ភ្នំពេញៈ ដូច​ឆ្នាំមុនៗ​ដែរ រាជ​រដ្ឋាភិបាល​កម្ពុជា​បានផ្តល់​ប្រាក់ឧបត្ថម្ភ​ជូន​ដល់​មន្ត្រីរាជការ​ស៊ីវិល​ក្នុង​ម្នាក់​ចំនួន ​៥​ ម៉ឺន​រៀល នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ​ឆ្នាំ ​២០២៣ ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​មន្ត្រី​រាជការ​គ្រប់​ប្រភេទ​ដែល​បាននិងកំពុង​បំពេញបេសកកម្ម​បម្រើប្រជាជន និង​ប្រទេសជាតិ​។​


​យោង​អនុក្រឹត្យ​លេខ ​៧១ អនក្រ​.​បក ចុះ​ថ្ងៃទី ​៣១ ខែមីនា ឆ្នាំ​ ២០២៣ ស្តីពី​ការផ្តល់​ប្រាក់ឧបត្ថម្ភ​ក្នុងឱកាស​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ និង​យោង​សេចក្តីជូនដំណឹង​ស្តីពី​«​ការបើក​ផ្តល់ប្រាក់​បៀវត្សរ៍​ជូន​មន្ត្រីរាជការ​ស៊ីវិល​សម្រាប់​ខែតុលា ឆ្នាំ​២០២៣» របស់​ក្រសួង​មុខងារសាធារណៈ​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ១៣ ខែកញ្ញា ឆ្នាំ​ ២០២៣ ដោយបាន​ផ្តល់ប្រាក់​ឧបត្ថម្ភ ចំនួន ​៥ ​ម៉ឺន​រៀល នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃ​ណី​ជាតិ​ឆ្នាំ​ ២០២៣ ដំណាល​គ្នា​ជាមួយនឹង​ការផ្តល់​បៀវត្សរ៍​ប្រចាំ​ខែតុលា​។​

​ក្រសួង​មុខងារសាធារណៈ បានលើកឡើង​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​ ១១ ខែតុលា​ថា​៖ «​ការណ៍​នេះ​សបញ្ជាក់​យ៉ាងច្បាស់​ពី​កិច្ចខិតខំ​ប្រឹងប្រែង​និង​ការយកចិត្តទុកដាក់​ខ្ពស់បំផុត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ពីមួយ​ដំណាក់​កាល​ទៅមួយ​ដំណាក់កាល ក្នុង​ការបន្ត​ការការពារ​អត្ថប្រយោជន៍ ការឧបត្ថម្ភ​គាំទ្រ និង​លើកទឹកចិត្ត​ដល់​មន្ត្រីរាជការ​គ្រប់​ប្រភេទ ដែល​បាន និង​កំពុង​បំពេញបេសកកម្ម​បម្រើប្រជាជន និង​ប្រទេសជាតិ​»​។​


​ក្នុងដំណាក់កាល​នៃ​ការ​រា​ត​​ត្បា​ត​ជំងឺ​កូ​វីដ​ ១៩ បើទោះបី​ប្រទេស​កំពុង​ជួប​វិបត្តិ​ទាំង​សេដ្ឋកិច្ច និង​សង្គម​ប្រាក់បៀវត្សរ៍ និង​ប្រាក់ឧបត្ថម្ភ​ផ្សេងៗ​របស់​មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​ជាប់កិច្ចសន្យា មន្ត្រី​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និង​មន្ត្រី​ភូមិ ត្រូវបាន​បើក​ផ្តល់​ជា​ទៀងទាត់​។

​នៅក្នុង​ខណៈនោះ ទោះបី​មិន​ត្រូវបាន​ដំឡើង ប៉ុន្តែ​ប្រាក់​បៀ​វត្សរ៍​និង​ប្រាក់ឧបត្ថម្ភ​មិនត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា កាត់​បន្ថយ​ឡើយ ហើយ​ការផ្តល់​ប្រាក់ឧបត្ថម្ភ​ជូន​មន្ត្រីរាជការ​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ និង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ នៅ​ផ្តល់ជូន​ជាធម្មតា​។ នេះ​បើតាម​ក្រសួង​មុខងារសាធារណៈ​បញ្ជាក់បន្ថែម​។​


​ជុំវិញ​រឿងនេះ លោក យង់​ ពៅ អគ្គលេខាធិការ​រាជបណ្ឌិត្យ​សភា​កម្ពុជា បាន​ថ្លែងថា ការផ្តល់ប្រាក់​ឧបត្ថម្ភ​នាឱកាស​នេះ​គឺជា​ការលើកទឹកចិត្ត​សំខាន់ ដែលជា​ការជួយ​សម្រាល​បន្ទុក​មួយចំណែក​ដល់​មន្ត្រីរាជការ​ដែល​បាន​ខិតខំ​បំពេញការងារ​។

​លោក​បញ្ជាក់ថា​៖ «​ប្រពៃណី​ខ្មែរ​យើង រាល់​រដូវ​បុណ្យទាន​តែងតែ​ទិញ​ចំណីអាហារ ធ្វើ​ចង្ហាន់​ទៅ​វត្ត​ដើម្បី​ឧទ្ទិស​ទៅដល់​ឧ​ប​​ការី​ជន ឬ​ជូន​ដល់​ឪពុកម្តាយ អ៊ីចឹង​ថវិកា​នេះ​បើ​ធៀប​នឹង​សេដ្ឋ​កិច្ច​បច្ចុប្បន្ន​មិន​ច្រើន ប៉ុន្តែ​ជា​ចំណែក​មួយ​ដែល​អាច​សម្រាល​បន្ទុក​ខ្លះ​ហើយ​អ្នកមាន​លទ្ធភាព​ល្មមៗ​អាច​យក​ចំណែក​នេះ​ធ្វើដំណើរ​ទៅដល់​ភូមិ​ស្រុក​តំបន់​ដែល​គាត់​ប្រារព្ធ​ពិធីបុណ្យ​ទាន​បាន​»​។​

​លោក​បាន​បន្តថា នេះ​ជា​អ្វីដែល​រាជរដ្ឋាភិបាល​បានធ្វើ និង​បន្តធ្វើ​ទៅមុខទៀត ទាំង​អ្នករាជការ​សាធារណៈ ទាំង​ពលករ កម្មករ ឬ​អ្នក​បម្រើការ​ងារ​នៅ​ក្រុមហ៊ុន​ឯកជន​ជាដើម ក៏​រាជរដ្ឋាភិបាល​តែងតែ​គិតគូរ​ចំណុច​នេះដែរ​។​លោក យង់ ពៅ បាន​ថ្លែងថា​៖«​ឧទាហរណ៍​ថា រដូវ​បុណ្យ​ធំៗ​តែង​ផ្តល់ជូន​រថយន្តក្រុង​សម្រាប់​ការធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ​ទៅ​បណ្តា​ខេត្ត និង​ការលើក​ទឹកចិត្ត​ប៉ះប៉ូវ​ផ្សេងៗ​ទៀត​»​។​

​ស្រដៀង​គ្នា​នេះ ប្រធាន​ម​ជ្ឈ​មណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិ​វឌ្ឍន៍​សន្តិភាព​លោក យង់ គិ​ម​អេង បាន​ថ្លែងថា ការផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​មន្ត្រីរាជការ​ក្នុង​ម្នាក់​ ៥​ ម៉ឺន មិន​ច្រើន​នោះទេ​តែ​ជាការ​លើកទឹកចិត្ត​មួយ​ដែរ​។

​លោក​បាន​បញ្ជាក់ថា​៖ «​ជាធម្មតា​មន្ត្រីរាជការ ឬ​បុគ្គលិក នៅ​កន្លែង​ណា​ក៏​ត្រូវការ​ការលើកទឹកចិត្ត ប៉ុន្តែ​គ្រាន់តែ​ការ​​លើកទឹកចិត្ត​នេះ​មិនមាន​ចំនួន​ច្រើន អ្នកខ្លះ​អាច​ទិញ​សំបុត្រ​ឡាន​ទៅ​ស្រុក​។ ហេតុដូច្នេះ​ការឧបត្ថម្ភ​នេះ​មិនជា​បញ្ហា​ចោទ​នោះទេ គឺជា​រឿង​សាមញ្ញ​ធម្ម​តា​នៃ​វិធីសាស្ត្រ​ក្នុងការ​គ្រប់គ្រង ការលើកទឹកចិត្ត​ដល់​មន្ត្រី​រាជ​ការដែល​ប្រឹងប្រែង​ធ្វើការ​ពី​ ១ ​ឆ្នាំទៅ ​១ ​ឆ្នាំ ហើយ​មិនមែនជា​បញ្ហា​ដែល​គេ​យកទៅ​ជជែក​នោះដែរ​»​។​

​សូមជម្រាបថា ការផ្តល់ប្រាក់​ឧបត្ថម្ភ​របស់​រាជ​រដ្ឋា​ភិ​បាល​ក្នុងឱកាស​ពិធីបុណ្យ​ជាតិ​សំខាន់ៗ រួមមាន បុណ្យ​ភ្ជុំ​បិណ្ឌ និង​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ដែល​បានចាប់ផ្តើម​អនុវត្ត​តាំងពី​អាណត្តិ​មុនៗ​មកក្រោម​ការ​ដឹកនាំ​របស់​អតីត​នាយក​រដ្ឋ​មន្ត្រី លោក ហ៊ុន សែន ហើយ​បាន​បន្ត​អនុវត្ត និង​ផ្តល់ជូន​ក្នុង​អាណត្តិ​ទី​៧ ដោយ​ផ្អែកទៅលើ​លទ្ធភាព​ដែល​រាជរដ្ឋាភិបាល​បាន​សន្សំសំចៃ ដើម្បី​ទុក​ចែករំលែក​ជូន​ដល់​មន្ត្រីរាជការ​៕