធន់ ចីរភា​ព និង​បរិ​យាប​ន្ន​ ដោយ​ជំរុញ​ការ​លើក​កម្ព​ស់ការទាក់​ទាញ​វិនិយោគ ក្នុង​ឧស្សា​ហកម្ម​ដែល​មាន​តម្លៃ​បន្ថែម​ខ្ពស់ និ​ង​ឧស្សា​ហកម្ម​បៃតង​។ រដ្ឋាភិ​បាល​មាន​ផែន​ការ​រក្សា​គម្រប​ព្រៃឈើ​ឱ្យបាន​៦០​ភាគរ​យ នៅ​ឆ្នាំ​២០៣០​​។​


​ការងារ​បរិ​ស្ថាន​គឺមាន​ភាព​សំខាន់​ជាស​កល ទើប​ធ្វើឱ្យ​ក្រសួង​បរិស្ថាន​កម្ពុជា ​បាន​ដាក់​ចេញ​យុទ្ធនា​ការ​សំខាន់ៗ​មួយ​ចំនួន​រួម​មាន​ ជំរុញ​និង​ចូលរួម​ក្នុង​យុទ្ធនា​ការ «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​ទេ​» ដែល​បាន​អនុវត្ត​ចាប់ពី​ថ្ងៃទី​១ ខែ​កញ្ញា ​ដែល​រហូត​ទល់​ពេល​នេះ មា​នការ​ចូលរួម​ពីសា​លា​គ្រប់​កម្រិត​ទូទាំង​ប្រទេស​ប្រមាណ​ជាង ១​១​ ០០០​ សា​លា ​និង​មាន​សិស្សានុ​សិស្ស ​ដែល​ជា​យុវ​ជន​ជំនាន់​ក្រោយ​ជាង ១,៥​ លាន ​នាក់​។​

​យុទ្ធ​នាកា​រ​ទី​២​ គឺ​ការ​ស្តារ ​និង​ដាំ​ដើម​ឈើ​ឡើងវិ​ញ ដើម្បី​ឈាន​ឆ្ពោះ​ទៅ​ទទួល​បាន​​អព្យា​ក្រឹត​កាបូន​ និង​ការ​លើក​កម្ពស់​ជីវ​ភាព​ប្រជា​សហ​គមន៍ ​ឆ្លើយ​តប​ទៅនឹង​ការប្រែ​ប្រួល​អាកាសធា​តុ និង​ទី​៣​គឺ ការ​បង្កើន​គម្រប​ព្រៃ​ឈើ​ឱ្យ​បាន​៦០ភាគរយ​ តា​មរយៈ​ការដាំ​ដើ​មឈើ​១​លាន​ដើម ក្នុ​ង​១​ឆ្នាំ រួ​មទាំង​ការដាំ​ឫស្សី ​ដើម្បី​បង្កើន​គម្រប​ព្រៃ និង​បង្កើន​ជីវភាព​ប្រជា​ជន​ ព្រម​ទាំង​ការ​ចូល​រួមជា​មួយ​ដៃគូ​នានា​ដោះ​ស្រាយ​បញ្ហា​សកល ​ដែល​យក​ចិត្ត​ទុក​ដាក់​ជា​ចម្បង​ទៅ​លើ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ជាស​កល​។​

​លោក ​ហេង គឹម​ហុង ប្រធាន​ផ្នែក​កម្មវិធី​ស្រាវជ្រា​វ និង​តស៊ូ​មតិ​នៃ​សមា​គម​បណ្តាញ​យុវជន​​កម្ពុជា ​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី​​១០ ខែតុលា​ថា លោក​សប្បាយ​ចិត្ត​នៅពេ​ល​ឮ​ថា​ក្រសួង​បរិស្ថាន​ដា​ក់ចេញ​យុទ្ធ​សាស្ត្រ​ថ្មី​ក្នុង​ការដាំ​កូន​ឈើ​ឡើង​វិញ​ ជាអ្វី​ដែល​ធ្វើឱ្យ​លោក​ពេ​ញចិត្ត និង​ជាកា​រ​ឆ្លុះប​ញ្ចាំង​ឱ្យឃើញ​​ពី​ការយ​កចិត្ត​ទុកដាក់​ក្នុង​ការ​ស្តារ​ គម្រប​ព្រៃ​ឈើ​ឡើង​វិញ​នេះ​។​

​លោក​បាន​ថ្លែង​ថា ៖ «​ទន្ទឹមគ្នា​នេះដែ​រ ខ្ញុំ​យល់ថា​​ទិសដៅ​២​ដែល​រដ្ឋាភិបាល​ និង​ក្រសួង​បរិស្ថាន​ត្រូវ​គិត​ដែរ ​ដើម្បី​ជំរុញ​កិច្ចការ​ស្តារ​គម្រប​ព្រៃ​ឈើ​ឡើង​វិញ​ឱ្យមា​ន​ប្រសិទ្ធ​ភាព​ គឺ​ក្រសួងប​រិស្ថាន​ត្រូវ​គិតគូ​ពី​ការ​ការពារ​ទៅ​លើ​ការ​អភិរក្ស​ព្រៃ​ដែល​មាន​ស្រាប់​និង​ធ្វើការ​បង្ក្រាប​និង​ទប់​ស្កាត់​បទ​ល្មើស​គ្រប់​ប្រភេទ​ដែល​កើត​មាន​នៅក្នុ​ង​តំបន់​ការពារ​ធន​ធាន​ព្រៃឈើ​ធម្មជា​តិ​កុំឱ្យ​មាន​ការ​កាប់​បំផ្លាញ​ និង​ទប់ស្កា​ត់​សកម្ម​ភាព​នាំចេញ​ឈើ​ទៅ​ក្រៅ​ប្រទេស​ផង​ដែរ​»​។​

​លោក ​ហេង គឹមហុង បាន​បន្ត​ថា ការដាំ​កូនឈើ​​ឡើង​វិញ​នេះ​ជា​រឿង​ល្អ ប៉ុន្តែ​បើ​រដ្ឋាភិ​បាល​ ក៏ដូចជា​​ក្រសួង​ពាក់​ព័ន្ធ​ មាន​ការ​យកចិ​ត្តទុ​កដាក់​ក្នុ​ងការ​អភិរក្ស​ព្រៃឈើ​ដែលមា​ន​ស្រាប់ នោះ​គឺ​កាន់តែ​ល្អប្រសើរ​ថែម​ទៀត​៕