ភ្នំពេញៈ ​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​បាន​បន្ត​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់​ឱ្យ​បញ្ឈប់​ការ​ចោល​សំរាម​តាម​ទី​សា​ធា​​រណៈ ហើយ​បែរមក​ទុកដាក់​ឱ្យបាន​ត្រឹមត្រូវ​ដើម្បី​ឈានទៅ​លើកកម្ពស់​ភាព​ស្អាត​ និង​សុខភាព​ពលរដ្ឋ​កម្ពុជា​។ ​ការអំពាវនាវ​នេះ​ធ្វើឡើង​តាមរយៈ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងបរិស្ថាន​ដែល​ផ្សព្វផ្សាយ​កាល​ថ្ងៃទី​ ១៦ ខែតុលា ឆ្នាំ ​២០២៣​។​


​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក អ៊ាង​ សុផល្លែត បាន​លើកឡើងថា ភាព​ស្អាត​ និង​សុខភាព​ពលរដ្ឋ​ជាការ​ងារ​អាទិភាព​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​នៅក្នុង​អាណត្តិ​ទី៧ ​បាន និង​កំពុង​យកចិត្តទុកដាក់​។ លោក​បន្តថា ការ​គ្រប់​​គ្រង​សំណល់​ គឺ​ការកាត់បន្ថយ​សំណល់​ប្លា​ស្ទិ​ក​ដែល​ឈានទៅ​បញ្ឈប់​ការប្រើ​ប្រាស់​ប្លា​ស្ទិ​ក​ក្នុងចំណោម​យុវជន​ជំនាន់​ក្រោយ ដើម្បី​គ្មាន​សំណល់​ប្លា​ស្ទិ​ក​សហគមន៍​ស្អាត បឹងបួរ​នឹង​ស្អាត តំបន់​ធនធានធម្មជាតិ មិនមាន​ការបំពុល​ពី​សំណល់​គឺ​ទាមទារ​ការចូលរួម​ពី​ពល​រដ្ឋ​ទាំងអស់​។

​ជាមួយគ្នានេះ​លោក​រដ្ឋមន្ត្រី​បាន​ស្នើឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​រៀបចំ​ទុកដាក់​សំណល់​ និង​ញែក​ឱ្យបាន​ត្រឹមត្រូវ​ដោយ​គិតគូរ​ដល់​សំរាម​ដែល​អាច​កែច្នៃ​ប្រើប្រាស់​ឡើងវិញ និង​សំរាម​ដែល​ចាក់ចោល​គួរ​ទុកដាក់​នៅ​ទីលាន​ឱ្យបាន​ត្រឹមត្រូវ​ដើម្បី​ដោះស្រាយ​ការបំពុល​ដោយ​ប្លា​ស្ទិ​កនៅ​កម្ពុជា​។​


​លោក​បានបញ្ជាក់​ដូច្នេះ​ថា​៖ «​សូមឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​បញ្ឈប់​ការ​ចោល​សំរាម​តាម​ទី​សាធារណៈហើយ​បែរមក​ទុកដាក់​ឱ្យបាន​ត្រឹមត្រូវ ជាពិសេស​អនុវត្តន៍​វិធាន 4Rs (​ការបដិសេធ ការកាត់បន្ថយ ការប្រើប្រាស់​ឡើងវិញ និង​ការកែច្នៃ​ឡើងវិញ​)»​។​

ទាក់ទិន​នឹង​ករណីនេះ លោក ផុន​ សុគន្ធ ប្រតិបត្តិ​ករ​ទឹកស្អាត និង​ជា​សមាជិកសមាគម​អ្នកផ្គត់ផ្គង់​ទឹក​ស្អាត​កម្ពុជា​នៅ​ថ្ងៃទី ​១៦ ខែតុលា បាន​ថ្លែង​គាំទ្រ ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួង​ពាក់ព័ន្ធ ពិសេស​ក្រសួងបរិស្ថាន​ក្នុងការ​គ្រប់គ្រង​ទុកដាក់​សំរាម​និង​បំផុស​ឱ្យ​ប្រជាពលរដ្ឋ​លើកកម្ពស់​ភាព​ស្អាត​នៅ​កម្ពុជា​ឮ​តាមរយៈ​ការ​ទុកដាក់​ថង់​ប្លា​ស្ទិ​ក​សំរាម​ឱ្យបាន​ត្រឹមត្រូវ​។​


​លោក​បាន​ថ្លែងថា​៖ «​នេះ​គឺជា​កិច្ច​ការសំខាន់​ណាស់ ព្រោះ​ជា​កិច្ចការ​រសើប​ដែល​ទាមទារ​ឱ្យមាន​ការអន្តរាគមន៍​ណាមួយ​បន្ទាន់​ព្រោះថា បើសិន​បើ​ការ​ចោល​សំរាម​តាម​ទីសាធារណៈ​ដែល​បង្ក​គ្រោះថ្នាក់​ទាំងនោះ​ទុកដាក់​មិន​​បាន​ត្រឹមត្រូវ​អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ប្រជាពលរដ្ឋ បរិស្ថាន សេដ្ឋ​កិច្ច​គ្រួសារ និង​ជាតិ​ថែមទៀត​»​។​

​យោងតាម​ក្រសួងបរិស្ថាន សំណល់​សំរាម​និង​ប្លា​ស្ទិ​ក​មិនមែន​តែ​ជា​បញ្ហា​របស់​កម្ពុជា​ទេ តែ​ជា​បញ្ហា​សកល​។ សំណល់​ទាំងនេះ បាន​បំពុល​ទៅដល់​មិន​ត្រឹមតែ​មនុស្ស​ទេ ប៉ុន្តែ​បំពុល​ទាំង​ធនធានធម្មជាតិ និង​ជីវចម្រុះ​នៅលើ​គោក និង​ក្នុង​ទឹក​ផងដែរ​។

​ក្រសួង​បានឱ្យដឹងថា រាជធានី​ភ្នំពេញ​ក៏ដូចជា​នៅតាម​ទីក្រុង​ធំៗ​បាន​ផលិត​សំរាម​ជា​មធ្យម ៣ ០០០ ​តោន ក្នុង​ ១ ​ថ្ងៃ ប៉ុន្តែ​មានតែ​សំរាម​ជាង​ ២០​ ភាគ​រយ​ប៉ុណ្ណោះ​ដែល​ត្រូវបាន​កែច្នៃ​ឡើងវិញ​។ ដោយឡែក​ពលរដ្ឋ​នៅ​រាជធានី​​ភ្នំពេញ​ម្នាក់​អាច​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក ​៥ ​ថង់​ក្នុង​ ១ ​ថ្ងៃ ដូចនេះ​អាចបង្កើត​សំ​ណ​ល់​ប្លា​ស្ទិ​ក​ប្រមាណ ​៥៧ ​តោន​ ក្នុង​ ១ ​ថ្ងៃ​។ បើ​សរុប​ចំនួន​ថង់​ប្លា​ស្ទិ​ក​ប្រើ​​ប្រាស់​នៅក្នុង​ប្រទេស​កម្ពុជា មាន​ប្រមាណ​ ៥៦ ​លាន​ថង់​ក្នុង ​១​ ថ្ងៃ ​គឺ​ស្មើនឹង​ ២៧៩​ តោន​ ក្នុង​ ១ ​ថ្ងៃ​។​

​សូមបញ្ជាក់ថា ក្រសួងបរិស្ថាន​បាន​ខិតខំ​អប់រំ​បង្កើន​ចំណេះដឹង​ថែមទៀត​ចំពោះ​ការ​ទុកដាក់​សំរាម​ក្នុងនោះ ក្រ​សួង​បាន​ដាក់ចេញ​យុទ្ធនាការ​កាត់​បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក ក្រោម​ប្រធានបទ «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​ទេ​»​ ចាប់តាំងពី​ថ្ងៃទី​ ១ ខែកញ្ញា ឆ្នាំ​ ២០២៣ ដើម្បី​ផ្សព្វផ្សាយ​ជំរុញឱ្យមាន​ការចូលរួម​រក្សា​សុខុមាលភាព​ពលរដ្ឋ​តាមរយៈ​ភាព​ស្អាត​គ្មាន​សំ​ណ​ល់​ប្លា​ស្ទិ​ក​តាម​សាលារៀន​នឹង​ឈានទៅ​គ្មាន​សំណល់​ប្លា​ស្ទិ​ក​ទូទាំងប្រទេស​៕