ភ្នំពេញៈ ក្នុងឱកាសនៃទិវាសុខភាពផ្លូវចិត្តពិភពលោកឆ្នាំ ២០២៣ មន្ត្រីអង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឱ្យប្រទេសទាំងអស់ត្រូវវិនិយោគលើសុខភាពផ្លូវចិត្ត ជាពិសេសសេវាសហគមន៍ ព្រោះសុខភាពល្អនឹងមិនអាចមានទេ ប្រសិនបើគ្មានសុខភាពផ្លូវចិត្ត។
ការអំពាវនាវនេះ ធ្វើឡើងដោយលោកតេ ដ្រូស អាដាណម ហ្គេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) នាឱកាសប្រារព្ធទិវាសុខភាពផ្លូវចិត្តពិភពលោកឆ្នាំ ២០២៣ កាលពីថ្ងៃទី ១០ ខែតុលា ក្រោមប្រធានបទ «សុខភាពផ្លូវចិត្ត គឺជាសិទ្ធិមនុស្សជាសកល»។
លោកបានថ្លែងថា មនុស្សម្នាក់ក្នុងចំណោម ៨ នាក់ រស់នៅជាមួយស្ថានភាពសុខភាពផ្លូវចិត្ត ប៉ុន្តែនៅជុំវិញពិភពលោក មនុស្សជាច្រើនមិនអាចទទួលបានការថែទាំសុខភាពផ្លូវចិត្តប្រកបដោយគុណភាពនោះទេដោយសារពួកគេមានឧបសគ្គច្រើនដូចជា កង្វះសេវាថែទាំ ភាពក្រីក្រ អំពើហិង្សា ការមាក់ងាយ និងការរើសអើងជាដើម។
លោកបានថ្លែងថា មនុស្សមួយចំនួនដែលមានស្ថានភាពសុខភាពផ្លូវចិត្ត ជាពិសេសប្រជាជនដែលខ្វះខាត ឬជនងាយរងគ្រោះអាចប្រឈមមុខនឹងការរំលោភសិទ្ធិមនុស្ស រួមទាំងការបង្ខិតបង្ខំ ការរំលោភបំពានឬការមិនយកចិត្តទុកដាក់ក្នុងការថែទាំផងដែរ។
លោកតេ ដ្រូស អាដាណម បានថ្លែងថា៖ «ក្នុងទិវាសុខភាពពិភពលោក អង្គការសុខភាពពិភពលោក អំពាវនាវឱ្យសុខភាពផ្លូវចិត្តត្រូវបានគេគោរពជាសិទ្ធិមនុស្ស។ យើងអំពាវនាវឱ្យប្រទេសទាំងអស់វិនិយោគលើសុខភាពផ្លូវចិត្ត ជាពិសេសសេវាសហគមន៍ព្រោះសុខភាពល្អគ្មានទេ បើគ្មានសុខភាពផ្លូវចិត្ត»។
ដោយឡែក អ្នកនាង យឹម សុធារី នាយិកាមជ្ឈមណ្ឌលស្នេហា (Sneha Center) បានឱ្យដឹងដែរថា ដោយសារតែមានវិបត្តិកូវីដ ១៩ នៅកម្ពុជា អ្នកដែលមានវិបត្តិផ្លូវចិត្តមានការកើនឡើងជាងមុន ក៏ប៉ុន្តែវិបត្តិជំងឺកូវីដ១៩ វាក៏ជាឱកាសមួយដែលធ្វើឱ្យមានទាំងយុវជន និងស្ថាប័នជាច្រើន បានយកចិត្តទុកដាក់ និងមានការជជែកពីរឿងសុខភាពផ្លូវចិត្តនេះច្រើន។
អ្នកនាងបានបន្តថា ខណៈដែលមានមនុស្សមានការជជែកពីរឿងសុខភាពផ្លូវចិត្តច្រើន ប៉ុន្តែប្រជាជនកម្ពុជាតែងតែយល់ច្រឡំថាសុខភាពផ្លូវចិត្តគឺជាជំងឺផ្លូវចិត្ត តាមពិតសុខភាពផ្លូវចិត្តវាជាចំណែកមួយនៃសុខភាព ទាំងផ្លូវកាយនិងផ្លូវចិត្ត ចំណែកជំងឺផ្លូវចិត្តវាជាជំងឺធ្លាក់ទឹកចិត្តនិងជំងឺថប់បារម្ភជាដើម។ទោះបីមានការជជែកគ្នាច្រើនអំពីសុខភាពផ្លូវចិត្ត ប៉ុន្តែបើនិយាយពីការទទួលសេវាប្រឹក្សាសុខភាពផ្លូវចិត្ត គឺនៅមានការកំណត់នៅឡើយទេ។
អ្នកនាង យឹម សុធារី បានបញ្ជាក់ថា៖ «ក្នុងឱកាសទិវាសុខភាពផ្លូវចិត្តពិភពលោកនេះ ខ្ញុំសូមផ្ដាំទៅប្រជាពលរដ្ឋទូទៅថា សុំចាត់ទុកសុខភាពផ្លូវចិត្តហ្នឹងជាចំណែកមួយនៃសុខភាព ដូច្នេះនៅពេលដែលយើងមិនចាត់ទុកជាអាទិភាពទេ នោះបានន័យថា យើងអនុញ្ញាតឱ្យខ្លួនយើងបំពេញកិច្ចការប្រចាំថ្ងៃទាំងមិនល្អ»។
ក្រៅពីនេះ អ្នកនាងក៏បានអំពាវនាវដល់ប្រជាជនទូទៅកុំព្យាយាមវិនិច្ឆ័យនរណាម្នាក់ថាមានជំងឺផ្លូវចិត្ត ដោយប្រើមាត់និងភ្នែកទទេនោះ តែត្រូវវិនិច្ឆ័យតាមរយៈគ្លីនិកដោយមានកម្រងសំណួរមួយចំនួនជាដើម។យោងតាមសេចក្តីថ្លែងការណ៍របស់អង្គការយូនីសេហ្វនិងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជនបាន អំពាវនាវឱ្យមានសកម្មភាពរួមគ្នាដើម្បីវិនិយោគបន្ថែមទៀតលើសុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់កុមារ ក្មេងជំទង់ និងយុវជននៅក្នុងប្រទេសកម្ពុជា។
សេចក្តីថ្លែងការណ៍បន្តថា ក្មេងជំទង់ម្នាក់ក្នុងចំណោម ៧ នាក់ដែលមានអាយុពី ១០ ទៅ ១៩ ឆ្នាំ ទទួលរងវិបត្តិផ្លូវចិត្ត។នៅទូទាំងសកលលោកអត្តឃាតគឺជាមូលហេតុនាំមុខគេទី៤ នៃការស្លាប់ក្នុងចំណោមមនុស្សវ័យក្មេងដែលមានអាយុពី ១៥-១៩ ឆ្នាំ។
ប្រភពដដែលបន្តថា៖ «UNICEFនិង UNFPA ធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាលកម្ពុជា ដែលប្តេជ្ញាយ៉ាងពេញលេញដើម្បីផ្តល់ការថែទាំសុខភាពផ្លូវចិត្តឱ្យបានគ្រប់គ្រាន់ដល់កុមារ ក្មេងជំទង់ និងយុវជននៅក្នុងប្រទេសនេះ»។
សេចក្តីថ្លែងការណ៍ថា ទោះជាយ៉ាងណាក៏ដោយ វិបត្តិផ្លូវចិត្តឬការថប់បារម្ភ មិនគួរជាបញ្ហាសុខភាពសាធារណៈតែមួយទេ ប៉ុន្តែគួរតែត្រូវបាន គេទទួលស្គាល់ថា ជាក្តីបារម្ភរបស់សង្គមមួយផងដែរ។វិបត្តិនេះបានបង្កផលប៉ះពាល់យ៉ាងធំធេងបំផុតមកលើកុមារ ក្មេងជំទង់ និងយុវជន ដែលគេមិនធ្លាប់បានជួបប្រទះនាពេលកន្លងមក។
សូមបញ្ជាក់ដែរថា ក្រសួងសុខាភិបាលបានដាក់ដំណើរការសេវាពិនិត្យ និងព្យាបាលជំងឺផ្លូវចិត្តកម្រិតឯកទេសនៅតាមមន្ទីរពេទ្យជាតិនិងមន្ទីរពេទ្យបង្អែករាជធានីខេត្តបានចំនួន ១០ កន្លែងនិងកម្រិតមូលដ្ឋាននៅតាមមន្ទីរពេទ្យខេត្ត ស្រុក ចំនួន ៩៧ កន្លែងនិងកម្រិតបឋមនៅតាមមណ្ឌលសុខភាពចំនួន ៣៥៥ កន្លែង៕