ភ្នំពេញៈ ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គមនាគមន៍ បាន​ចុះ​អនុស្សរណៈ​យោគ​​យល់​គ្នា​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​បង្កើត​មជ្ឈមណ្ឌល​បច្ចេក​វិទ្យា​សហគមន៍​នៅតាម​វិទ្យាល័យ​រដ្ឋ​ទូទាំងប្រទេស ដែល​ការបង្កើត​នេះ​នឹង​ជំរុញ​ការអភិវឌ្ឍ​ប្រព័ន្ធ​អប់រំ​បែប​ឌី​ជី​​ថ​ល​ឱ្យ​កាន់តែ​រឹងមាំ​។​


​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា​នេះ ធ្វើឡើង​នា​ថ្ងៃទី​ ៩ ខែតុលា ឆ្នាំ​ ២០២៣ រវាង​លោក ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ជាមួយនឹង​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ស្ដីពី​ការ​កសាង​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​សហ​គម​ន៍​នៅតាម​វិទ្យាល័យ​សាធារណៈ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួង​ប្រៃសណីយ៍​ឱ្យដឹងថា មជ្ឈមណ្ឌល​បច្ចេកវិទ្យា​សហគមន៍ បានចាប់ផ្តើម​សាងសង់​នៅ​វិទ្យាល័យ ហ៊ុន សែន ១​ មិថុនា នៅ​ឃុំ​ពា​រាម ស្រុក​បាទី ខេត្ត​តា​កែវ ដែលជា​វិទ្យាល័យ​ឈានមុខ​គេ​នៅ​ស្រុក​បាទី ហើយនឹង​ត្រូវ​ចាប់ផ្តើម​សាង​​សង់​នៅ​គ្រប់​វិទ្យាល័យ​នៃ​ខេត្តតាកែវ នៅ​ដើមខែ​វិច្ឆិកា ឆ្នាំ​ ២០២៣ ព្រមទាំង​បន្ត​សាងសង់​នៅ​ទូទាំងប្រទេស​ទៀត​។​


​លោក ជា វ៉ាន់​ដេ​ត បញ្ជាក់​តាមរយៈ​សេចក្ដី​ប្រកាសថា ពិធី​ចុះហត្ថលេខា​នេះ វា​ជាការ​ឆ្លុះបញ្ចាំង​អំពី​វឌ្ឍនភាព​បន្ថែម​ថ្មី​មួយទៀត រវាង​ក្រសួង​ទាំង​ ២ ក្នុងការ​ធ្វើ​បរិវត្ត​កម្ម​ឌីជីថល​បម្រើ​ដល់​ការអប់រំ ដើម្បី​បន្ត​អភិវឌ្ឍ​ធនធានមនុស្ស​បច្ចេក​វិទ្យា​ឌីជីថល​ក្នុង​ការកសាង​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល ក្រោម​ការដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត​។​

​លោក ជា វ៉ាន់​ដេ​ត ថ្លែងថា​៖ «​ដើម្បី​កសាង​រដ្ឋាភិបាល សេដ្ឋកិច្ច សង្គម និង​ពលរដ្ឋ​ឌីជីថល តាមរយៈ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល ការតភ្ជាប់​ឌីជីថល ការរៀបចំ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល ការតភ្ជាប់​អ៊ីន​ធឺ​ណិ​ត និង​ការ​បង្កើត​មជ្ឈមណ្ឌល​បច្ចេក​វិទ្យា​សហ​គម​ន៍​នៅតាម​វិទ្យាល័យ​សាធារណៈ​គឺជា​កាតាលីករ​ថ្មី​ដ៏​មាន​សារៈសំខាន់ ប្រកប​ដោយ​សក្ដានុពល និង​កាលានុវត្តន៍​ភាព ក្នុង​ការជំរុញ​ការអភិវឌ្ឍ​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ការអប់រំ​បែប​ឌីជីថល​ឱ្យ​រឹងមាំ និង​អំណោយផល​ដល់​ការធ្វើ​បរិវត្ត​កម្ម​ឌី​ជី​ថ​ល​លើ​គ្រប់​វិស័យ​»​។​


​ជាមួយគ្នានេះ លោក ហង់​ជួន ណា​រ៉ុ​ន ក៏បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង​ប្រៃ​ស​ណី​យ៍ ដែល​បាន​ផ្តួចផ្តើម​បង្កើត​ម​ជ្ឈ​មណ្ឌល​បច្ចេកវិទ្យា​សហគមន៍​នៅតាម​វិទ្យាល័យ​សាធារណៈ ដើម្បី​រួមចំណែក​ដល់​ការលើកកម្ពស់​អក្ខរកម្ម និង​បំ​ណិ​ន​ឌីជីថល និង​ការធ្វើសមាហរណកម្ម​បច្ចេក​វិទ្យា​អប់រំ ដើម្បី​លើកកម្ពស់​ការអប់រំ​ឌីជីថល​នៅក្នុង​ថ្នាក់រៀន សាលារៀន និង​សហគមន៍​ទាំងមូល​។

​លោក​ថ្លែងថា​៖ «​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ ពិត​ជាមាន​សារៈសំខាន់ ទាន់ពេល និង​ចំ​គោលដៅ ដែល​គាំទ្រ​ដល់​ដំណើរការ​អភិវឌ្ឍន៍​ការអប់រំ​ឌីជីថល​ក្នុង​គោលដៅ​ជំរុញ​កំណើន ការលើកកម្ពស់​ផលិតភាព និង​ប្រសិទ្ធភាព​នៃ​ការកសាង​អនាគត​ពលរដ្ឋ​ឌីជីថល​កម្ពុជា​»​។​

​បើតាម​ក្រសួង​ប្រៃសណីយ៍​វត្ថុបំណង​នៃ​ការបង្កើត​មជ្ឈមណ្ឌល​ប​ច្ចេក​វិទ្យា​សហ​គម​ន៍​មាន​ចក្ខុវិស័យ​ចម្បង​ចំនួន ​៣ ទី​១ ការចូលរួម​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ក្របខ័ណ្ឌ​គោល​នយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា ២០២១-២០៣៥ និង​គោល​នយោបាយ​រដ្ឋាភិបាល​ឌីជីថល​កម្ពុជា ២០២២-២០៣៥​។ ទី​២ គឺ​ការលើក​កម្ពស់​បរិវត្ត​កម្មវិស័យ​អប់រំ និង​អក្ខរកម្ម​ឌីជីថល និង​ទី​៣ ការគាំទ្រ​ដល់​ដំណើរការ​អភិវឌ្ឍន៍​មូលធន​មនុស្ស​ឌីជីថល​៕