​ភ្នំពេញៈ ក្រសួងសុខាភិបាល កាល​​ពីថ្ងៃ​ទី​ ៩ ខែតុលា បាន​អំពាវនាវ​សា​ជាថ្មី​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ប្រុង​ប្រយ័ត្ន​ពី​ជំងឺផ្តាសាយបក្សី​ប្រភេទ​ H5N1 ក្រោយពី​កុមារី​អាយុ​ ២ ​ឆ្នាំ​ម្នា​ក់បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ នៅក្នុង​ភូមិ​ឆ្មា​លោត ឃុំ​ស្នឹង​ខាងត្បូង ស្រុក​កំចាយមារ ខេត្តព្រៃវែង​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នៅ​យប់​ថ្ងៃទី ​៩ ខែតុលា ឆ្នាំ ​២០២៣​។​


​សេចក្ដីប្រកាស​ព័ត៌មាន​នេះ​ឱ្យដឹងថា វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ បាន​បញ្ជាក់ថា កុមារី​អាយុ ​២ ​ឆ្នាំ​ដែល​ស្លាប់​ត្រូវបាន​បញ្ជាក់ថា មាន​វិជ្ជមាន​វីរុស​ផ្តាសាយ​បក្សី ប្រភេទ​ H5N1​។​

​សេចក្ដីប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា​៖ «​សូម​ប្រជាពលរដ្ឋ​ទាំងអស់ យកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​លើ​ជំងឺ​ផ្តាសាយ​បក្សី​ជានិច្ច ពីព្រោះ​ជំងឺ​ផ្តាសាយ​បក្សី H5N1 នៅតែ​បន្ត​គំរាម​កំហែង​ដល់​សុខភាព​ប្រជាពលរដ្ឋ​ជាពិសេស​លើ​កុមារ​ដែលជា​ក្រុម​មាន​ហានិភ័យ និង​មាន​ភាព​ងាយ​រង​​គ្រោះ​»​។


​ប្រភព​នេះ​បញ្ជាក់ថា កុមារី​ដែល​ស្លាប់​នេះ គឺជា​ករណី​ផ្ដាសាយ​បក្សី​ទី ​៥៩ (​ស្លាប់​ ៤០ ​នាក់​) ដែល​កើតមាន​លើ​មនុស្ស ចាប់តាំងពី​ឆ្នាំ​ ២០០៥ ហើយ​នេះ​ជា​ករណី​ទី​៣ ដែល​បាន​កើតឡើង​នៅក្នុង​ឆ្នាំ​ ២០២៣​។​

​ប្រភព​ដដែល​បន្តថា ក្រុម​ឆ្លើយតប​បន្ទាន់​របស់​ក្រសួងសុខាភិបាល ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ បាននិងកំពុង​អង្កេត​ស្រាវជ្រាវ​ដើម្បី​ស្វែងរក​ប្រភព​ចម្លង ទាំង​លើស​ត្វ និង​មនុស្ស និង​បន្ត​ស្វែងរក​ករណី​សង្ស័យ និង​អ្នក​​ប៉ះពាល់​ដើម្បី​ទប់ស្កាត់​ការឆ្លង​បន្តទៅ​អ្នក​ដទៃទៀត ក្នុង​សហគមន៍​។ មន្ត្រី​នៃ​ក្រសួង​ក៏បាន​ចែកជូន​ឱសថ​តា​មី​​ហ្វ៊ូ ​(Tamiflu)​​ ដល់​អ្នក​ប៉ះពាល់​ជិត​ស្និទ្ធ និង​ធ្វើ​យុទ្ធនា​ការអប់រំ​សុខភាព​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ដែល​កើត​ហេតុ​ផងដែរ​។​


លោក សេង បញ្ញា​ឫទ្ធិ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង បានឱ្យដឹង​នៅ​ថ្ងៃទី​ ១០ ខែតុលា​ថា តាម​ការ​ស្រាវជ្រាវ កុមារី​ដែល​ស្លាប់​ដោយសារ​ជំងឺផ្ដាសាយបក្សី​នេះ មិនមាន​ការ​ពាក់ព័ន្ធ​ជាមួយ​បុរស​ម្នាក់​នៅ​ខេត្ត​​ស្វាយរៀង​នោះឡើយ ពីព្រោះ​នៅក្នុង​លំនៅឋាន​របស់​កុមារី​ដែល​បាត់​បង់ជីវិត​នេះ គឺមាន​សត្វ​មាន់បាន​ឈឺ​ងាប់​ជា​បន្តបន្ទាប់​ដែរ ហើយ​ក្រុមមន្ត្រី​សុខាភិបាល​បាន​ចុះមក​មូលដ្ឋាន​នេះ ដើម្បី​ស្រាវជ្រាវ​អំពី​មូលហេតុ​នៃ​ការ​ចម្លងជំងឺ​គ្រុនផ្ដាសាយ​បក្សី និង​ស្វែង​​រកឃើញ​អ្នកពាក់ព័ន្ធ​ដោយផ្ទាល់​ជា​មួយ​កុមារី​ដែល​បាន​បាត់បង់​ជីវិត​នេះ​បាន​ចំនួន ១២ ​នាក់ និង​កំពុង​ស្វែងរក​បន្តទៀត​ផងដែរ​។​

​លោក សេង បញ្ញា​ឫទ្ធិ បញ្ជាក់ថា​៖ «​វិធានការ​បន្ទាន់​រប​ស់​យើង គឺ​បានដាក់​ប៉ុស្តិ៍​សុខភាព ដើម្បី​ប្រមូល​អ្នក​ពាក់ព័ន្ធ​ទាំងអស់​យកមក​ស្រាវជ្រាវ ហើយ​មួយទៀត​យើង​បាន​អប់រំ​ផ្សព្វ​ផ្សាយ​ជា​សារ​សំឡេង ប្រកាស​នៅតាម​ភូមិ​ដែលមាន​កុមារី​ស្លាប់​នោះ​។ ក្រៅពីនេះ​យើង​បាន​ណែនាំ​គ្រប់​មន្ទីរ​ពេទ្យ​ទាំងអស់​ក្នុង​ខេត្តព្រៃវែង ត្រូវ​ចូលរួម​ស្រាវជ្រាវ​រក​ករណី​ថ្មី ដើម្បី​មាន​វិធាន​ទប់ស្កាត់​កុំឱ្យ​រីក​រាលដាល​តទៅទៀត​»​។​

​លោក គុជ ស៊ីថា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង ថ្លែងថា មកដល់ពេលនេះ អ្នក​ដែល​ពាក់ព័ន្ធ​នឹង​បុរស​ដែល​បាន​បាត់បង់​ជីវិត​ដោយសារ​ជំងឺផ្ដាសាយបក្សី​ក្នុងភូមិ​ម្រាក់​ទាប ឃុំ​ត្រស់ ស្រុក​រមាសហែក បាន​ចំនួន ១២ ​នាក់ ហើយ​អ្នក​ពាក់​​ព័ន្ធ​ទាំងនោះ ត្រូវបាន​មន្ត្រី​សុខា​ភិ​បាល​ធ្វើការ​ពិនិត្យ និង​តេស្ត​រក​ជំងឺ​ផ្ដាសាយ​បក្សី គឺ​ទទួលបាន​លទ្ធផល​អវិជ្ជមាន​ទាំងអស់​។ មន្ទីរ​សុខា​ភិ​បាល បាន​ណែនាំ​ពួកគាត់​ពី​អនាម័យ និង​ដាក់ឱ្យ​ពួកគាត់​ត្រូវ​នៅក្នុង​លំនៅ​ឋាន​ដាច់ដោយឡែក​ពី​សហគមន៍ និង​ត្រូវ​កាត់បន្ថយ​ការប្រាស្រ័យ​ទាក់​ទង​ជាមួយ​សហគមន៍​ខាងក្រៅ​។​

​លោក សុខ សុទ្ធា​វុ​ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​​ស្វាយរៀង បាន​ថ្លែងថា មាន់ និង​ទា ដែល​សង្ស័យថា មាន​វិជ្ជមាន​ជំងឺ​ផ្តាសាយ​បក្សី H5N1 ប្រមាណ​ជាង ២០០ ​ក្បាល បាន​ប្រមូល​យកទៅ​ដុត​កម្ទេចចោល និង​បាញ់ថ្នាំ​កន្លែង​បក្សី​ឈឺ ផ្ដល់​ថ្នាំ​បង្ការ​ដល់​សត្វ​ចិញ្ចឹម​របស់​ប្រជាពលរដ្ឋ និង​ណែនាំ​ឱ្យ​ពលរដ្ឋ​ដែលមាន​ចិញ្ចឹមសត្វ ត្រូវ​ចេះ​អនាម័យ​សម្អាត​ដៃ​នៅពេល​ប៉ះពាល់​សត្វ​បក្សី ហើយ​កុំ​បរិភោគ​សត្វ​បក្សី​ដែល​ឈឺ​ឬ​ងាប់​។

លោក​ថា​៖ «​យើង​កំពុង​ស្រាវជ្រាវ​បន្តទៀត និង​ឃ្លាំមើល​សត្វ​មាន់​ទា​នៅក្នុង​ភូមិ ថា​តើ​មាន​សញ្ញា​អ្វី​ប្រែប្រួល​ទៀត​ទេ​?»​។ កាលពី​ថ្ងៃទី ​៧ ខែតុលា ឆ្នាំ​ ២០២៣ បុរស​អាយុ ​៥០​ ឆ្នាំ​ម្នា​ក់បាន​ស្លាប់​ដោយសារ​ជំងឺ​ផ្តាសាយ​បក្សី នៅក្នុង​ភូមិ​ម្រាក់​ទាប ឃុំ​ត្រស់ ស្រុក​​រមាសហែក ខេត្តស្វាយរៀង​៕