ភ្នំពេញៈ ​គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោ​ត (​គ​.​ជ​.​ប​) បាន​ជូន​ដំណឹង​ពី​កាលបរិ​ច្ឆេទ​នៃ​ការដា​ក់និង​ទទួល​ពាក្យ​សុំ​ចុះ​ឈ្មោះ​ភ្នាក់​ងារ​គណ​បក្ស​នយោ​បាយ​អ្នក​សង្កេត​ការណ៍​ជាតិ ​និង​អន្ត​រជាតិ សម្រាប់​ការបោះ​ឆ្នោត​ជ្រើស​តាំង​សមា​ជិក​ព្រឹទ្ធ​សភា នីតិ​កាល​ទី​៥ ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​ ២៥​ ខែកុម្ភៈ ឆ្នាំ ​២០២៤​។


​លោក​ ប្រាជ្ញ ចន្ទ ប្រធាន​គ​.​ជ​.​ប បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ចុះ​ថ្ងៃទី​៩ ​ខែតុលា ​ដោយ​បាន​លើក​ឡើង​ថា គណ​បក្ស​នយោបា​យ​ទាំង​អស់​ដែល​បាន​ចុះប​ញ្ជី​ត្រឹម​ត្រូវ​តាម​ច្បាប់​ស្តីពី​គណ​បក្ស​នយោ​បាយ​មាន​សិទ្ធិ​ចាត់​តាំង​ភ្នាក់ងារ​របស់​ខ្លួន​មួយ​ចំនួន​តាម​ការ​ចាំ​បាច់​របស់​គណ​បក្ស​ដើម្បី​សង្កេត​មើល​ការចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅតាម​ការិយា​ល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្នុង​រាជ​ធានី ខេត្ត​នៃ​ភូមិ​ភាគ​និង​អគ្គ​លេខាធិ​ការ​ដ្ឋាន​រដ្ឋ​សភា​។​

​លោក​បាន​បញ្ជាក់​ថា៖«​កាល​បរិច្ឆេទ​នៃ​ការ​ដាក់​ និង​ការ​ទទួល​ពាក្យ​សុំ​ចុះ​ឈ្មោះ​ភ្នាក់​ងារ​គណ​បក្សន​យោបាយ ​ចាប់​ផ្តើម​ទទួល​ពីថ្ងៃ​ទី​១១ ​ខែតុលា ​ឆ្នាំ​២០២៣​​និង​បញ្ចប់​នៅ​ថ្ងៃទី​៣០​ ខែមករា​ ឆ្នាំ​២០២៤​។​ដោយ​ឡែក​ ចំពោះ​កាល​បរិច្ឆេទ​នៃ​ការ​ដាក់​ និង​ការ​ទទួល​ពាក្យ​សុំ​ចុះ​ឈ្មោះ​ភ្នាក់​ងារ​គណ​បក្ស​នយោបា​យ​ក្នុងដំណាក់​កាល​បោះឆ្នោត​ និង​រាប់​សន្លឹក​ឆ្នោត​នឹង​ចាប់​ផ្តើម​ពីថ្ងៃ​ទី​២៧​ ខែមករា ​ឆ្នាំ​២០២៤ និង​បញ្ចប់​ថ្ងៃទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២៤»​។​


​បើតាម​សេចក្តី​ជូន​ដំណឹង​របស់គ​​.​ជ​.​ប ការដា​ក់ និង​ការទទួល​ពាក្យ​សុំ​ចុះឈ្មោះ​​ភ្នាក់ងារ​​គណ​ប​ក្សន​យោបា​យ ត្រូវ​ចុះ​ហត្ថ​លេ​ខា​ដោយ​ប្រធានឬ​តំណាងគណ​បក្សនយោបា​យដែល​ទទួល​បាន​ការផ្ទេ​រ​សិទ្ធិ​ជា​លាយ​លក្ខណ៍អ​ក្សរ​ពី​ប្រធាន​គណប​ក្សន​យោបា​យ​។ ការផ្ទេ​រសិទ្ធិ​នេះ មិន​អនុញ្ញា​តឱ្យ​ផ្ទេរសិ​ទ្ធិ​បន្ត​ឡើយ ​លើក​លែង​តែ​ក្នុង​លិខិត​ផ្ទេរ​សិទ្ធិ​នោះ​មាន​ខ្លឹម​សារ​ អនុញ្ញាត​ឱ្យ​ផ្ទេរ​សិទ្ធិ​បន្ត​។​

​លោក​ប្រាជ្ញ ចន្ទ បាន​បញ្ជាក់​តាម​រយៈ​សេចក្តី​ជូនដំ​ណឹង​ដែរ​ថា៖ «​ដើម្បី​បង្កល​ក្ខណៈ​ងាយ​ស្រួល​ដល់​គណ​បក្សន​យោបាយ​ សមាគ​ម និង​អង្គកា​រ​មិន​មែន​រដ្ឋាភិ​បាល​ក្នុង​ការ​ចូលរួម​សង្កេត​មើល​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោ​ត​ ការបោះ​ឆ្នោត​ជ្រើសតាំ​ង​សមាជិ​ក​ព្រឹទ្ធស​ភា គ​.​ជ​.​ប ​បានស​ម្រេច​អនុញ្ញាត​ឱ្យ​ភ្នាក់​ងារ​គណ​បក្ស​នយោបា​យ អ្ន​កសង្កេ​តការណ៍​ជាតិ និង​អន្តរ​ជាតិ ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​រួច​ហើយ​ សម្រាប់​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​​បោះឆ្នោតឆ្នាំ​២០២៣ ​មាន​សិទ្ធិ​ចូល​រួម​សង្កេត​មើល​ដំណើរកា​រ​ចុះ​ឈ្មោះ​បោះឆ្នោ​ត​បា​ន​»​។


​ការ​សង្កេ​តមើល​ដំណើរកា​រ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សម្រាប់​ការបោះឆ្នោ​ត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធស​ភា ​នីតិកា​ល​ទី​៥ ឆ្នាំ​២០២៤​ខាង​មុខ​ នៅតា​ម​សាលា​ឃុំ​-សង្កាត់​នោះ​ត្រូវ​ពាក់​បណ្ណ​សម្គាល់ស​ម្រាប់​ការពិ​និត្យ​បញ្ជី​ឈ្មោះ ​និង​ការ​ចុះឈ្មោះ​​បោះឆ្នោ​ត ឆ្នាំ​២០២៣​ និង​ត្រូវ​គោរព​ច្បាប់ ​បទ​បញ្ជា​ និង​នីតិវិ​ធី និង​លិខិតប​ទដ្ឋា​ន​គតិ​យុត្ត​នានា​សម្រាប់​ការបោះ​ឆ្នោត​ជ្រើសតាំ​ង​សមា​ជិក​ព្រឹទ្ធ​សភា​ នីតិ​កាល​ទី​៥ ឆ្នាំ​២០២៤​។​

​លោក ​ប្រាជ្ញ ចន្ទ បានបញ្ជាក់​ថា៖ «​គ​.​ជ​.​ប សង្ឃឹម​ថា គ្រប់​គណ​បក្ស​នយោបាយ​ សមាគ​ម និង​អង្គការ​មិន​មែន​រដ្ឋាភិបា​ល​ជាតិ អន្តរ​ជាតិ ​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ​លេខាធិ​ការ​ដ្ឋាន​រាជ​ធានី​ខេត្ត​រៀបចំ​ការ​បោះឆ្នោ​ត និង​គណៈ​កម្ម​ការ​រៀប​ចំការ​បោះ​ឆ្នោត​គ្រប់​លំដាប់​ថ្នាក់ ​នឹង​យក​ចិត្ត​ទុក​ដាក់​សហកា​រ​ឱ្យ​បាន​ល្អ ​ដើម្បី​ជំរុញ​ឱ្យ​ដំណើរ​ការ​បោះឆ្នោ​ត​ជ្រើសតាំ​ង​សមា​ជិក​ព្រឹទ្ធ​សភា នីតិ​កាល​ទី​៥ ឆ្នាំ​២០២៤ ​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ជោគជ័​យ​»​។​

​លោក ​សោម សូ​រី​ដា អ្នក​នាំពា​ក្យ គ​.​ជ​.​ប បាន​ឱ្យដឹង​ថា ការ​ជូនដំ​ណឹង​នេះ ​គឺ​ដើម្បី​ឱ្យមាន​ការ​ចូល​រួម​ពី​ភ្នាក់​ងារ​គណ​បក្ស​នយោបា​យ ពី​អ្នក​សង្កេតកា​រ​ណ៍​ជាតិ និង​អន្តរជា​តិ​រួម​ទាំងអ្ន​កសារ​ព័ត៌មា​ន ចូលរួម​សង្កេត​មើល​ពី​ដំណើរ​ការ​បោះឆ្នោ​ត​ជ្រើសតាំ​ង​សមាជិក​ព្រឹទ្ធ​សភា និតិ​កាល​ទី​៥ ឆ្នាំ​២០២៤​ ដោយ​មាន​ពី​គ្រប់​ភាគី​ចូល​រួម​។​

​លោក​បញ្ជាក់ថា​៖ «​​កិច្ច​ការងារ​របស់​គ​.​ជ​.​ប គឺ​ត្រូវ​អនុវត្ត​ឱ្យមាន​តម្លាភា​ព ​ដោយមា​ន​ការចូល​រួម ​តាម​ដាន​សង្កេត​មើល​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ ​ជាពិសេសជា​ភ្នាក់​ងារ​គណ​បក្ស​នយោបា​យជា​ភ្នា​ក់ងារ​ជាតិ ​និង​អន្តរ​ជាតិ ​អ្នកសា​រព័ត៌មា​ន​ជាតិ ​និង​អន្តរ​ជាតិ​ដើម្បី​ធ្វើជា​សាក្សីក្នុង​ការ​តាម​ពិនិត្យ​ចំពោះ​ការ​អនុវត្ត​របស់​គ​.​ជ​.​ប​»​។

​លោក​គឹម​សួរ ភិ​រិ​ទ្ធ អ្នក​នាំ​ពាក្យ​គណ​បក្ស​ភ្លើងទៀ​នបាន​ឱ្យ​ដឹង​កាលពី​ថ្ងៃទី​១០ ​ខែតុលា​ថា គ​ណបក្ស​របស់​លោក​ប្រហែល​ជា​មិន​ដាក់​ភ្នាក់​ងារ​គណប​ក្ស​សម្រាប់​សង្កេត​មើល​ការ​បោះឆ្នោ​ត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​នេះ​ទេ ​ព្រោះ​ក្រសួង​មហាផ្ទៃ​ មិន​បាន​ចេញ​លិខិត​បញ្ជាក់​នីត្យានុកូ​លកម្ម​ថ្មី​ជូន​ដល់​គណ​បក្ស​លោក​។

​លោក​បាន​បន្ត​ថា ជា​មួយ​គ្នានេះ ​លទ្ធភា​ព​នៃ​ការ​ចូល​រួម​ការបោះ​ឆ្នោត​នេះ ក៏​ប្រហែលជា​​មិន​អាច​ទៅរួច​ដែរ ​បើទោះបី​ជា​គណ​បក្ស​លោក​មាន​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ​នៅ​ក្នុង​តំណែង​ក៏ដោយ​។

​ទាន់​ទិន​នឹង​ការ​ដាក់​ និង​ទទួល​ពាក្យសុំ​ចុះឈ្មោះ​​ភ្នាក់ងារ​​គណប​ក្ស​នយោបាយ​អ្នកស​ង្កេតការណ៍​ជាតិ​ និង​អន្តរជាតិ​នេះ​លោក សម​ គ​ន្ធា​មី នាយក​ប្រតិប​ត្តិ​អង្គការ​និចហ្វិ​ក មិន​អាច​ទាក់​ទង​សុំ​ការអ​ត្ថាធិប្បា​យ​បាន​ទេ​នៅ​ថ្ងៃទី​១១ ​ខែតុលា​ ឆ្នាំ​២០២៣​។​

​សូមប​ញ្ជាក់​ថា រាជ​រដ្ឋាភិបា​ល​កម្ពុជានៅ​​ថ្ងៃទី​១៨ ​ខែកក្ក​ដា ឆ្នាំ​២០២៣ កន្ល​ងទៅ បាន​ចេញ​សេចក្ដី​សម្រេច​កំណត់​យក​ថ្ងៃ​អាទិត្យ​ទី​២៥ ​ខែកុម្ភៈ ​ឆ្នាំ​២០២៤ ​ជា​កាល​បរិច្ឆេទ​នៃ​ការបោះ​ឆ្នោត​ជ្រើស​តាំង​សមា​ជិក​ព្រឹទ្ធ​សភា​សម្រាប់​នីតិ​កាល​ទី​៥នៃ​ព្រឹទ្ធ​សភា​៕