ព្រះវិហារៈ លាមកសត្វ ផេះ ចំបើង ស្មៅ និងស្លឹករុក្ខជាតិនានា គឺសុទ្ធតែជាសារធាតុចិញ្ចឹមដែលត្រូវការចាំបាច់ណាស់សម្រាប់ដំណាំហើយដើម្បីឱ្យពួកវាក្លាយទៅជាជីសរីរាង្គមួយដែលងាយរលាយ និងផ្តល់សារធាតុចិញ្ចឹមល្អសម្រាប់ដំណាំ កសិករចាំបាច់ត្រូវធ្វើវាឱ្យក្លាយទៅជាជីកំប៉ុស។
លោក ឆន ឈីម ជាកសិករដែលរស់នៅជាង ២០ ឆ្នាំនៅភូមិព្រៃវែង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ផ្ទះរបស់លោកបានបង្កើតរោងធ្វើជីកំប៉ុសរួម ១ មានទំហំធំល្មម និងអាចប្រមូលផលម្តងៗបានប្រមាណជាង ៧ តោន។ សព្វថ្ងៃអ្នកភូមិដែលជាសមាជិកស្រូវត្រយង តែងតែប្រមែប្រមូលគ្រឿងផ្សំនានាដែលមាននៅជុំវិញផ្ទះរបស់ពួកគាត់ យកមកដាក់រួមគ្នានៅក្នុងរោងនេះ ដើម្បីបង្កើតជាជីកំប៉ុស។
ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីរោងធ្វើជីកំប៉ុសប្រក់ស័ង្កសីនៅក្នុងបរិវេណដីទំនេរក្បែរផ្ទះ ដែលសាងសង់ឡើងដោយអ្នកភូមិ និងមានការគាំទ្រពីគម្រោង CEPF លោក ឆន ឈីម បាននិយាយថា រោងធ្វើជីកំប៉ុសនេះ ទើបតែប្រមូលផលជាលក្ខណៈទ្រង់ទ្រាយធំជាមួយអ្នកភូមិ ២ ភូមិផ្សេងទៀត កាលពីដើមខែ។
លោកបន្តថា៖ «ពីដើមមក គឺខ្ញុំធ្វើជីកំប៉ុសជាលក្ខណៈគ្រួសារ។ ខ្ញុំបានចូលរៀនវគ្គបណ្តុះបណ្តាលពីខាងបច្ចេកទេស យូរហើយ គ្រាន់តែខ្ញុំធ្វើជាលក្ខណៈគ្រួសារខ្ញុំតិចតួច។ ទើបដល់ឆ្នាំ ២០២២ មក ២០២៣ នេះ គឺខ្ញុំធ្វើជាលក្ខណៈទ្រង់ទ្រាយធំ។ យើងមានសមាជិកក្នុងភូមិចូលធ្វើ ទើបយើងបានទិន្នផលច្រើន»។
កាលពីឆ្នាំ ២០០៨ អ្នកភូមិព្រៃវែងជាង ៥០ គ្រួសារ បានរួមគ្នាបង្កើតការដាំដុះស្រូវតាមបែបសរីរាង្គ តាមរយៈគម្រោងស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃ ឬស្រូវត្រយង ព្រោះភូមិនេះមានលក្ខណៈអំណយផលដល់ពពួកសត្វស្លាប ជាពិសេសសត្វស្លាបដែលជិតផុតពូជដូចជា សត្វត្រយងយក្ស (ឬឪលើក) ទាព្រៃស្លាបស និងក្រៀលជាដើម។ នេះបើតាមលោក ឆន ឈីម។
កសិករដែលមានសម្បុរស្រអែមរាងស្តើងរូបនេះបន្ថែមថា៖ «រោងនៅក្នុងភូមិខ្ញុំ ឆ្នាំនេះផលិតបានជីកំប៉ុសបានជិត ១០ តោនដែរ។ ភូមិខ្ញុំបានចូលរួមប្រមូលគ្រឿងផ្សំទាំងនេះយកមកដាក់ក្នុងរោង។ យើងធ្វើជីកំប៉ុសនេះយើងថ្លឹងវត្ថុធាតុដើមដែលអ្នកភូមិនីមួយៗ គាត់យកមកឱ្យយើង។ ខ្លះគាត់ចូលរួមបាន ១ តោន ២ តោន និងអ្នកខ្លះ បានកន្លះតោនអ៊ីចឹងទៅ។ នៅពេលយើងប្រមូលជាផលវិញ យើងចែកគ្នាទៅតាមហ្នឹង ដើម្បីចៀសវាងទំនាស់ផលប្រយោជន៍»។
ភូមិព្រៃវែង គឺជាភូមិ ១ ក្នុងចំណោមភូមិចំនួន ៣ ដែលមានភូមិដងផ្លិត និងភូមិត្មាតប៉ើយបានផលិតជីកំប៉ុសធម្មជាតិជាទ្រង់ទ្រាយធំជាលើកដំបូងក្នុងឆ្នាំ ២០២៣ នេះដោយទទួលបានទិន្នផលជីកំប៉ុសជាង ២០ តោនសម្រាប់ចែកជូនទៅដល់កសិករជាសមាជិកស្រូវត្រយងយកទៅប្រើប្រាស់លើដំណាំរបស់ពួកគាត់។
លោកសាម សាក់ មេភូមិព្រៃវែង និយាយថា អ្នកភូមិបានរួមគ្នាអនុវត្តយ៉ាងដូច្នេះ ក៏ព្រោះតែពួកគាត់ទទួលបានការបង្ហាត់បង្ហាញពីបច្ចេកទេសក្នុងការផលិតជីកំប៉ុសរបស់អង្គការសន្សំម្លប់ព្រៃ សម្រាប់កសិករសមាជិកស្រូវត្រយងក្នុងខេត្ដព្រះវិហារ។
ជំហានដំបូងការចូលរួម ហាក់ដូចជាមានសមាជិកតិច ប៉ុន្តែក្នុងនាមជាមេភូមិ លោកនឹងបន្តផ្សព្វផ្សាយ និងជំរុញពលរដ្ឋនៅក្នុងភូមិបន្ថែមទៀតឱ្យចូលរួមក្នុងសកម្មភាពផលិតជីកំប៉ុសរួមគ្នានេះ។
លោកបន្តថា៖ «ល្អមែនទែន ការចូលរួមរបស់ពួកគាត់ ធ្វើជីកំប៉ុស ព្រោះយើងមិនអាចប្រើជីដែលមានជាតិគីមីទេ។ ភូមិយើងបង្កើតបានជាការងារនេះខ្ញុំត្រេកអរមែនទែន ព្រោះខ្ញុំ តែងតែណែនាំឱ្យពលរដ្ឋយើងកាត់បន្ថយការប្រើជីគីមី ហើយជីកំប៉ុសនេះ គឺជាជីធម្មជាតិរបស់យើងដែលឱ្យបងប្អូននៅក្នុងតំបន់សហគមន៍យើង រួមគ្នាធ្វើ ដើម្បីអនាគតទៅអាចនឹងជោគជ័យ និងមិនមានប៉ះពាល់ដល់សុខភាព»។
លោកមេភូមិដែលបានកាន់កិច្ចការគ្រប់គ្រងភូមិជាង ១០ ឆ្នាំមកហើយបានលើកពីក្តីរំពឹងទុកថា បើគម្រោងផលិតជីកំប៉ុសរួមរបស់អ្នកភូមិជោគជ័យ នោះនឹងជំរុញឱ្យអ្នកភូមិចូលរួមក្នុងគម្រោងស្រូវត្រយងកាន់តែច្រើន។ លោកថ្លែងយ៉ាងដូច្នេះក៏ព្រោះតែដំបូងឡើយអ្នកភូមិព្រៃវែងបានចូលរួមច្រើនគ្រួសារ ប៉ុន្តែដោយសារតែពួកគាត់មិនអាចអនុវត្តតាមគោលការណ៍ដាំដុះដែលមិនប្រើប្រាស់ជីគីមីឬក៏ថ្នាំគីមី ឬថ្នាំសម្លាប់សត្វល្អិតបាន ទើបពលរដ្ឋមួយចំនួនបានបោះបង់ និងត្រូវបានដកចេញពីគម្រោងទៅវិញ។
លោកមេភូមិបន្ថែមថា៖ «នៅតំបន់យើងនេះដោយសារតែយើងអនុវត្តដាំស្រូវសរីរាង្គ ដោយសារតែយើងប្រើជាតិគីមី ទើបភូមិយើងធ្លាក់សមាជិក។ ប្រសិនជាយើងបង្កើនការធ្វើជីកំប៉ុសរួម បានជោគជ័យ នោះសមាជិកនឹងកើនឡើងវិញ ហើយទៅថ្ងៃមុខទៅ នឹងមានសមាជិកស្រូវត្រយងកាន់តែច្រើនទៀត»។
ចំនួនសមាជិកស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃ ឬស្រូវត្រយងនៅក្នុងភូមិព្រៃវែងរយៈពេល ៥ ឆ្នាំចុងក្រោយនេះបង្ហាញថា នៅឆ្នាំ ២០១៩ មានសមាជិកចំនួន ១៨ គ្រួសារ ហើយចំនួននេះ បានកើនឡើងដល់ ៥០ គ្រួសារនៅឆ្នាំ ២០២០ ប៉ុន្តែតួលេខនេះបានធ្លាក់ចុះមកវិញស្ទើរជាងពាក់កណ្តាល ដោយមានចំនួន ២៥ គ្រួសារនៅក្នុងឆ្នាំ ២០២១ មានចំនួន ១៨ គ្រួសារនៅក្នុងឆ្នាំ ២០២២ និងឆ្នាំ ២០២៣ មានចំនួន ២៣ គ្រួសារ។
លោក សួស វុឌ្ឍី អ្នកសម្របសម្រួលក្សេត្រសាស្ដ្រថ្នាក់ជាតិនៃអង្គការសន្សំម្លប់ព្រៃ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា គម្រោងធ្វើជីកំប៉ុស មានការគាំទ្រដល់កសិករក្នុងភូមិទាំង ៣ នេះដោយការផ្តល់បច្ចេកទេសការផលិតជីកំប៉ុស ការផ្ដល់ម៉ាស៊ីនចិញ្ច្រាំរុក្ខជាតិសម្រាប់ផលិតជីកំប៉ុស (ដើមទន្ទ្រានខែត្រ) ការផ្ដល់ម៉ាស៊ីនច្របល់កំប៉ុស និងឧបករណ៍សម្រាប់វាស់សីតុណ្ហភាព សំណើម និង PH រួមទាំងបដិភាគទៅលើការសាងសង់រោងធ្វើជីកំប៉ុសផងដែរ។
ជាអ្នកជំនាញលើទំនាក់ទំនងរវាងដំណាំ ដី អាកាសធាតុ និងបច្ចេកទេសលោក សួស វុឌ្ឍី ថ្លែងថា រយៈពេលនៃគម្រោង ដែលមានការគាំទ្រដល់អ្នកភូមិទាំង ៣ គឺមានរយៈពេល ២ ឆ្នាំ ចាប់ពី ២០២៣ ដល់ ២០២៤ ហើយការផលិតជីកំប៉ុស គឺមានរយៈពេល ១ ដង ក្នុង ១ ឆ្នាំ ដោយឆ្នាំទី១ យើងបានទទួលទិន្នផលហើយ គឺជាង ២០ តោនហើយឆ្នាំទី ២ នេះគម្រោងបានដាក់គោលដៅសម្រេចឱ្យបាន ៣០ តោន។
លោក សួស វុឌ្ឍី បញ្ជាក់ថា៖ «ប្រជាជនក្នុងភូមិទាំង៣នេះ ភាគច្រើនដាំដុះដំណាំស្រូវហើយពួកគាត់មួយចំនួនបានប្រើប្រាស់ថ្នាំសម្លាប់ស្មៅ និងជីគីមី។ ការធ្វើជីកំប៉ុសនេះផ្តើមពីកសិករ ១ ក្រុមតូច តាមភូមិនីមួយៗ ដោយពួកគាត់បានមើលឃើញពីអត្ថប្រយោជន៍នៃជីកំប៉ុស ទើបបានពួកគាត់រួមគ្នា ធ្វើជីកំប៉ុសជាទ្រង់ទ្រាយធំបែបនេះ។ ពេលនេះ កសិករក៏កំពុងបន្តប្រមូលគ្រឿងផ្សំជុំវិញសហគមន៍របស់ពួកគាត់បន្តទៀត ដែលមានដូចជាលាមកគោ និងដើមទន្ទ្រានខែត្រ ព្រោះសម្បូរនៅក្នុងភូមិ ដើម្បីផលិតជីកំប៉ុសនេះជាថ្មីទៀត»។
តាមការលើកឡើងរបស់លោក សួស វុឌ្ឍី ការប្រើបច្ចេកទេសផលិតជីកំប៉ុសបានជួយឱ្យគុណភាពដំណាំស្រូវរបស់កសិករមានសុខភាពល្អ ទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដែលនាំឱ្យទិន្នផលមានការកើនឡើង។ ទិន្នផលកើនឡើងនឹងលើកទឹកចិត្តដល់កសិករឱ្យចូលរួមកម្មវិធីស្រូវត្រយងដើម្បីចៀសវាងពីការបញ្ចូលសារធាតុគីមី ដែលនាំឱ្យប៉ះពាល់ដល់បរិស្ថាន សុខភាព និងបង្កើនការទូទាត់លើថ្លៃដើមផលិតកម្មជាដើម។
យោងតាមស្ថិតិដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបានគឺបង្ហាញថា ភូមិត្មាតប៉ើយ មានចំនួនប្រជាជន ៤៣៤ គ្រួសារ ក្នុងនោះប្រជាជនដែលប្រកបកសិកម្មមានចំនួន ៤១៦ គ្រួសារ ហើយគ្រួសារដែលចូលរួមគម្រោងធ្វើជីកំប៉ុសមានចំនួន ៥ គ្រួសារ។
ចំណែកភូមិព្រៃវែង មានចំនួនប្រជាជន ១៥២ គ្រួសារ ក្នុងនោះប្រជាជនដែលប្រកបកសិកម្មមានចំនួន ១៥២ គ្រួសារ ហើយគ្រួសារដែលចូលរួមគម្រោងធ្វើជីកំប៉ុសមានចំនួន ៤ គ្រួសារ និងភូមិដងផ្លិត មានចំនួនប្រជាជន ៣៣៨ គ្រួសារ ក្នុងនោះប្រជាជនដែលប្រកបកសិកម្មមានចំនួន ៣៣៨ គ្រួសារ ហើយគ្រួសារ ដែលចូលរួមគម្រោងធ្វើជីកំប៉ុសមានចំនួន៨គ្រួសារ។
តាមគម្រោង USAID ព្រៃឡង់បៃតង បានឱ្យដឹងកាលពីខែមិថុនា ឆ្នាំ ២០២៣ ថា ទិន្នផលស្រូវត្រយង បានកើនឡើង ៥៨ ភាគរយ នៅពេលដែលកសិករក្នុងគម្រោងសាកល្បងចំនួន ២ ខេត្តបានអនុវត្តបច្ចេកទេសជីកំប៉ុស ដំណាំគម្របដី និងបច្ចេកទេសបំបែកដី។
ដីស្រែធម្មតាផ្តល់ទិន្នផលជាមធ្យម ១ ៤៥៤ គីឡូក្រាមក្នុង ១ ហិកតាចំណែកដីស្រែសាកល្បងទទួលផលជាមធ្យម ២ ២៩៩ គីឡូក្រាមក្នុង ១ ហិកតា ហើយការប្រើបច្ចេកទេសជីកំប៉ុស ដំណាំគម្រប និងការបំបែកដី នឹងនាំឱ្យគុណភាពដី មានការកើនឡើងក្នុងរយៈពេលវែងដោយសារតែអាសូត និងសមាសធាតុសរីរាង្គផ្សេងទៀត ត្រូវបានជ្រាបចូលទៅក្នុងដី។ នេះបើយោងតាមគម្រោង USAID ព្រៃឡង់បៃតង។
USAID បន្តថា៖ «គម្រោងសាកល្បងសម្រាប់កសិករស្រូវត្រយងនៅខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែងមានការប្រែប្រួលពីកន្លែង ១ ទៅកន្លែង ១ ដោយសារភាពខុសគ្នានៃលក្ខខណ្ឌដី និងការអនុវត្តបច្ចេកទេស។ ទោះជាយ៉ាងណាក៏ដោយបើប្រៀបធៀបវាលស្រែដែលមិនបានអនុវត្តបច្ចេកទេស និងវាលស្រែដែលអនុវត្តបច្ចេកទេស លទ្ធផលបានបង្ហាញថា ទីតាំងដែលបានប្រើបច្ចេកទេសជីកំប៉ុស ធ្វើឱ្យទិន្នផលស្រូវកើនឡើងយ៉ាងហោចណាស់ ៥៨ ភាគរយ»។
គិតត្រឹមឆ្នាំ ២០២៣ សមាជិកស្រូវត្រយងទូទាំងប្រទេស មានចំនួនសរុប ២ ៣៧១ នាក់ ក្នុងនោះខេត្ដព្រះវិហារមាន ៥៥២ នាក់ខេត្ដស្ទឹងត្រែងមាន ១ ២៥៥ នាក់ ខេត្ដរតនគិរីមាន ៣៩៥ នាក់ និងមណ្ឌលគិរី មានចំនួន ១៦៩ នាក់។
ងាកមកចាប់អារម្មណ៍នឹងលោក ឆន ឈីមវិញ ដោយសារតែលោកបានអនុវត្តគម្រោងស្រូវត្រយងនៅលើដីស្រែរបស់លោកដែលមានជាង ៨ ហិកតា លោកក៏មិនខុសពីសមាជិកស្រូវត្រយងដទៃទៀតដែរ គឺទទួលបានតម្លៃស្រូវខ្ពស់ជាងតម្លៃទីផ្សារ។ បន្ថែមពីនេះ លោក និងអ្នកភូមិព្រៃវែងក៏ទទួលបានការគាំទ្រផ្នែកបច្ចេកទេស ដើម្បីកែលម្អផលិតកម្មស្រូវ ឱ្យធន់នឹងអាកាសធាតុទៀតផង៕