ភ្នំពេញៈ រថយន្តក្រុងចំនួន ៤៥៥ គ្រឿង ចាប់ផ្តើមដឹកប្រជាជនដោយមិនគិតថ្លៃចេញដំណើរពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្តរយៈពេល ៥ ថ្ងៃចាប់ពីថ្ងៃទី ១២ រហូតដល់ថ្ងៃទី ១៦ ខែតុលាដើម្បីសម្រួលបន្ទុកចំណាយថ្លៃធ្វើដំណើរដល់កម្មករ-និយោជិតនិងពលរដ្ឋទៅ ស្រុកកំណើតក្នុងបុណ្យភ្ជុំបិណ្ឌ។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានសម្រេចអនុញ្ញាតឱ្យបើកប្រើប្រាស់បណ្ដោះអាសន្ន ស្ពានកោះពេជ្រឆ្លងកាត់ទន្លេបាសាក់ទៅកោះនរា ក្នុងរយៈពេល ៣ ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែតុលា។ នេះបើយោងតាមអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
ប្រភពដដែលបានឱ្យដឹងទៀតថា ក្រុមហ៊ុន O.C.I.C បាននិងកំពុងដំណើរការសាងសង់ស្ពានខ្សែកាប តភ្ជាប់ចរាចរណ៍រវាងតំបន់អភិវឌ្ឍន៍កោះនរានិងតំបន់អភិវឌ្ឍន៍ កោះពេជ្រ ដែលត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០។ មកទល់បច្ចុប្បន្ន ក្រុមហ៊ុនបានអនុវត្តគម្រោងបានប្រមាណ ៩៥ ភាគរយហើយ។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា៖ «សម្រាប់ការប្រើប្រាស់ជាបណ្ដោះអាសន្ននូវស្ពានកោះពេជ្រ កោះនរានោះ សម្តេចធិបតី ហ៊ុនម៉ាណែត បានអនុញ្ញាតឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ដោយប្រើប្រាស់ផ្លូវស្ពានមួយចំហៀង សម្រាប់ការធ្វើចរាចរណ៍ទ្វេទិស និងកំណត់ទម្ងន់មធ្យោបាយដឹកជញ្ជូនឆ្លងកាត់ ត្រឹមទម្ងន់ ៥ តោន ចុះក្រោម»។
រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ការផ្តល់ជូនសេវាដឹកជញ្ជូនរថយន្តក្រុងដោយឥតគិតថ្លៃនេះបែងចែកជា ២ គឺ សេវាដឹកជញ្ជូនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញប្រើប្រាស់រថយន្តក្រុងចំនួន ៦០ គ្រឿង និងសេវាដឹកជញ្ជូនប្រជាពលរដ្ឋចេញពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីតាមបណ្តាខេត្តត្រឡប់មករាជធានីភ្នំពេញវិញប្រើប្រាស់រថយន្តក្រុងចំនួន ៣៩៥ គ្រឿង។
ប្រភពដដែលបញ្ជាក់ថា ចំពោះគោលដៅទៅតាមបណ្តាខេត្តមានដូចតទៅ៖សម្រាប់ផ្លូវជាតិលេខ ១ គោលដៅភ្នំពេញ ខេត្តកណ្តាល ព្រៃវែង ស្វាយរៀង មានរថយន្ត ២០ គ្រឿង ទីតាំងចេញដំណើរពីស្ថានីយរថយន្តក្រុងវាលស្បូវ ទៅកាន់ចំណតទីរួមខេត្តព្រៃវែង ១០ គ្រឿង និងទៅចំណតទីរួមខេត្តស្វាយរៀង ១០ គ្រឿង។ ផ្លូវជាតិលេខ ២ គោលដៅភ្នំពេញ ខេត្តកណ្តាល តាកែវ ប្រើប្រាស់រថយន្តក្រុង៥គ្រឿងទីតាំងចេញដំណើរពីចំណតទល់មុខព្រះវិហារយេស៊ូគ្រិស្ត នៅបណ្តោយមហាវិថីវេងស្រេង ទល់មុខកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទៅកាន់ចំណតរង្វង់មូលអូរចំបក់។
សម្រាប់ខ្សែផ្លូវធ្វើដំណើរនៅផ្លូវជាតិលេខ ៣ គោលដៅភ្នំពេញ កែប កំពតទីតាំងចេញដំណើរ នៅស្ថានីយរថយន្តក្រុងផ្លូវ ២០០៤ ជាប់បញ្ជាការដ្ឋានកងទ័ពអាកាស ប្រើរថយន្តក្រុង ២០ គ្រឿង ធ្វើដំណើរទៅចំណតនៅសាលាបឋមសិក្សាដំណាក់ចង្អើរ ១០ គ្រឿង និងចំណតទីរួមខេត្តកំពត ១០ គ្រឿង។
ផ្លូវជាតិលេខ ៤ គោលដៅភ្នំពេញ កំពង់ស្ពឺ សីហនុ ទីតាំងចេញដំណើរនៅស្ថានីយរថយន្តក្រុងផ្លូវ ២០០៤ ប្រើប្រាស់ថយន្ត ១៥ គ្រឿង ដឹកអ្នកដំណើរទៅចំណតផ្សារកំពង់ស្ពឺ ៥ គ្រឿង និងទៅចំណតវិមានឯករាជ្យខេត្តព្រះសីហនុ ១០ គ្រឿង។
ចំណែកខ្សែផ្លូវធ្វើដំណើរផ្លូវជាតិលេខ ៥ គោលដៅភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ទីតាំងចេញដំណើរនៅស្ថានីយរថយន្តក្រុងសួនច្បារឫស្សីកែវ ប្រើប្រាស់រថយន្តក្រុង ១៥០ គ្រឿងធ្វើដំណើរទៅកាន់ចំណតរថយន្តផ្សារលើ ១៥ គ្រឿង ទៅចំណតនៅទីតាំងបុរីឧកញ៉ាភូ ភួយ ១៥ គ្រឿង ទៅចំណតរថយន្តផ្សារភូ ភួយ ៦០ គ្រឿង និងចំណតរថយន្តក្រុងសិរីសោភ័ណ ៦០ គ្រឿង។
ចំពោះខ្សែផ្លូវធ្វើដំណើរផ្លូវជាតិលេខ៦គោលដៅភ្នំពេញ កំពង់ធំ សៀមរាប ទីតាំងចេញដំណើរនៅដីឡូត៍តំបន់ OCIC ជ្រោយចង្វារ រង្វង់មូលទេពមច្ឆា ប្រើប្រាស់រថយន្តក្រុង ១៣០គ្រឿងធ្វើដំណើរទៅចំណតភោជនីយដ្ឋានស្ទឹងសែន ១០ គ្រឿង និងទៅបុរីរដ្ឋបាលខេត្តសៀមរាប នៅវិថីសម្តេចវិបុលបញ្ញា សុខអានផ្លូវ ៦០ ម៉ែត្រ ១២០ គ្រឿង។
រីឯខ្សែផ្លូវធ្វើដំណើរផ្លូវជាតិលេខ ៦ លេខ ៧ លេខ ៨ និងលេខ ១៣ គោលដៅភ្នំពេញ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែងទីតាំងចេញដំណើរនៅស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុង ប្រើប្រាស់រថយន្ត ៥៥ គ្រឿង ធ្វើដំណើរទៅចំណតរថយន្តខេត្តកំពង់ចាម ១៥ គ្រឿង ចំណតផ្សារសួង ១៥ គ្រឿង មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ ១៥ គ្រឿង និងសាលាខេត្តស្ទឹងត្រែង ១០ គ្រឿង។
រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា រថយន្តក្រុងដឹកអ្នកដំណើរទាំងអស់ ពេលទៅដល់គោលដៅនឹងនៅរង់ចាំដល់ថ្ងៃចេញដំណើរត្រឡប់មករាជធានីភ្នំពេញវិញគឺថ្ងៃទី ១៦ ខែតុលា។ ចំពោះម៉ោងចេញដំណើរទាំងចេញពីរាជធានីភ្នំពេញទៅខេត្ត និងចេញពីខេត្តមករាជធានីភ្នំពេញ គឺដូចគ្នា ចាប់ពីម៉ោង ៦ និង ៣០ នាទីព្រឹក ដល់ម៉ោង ១១ និង ៣០ នាទីព្រឹក។
ជាមួយគ្នានោះរដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូន អ្នកដំណើរទាំងអស់កុំដំឡើងថ្លៃសេវាដឹកជញ្ជូនអ្នកដំណើរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ដើម្បីជាការរួមចំណែកសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
កញ្ញា ឃឹម ណាឡែន ប្រជាពលរដ្ឋនៅខេត្តក្រចេះ បានថ្លែងថា ការផ្តល់សេវាដឹកជញ្ជូនប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងរដូវបុណ្យជាតិសំខាន់ៗនេះជាការជួយកាត់បន្ថយការចំណាយបានខ្លះៗរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ។ ប៉ុន្តែយ៉ាងណាក៏ដោយកញ្ញាបានលើកឡើងថា គួរតែមានកំណត់ចំណតឡើងជិះនៅតាមផ្លូវដើម្បីងាយស្រួលពលរដ្ឋរង់ចាំ ហើយបើសិនជាអាចគួរបន្ថែមរថយន្តឱ្យបានកាន់តែច្រើនជាពិសេសពេលត្រឡប់ទៅភ្នំពេញវិញ។
កញ្ញាប្រាប់ថា៖ «ជាធម្មតា ចំណតប្រមូលផ្ដុំនៅខេត្ត ហើយដូចខ្ញុំ ពេលទៅ យើងចុះនៅតាមផ្លូវចូលផ្ទះ តែពេលត្រឡប់មកវិញ អត់អាចប្រើសេវាកម្មនេះបានទេ ពិបាកហៅតាមផ្លូវ តួយ៉ាងដូចកាលបោះឆ្នោត ឡានចេញពីចំណតមុនម៉ោងកំណត់ពេលមកស្ទាក់ចាំឡានជួបឡាន ២ ចុងក្រោយ តែមនុស្សពេញ គេអត់ឈប់ទេ»។
លោក កែវ ចាន់ណារិទ្ធ អភិបាលនៃរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានប្រាប់ឱ្យដឹងថា ការផ្តល់សេវារថយន្តក្រុងដឹកអ្នកដំណើរទៅស្រុកឆ្នាំនេះកើនឡើងជាង ១០០ គ្រឿងបើធៀបឆ្នាំមុន។ រថយន្តក្រុងដឹកអ្នកដំណើរទាំងនៅរដូវចូលឆ្នាំ ក៏ដូចជាភ្ជុំបិណ្ឌនេះគោលដៅខេត្តមិនមានការប្រែប្រួលទេ ដោយឡែកការប្រែប្រួលមានតែ ១ គត់គឺក្នុងអំឡុងពេលជូនកម្មករទៅបោះឆ្នោតដែលតាមពិសោធន៍ ក្នុងពេលនោះនៅខេត្តមួយចំនួនដូចជា ព្រះវិហារ ឧត្តរមានជ័យជាដើម មានអ្នកជិះតិចតួច ហេតុនេះអាជ្ញាធរសម្រេចបង្វែររថយន្តទៅខេត្តទាំងនោះសម្រាប់ទៅខេត្តដែលមានអ្នកត្រូវការជិះច្រើន ដូចជាផ្លូវជាតិលេខ ៥ និងលេខ ៦ ជាដើម។
លោកបានឱ្យដឹងថា គិតមកដល់ថ្ងៃទី ១២ ខែតុលា ការតៀមដឹកជញ្ជូនប្រជាពលរដ្ឋបានត្រៀមលក្ខណៈរួចរាល់ហើយ ដែលរថយន្តទាំងអស់ត្រូវបានពិនិត្យលក្ខណៈបច្ចេកទេសដើម្បីប្រាកដថា ការធ្វើដំណើរប្រកបដោយសុវត្ថិភាព ជាមួយគ្នានោះក៏មានការណែនាំបន្ថែមដល់អ្នកបើកបរ ឱ្យមានការប្រុងប្រយ័ត្នក្នុងការបើកបរផងដែរ។
លោកថ្លែងថា៖ «មកដល់ពេលនេះយើងបានត្រៀមលក្ខណៈរួចរាល់ រថយន្តទាំងអស់យើងបានពិនិត្យទាំងលក្ខណៈបច្ចេកទេស ទាំងគ្រឿងក្រោម គ្រឿងលើ គ្រឿងម៉ាស៊ីន ការត្រៀមសម្បកកង់ក៏រួចរាល់ដែរ ហើយយើងក៏បានណែនាំដល់អ្នកបើកបរយើងទាំងអស់ ឱ្យបើកបរគោរពច្បាប់ចរាចរណ៍ និងមានការអធ្យាស្រ័យ ខិតខំយ៉ាងណាដឹកប្រជាពលរដ្ឋយើងដល់គោលដៅទាំងទៅទាំងមក»។
លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ និងកម្មករនិយោជិត និងអរគុណរដ្ឋបាលរាជធានីភ្នំពេញ ដែលបានបញ្ចេញរថយន្តក្រុងជាង ៤០០ គ្រឿងសម្រាប់ដឹកប្រជាពលរដ្ឋធ្វើដំណើរទៅមកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។
ជាមួយគ្នានេះ លោកសូមឱ្យប្រជាពលរដ្ឋស្វែងរកជិះរថយន្តក្រុងតាមចំណតរង់ចាំ និងមានការយោគយល់គោរពគ្នាទៅវិញ-ទៅមក។ លោកថ្លែងថា៖ «ខ្ញុំសូមចូលរួមរីករាយជាមួយប្រជាពលរដ្ឋ និងកម្មករនិយោជិតទាំងអស់ក្នុងការជួបជុំក្រុមគ្រួសារនាពិធីបុណ្យភ្ជុំនេះ។ សូមមានសុខភាពល្អ និងសុភមង្គល និងសំណូមពរបងប្អូនធ្វើដំណើរ និងបើកបរត្រូវគោរពច្បាប់ចរាចរណ៍ និងយោគយល់គ្នា ដើម្បីការពារជីវិតខ្លួនឯង និងអ្នកដទៃ»៕