ភ្នំពេញៈ​ គណបក្សនយោបាយ​ចំនួន ១៣ ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ បានស្នើ​សុំ​ចងសម្ព័ន្ធភាព​ជាមួយ​គ​ណ​បក្ស​កាន់អំណាច ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន ដែល​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ខណៈ​គណបក្សនយោបាយ​ចំនួន ​៤​ ផ្សេងទៀត ដែលមាន​និ​ន្នា​ការប្រឆាំង បានសម្រេច​រួមគ្នា​បង្កើត «​សម្ព័ន្ធភាព​ឆ្ពោះទៅ​អនាគត​» ​ដើម្បី​ត្រៀម​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ខាងមុខ​។​


​យោងតាម​សំណើសុំ​ចងសម្ព័ន្ធភាព​ជាមួយ​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ផ្ញើជូន​លោក ហ៊ុន សែន ចុះ​ថ្ងៃទី​ ១០ ខែតុលា បាន​លើកឡើងថា​៖ «​គណបក្ស​យើងខ្ញុំ​ទាំងអស់គ្នា​ដូច​មាន​រាយ​ឈ្មោះ​ភ្ជាប់​មក​ជាមួយនឹង សំណើសុំ​ចងសម្ព័ន្ធភាព​ជាមួយ​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​នេះ មាន​គោលបំណង​ចងសម្ព័ន្ធភាព​ជាមួយ​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឆ្លាត​វៃ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្ដេច​ប្រធាន​ដែល​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​ឆ្ពោះទៅរក​សុខសន្តិភាព រក្សាបាន​ស្ថិរភាព និង​ការអភិវឌ្ឍ​ប្រទេស​រីកចម្រើន​ឥតឈប់ឈរ​»​។​

​គណបក្ស​ទាំង ១៣ រួមមាន​ គណបក្ស​កម្លាំង​ប្រជាធិបតេយ្យ​, គណបក្ស​រស្មី​ខេមរា​, គណបក្ស​មហា​សាមគ្គី​ខ្មែរ​, គណបក្ស​អំណាច​ពលរដ្ឋ​, គណបក្ស​ខ្មែរ​ក្រោក​, គណបក្ស​នគរ​ប្រជាធិបតេយ្យ​, គណបក្ស​ធម្មាធិបតេយ្យ​, គណបក្ស​កម្ពុជា សេរី ឯករាជ្យ ប្រជាធិបតេយ្យ​, គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​, គណបក្ស​ខ្មែរ​អង្គរ​, គណបក្ស​ចលនា​ប្រជាធិបតេយ្យ​,​គណបក្ស​ឯកភាព​ជាតិខ្មែរ និង​គណបក្ស​ខ្មែ​រសាធារណរដ្ឋ​។​


​ដោយឡែក គណបក្ស​ខ្មែរ​តែមួយ នៅ​ថ្ងៃទី​ ១១ ខែតុលា ក៏បាន​ចេញ​សេចក្តីប្រកាស​បង្ហាញ​គោលបំណង​ចងសម្ព័ន្ធភាព​ជាមួយ​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​ផងដែរ ដោយ​បញ្ជាក់ថា​៖«​គណបក្ស​ខ្មែរ​តែមួយ​មាន​គោលនយោបាយ​ស្រដៀង​គ្នា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជាពិសេស​តម្លៃ​សន្តិភាព​គឺជា​វត្ថុបំណង​រួម​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ត្រូវការ​ចូលរួម​ការពារ​សុខសន្តិភាព​ទាំងអស់គ្នា ដើម្បី​រក្សា​ស្ថិរភាព​នយោបាយ និង​ធ្វើឱ្យ​ប្រទេស​កម្ពុជា​បន្ត​ការអភិវឌ្ឍ​រីកចម្រើន​ជា​លំដាប់​»​។​

​គណបក្ស​នេះ​ក៏បាន​អំពាវនាវ​ដល់​គណបក្ស​នយោបាយ​នានា ដែល​បាន​ចុះបញ្ជី​ស្របច្បាប់​នៅក្នុង​ក្រសួងមហាផ្ទៃ​ចូលរួម​បង្កើត​សម្ព័ន្ធភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រួមគ្នា​ជា​កម្លាំង​ប៉ូល​នយោបាយ​ថ្មី​មួយ​ដើម្បី​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​ឆ្ពោះទៅ​អនាគត​។​


​បន្ទាប់ពី​មានការ​ស្នើសុំ​ការចង​សម្ព័ន្ធមិត្ត​ជាមួយនឹង​គណបក្ស​ប្រជាជន​កម្ពុជា​នេះ លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ស្វាគមន៍ និង​ទទួល​ដោយ​ការពេញចិត្ត​នូវ​ការស្នើសុំ ក៏ដូចជា​សេចក្តីថ្លែងការណ៍​របស់​គណបក្សនយោបាយ​នានា​ដែលមាន​បំណង​ចងសម្ព័ន្ធភាព​ជាមួយនឹង​គណបក្ស​ប្រជាជន​កម្ពុជា​ផងដែរ​។​

​លោក​បាន​ថ្លែង​តាមរយៈ​សារ​សំឡេងនៅ​ថ្ងៃទី​១១ ខែតុលា ថា ៖ «​ក្នុងនាម​គណបក្ស​ប្រជាជន​កម្ពុជា ខ្ញុំ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​គំនិត​ផ្តួចផ្តើម និង​បំណង​ដ៏​ល្អ​របស់​បណ្តា​គណបក្សនយោបាយ​ដែល​បាន​ផ្ញើ និង​ធ្វើ​សេចក្តីថ្លែងការណ៍​រួចមកហើយ​។ ខ្ញុំ​សូមបញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា ពេញ​ចិត្តការ​ចងសម្ព័ន្ធ​ភាព​លើ​មូលដ្ឋាន​នៃ​ការគោរព​ឯករាជភាព​នៃ​គណបក្ស​រៀងៗ​ខ្លួន​»​។​

​លោក ហ៊ុន សែន បាន​បន្តថា គណបក្ស​ប្រជាជន​កម្ពុជា មិន​ព្យាយាម​ដើម្បី​ត្រួតត្រា​លើ​គណបក្សនយោបាយ​ដទៃ​ទេ តែ​គណបក្ស​ប្រជាជន​កម្ពុជា​ពេញចិត្ត​នឹងធ្វើ​ការ​ជាមួយនឹង​គណបក្ស​ផ្សេងទៀត​ដោយ​គោរព​នូវ​ឯករាជ្យ​រប​ស់​គណបក្ស​ទាំងអស់ ហើយ​ចាត់ទុក​គណបក្ស​ទាំងអស់​ជា​ដៃគូ​ស្មើភាព​ជាមួយនឹង​គណបក្ស​ប្រជាជន​កម្ពុជា​។​

​លោក​ថ្លែងថា៖ «​យើង​មិនបាន​គិតថា ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​គណបក្ស​ធំ ឯ​គណបក្ស​ដទៃ​ដែល​មិនបាន​ចូលរួម​បោះឆ្នោត ឬ​បាន​ចូលរួម​បោះឆ្នោត តែ​មិន​បានទទួល​កៅអី​ក្នុង​រដ្ឋសភា​ជា​គណបក្ស​តូចតាច ឬ​ជា​គណបក្ស​ដែល​មិន​ស័ក្តិសម​ធ្វើជា​ដៃគូ​នោះទេ​។ យើង​ផ្តល់​ការគោរព​ចំពោះ​គណបក្ស​ទាំងអស់ ដែល​ចុះបញ្ជី​ស្របច្បាប់​នៅ​នឹង​ក្រសួងមហាផ្ទៃ​»​។​

​គណបក្ស​ប្រជាជន​កម្ពុជា បាន​ត្រៀម​ទទួលយក​នូវ​ដៃគូ​ទាំងអស់​ដែល​ចង់​រួបរួម​ជាមួយ​នឹងគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ក្រោមរូបភាព​នៃ​ការចងសម្ព័ន្ធភាព កិច្ចសហប្រតិបត្តិការ​ដោយ​ស្មើភាព និង​ស្មើ​សិទ្ធិ​។ នេះ​បើតាម​លោក ហ៊ុន សែន បន្ថែម​។​

​លោក​បាន​បញ្ជាក់ថា ៖ «​ខ្ញុំ​បានឱ្យ​ជំនួយការ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ព្រាង​នូវ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រវាង​គណបក្ស​ទាំងអស់​ដែល​នឹង​ចងសម្ព័ន្ធភាព​ជាមួយគ្នា ហើយ​ខ្ញុំ​នឹង​ជួប​ជាមួយនឹង​ឯកឧត្តម​លោកជំទាវ​នាពេលខាងមុខ ដើម្បី​ពិភាក្សា​ទៅលើ​ខ្លឹមសារ​នៃ​សេចក្ដីព្រាងកិច្ចព្រមព្រៀង​នោះ ហើយក៏​នឹង​ឈានទៅដល់​ការចុះហត្ថលេខា​លើ​ពិធីសារ ឬ​កិច្ចព្រមព្រៀងសហប្រតិបត្តិការ​រវាង​បណ្តា​គណបក្សនយោបាយ​នៅ​កម្ពុជា​ផងដែរ​»​។​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក ឈឹម ផល​វរុណ នៅ​ថ្ងៃទី​១១ ​ខែតុលា បាន​ប្រាប់ឱ្យដឹង​ដែរ​ថា​ ការ​ចងសម្ព័ន្ធភាព និង​កិច្ចសហប្រតិបត្តិការ​គឺជា​សិទ្ធិ​នយោបាយ​ជ្រើសរើស​របស់​គណបក្ស​នីមួយៗ ប៉ុន្តែ​ការសម្រេច​នៃ​ទម្រង់​សម្ព័ន្ធភាព ឬ​កិច្ចសហការ​បែបណា​មួយ​នោះ លុះត្រា​តែមាន​ការជជែក និង​ទុក​ពេលវេលា​ពិភាក្សា​ពី​ទម្រង់​ណាមួយ​ផងដែរ​។​

​លោក​បញ្ជាក់ថា​៖ «​ចំពោះ​សំណើ​របស់​គណបក្សនយោបាយ​ដែល​ស្នើសុំ​ចងសម្ព័ន្ធ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ គណបក្ស​ទុកពេល​ពិចារណា​សិន ព្រោះ​ដូចជា​ការស្រឡាញ់​ប្រពន្ធ​អ៊ីចឹង​ដែរ មិនមែន​គ្រាន់តែ​ព្រមព្រៀងគ្នា ហើយ​ស្អែក​ឡើង​ការ​នោះទេ​»​។​

​ដោយឡែក​គណបក្ស​ភ្លើងទៀន គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​កែទម្រង់​កម្ពុជា​ដែលជា​គណបក្ស​ក្រៅ​រដ្ឋាភិបាល និង​មាន​និ​ន្នាការប្រឆាំង នៅ​ថ្ងៃទី១១ ខែតុលា​ នោះដែរ ក៏បាន​សម្រេច​ចុះហត្ថលេខា​ជា​ផ្លូវការ​រួមគ្នា​បង្កើត «​សម្ព័ន្ធភាព​ឆ្ពោះទៅ​អនាគត​» សម្រាប់​ការចូលរួម​ការបោះឆ្នោត​នានា​នៅពេល​ខាងមុខ​។​

​ការបង្កើត​សម្ព័ន្ធ​រួមគ្នា​របស់​គណបក្ស​៤​នេះ បន្ទាប់ពី​បាន​បរាជ័យ​ក្នុងការ​បង្រួបបង្រួម​គ្នា​ម្តង​រួចហើយ នៅ​មុនពេល​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ កាល​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​។​

​យោងតាម​សេ​ចក្តី​ថ្លែងការណ៍​រួម​របស់​គណបក្ស​ទាំង​៤​បាន​បញ្ជាក់ថា មានតែ​ការបង្រួបបង្រួម​កម្លាំង​នយោបាយ​ប្រជាធិបតេយ្យ​ពិតប្រាកដ ទើប​អាចជា​ចលករ​មួយ​ក្នុងការ​ចូលរួម​ពង្រឹង និង​លើកស្ទួយ​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​ការគោរព​សិទ្ធិមនុស្ស សិទ្ធិសេរីភាព និង​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ស្របតាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន​នានា​របស់​កម្ពុជា​។​

​សេចក្តី​ង​ថ្លែងការណ៍​បន្តថា​៖«​ដើម្បី​សម្រេច​គោលបំណង​ខាងលើនេះ គណបក្ស​ភ្លើងទៀន គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​កែទម្រង់​កម្ពុជា បាន​ព្រមព្រៀងគ្នា​បង្កើត សម្ព័ន្ធភាព​ឆ្ពោះទៅ​អនាគត​នេះ​ស្របតាម​មាត្រា ៣៧ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​»​។​

​បើតាម​សេចក្តីថ្លែងការណ៍​ដ​ដែល​«​សម្ព័ន្ធភាព​ឆ្ពោះទៅ​អនាគត​» នឹង​ក្លាយជា​កម្លាំងចលករ​ថ្មី​មួយ​សម្រាប់​ជាការ​ជំរុញ និង​លើកទឹកចិត្ត​ព្រមទាំង​ជា​ជម្រើស​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុងការ​ចូលរួម​កសាង​សង្គម​ប្រជាធិបតេយ្យ យុត្តិធម៌​សង្គម ការអភិវឌ្ឍ ប្រកបដោយ​សមធម៌ និង​ចីរភាព ព្រមទាំង​ភាពសុខដុមរមនា​សម្រាប់​ប្រជាជាតិ​ខ្មែរ​ទាំងមូល​នាពេល​អនាគត​។​

​សម្ព័ន្ធភាព​ឆ្ពោះទៅ​អនាគត ក៏បាន​ប្រកាស​បើកចំហ​សម្រាប់​ការចូលរួម​ពី​គ្រប់​គណបក្សនយោបាយ ដែលមាន ទស្សនៈ គោលដៅ និង​គោលជំហរ​នយោបាយ​ដូចគ្នា ដើម្បី​រួបរួមគ្នា​សម្រេច​គោលបំណង​ ដោយ​ឈរលើ​ស្មារតី​បង្រួបបង្រួម សាមគ្គីភាព និង​ឯកភាព​ជាតិ​។​

​ថ្លែង​នៅមុន​ពេល​ចុះហត្ថលេខា លោក គង់ មុនី​កា អគ្គលេខាធិការ​ស្តីទី​នៃ​គណបក្ស​ភ្លើងទៀន បញ្ជាក់ថា មានតែ​ការបង្រួបបង្រួម​គ្នា​ទេ ទើប​អាចមាន​ការប្រែប្រួល​ទិដ្ឋភាព​នយោបាយ​របស់​កម្ពុជា​។ ការដើរ​ថយចុះ​នៃ​លទ្ធិ​ប្រជា​ធិ​​ប​តេ​យ្យ និង​ការគោរព​សិទ្ធិមនុស្ស​នាពេល​កន្លងមក រហូតមកទល់​បច្ចុប្បន្ន​នេះ​ត្រូវតែមាន​ការយកចិត្តទុកដាក់​ទាំងអស់គ្នា ក្នុងនាម​ជា​អ្នកនយោបាយ​ដែល​ស្រឡាញ់​ប្រជាធិបតេយ្យ និង​ក្នុងនាម​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចង់ឱ្យ​ប្រទេស​កម្ពុជា មានការ​អភិវឌ្ឍ គោរព​សិទ្ធិមនុស្ស ​និង​លទ្ធិ​ប្រជា​ធិ​បតេ​យ្យ​ពិតប្រាកដ​មួយ​ដូច​ប្រទេស​នៅក្នុង​តំបន់ និង​ពិភពលោក​។​

​លោក​គង់ មុនី​កា បញ្ជាក់ថា​៖«​ដូច្នេះ យើង​ត្រូវតែ​រួមគ្នា​ចាប់ពីពេលនេះ​តទៅ ដើម្បី​ជំរុញ​ធ្វើយ៉ាងណា​ឱ្យកម្លាំង​ប្រជាធិបតេយ្យ​មានការ​រួបរួម និង​រឹងមាំ​បន្ថែមទៀត ឆ្ពោះទៅរក​អនាគត​មួយ​ដែល​យើង​គិតថា វា​បានផ្តល់​ក្តីសង្ឃឹម​ដល់​ប្រជាពលរដ្ឋ​របស់​ប្រទេស​កម្ពុជា​»​។

លោក សោម សូ​រី​ដា អ្នកនាំពាក្យ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​បាន​ប្រាប់ថា ចំពោះ​ការចងសម្ព័ន្ធ​របស់​គ​ណ​បក្សនយោបាយ​គឺ​ត្រូវ​ឆ្លើយតប​ទៅនឹង​ច្បាប់​ស្តីពី​គណបក្សនយោបាយ និង​ត្រូវបាន​ចុះបញ្ជី​ត្រឹមត្រូវ​ស្របតាម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​នៅ​ក្រសួងមហាផ្ទៃ និង​មាន​សេចក្តីប្រកាស​យល់ព្រម​ចុះបញ្ជី​របស់​ក្រសួងមហាផ្ទៃ​ជា​ផ្លូវការ នោះ​គណបក្សនយោបាយ​នោះ​មាន​សិទ្ធិ​គ្រប់គ្រាន់​ចូលរួម​ការបោះឆ្នោត​។

​លោក ផាត សុ​ផានិត អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ មិនអាច​ស្នើសុំ​ធ្វើ​អត្ថាធិប្បាយ​បានទេ នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ ២០២៣៕