ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជានៅបន្តសហការជាមួយអាជ្ញាធរអ៊ីស្រាអែលដើម្បីជម្លៀសប្រជាពលរដ្ឋខ្មែរចំនួន ១៣១ នាក់ទៀត ដែលស្ថិតនៅតំបន់មានហានិភ័យនៅឡើយ ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់នៃប្រទេសប៉ាឡេស្ទីន។
លោក ហ៊ុន ម៉ាណែត ថ្លែងថា ដើម្បីជួយប្រជាពលរដ្ឋ និងនិស្សិតខ្មែរនៅប្រទេសអ៊ីស្រាអែល លោកបានដាក់គោលការណ៍តាំងពីថ្ងៃទី ១ នៃហេតុការណ៍នេះគឺនៅថ្ងៃទី ៧ ខែតុលា ឱ្យក្រសួងការបរទេស ក្រសួងកសិកម្ម អាជ្ញាធរមានសមត្ថកិច្ច និងក្រសួងពាក់ព័ន្ធធ្វើយ៉ាងណាត្រូវកំណត់ឱ្យបានចំនួនប្រជាពលរដ្ឋខ្មែរដែលនៅអ៊ីស្រាអែលទាំងអស់ និងរកឱ្យឃើញពីព័ត៌មាន ថាតើពួកគាត់នៅទីណាដើម្បីងាយស្រួលរាជរដ្ឋាភិបាលអន្តរាគមន៍ជួយ។
ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ ២០២៣-២០២៨» នាព្រឹកថ្ងៃទី ១០ ខែតុលានៅរាជធានីភ្នំពេញលោកហ៊ុន ម៉ាណែត ថ្លែងថា៖ «មកដល់ម៉ោងនេះ ព្រឹកមិញ ម៉ោង ៧ ព្រឹកនេះ យើងបានរកឃើញហើយ យើងមានទិន្នន័យដែលប្រមូលបាននៅក្នុងបញ្ជីទាំងសាលាទាំងអី គឺ ៤៥៤ នាក់ ហើយក្នុងនោះយើងបានជម្លៀសចេញ ៣២៣ នាក់ទៅកន្លែងសុវត្ថិភាពនៅ ១៣១ នាក់ទៀតនៅតំបន់ដែលនៅហានិភ័យនៅឡើយដែលយើងនៅបន្តសហការ។ បើសិនជាយើងមិនមានទិន្នន័យមិនដឹងថា គាត់នៅកន្លែងណាយើងពិបាករក ពិបាកជួយ ពិបាកអន្តរាគមន៍»។
លោក ហ៊ុន ម៉ាណែត ថ្លែងថា សុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្មែរនៅប្រទេសអ៊ីស្រាអែល ជាពិសេសនិស្សិតខ្មែរ គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាលដែលបានខិតខំបន្តជាប់ជាប្រចាំទាំងយប់ទាំងថ្ងៃដើម្បីធានា និងសហការជាមួយអាជ្ញាធរអ៊ីស្រាអែលដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋខ្មែរ ជាពិសេសនិស្សិតខ្មែរនៅទីនោះបានទទួលការការពារ និងសុវត្ថិភាពរបស់ខ្លួន។
លោក ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមតាមរយៈសារជាសំឡេងនាថ្ងៃទី ១០ ខែតុលាថា រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជានៅបន្តតាមដានយ៉ាងយកចិត្តទុកដាក់រហូតដល់ប្រជាជនខ្មែរនៅក្នុងប្រទេសអ៊ីស្រាអែលគ្រប់រូបបានដល់ទីសុវត្ថិភាពគ្រប់ៗគ្នា។
លោកអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរនៅប្រទេសអ៊ីស្រាអែល ជាពិសេសនិស្សិតខ្មែរបន្តយកចិត្តទុកដាក់ក្នុងការថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួន និងគោរពឱ្យបានម៉ឺងម៉ាត់ចំពោះរាល់ការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល។ លោកអំពាវនាវឱ្យពួកគេរក្សាភាពស្ងៀមស្ងាត់ និងជឿជាក់ទៅលើសមត្ថភាពរបស់អាជ្ញាធរអ៊ីស្រាអែលដែលជាម្ចាស់ផ្ទះក្នុងការធានាសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងអស់ រួមមានប្រជាពលរដ្អ៊ីស្រាអែល និងគ្រប់ជនជាតិដែលរស់នៅលើទឹកដីអ៊ីស្រាអែលរួមទាំងប្រជាពលរដ្ឋខ្មែរផងដែរ។
លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ «រដ្ឋាភិបាលអ៊ីស្រាអែលបានបញ្ជាក់ជូនបណ្ដាប្រទេសដែលមានប្រជាពលរដ្ឋនៅក្នុងប្រទេសអ៊ីស្រាអែលថា អ៊ីស្រាអែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធានាសុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់រូបដែលនៅក្នុងប្រទេសមិនថាជនជាតិអ៊ីស្រាអែល ឬជនបរទេសទេ។ រដ្ឋាភិបាលអ៊ីស្រាអែលនឹងផ្តល់ការជួយជនបរទេសដូចជនជាតិអ៊ីស្រាអែលដែរ»។
លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា ការប្រយុទ្ធគ្នានឹងបញ្ចប់នៅក្នុងពេលឆាប់ៗខាងមុខតាមរយៈការរកដំណោះស្រាយនៃការចរចាគ្នាជាជាងការប្រើប្រាស់អាវុធ និងការដោះលែងជនស៊ីវិលនិងចំណាប់ខ្មាំងទាំងអស់ដោយសុវត្ថិភាព។
និស្សិតខ្មែរម្នាក់ដែលនៅស្នាក់នៅប្រទេសអ៊ីស្រាអែល បានបាត់បង់ជីវិតកាលពីថ្ងៃទី ៧ ខែតុលា ដែលជាថ្ងៃចាប់ផ្តើមវាយប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងកងទ័ពក្រុមហាម៉ាស់។
សារព័ត៌មានអន្តរជាតិបានរាយការណ៍ កាលពីថ្ងៃទី ១០ ខែតុលាថា មានមនុស្សប្រហែល ៩០០ នាក់បានស្លាប់នៅក្នុងប្រទេសអ៊ីស្រាអែល ចាប់តាំងពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលនេះកាលពីថ្ងៃទី ៧ ខែតុលា ដែលក្នុងនោះមនុស្ស ២៦០ នាក់ ត្រូវបានសម្លាប់ដោយខ្មាន់កាំភ្លើងក្រុមហាម៉ាស់នៅឯពិធីតូរ្យតន្ត្រីមួយ។ ចាប់តាំងពីអ៊ីស្រាអែលចាប់ផ្តើមវាយប្រហារតបតវិញទៅកាន់តំបន់ហ្គាហ្សា (Gaza) មនុស្សជិត ៦៩០ នាក់បានស្លាប់នៅខាងប៉ាឡេស្ទីន។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃទី ១០ ខែតុលាថា លោកសាទរចំពោះការជម្លៀសប្រជាពលរដ្ឋខ្មែរទៅតំបន់ទីសុវត្ថិភាព ហើយនេះជារឿងមួយដែលទទួលបានភាពកក់ក្តៅហើយថា ការប៉ះទង្គិចគ្នានេះគឺក្នុងទ្រង់ទ្រាយធំហើយសាហាវពីព្រោះក្រុមហាម៉ាស់នៅហ្គាហ្សាដែលធ្វើការវាយប្រហារទៅខាងអ៊ីស្រាអែលនេះហាក់ដូចជាខ្លាំងក្លាជាងសព្វដង។
លោកបន្តថា ពួកសកម្មប្រយុទ្ធបានចេញវាយប្រហារតាំងពីតាមផ្លូវក្រោមដីតាមសមុទ្រនិងការប្រើកាំជ្រួចជាដើមហើយស្ទើរតែមិនឱ្យអ៊ីស្រាអែលតដៃបានភ្លាមៗ។ នេះគឺជាគ្រោះថ្នាក់មួយ ហើយហាក់ដូចជាមានអ្នកនៅពីក្រោយខ្នងនៃហេតុការណ៍នេះដែលទី១អាចជាការសងសឹករបស់ក្រុមហាម៉ាស់ ហើយទី ២ អាចមានប្រទេសណាមួយនៅពីក្រោយខ្នង «អាចថាអ៊ីរ៉ង់ក៏ថាបាន» ដែលមានគំនិតសងសឹកទៅលើអ៊ីស្រាអែល។ លោក យង់ ពៅ បន្តថា៖ «មួយទៀតយើងឃើញថា ប្រតិកម្មរបស់អ៊ីស្រាអែលក៏ខ្លាំងវិញដែរ។ការបាញ់កាំជ្រួចដាក់នៅតំបន់ហ្គាហ្សានេះក៏ខ្លាំងណាស់ដែរ។
អ៊ីចឹងយើងត្រូវតែជម្លៀសពលរដ្ឋយើងទៅតំបន់ទីសុវត្ថិភាពដែលអាចជឿទុកចិត្តបាន ឬមួយទៅប្រទេសអារ៉ាប៊ី សាអ៊ូឌីត ដែលយើងមានស្ថានទូតនៅទីនោះ ឬមួយទៅតំបន់ទីសុវត្ថិភាពណាមួយជាក់លាក់ដែលធានាដោយរដ្ឋាភិបាលអ៊ីស្រាអែលនោះ»។
លោកបន្ថែមថា៖ «នេះគឺជារឿងដែលយើងត្រូវតែគិតដល់ប្រជាពលរដ្ឋយើងពីព្រោះប្រជាពលរដ្ឋយើងឥឡូវនេះមិនធ្លាប់នឹងទទួលនូវការភ័យភិតបែបនេះទេដ្បិតតែយើងធ្លាប់ជួបសង្គ្រាមមែនក៏ប៉ុន្ដែសង្គ្រាមធំៗការប្រើសព្វាវុធធុនធ្ងន់បែបនេះកម្ពុជាយើងមិនដែលជួបទេ។ ម្យ៉ាងទៀតអ្នកដែលទៅរៀនទីនោះសុទ្ធតែយុវជនវ័យក្មេងដែលមិនបានឆ្លងកាត់សង្គ្រាមទេ។ អ៊ីចឹងអាចគាត់ពិបាកនឹងទប់ទល់ទាំងអារម្មណ៍ ទាំងការគេចខ្លួនអីជាដើម»៕