ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ត្រី​អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​អះអាងថា ធនាគារ​អភិវឌ្ឍន៍អាស៊ី​(ADB) ​បាន​ប្តេជ្ញា​ចូល​​រួមចំណែក​វិនិយោគ​ក្នុង​គម្រោង​ពាក់ព័ន្ធ​នឹង​ការប្រែប្រួល​អាកាសធាតុ និង​ការអភិវឌ្ឍ​វិស័យ​ឯកជន ជាពិសេស​ការពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​សម្រាប់​គាំទ្រ​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម សម្រាប់​រយៈពេល​៥​ឆ្នាំ​ខាងមុខ​។​


​ការលើកឡើង​របស់លោក​អូន ព័ន្ធ​ មុនី​រ័ត្ន ធ្វើឡើង​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ជំនួប​ពិភាក្សា​ការងារ រវាង​លោក ជាមួយនឹង​លោក វីនហ្រ្វេ​ត វិក​គ្លី​ន​ (Winfried Wicklein) អគ្គនាយក​នៃ​អគ្គនាយក​ដា្ឋ​ន​អាស៊ី​​អាគ្នេយ៍​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​ ខណៈ​លោក Wicklein មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល ​២ ​ថ្ងៃ កាលពី​ថ្ងៃទី​ ៩-១០ ខែតុលា​។​

​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន លោក អូន ព័ន្ធមុនីរ័ត្ន បាន​ស្វាគមន៍ លោក Winfried Wicklein និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការចូលរួមចំណែក​ដ៏​សំខាន់​របស់ ADB ដែល​បានផ្តល់​កិច្ចសហប្រតិបត្តិការ​ល្អ​ក្នុង​ការគាំទ្រ​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ចកម្ពុជា ចាប់​តាំងពី​ឆ្នាំ​ ១៩៩៣​ មកទល់​បច្ចុប្បន្ន​។


​លោក​បាន​បន្តថា កម្ពុជា​ពិតជា​អរគុណ ​ADB​ ចំពោះ​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការចូលរួម​ជំរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ប្រកបដោយ​ចីរភាព ក៏ដូចជា​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​ផងដែរ និង​បាន​ជូនពរ​លោក Winfried Wicklein ព្រម​ទាំង​សហការី​ទទួលបាន​ជោគជ័យ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​។​

​លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា​៖«​យើង​សាទរ​ចំពោះ​ការប្តេជ្ញាចិត្ត និង​ការ​ចូលរួមចំណែក​របស់ ADB ជាពិសេស​ការវិនិយោគ​គម្រោង​ពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​ការអភិវឌ្ឍ​វិស័យ​ឯកជន​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ខាង​​មុខ ជាពិសេស​ការពង្រឹង វិស័យ​ហិរញ្ញវត្ថុ​សម្រាប់​គាំទ្រ​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម តាមរយៈ​ប្រតិបត្តិការ Non Sovereign Operations ដូច​មានចែង​ក្នុង​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​សម្រាប់​អភិវឌ្ឍ​កម្ពុជា​ឆ្នាំ ២០២៤-២០២៨»​។


​លោក​បាន​បន្ថែមថា ADB ក៏បាន​ពង្រីក​ទំហំ​ឥណទាន​ធំ​ជាង​មុន​តាម​រយៈ​ការកែទម្រង់​ការគ្រប់គ្រង​មូលធន ដើម្បី​បំពេញតម្រូវការ​អភិវឌ្ឍ​ន៍​នានា ដែល​ក្នុងនោះ កម្ពុជា​ក៏​នឹងត្រូវ​ចាត់​ចូល​ជា​ប្រទេស​ដែល​ទទួលបាន​ប្រភពធនធាន​ទំហំ​ធំ ជាពិសេស​សម្រាប់​គម្រោង​ពង្រឹង​ការ​បន្សាំ​ុ​ទៅនឹង​អាកាសធាតុ​។​

​ជាមួយគ្នានេះ លោក​អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងថា ADB បានរួម​ចំណែក​ក្នុងការ​ដាក់ឱ្យអនុវត្ត​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ថ្មី​របស់ ADB ​ក្នុង​គោលដៅ​ព​ន្លឿ​ន​ការងារ​របស់ខ្លួន​ឱ្យ​កាន់​តែមាន​ប្រសិទ្ធ​ភាព​តាមរយៈ​ការធ្វើប្រតិភូកម្ម​សិទ្ធិ​សម្រេច និង​ការទទួលខុសត្រូវ​កាន់​តែ​ច្រើនជាង​មុន​ជូន​ស្ថាន​តំណាង​របស់ ADB​ ប្រចាំ​កម្ពុជា​ផងដែរ​។​

​លោក​បាន​បញ្ជាក់ថា​៖«​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​សម្រាប់​អភិវឌ្ឍ​កម្ពុជា ឆ្នាំ ២០២៤-២០២៨ ដែល​ទើបត្រូវ​បានអនុម័ត​នាពេល​ថ្មីៗ​នេះ ដើរ​ស្របគ្នា​នឹង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់​កាល​ទី ​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី ​៧ នៃ​រដ្ឋសភា​ដែលមាន​គោលបំណង​រួមចំណែក​គាំទ្រ​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច កម្ពុជា​ដើម្បី​ប្រែក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ​ ២០៣០»​។​

​នៅក្នុង​ឱកាស​នោះ លោក Winfried Wicklein ក៏បាន​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ ចំពោះ​កិច្ចសហប្រតិបត្តិការ​ល្អ និង​ជិត​​ស្និទ្ធ​ជាមួយ ADB ក្នុង​រយៈពេល​ជាង ​៣០ ​ឆ្នាំកន្លងមក ហើយ​លោក​បាន​ត្រៀមខ្លួន​ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​នេះ​បន្ថែមទៀត​សំដៅ​បន្ត​រួមចំណែក​ក្នុង​កិច្ច​ដំណើរ​​ការអភិវឌ្ឍន៍​របស់​កម្ពុជា​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​។​

​លោក​ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋ​កិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ថ្លែងថា កិច្ចដំណើរការ​អភិវឌ្ឍ​ន៍​ប្រ​ទេស​កម្ពុជា មិនអាច​ខ្វះ​ដៃគូ​អភិវឌ្ឍន៍​នានា​បានឡើយ ជាពិសេស​ធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)​ ខណៈ​ធនាគារ​នេះ បាននិងកំពុង​ជួយ​កម្ពុជា​ស្ទើរតែ​គ្រប់​វិស័យ​។​

​លោក​បាន​បញ្ជាក់ថា​៖​ «ADB បានផ្តល់​ទាំង​ប្រាក់កម្ចី ទាំង​ជំនួយ និង​បច្ចេកទេស​មក​កម្ពុជា ក្នុងនោះ​គម្រោង​ភាគច្រើន​ដែល ​ADB ផ្តោត​សំខាន់​ជាងគេ គឺ​វិស័យ​អប់រំ វិស័យ​សុខា​ភិ​បាល ថាមពល ការអភិវឌ្ឍ​ជនបទ កសិកម្ម ហិរញ្ញវត្ថុ ការដឹកជញ្ជូន និង​ការធ្វើ​ពាណិជ្ជកម្ម​ជាដើម​»​។​

​សូមជម្រាបថា ADB ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​ ១៩៦៦ និង​ត្រូវបាន​គ្រប់គ្រង​ដោយ​សមាជិក​ចំនួន ៦៨​ ប្រទេស​។​ធនាគារ​នេះ​បាន​ប្តេជ្ញា​ក្នុង​បេសកកម្ម​របស់ខ្លួន​ថា នឹង​សម្រេច​ឱ្យបាន​នូវ​វិបុលភាព បរិ​យាប​ន្ន ភាព​ធន់ និង​និរន្តរ​ភាព ក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ស្រប​ជាមួយនឹង​ការខិតខំ​ប្រឹងប្រែង​ដើម្បី​លុបបំបាត់​ភាពក្រីក្រ​ខ្លាំង​៕