ភ្នំពេញៈ ដៃគូអន្តរជាតិចំនួន ២ គឺស្ថានទូតស្វ៊ីសប្រចាំនៅកម្ពុជា និងតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្ហាញការគាំទ្រក្រសួងបរិស្ថាន នៅក្នុងការចូលរួមចំណែកលើកិច្ចការស្តារគម្របព្រៃឈើឡើងវិញ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។
ការលើកឡើងរបស់ដៃគូរអន្តរជាតិទាំង ២ នេះ បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារដាច់ដោយឡែកពីគ្នា ជាមួយលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួង។
យោងតាមហ្វេសប៊ុកក្រសួងបរិស្ថាន លោក Pedro Zwahlenអគ្គរដ្ឋទូតស្វ៊ីសប្រចាំនៅកម្ពុជា បានថ្លែងថា រដ្ឋាភិបាលស្វ៊ីសនឹងបន្តចូលរួមចំណែកក្នុងការស្តារព្រៃឈើឡើងវិញជាមួយក្រសួងបរិស្ថាន ដើម្បីពង្រីកវិសាលភាពគម្របព្រៃឈើ ធានាបានអព្យាក្រឹតកាបូន និងចូលរួមសម្រេចគោលដៅគម្របព្រៃឈើ ៦០% នៅឆ្នាំ២០៥០ នៃយុទ្ធសាស្ត្របញ្ចកោណ។
លោកឯកអគ្គរដ្ឋទូត បានបន្តថា៖«រដ្ឋាភិបាលស្វ៊ីស បានធ្វើការគាំទ្រយ៉ាងពេញទំហឹងក្នុងការចូលរួមចំណែកគ្រប់គ្រងការប្រែប្រួលអាកាសធាតុ និងធនធានធម្មជាតិដើម្បីឱ្យក្រសួងបរិស្ថានសម្រេចបានភាពស្អាត បៃតង និងចីរភាពជូនកម្ពុជា»។
ទន្ទឹមគ្នានេះដែរ កញ្ញា Shimako Takahashi អ្នកជំនាញផ្នែកវាយតម្លៃ និងដឹកនាំបេសកកម្ម នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ក៏បានសម្តែងការសាទរចំពោះការងារអាទិភាពដែលក្រសួងបានដាក់ចេញ ពិសេសលើកិច្ចការកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។
កញ្ញាថ្លែងថា៖«ធនាគារ ADBនឹងនៅតែបន្តចូលរួមចំណែកក្នុងកិច្ចការងារនេះ ជាមួយក្រសួងបរិស្ថានកម្ពុជា ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុរួមគ្នាថែមទៀត»។
លោក អ៊ាង សុផល្លែត ថ្លែងទៅកាន់ឯកអគ្គរដ្ឋទូតស្វ៊ីសថា ក្រសួងបរិស្ថានបានប្រកាសបើកយុទ្ធនាការដាំដើមឈើយ៉ាងតិច ១លានដើម ចាប់ពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣តទៅ ដើម្បីធ្វើការស្តារគម្របព្រៃឈើ ដែលជាអាទិភាពទី២ របស់ក្រសួងបរិស្ថាន។ ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ពីសំណាក់ ADB លើការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាសកលផងដែរ។
លោក អ៊ាង សុផល្លែត បានបន្តថា ដើម្បីឆ្លើយតបនឹងបញ្ហាសកលនេះ ក្រសួងបានដាក់ចេញការងារអាទិភាពចំនួន៣ រួមមាន ទី១ ការគ្រប់គ្រងសំណល់រឹង,ទី២ ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុតាមរយៈការស្តារគម្របព្រៃឈើបៃតងនិងទី៣ នាំអាទិភាពទាំង២ ទៅឆាកអន្តរជាតិ។
លោកថ្លែងថា ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ គឺទាមទារឱ្យមានការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្នុងចំណោមយុវជនជំនាន់ក្រោយ ដែលនឹងអាចឈានដល់ការបញ្ឈប់ការប្រើប្រាស់ប្លាស្ទិក នាំឱ្យសហគមន៍ស្អាត និងធនធានធម្មជាតិមិនមានការបំពុលដោយសំណល់ប្លាស្ទិក។
ក្រសួងបរិស្ថាន ធ្លាប់បានឱ្យដឹងថា ដើម្បីសម្រេចបានគោលបំណងជាយុទ្ធសាស្ត្រក្នុងកិច្ចការពារបរិស្ថាននៅកម្ពុជាឱ្យមានប្រសិទ្ធភាព ក្រសួងបាននិងកំពុងបន្តការធ្វើទំនើបកម្មស្ថាប័ន កែសម្រួលរបៀបរបបការងារ រដ្ឋបាលទំនើប និងការគ្រប់គ្រងហិរញ្ញវត្ថុ ធ្វើប្រតិភូកម្មអំណាចនិងផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ។ ប្រទេសកម្ពុជានឹងអាចសម្រេចចក្ខុវិស័យឆ្នាំ២០៣០ ក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងចក្ខុវិស័យឆ្នាំ២០៥០ ក្លាយទៅជាប្រទេសមានប្រាក់ចំណូលខ្ពស់៕