ភ្នំពេញៈ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញទិសដៅការងារចម្បងសម្រាប់ឆ្នាំ២០២៤ ដោយផ្តោតលើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីលើកកម្ពស់ឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី និងជំរុញដល់សហភាតាទាំងអស់ចូលរួមឱ្យបានសកម្មក្នុងកិច្ចការរួមរបស់គណៈមេធាវី។
លោក លី ច័ន្ទ តុលា បានលើកឡើងបែបនេះ ក្នុងពិធីបិទមហាសន្និបាតគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា លើកទី២៨ ដែលធ្វើឡើងនៅអគារ D នៃមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។
លោកបានឱ្យដឹងថា ទិសដៅការងារទី១ក្នុងឆ្នាំ២០២៤ គឺ សិក្សាស្រាវជ្រាវនិងពិភាក្សាលើការបង្កើតយន្តការផ្តល់សេវាបទានការីក្នុងក្របខ័ណ្ឌគណៈមេធាវីដល់សាធារណជន ដើម្បីពង្រីកសេវាកម្មរបស់វិជ្ជាជីវមេធាវី ដែលការងារនឹងធ្វើឡើងស្របគ្នាជាមួយការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងយុត្តិធម៌ ក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
លោកថ្លែងថា៖«កិច្ចការងារនេះយើងធ្វើស្របគ្នាជាមួយនឹងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជារបស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ទាក់ទងនឹងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ»។
លោកបន្ថែមថា ក្រៅពីការងារចម្បងនេះនៅមានទិសដៅការងារសំខាន់ចំនួន ១៤ ទៀត សម្រាប់អនុវត្តក្នុងឆ្នាំ២០២៤ ក្នុងនោះមាន ការបន្តយកចិត្តទុកដាក់ដល់សុខទុក្ខ និងសុខុមាលភាពរបស់មេធាវីដែលមានវ័យចាស់ ការបង្កើតកម្មវិធីជួយដល់មេធាវីវ័យក្មេង ដែលទើបចេញប្រកបវិជ្ជាជីវៈក្រោម៣ឆ្នាំ។ បន្តរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងតុលាការ។ សហការជាមួយក្រសួងមហាផ្ទៃ ដើម្បីពង្រឹងការអនុវត្តការងាររបស់មេធាវីប្រចាំរដ្ឋបាលរាជធានីខេត្ត និងដាក់ឱ្យអនុវត្តគម្រោងមេធាវីដល់មូលដ្ឋានដើម្បីផ្សព្វផ្សាយពីតួនាទីរបស់មេធាវី និងបញ្ជ្រាបចំណេះដឹងផ្លូវច្បាប់ជូន មេភូមិ អាជ្ញាធរឃុំសង្កាត់ និងអាជ្ញាធរក្រុងស្រុក ខណ្ឌ ជាដើមផងដែរ។
លោកថ្លែងថា៖«ខ្ញុំសូមប្តេជ្ញាចិត្តបន្តខិតខំប្រឹងប្រែងជម្នះរាល់ឧបសគ្គក្នុងការអនុវត្តគោលនយោបាយនិងបេសកកម្ម និងទិសដៅការងារ ដែលបានដាក់ចេញសម្រាប់ដឹកនាំគណៈមេធាវីដើម្បីសម្រេចឱ្យបានលទ្ធ
ផលថ្មី និងដើម្បីលើកកម្ពស់ ឧត្តមភាព កិត្យានុភាពនៃវិជ្ជាជីវមេធាវី ពង្រឹងសាមគ្គីភាពផ្ទៃក្នុង សេចក្តីថ្លៃថ្នូរ និងក្រមសីលធម៌មេធាវី ពិសេសធានាឱ្យបានផលប្រយោជន៍របស់មេធាវី និងការទទួលស្គាល់តួនាទីមេធាវីក្នុងសង្គម»។
ក្នុងពិធីនោះ លោក លី ច័ន្ទតុលា បានស្នើដល់សហភាតាទាំងអស់ចូលរួមឱ្យបានសកម្មក្នុងកិច្ចការរួមរបស់គណៈមេធាវី តាមរយៈការចូលរួមសរសេរអត្ថបទសម្រាប់បោះពុម្ពផ្សាយក្នុងព្រឹត្តិបត្រមេធាវី ការស្ម័គ្រចិត្តការពារក្តីជនក្រីក្រ ចូលរួមក្នុងគណៈកម្មការជំនាញរបស់គណៈមេធាវី និងការស្ម័គ្រចិត្តធ្វើជាវាគ្មិនក្នុងកម្មវិធីនានា របស់គណៈមេធាវី។
លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ថ្លែងថា ក្នុងស្ថានភាពប្រពៃណីប្រជាជនកម្ពុជា និងស្ថានភាពប្រព័ន្ធតុលាការបច្ចុប្បន្ន កម្ពុជាមានភាពចាំបាច់ក្នុងការរៀបចំក្របខ័ណ្ឌច្បាប់ដើម្បីរៀបចំយន្តការថ្នាក់ជាតិមួយទាក់ទងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលនឹងជួយផ្តល់ផលប្រយោជន៍ចំនួន៣ធំ ទី១-កាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ ទី២-ជួយបង្ខិតសេវាដោះស្រាយវិវាទនោះឱ្យខិតទៅជិតប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលមានក្រុមចល័តដើម្បីជួយសម្រុះសម្រួលក្នុងមូលដ្ឋាន និងត្រូវធ្វើឱ្យបានលឿនបំផុត។ ចំណែកទី៣-បង្កើតបាននូវស្មារតីសន្តិភាពនិយម ភាពសុខដុមរមនាក្នុងសហគមន៍ ដែលជាលទ្ធផលនៃការពន្លត់ភ្លើងវិវាទឱ្យបានឆាប់ក្នុងមូលដ្ឋាន។
លោកថ្លែងថា៖«ផ្អែកទៅលើផលប្រយោជន៍ និងស្ថានភាពបច្ចុប្បន្ននៅកម្ពុជា សម្តេចប្រមុខរាជរដ្ឋាភិបាលបានសម្រេចឱ្យរៀបចំយន្តការថ្នាក់ជាតិ គឺអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលទៅបំពេញបន្ថែមយន្តការដែលមានស្រាប់»។
លោកបញ្ជាក់ថា ព្រះរាជក្រឹត្យនោះបានបង្កើតនូវរបបគតិយុត្តមួយដែលខុសពីអ្វី ដែលធ្លាប់មានក្នុងការសម្រុះសម្រួលដោះស្រាយវិវាទ គឺកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលធ្វើឡើងនៅចំពោះមុខមន្ត្រីសម្រុះសម្រួលវិវាទ នឹងទទួលបានតម្លៃជាភ័ស្តុតាងមួយដ៏រឹងមាំ ហើយកំណត់ហេតុនោះ នឹងមានអានុភាពដូចកំណត់ហេតុសះជា ឬសាលក្រមស្ថាពររបស់តុលាការដែរ។
លោកថ្លែងថា៖«មានតែវិធីនេះទេ ដែលយើងអាចដោះស្រាយវិវាទបាន ហើយវិវាទនោះវាអត់លាប់រើឡើងវិញ»។
ថ្លែងក្នុងពិធីបើកមហាសន្និបាតនោះ លោក លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា លទ្ធផលការងារក្នុងរយៈពេល១ឆ្នាំកន្លងមករបស់គណៈមេធាវីកម្ពុជា ក្នុងការជួយប្រជាពលរដ្ឋក្រីក្រដោះស្រាយវិវាទដោយឥតគិតថ្លៃ គណៈមេធាវីបានចាត់តាំងមេធាវីជួយការពារក្តីជនក្រីក្របានចំនួន ៥ ៨០៦សំណុំរឿងដែលមានជនក្រីក្រចំនួនជាង៩ពាន់នាក់ ក្នុងនោះស្ត្រីចំនួនជាង៧០០នាក់ និងកុមារចំនួនជិត៣ ០០០នាក់។ បន្ថែមលើនោះ គណៈមេធាវីបានពិគ្រោះយោបល់ផ្នែកច្បាប់ជូនជនក្រីក្រ កម្មករ កម្មការិនី និងសាធារណជន បានចំនួន ៧៩៦រឿង៕