ភ្នំពេញ: ឆ្នាំ​២០២៣ ជា​ពេលវេលា​ដ៏​វិសេស ​ដែល​ទីភ្នាក់ងារសាកលវិទ្យាល័យ ដឺ​ឡា ហ្វ្រ​ង់​កូ​ហ្វូ​នី (AUF) ប្រារឰ​ខួប​លើក​ទី​៣០ ក្នុង​រាជធានី​ភ្នំពេញ បេះដូង​ប្រទេស​កម្ពុជា​។​


​ជាមួយគ្នានេះ មហាសន្និបាត​លើក​ទី​១៤ នៃ ​CONFRAISE ត្រូវបាន​ប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១២ ខែតុលា នៅ​សណ្ឋាគារ​ភ្នំពេញ ដោយបាន​ពង្រឹង​ការប្តេជ្ញាចិត្ត​របស់​អង្គការ​ ចំពោះ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ហង់​ជួន ណា​រ៉ុ​ន ថ្លែង​ក្នុង​វេទិកា​កាលពី​ថ្ងៃទី​១១ ខែតុលា ថា កិច្ចសហការ​រវាង AUF និង​ក្រសួង​អប់រំ យុវជន និង​កីឡា​របស់​កម្ពុជា បាន​គូសបញ្ជាក់​ពី​តួនាទី​សំខាន់​របស់ AUF ក្នុង​ការរៀបចំ​ទិដ្ឋភាព​អប់រំ​របស់​ប្រទេសជាតិ​។​


​លោក​បាន​ថ្លែងថា​៖ «​យុវជន​តំណាងឱ្យ​អនាគត​របស់​ប្រទេសជាតិ ក៏ដូចជា​អនាគត​នៃ ហ្វ្រ​ង់​កូ​ហ្វូ​នី​។ ខ្ញុំ​ពិតជា​រំភើប​ណាស់​ ដែល​ឃើញ​និស្សិត​កម្ពុជា ​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​នេះ​។ ក្នុងនាម​ជា​រដ្ឋមន្ត្រី ខ្ញុំ​ប្តេជ្ញា​ធានាថា ហ្វ្រ​ង់​កូ​ហ្វូ​នី បែប​វិទ្យាសាស្ត្រ​ ដើរតួនាទី​យ៉ាងសំខាន់​ ក្នុងការ​រៀបចំ​គោលនយោបាយ និង​ការសម្រេចចិត្ត​ជាតិ​រប​ស់​យើង​»​។​

AUF ត្រូវបាន​បង្កើតឡើង​កាល​៦​ទសវត្សរ៍​មុន​នៅ​ទីក្រុង​ម៉ុងរ៉េអាល់ ប្រទេស​កាណាដា ដោយបាន​វិ​វត្ត​ទៅជា​បណ្តាញ​សាកលវិទ្យាល័យ​ដ៏​លេចធ្លោ​របស់​ពិភពលោក ដែលមាន​ស្ថាប័ន​សមាជិក​ជាង​១​ពាន់​នៅ​ទូទាំង​១១៥​ប្រទេស​។​


​លោក Slim Khalbous សាកលវិទ្យាធិការ​នៃ AUF បានឱ្យដឹងថា​៖ «​យើង​មាន​ក្ដី​សោមនស្ស​រីករាយ​ដែល​បានរៀបចំ​ខួប​ទី​៣០​ ឆ្នាំ ​នៃ​វត្ដ​មាន​ទីភ្នាក់ងារ AUF នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​»​។​

​លោក ថ្លែងថា សមត្ថភាព​របស់ AUF ពង្រីក​លើសពី​ប្រទេស​ដែល​និយាយ​ភាសា​បារាំង ដោយ​ស្វាគមន៍​ប្រទេស​ដែលមាន​កម្រិត​ជំនាញ​ភាសា​បារាំង​ខុសៗ​គ្នា​។​

​ជារួម AUF ឈរ​ជា​បណ្តាញ​សកល​ដ៏​ធំ​បំផុត​ដែល​ផ្ដោតលើ​ការអប់រំ និង​ការផ្ទេរ​ចំណេះដឹង ដោយ​ផ្តោត​ជាពិសេស​លើ​ការលើកកម្ពស់​ភាសា​បារាំង​ទូទាំង​ពិភពលោក​។​

​សាកលវិទ្យាធិការ Slim Khalbous បានធ្វើ​ដំណើរ​មកកាន់​ប្រទេស​កម្ពុជា ដើម្បី​ជំរុញ​ទំនាក់ទំនង​ជាមួយ​យុវជន​ដែល​និយាយ​ភាសា​បារាំង​ក្នុង​តំបន់ និង​ចូលរួម​ជាមួយ​សាកលវិទ្យាធិការ​មកពី​សាកលវិទ្យាល័យ​ដៃគូ​ចំនួន​៩២​។​

​លោក​បាន​ថ្លែងថា និស្សិត​វ័យក្មេង​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ទាំងនេះ​មាន​ភាពស្វាហាប់​ក្នុងការ​ចែករំលែក​ចំណេះដឹង និង​ធ្វើ​កិច្ចការ​រួមគ្នា​។

​លោក Khalbous បាន​បញ្ជាក់ថា​៖ «AUF បាន​អំពាវនាវ​បង្កើតជា​បណ្ដាញ​ក្លិប​និស្សិត​ប្រើប្រាស់​ភាសា​បារាំង (CLEF)​។ ជា​លទ្ធផល យើង​មាន​ក្លិប​ទាំងអស់​ចំនួន ២៣០ ក្នុងប្រទេស​ចំនួន ៦០​។ ពួកគេ​មាន​សកម្មភាព​ផ្សេងៗ​គ្នា​ ដោយ​ខ្លះ​រៀបចំ​សន្និសីទ ព្រមទាំង​រៀបចំ​ដំណើរ​កម្សាន្ដ និង​សកម្មភាព​វប្បធម៌​ផ្សេងៗ ហើយ​ខ្លះទៀត​ចាប់ផ្ដើម​ការងារ​នៅក្នុង​សហគ្រាស​»​។

​លោក សំ ប៊ុនធឿន និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ បាន​ថ្លែង​ពី​សារៈសំខាន់​នៃ​ការលើកកម្ពស់​ភាសា​បារាំង​ក្នុងចំណោម​យុវជន​កម្ពុជា​នៅតាម​ជនបទ ហើយ​ការ​ចូលរៀន​ភាសា​បារាំង មិន​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់​នោះទេ​។​

​លោក Laurent Sermet នាយក​អាស៊ី​-​ប៉ាស៊ីហ្វិក​នៃ AUF ប្រចាំ​នៅ​ទីក្រុង​ហាណូយ បាន​ថ្លែង បង្ហាញ​ពី​សារៈសំខាន់​នៃ​ព្រឹត្តិការណ៍​ខួប​លើក​ទី​៣០​នេះ ដោយបាន​ប្រមូលផ្តុំ​យុវជន​ និយាយ​ភាសា​បារាំង ​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​ដែលមាន​សមាជិក​ចំនួន​១៧​ក្លិប​ដែល​សមាជិកភាព​នៅ​អាស៊ីអាគ្នេយ៍​ចំនួន​ ៤​ ប្រទេសគឺ កម្ពុជា វៀតណាម ឡាវ និង​ថៃ​។​

​លោក Sermet បានឱ្យដឹងថា តម្រូវការ​សិក្សា​ភាសា​បារាំង​នៅ​កម្ពុ​ជាមាន​កម្រិត​ខ្ពស់ ដោយមាន​សិស្ស​ជាច្រើន​ចង់​សិក្សា​ភាសា​នេះ​។​

​លោក បាន​និយាយថា ដើម្បី​លើកទឹកចិត្ដដ​ល់​និស្សិត​រៀន​ភាសា​បារាំង​ក្រោយ​បញ្ចប់​ការសិក្សា ពួកគេ​ត្រូវបាន​ផ្ដល់ឱកាស​ការងា​រ និង​សហគ្រិនភាព​តាមរយៈ​គម្រោង​សហគ្រិនភាព (Start-ups)​។ និស្សិត​ត្រូវបាន​បណ្ដុះបណ្ដាល​គ្រប់គ្រង​គម្រោង មុនពេល​ចាប់ផ្ដើម​ដំណើរការ​គម្រោង​សហគ្រិន​របស់​ពួកគេ​។ និស្សិត​ដែលមាន​ទេពកោសល្យ​ ចំពោះ​សហគ្រិនភាព ពួកគេ​នឹងត្រូវ​បានផ្ដល់​អាទិភាព ​ក្នុងការ​ដំណើរការ​គម្រោង​។

AUF ក៏មាន​បំណង​ផ្ដល់ជំនួយ​ដល់​ប្រទេស​សមាជិក​ក្នុងការ​កែសម្រួល​កម្មវិធី​សិក្សា​ដែល​ទាមទារ​រយៈពេល​វែង​ចន្លោះ​ពី​៥ ទៅ​១០​ឆ្នាំ​។ សិស្ស និស្សិត​បានផ្ដល់​គំនិត​ឱ្យ​ថ្នាក់ដឹកនាំ​ជួយ​បង្កើត​សកម្មភាព​ទាក់ទាញ​សិស្ស និស្សិត​ដទៃទៀត​ងាក​មក​ចាប់អារម្មណ៍​ភាសា​បារាំង​។

​លោក​បាន​បន្ដថា កិច្ចការ​នេះ​ត្រូវការ​រយៈ​វែង ដោយ​រយៈពេល​ខ្លី AUF បង្កើត​កម្មវិធី​ច្បាស់លាស់​យុវជន​ទាក់ទាញ​យុវជន​ឱ្យចូល​រួម​ក្នុង​ក្លិប​។ សម្រាប់​រយៈពេល​វែង ក្នុងពេល ២០ ទៅ ៣០ ឆ្នាំ​ចុងក្រោយ សមាជិក​ប្រើប្រាស់​ភាសា​បារាំង​ទាំងអស់​បានធ្វើ​ការរួម​គ្នា​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​ដោយ​យកគំនិត​ចម្រុះ​ច្រើន និង​ភាសា​ច្រើន​លើសពី​ភាសា​អង់គ្លេស​។

​លោក Sermet បានឱ្យដឹងថា​៖ «​សព្វថ្ងៃនេះ លទ្ធផល​សកលភាវូបនីយកម្ម លាយឡំ​គ្នាច្រើន ដោយ​ម្ខាង​វា​មាន​លក្ខណៈ​អន្ដរ​ជាតូបនីយកម្ម និង​ម្ខាង​ទៀត ប្រជាជន​ផ្ដោតលើ​ភាសាជាតិ​របស់​ពួកគាត់​វិញ​»​។

Khalbous បានឱ្យដឹងថា ទស្សនៈ​ដែលថា ឥទ្ធិពល​អាណានិគម​បារាំង​បាន​ជំ​រុញឱ្យ​មនុស្ស​ភាគច្រើន​និយាយ​ភាសា​បារាំង គឺ​មិន​ត្រឹមត្រូវ​នោះទេ​។​

​នៅក្នុង​តំបន់​ឥណ្ឌូចិន កាលពី​សម័យ​អាណានិគម មាន​ប្រជាជន​ប្រហែលជា ៦ ម៉ឺន​នាក់​និយាយ​ភាសា​បារាំង​។

​លោក Khalbous បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​ក្នុង​សតវត្សរ៍​ទី ១៩ ទី ២០ អ្នក​និយាយ​បារាំង​មាន​ចំនួន​តិចតួច ដោយ​មានតែ​ល្បីៗ​ក្នុងស្រុក និង​អ្នកមាន​ទ្រព្យធន​រៀន​បារាំង​ប៉ុណ្ណោះ​»​។​

​លោក Sermet បាន​បន្ដថា អាណានិគម​នេះ​បាន​បន្សល់ទុក​នូវ​វប្បធម៌​កាន់តែ​ខិតជិត​គ្នា​ក្នុង​តំបន់​ឥណ្ឌូចិន ដែល​មិនសូវមាន​មនុស្ស​ច្រើន​ទេ​និយាយ​ភាសា​បារាំង តែ​ចូលរួម​ភាសា​បារាំង និង​វប្បធម៌​បារាំង​។

​លោក​បាន​បន្ថែមថា​៖ «​ចំពោះ​សតវត្សរ៍​ទី ២១ នេះ យើង​ធ្វើយ៉ាងណា​អាច​ប្រែក្លាយ​អ្នក​ចូល​ចិ​ត្ដ​ស្រឡាញ់​ភាសា​បារាំង​ទៅជា​អ្នករៀន និង​និយាយ​ភាសា​បារាំង​។ វា​មិន​ត្រឹមតែ​ជាការ​ទាក់ទង​ជាមួយ​បារាំង​តែមួយ​មុខ​នោះទេ ប៉ុន្ដែ​វា​ជា​ភាសា​ទំនាក់ទំនង​នៅក្នុង​ពិភពលោក​ទាំងមូល​»​។

​ទីភ្នាក់ងារ​បានរៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​ភាសា​បារាំង​នៅតាម​បណ្ដា​ខេត្ដ​ចំនួន ៦ ក្នុងប្រទេស​កម្ពុជា នៅតាម​វិទ្យាល័យ​។

​លោក Khalbous បញ្ជាក់ថា ការចូលរួម​ជា​សមាជិក AUF មិន​សំដៅលើ​ការ​អនុវត្ដ​ឱ្យ​ប្រជាជន​ស្ថិតក្នុង​ប្រទេស​ជា​សមាជិក​រៀន និង​និយាយ​ភាសា​បារាំង​តែមួយ​មុខ​នោះទេ ដោយ​វា​គ្រាន់តែ​ជាការ​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​យុវជន និង​ប្រទេស​ពួកគេ​។

​នៅ​ថ្ងៃទី​១១ និង​១២​ខែតុលា ឆ្នាំ​២០២៣ ទីភ្នាក់ងារ (AUF) បានរៀបចំ​កម្មវិធី​ចំនួន ៣ នៅ​កម្ពុជា គឺ សន្និបាត​យុវជន​និយាយ​ភាសា​បារាំង​លើក​ទី​១ កម្មវិធី​ខួប ៣០ ឆ្នាំ នៃ​ការបង្កើត​ទីភ្នាក់ងារ​សាក​ល​វិទ្យាល័យ​ប្រើប្រាស់​ភាសា​បារាំង (AUF) នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង សន្និសីទ​លើក​ទី​១៤ របស់​សាកលវិទ្យាធិការ​នៃ​គ្រឹះស្ថានសិក្សា​សមាជិក AUF ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។

​គួរ​បញ្ជាក់ថា កាលពី​ខែធ្នូ ឆ្នាំ ២០២២ អ្នកចូលរួម​ប្រហែល​១០០​នាក់ រួមទាំង​អតីត​អ្នកទទួល​អាហារូបករណ៍ AUF និស្សិត អ្នក​អប់រំ អ្នកស្រាវជ្រាវ អ្នកតំណាង​សាកលវិទ្យាល័យ និង​ដៃគូ​នានា បាន​ប្រមូល​ផ្តុំគ្នា​សម្រាប់​ព្រឹត្តិការណ៍​២​។​

​ធ្វើឡើង​នៅ​ថ្ងៃទី​១ ខែធ្នូ នៅ AUF-Cambodia ក្នុង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ក្នុងឱកាស​នោះ​រួមមាន ការបង្ហាញ​វិញ្ញាបនបត្រ​បណ្តុះបណ្តាល​សហគ្រិនភាព និង​ពិធី​សំណេះសំណាល​ជាមួយ​អតីត​និស្សិត AUF​។​

​កម្មវិធី​សហគ្រិនភាព ដែល​បានចាប់ផ្តើម​នៅក្នុង​ខែមិថុនា ឆ្នាំ​២០២២ ដោយ​មជ្ឈមណ្ឌល​ការងារ​និយាយ​ភាសា​បារាំង (CEF) រាជធានី​ភ្នំពេញ មាន​និស្សិត​ចំនួន ២២ នាក់​ដែល​ត្រូវបាន​ជ្រើសរើស​ពី​បេក្ខជន​ចំនួន ៥៥ នាក់​នៅ​ទូទាំង ១២ សាកលវិទ្យាល័យ​ជា​សមាជិក AUF-​កម្ពុជា​។​

​សិស្ស​ទាំងនេះ ​បាន​អនុវត្ត​កម្មវិធីសិក្សា​យ៉ាង​ហ្មត់ចត់ ដោយ​លាយ​បញ្ចូល​ការណែនាំ​តាម​អ៊ីនធឺណិត និង​ដោយផ្ទាល់ រួមជាមួយ​នឹង​ការ​ទៅ​ជួប​ក្រុមហ៊ុន ហើយ​បាន​បង្កើត និង​ការពារ​ផែនការអាជីវកម្ម​ជា​ក្រុម​ដោយ​ជោគជ័យ​នៅ​ចំពោះមុខ​ក្រុម​អ្នកជំនាញ​ផ្នែក​ឧស្សាហកម្ម ដែល​ភាគច្រើន​ជា​អតីត​អ្នកទទួល​អាហារូបករណ៍ AUF៕