​ភ្នំពេញៈ កម្ពុជា​ ចូលរួម​កិច្ចប្រជុំ​សប្ដាហ៍​បច្ចេកវិទ្យា​អន្តរជាតិ​សិង្ហ​បុរី (SICW) លើក​ទី​៨ និង​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​ស្ដីពី​សន្តិសុខ​បច្ចេកវិទ្យា​ព័ត៌មាន លើក​ទី​៨ និង​កិច្ចប្រជុំតុមូល​ឧ​ត្ត​ម​មន្ត្រី​អាស៊ាន​លើក​ទី​៩ នៅ​ប្រទេស​សិង្ហ​បុរី​ ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​១៩ ខែតុលា​។​


​នា​រសៀល​ថ្ងៃទី​១៦ ខែតុលា លោក ប៉ោ ភក្តិ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ចូលរួម​កិច្ចប្រជុំ​ទាំងនេះ​។ កិច្ចប្រជុំ ​SICW ធ្វើឡើង​ក្រោម​ប្រធានបទ​«​ការកសាង​ទំនុកចិត្ត និង​សុវត្ថិភាព​នៅក្នុង​វិស័យ​ឌីជីថល​ដែល​កំពុងតែ​រីកចម្រើន​» ក្នុង​គោលបំណង​ស្វែងយល់​អំពី​ផលប៉ះពាល់​នៃ​ការអភិវឌ្ឍ​ឌីជីថល​ក្នុង​ក្របខ័ណ្ឌ​ពហុភាគី​ជាស​កល និង​អំពី​វិធីសាស្ត្រ​ការពារ​សុវត្ថិភាព​សំដៅ​កសាង​ទំនុកចិត្ត​ក្នុង​ប្រព័ន្ធ​ឌីជីថល​។

​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងមហាផ្ទៃ​បញ្ជា​ក់នា​ថ្ងៃទី​១៦ ខែតុលា ថា សម្រាប់​កិច្ចប្រជុំតុមូល​ឧ​ត្ត​ម​មន្ត្រី​អាស៊ាន​លើក​ទី​៩ ស្ដីពី​បទល្មើស​បច្ចេកវិទ្យា ដែល​នឹង​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី​១៩ ខែតុលា គឺជា​កិច្ចប្រជុំ​ជាន់ខ្ពស់​រវាង​ថ្នាក់ដឹកនាំ​ក្រុមការងារ​ទទួលបន្ទុក​ឧក្រិដ្ឋកម្ម​ឆ្លងដែន​មកពី​ប្រទេស​សមាជិក​អាស៊ាន និង​អាស៊ាន​បូក​៣ និង​អ្នកជំនាញ​ពាក់ព័ន្ធ ដើម្បី​ពិភាក្សា​លើ​ការគំរាមកំហែង ការវិវត្ត​នានា និង​ដំណោះស្រាយ​លើ​បញ្ហា​បទល្មើស​បច្ចេកវិទ្យា​។​


​កិច្ចប្រជុំ​សប្តាហ៍ ​SICW​ ដែល​រៀបចំ​ដោយ​ទីភ្នាក់ងារ​សន្តិសុខ​តាម​អុីនធឺណិត​នៃ​ប្រទេស​សិង្ហ​បុរី (CSA) គឺជា​ព្រឹត្តិការណ៍​សន្តិសុខ​អុីនធឺណិត​ដែល​ត្រូវបាន​បង្កើតឡើង​ច្រើន​បំផុត​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​។ CSA គឺជា​អាជ្ញាធរ​ជាតិ​របស់​ប្រទេស​សិង្ហ​បុរី​សម្រាប់​សន្តិសុខ​តាម​អុីនធឺណិត និង​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ប្រទេស​ឆ្លាត​វៃ​របស់​សិង្ហ​បុរី​និង​មហិច្ឆតា​សេដ្ឋកិច្ច​ឌីជីថល​របស់​ប្រទេស​សិង្ហ​បុរី​។​

​គេហទំព័រ SICW បញ្ជាក់ថា កិច្ចប្រជុំ​សប្តាហ៍​ SICW ​ឆ្នាំ​២០២៣ នេះ​នឹង​ប្រមូលផ្តុំ​អ្នករៀបចំ​គោលនយោបាយ​សកល អ្នកដឹកនាំ​ឧស្សាហកម្ម និង​អ្នកសិក្សា​ស្រាវជ្រាវ​ជាន់ខ្ពស់​មកពី​ជុំវិញ​ពិភពលោក ដើម្បី​ផ្លាស់ប្តូរ​ទស្សនៈ​នៃ​ឧ​ត្ត​មានុ​វត្ត និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​លើ​ការប្រើប្រាស់​ឱកាស​ឌីជីថល និង​ការដោះស្រាយ​បញ្ហា​ប្រឈម​តាម​អុីនធឺណិត ការវិវត្តនៃ​អុីនធឺណិត និង​គោលនយោបាយ​សន្តិសុខ​តាម​អុីនធឺណិត ការអនុវត្ត​បទដ្ឋាន​តាម​អុីនធឺណិត​ព្រមទាំង​សុវត្ថិភាព​តាម​បណ្តាញ​អុីនធឺណិត​និង​លម្ហ​ប្រតិបត្តិការ​បច្ចេកវិទ្យា​។​


​គេហទំព័រ SICW​ លើកឡើងថា នៅក្នុង​ពិភពលោក​ដែលមាន​ទំនាក់ទំនង​គ្នា​នាពេល​បច្ចុប្បន្ននេះ ការគំរាមកំហែង​តាម​អុីនធឺណិត​កំពុង​វិ​វ​ឌ្ឍ​យ៉ាង​ឆាប់រហ័ស ហើយ​អ្នកការពារ​តាម​អុីនធឺណិត​ត្រូវ​ការដឹង​បន្ថែម​អំពី​ការអភិវឌ្ឍ​ថ្មីៗ​បំផុត​។ បុគ្គល​គំរាមកំហែង​ក​ម្រិ​ត​ខ្ពស់​កំពុង​ប្រើប្រាស់​បច្ចេកទេស​ចម្រុះ និង​ទំនើប ដោយ​ប្រើប្រាស់​ប្រព័ន្ធ និង​បណ្តាញ​ផ្សេងៗ​ដែល​ងាយ​រងគ្រោះ​។​

​គេហទំព័រ​ដដែល​បញ្ជា​ក់ថា​៖ «​ដូច្នេះ ការជំរុញឱ្យ​មានការ​ឆ្លុះបញ្ចាំង​ពី​យុទ្ធសាស្ត្រការពារ និង​វិធានការ​ប្រឆាំង គឺមាន​គោលបំណង​កាត់បន្ថយ​ហានិភ័យ​ដែល​បង្កឡើង​ដោយ​ការវាយប្រហារ​តាម​អុីនធឺណិត​កម្រិត​ខ្ពស់​។ កិច្ចពិភាក្សា​កម្រិត​ខ្ពស់​ស្តីពី​ការប្រយុទ្ធ​ប្រឆាំងនឹង​ការគំរាមកំហែង​សន្តិសុខ​តាម​អុីនធឺណិត​កម្រិត​ខ្ពស់​មាន​គោលបំណង​បង្ហាញ​អំពី​បច្ចេកទេស​វាយប្រហារ​តាម​អុីនធឺណិត​កម្រិត​ខ្ពស់ និង​ការពាក់ព័ន្ធគ្នា​សម្រាប់​បុគ្គល អ្នកធ្វើ​ជំនួញ និង​រដ្ឋាភិបាល​»៕