ភ្នំពេញៈ មន្ត្រីនិងសង្គមស៊ីវិលដែលធ្វើការលើការអភិរក្សធនធានធម្មជាតិលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធ សហគមន៍មូលដ្ឋាន ក៏ដូចជាសិល្បករសិល្បការិនីបង្កើតមាតិកានានា ឬផលិតជាវីដេអូដែលមានខ្លឹមសារអប់រំ និងបណ្តុះគំនិតស្រឡាញ់សត្វផ្សោត ដើម្បីរួមគ្នាអភិរក្សសត្វដ៏កម្រនេះនៅប្រទេសកម្ពុជា។
ការលើកទឹកចិត្តនេះ ស្របពេលដែលសត្វផ្សោតទន្លេមេគង្គដែលជាសត្វកម្រជិតផុតពូជ នៅតែបន្តរងគ្រោះដោយសារការជាប់មងអ្នកនេសាទ និងកត្តាផ្សេងៗ បើទោះបីអាជ្ញាធរមានសមត្ថកិច្ចកំពុងយកចិត្តទុកដាក់ក្នុងរឿងនេះក្តី។
លោក សេង ទៀក នាយកប្រតិបត្តិអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ WWF បានឱ្យដឹងនៅថ្ងៃទី១១ ខែតុលា ថា ការងារការពារ និងអភិរក្សសត្វផ្សោត គួរតែមានការចូលរួមពីភាគីពាក់ព័ន្ធច្រើន ជាពិសេសប្រជាពលរដ្ឋនៅតាមមូលដ្ឋានតែម្តង។ ចំពោះការចូលរួមរបស់អ្នកសិល្បៈក្នុងការផលិតជាបទចម្រៀង ភាពយន្ត ឬកំណាព្យក្ដី ដែលមានខ្លឹមសារអប់រំ ឱ្យចេះស្រឡាញ់សត្វផ្សោតដែលជាសម្បត្តិធម្មជាតិមានជីវិតរបស់កម្ពុជា វាគឺជារឿងល្អ និងគួរត្រូវបានលើកទឹកចិត្តខ្ពស់។
លោកថ្លែងថា៖ «សិល្បៈគ្រប់រូបភាពតាមរយៈការសម្ដែងរឿង ឬសិល្បៈចម្រៀង ដែលមានអត្ថន័យបណ្តុៈគំនិត ស្មារតី និងឆន្ទៈឱ្យចេះស្រឡាញ់ និងមានមោទនភាពចំពោះធនធានសត្វព្រៃដូចជាផ្សោតទន្លេដែលមានដោយកម្រក្នុងលោកវាពិតណាស់ នឹងជួយដល់ការងារអភិរក្ស និងថែរក្សាសត្វផ្សោតទន្លេរបស់យើង ជាពិសេសគឺអាចជួយយ៉ាងខ្លាំងដល់ការងារអភិរក្សរបស់រាជរដ្ឋាភិបាល និងអង្គការដៃគូ»។
លោកបានបន្ថែមថា ការងារអភិរក្សសត្វផ្សោត គឺជាកាតព្វកិច្ចរបស់មនុស្សគ្រប់គ្នា ដូច្នេះសូមចូលរួមការពារសត្វផ្សោតទន្លេឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់នេះ និងជំនាន់ក្រោយផងដែរ។
លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល ក៏បានបង្ហាញការស្វាគមន៍និងលើកទឹកចិត្តចំពោះអ្នកសិល្បៈដែលចង់ផលិតជាវីដេអូបទចម្រៀង ដោយផ្ដិតយករូបភាពសត្វផ្សោតទន្លេមេគង្គ។
លោកបន្តថា ការផ្សព្វផ្សាយតាមរយៈរូបភាពសិល្បៈ គឺវាមានភាពពេញនិយមគ្រប់វ័យទាំងអស់ ពីព្រោះវាមានការទាក់ទាញ និងដាស់អារម្មណ៍ ជាពិសេសជាការបញ្ជូនសារដ៏លឿនបំផុតទៅកាន់ប្រជាពលរដ្ឋឱ្យបានយល់ដឹង និងស្រឡាញ់ការពារ អភិរក្សសត្វផ្សោតដែលនៅសេសសល់។
លោកបញ្ជាក់ថា៖ «រូបភាពសិល្បៈដែលផលិតជាចម្រៀង វាហាក់ដូចជាការផ្សព្វផ្សាយដែរ ប៉ុន្តែវាអាចស្ដាប់បានតាមវិទ្យុ ទូរទស្សន៍ និងតាមកម្មវិធីអីផ្សេងៗ គឺយើងអាចច្រៀងបាន។ ដូច្នេះការផលិតជាចម្រៀង គឺវាល្អជាងការផ្សព្វផ្សាយរបស់ពួកយើង ហើយវាក៏ជាការបញ្ជូនសារដ៏លឿនបំផុតទៅកាន់ប្រជាពលរដ្ឋឱ្យចេះអភិរក្សផ្សោត»។
លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានឱ្យដឹងដែរថា ខាងមន្ទីរទេសចរណ៍ខេត្ត បានជួយសម្របសម្រួលដល់ក្រុមអ្នកសិល្បៈ ដែលពួកគាត់បានចុះមកផ្ដិតរូបភាពសត្វផ្សោតនៅអន្លង់ផ្សោតកាំពី ដើម្បីផលិតជាបទចម្រៀង ក្នុងការផ្សព្វផ្សាយទៅកាន់សាធារណជនឱ្យស្គាល់សត្វផ្សោត ជាពិសេសគឺបានទាក់ទាញអ្នកទេសចរឱ្យចូលមកទស្សនាក្នុងខេត្តក្រចេះនេះផងដែរ។
លោកថ្លែងថា៖ «វាមិនត្រឹមតែចូលរួមផ្សព្វផ្សាយឱ្យសាធារណជនយល់ដឹងពីផ្សោតប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានចូលរួមទាក់ទាញឱ្យអ្នកទេសចរជាតិ និងអ្នកទេសចរអន្តរជាតិ ចង់ចូលមកកម្សាន្ត និងចង់ទស្សនាក្នុងខេត្តក្រចេះដែរ»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ មន្ត្រីការិយាល័យជំនាញនៃមន្ទីរទេសចរណ៍ខេត្តក្រចេះ បានជួយសម្របសម្រួលដំណើរក្រុមអ្នកសិល្បៈចុះមកថតវីដេអូបទចម្រៀង ដែលមានចំណងជើងថា «ផ្សោតដួងចិត្ត» ដែលច្រៀងដោយអ្នកស្រី មាស សុខសោភា៕